ទីប្រឹក្សារបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវគេទម្លាយថាបានរួមដៃធ្វើឃាត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលើទឹកដីថៃ តាមរយៈការវេរលុយឱ្យខ្មាន់កាំភ្លើងជនជាតិថៃ ជាជនដៃដល់ ដែលការណ៍នេះ ហាក់ស៊ីគ្នាទៅនឹងការចោទថា គ្រួសារហ៊ុននៅពីក្រោយឃាតកម្មនេះ។
បើតាមព័ត៌មានថៃប៉ុស្តិ៍លេខ៨ ឱ្យដឹងថា ករណីបាញ់សម្លាប់តំណាងរាស្រ្តបក្សប្រឆាំង លោក លិម គិមយ៉ា មានជាប់ពាក់ព័ន្ធនឹងឈ្មោះ ស៊ុមវ៉ាង ប៉ុមរ៉ុងគិត ជាអ្នកវេរលុយឱ្យលោក អ៊ែកកាឡាក់ ផែណយ ធ្វើសកម្មភាពបាញ់សម្លាប់លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករាកន្លងទៅនេះ។
លោក ប៉ុមរ៉ុងគិត ត្រូវបានគេស្គាល់ថាជាជនជាតិខ្មែរ ឈ្មោះ លី រតនរស្មី ប្រើឈ្មោះសំនៀងភាសាថៃ ដែលគាត់ត្រូវបាន លោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សា ក្រោយបុរសរូបនេះ រត់ចេញពីគណបក្សសង្រ្គោះជាតិ ទៅចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។
ប្រភពបន្តថា ខ្មាន់កាំភ្លើង បានសារភាពថា រូបគេបានទទួលបញ្ជាឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា ពីបុគ្គលម្នាក់ឈ្មោះ លី រតនរស្មី ហៅជាភាសាថៃថា ស៊ុមវ៉ាង ប៉ុមរ៉ុងគិត នេះដែលជាអ្នកមានគុណបំណាច់លើរូបគាត់។
ប្រភពបន្ថែមទៀតថា លោក អេកាឡាក់ ផែណយ បានព្រមទទួលភារកិច្ចនេះ ក្នុងតម្លៃឈ្នួលចំនួន ៦ម៉ឺនបាត ឬជាង ១ពាន់៧រយដុល្លារ គឺដើម្បីចង់តបស្នងសងគុណ បុគ្គលដែលមានគុណរបស់ខ្លួន។
យ៉ាងណា ឈ្មោះ ស៊ុមវ៉ាំង បំរុងគិត ត្រូវគេសង្ស័យថាជាជនជាតិខ្មែរ ប្តូរឈ្មោះមកជាភាសាថៃ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ឬងាយស្រួលក្នុងការវេរលុយឱ្យគ្នាទៅវិញទៅមកជាដើម។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់វីអូឌីនៅថ្ងៃទី១៣ ខែមករានេះថា ករណីបាញ់សម្លាប់ លោក លិម គិមយ៉ា ប្រាដកណាស់មានជាប់ពាក់ព័ន្ធនឹងគ្រួសារត្រកូលហ៊ុន។
លោកអះអាងថា លោក ស៊ុមវ៉ាំង បំរុងគិត គឺលោក លី រតនរស្មី ជាទីប្រឹក្សាលោក ហ៊ុន សែន រៀបចំផែនការបាញ់សម្លាប់នេះ ដើម្បីគំរាមដល់អ្នកនយោបាយបក្សប្រឆាំងដែលហ៊ានរិះគន់របបផ្តាច់ការខ្លួន។
លោកថា៖ «យើងឃើញថា អ្នករៀបចំនោះ គឺនៅស្រុកខ្មែរហ្នឹងហើយ អត់មានអ្នកណាក្រៅពីត្រកូលហ៊ុនដែលអាចធ្វើកិច្ចការហ្នឹងបាន ហើយអាចលោកហ៊ុន សែន បញ្ជាទៅលោកឃួង ស្រេង ហើយ លោក ឃួង ស្រេង ឱ្យលោក គៀង ចក់ ទាក់ទងជាមួយនឹងលោក លី រតនរស្មី ហ្នឹង ដើម្បីចាត់ការរឿងហ្នឹង ហើយនិងអ្នកដែលទៅ ដើម្បីយកព័ត៌មានថាភិនភាគយ៉ាងណា ដល់កន្លែងណាអាហ្នឹងគឺ លោក ពេជ្រ គិមស្រ៊ិន»។
សម្រាប់លោក អ៊ុំ សំអាន យល់ថា សកម្មជនបក្សប្រឆាំងមួយចំនួន ដែលចុះចូលបក្សកាន់អំណាច មិនអាចសម្ងំសុខដេកចាំស៊ីប្រាក់ខែទេ គឺត្រូវធ្វើសកម្មភាពអ្វីមួយដើម្បីតបស្នងលោក ហ៊ុន សែន ដែលពួកគេក្លាយជាមេឃាតករសម្លាប់មនុស្ស ហើយទីបំផុតត្រូវគ្រួសារហ៊ុនសម្លាប់បំបិទមាត់ ដូចករណីបោកគ្រាប់បែកសម្លាប់មនុស្សនៅមុខមន្ទីររដ្ឋសភាចាស់ជិតព្រះបរមរាជវាំង នាឆ្នាំ១៩៩៧។
ម្យ៉ាងវិញទៀត លោកថា ក្រុមអ្នកចុះចូលបក្សកាន់អំណាច នឹងគ្មានវាសនាល្អទេ បើមិនធ្វើប្រយោជន៍ឱ្យបក្សកាន់អំណាច ឬគ្រួសារហ៊ុន ព្រោះមេដឹកនាំគ្រួសារហ៊ុនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតជាតិទេ។
លោកថា៖ «ហ្នឹងជាគំរូមួយដែលសម្រាប់អ្នកដែលចុះចូលបក្សប្រជាជន នៅពេលដែលចុះចូលគណបក្សប្រជាជនហើយ ត្រូវទៅបម្រើជនផ្តាច់ការ ដូចជាទៅប្រព្រឹត្តបទឧក្រិដ្ឋគិតថាខ្លួនឯងរួចខ្លួន អត់បានទេ ហើយចុងក្រោយអាចនឹងត្រូវក្រពើស៊ីដូចអាប្រេស៊ីលហ្នឹងឯង លោក លី រតនៈរស្មី ដែលទើបមកចុះចូលជាមួយគណបក្សប្រជាជនហ្នឹង អាហ្នឹងជាគំរូមួយទៅដល់អ្នកដទៃទៀតមុននឹងចុះចូលគួរតែពិចារណា»។
បន្ថែមពីនេះ លោក អ៊ុំ សំអាន ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយនិយាយថា សារព័ត៌មានថៃបង្ហាញមុខអ្នកវេរលុយថ្លៃឈ្នួលជិត ២០០០ដុល្លារ ក្នុងការបាញ់សម្លាប់ លោក លឹម គឹមយ៉ា ហើយគឺ លោក លី រតនរស្មី ដែលដាក់ឈ្មោះជាភាសាថៃថា ស៊ុមវ៉ាង បំរុងគិត។
លោកបន្តថា ឃាតករជនជាតិថៃឈ្មោះ អេកាឡាក ផែណយ បានសារភាពថា ឈ្មោះ ស៊ុមវាំង បំរុងកិច្ច ជាអ្នកវេរលុយថ្លៃឈ្នួលជិត ២០០០ដុល្លារ ក្នុងការបាញ់សម្លាប់ លោក លិម គិមយ៉ា។
លោក លី រតនរស្មី ធ្លាប់ជាសកម្មជនបក្សសង្រ្គោះជាតិនៅប្រទេសថៃហើយបានចុះចូលបក្សប្រជាជន។ បច្ចុប្បន្នលោក លី រតនរស្មី ជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
លោកជឿថា តុលាការថៃអាចនឹងចេញដីកាចាប់ខ្លួនលោក លី រតនរស្មី ឆាប់ៗនេះ ហើយគាត់អាចបាត់ខ្លួន ឬក្រពើស៊ីដូចអាប្រេស៊ីល (អង្គរក្សរបស់លោក ហ៊ុន សែន) ដែលបានបោកគ្រាប់បែកលើហ្វូងបាតុករដោយសម្លាប់បាតុករជាង១៦នាក់ និងរបួសជាង១០០នាក់ កាលពីឆ្នាំ១៩៩៧។
សម្រាប់លោក អ៊ុំ សំអាន បញ្ជាក់ថា ជោគវាសនាអ្នកចុះចូលគណបក្សប្រជាជនកម្ពុជាដែលធ្វើការសម្លាប់មនុស្សដោយផ្លាត់ស្នៀតគឺក្រពើស៊ី ឬបាត់ខ្លួន។
ពលករខ្មែរធ្លាប់ធ្វើការនៅប្រទេសថៃម្នាក់ គឺលោក ជោតិ សេរី និយាយប្រាប់វីអូឌីថា លោកធ្លាប់ស្គាល់លោក លី រតនរស្មី ច្បាស់ណាស់ គឺគាត់តែងតែដើរបញ្ចុះបញ្ចូលពលករខ្មែរធ្វើការនៅប្រទេសថៃ។
ម្យ៉ាងវិញទៀត លោកអះអាងថា ករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងប្រមាណ ៦នាក់ កន្លងទៅ ក៏ជាផែនការរបស់លោក លី រតនរស្មី ដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន ខណៈលោកទើបចុះចូលបក្សកាន់អំណាច។
លោកថា៖ «មនុស្សដែលទៅចុះចូលជាមួយគណបក្សប្រជាជន មិនថាតែសកម្មជន មិនថាឯកឧត្ដមតំណាងរាស្ត្រក្តី ចូលហើយត្រូវតែបញ្ចេញស្នាដៃ បញ្ចេញស្នាដៃយកចិត្តលើគណបក្សប្រជាជន ជាពិសេសគឺយកចិត្តលោក ហ៊ុន សែន ដូចបង លី រតនៈរស្មី គាត់ធម្មតាគ្រាន់តែសកម្មជនតើ អ៊ីចឹងសកម្មជនសង្គ្រោះជាតិប្រចាំនៅប្រទេសថៃទេ បើគាត់មិនបញ្ចេញស្នាដៃអ្វីមួយគឺគាត់អត់បានឡើងតួនាទីតំណែងរហូតកើតជាទីប្រឹក្សាផ្ទាល់របស់ ហ៊ុន សែន ដល់បញ្ចេញស្នាដៃ បានគេឲ្យឡើងតំណែង និងតួនាទី»។
ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺមិនអាចជនជាតិថៃធ្វើតែម្នាក់ឯងបានទេ ខណៈឃាតករមិនដែលលោក លោក លិម គិមយ៉ា ជាពីណាគេផងនោះ។
លោកអះអាងថា ករណីឃាតកម្មនេះជារឿងជម្លោះនយោបាយ ខណៈមុនការបាញ់ប្រហារ៣ថ្ងៃ លោក លិម គិមយ៉ា បានរិះគន់ចំៗចំពោះការដឹកនាំរបស់គ្រួសារហ៊ុន ពីការមិនខ្វល់ពីបូរណភាពទឹកដី និងឆេះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រជាដើម។
ម្យ៉ាងវិញទៀត លោកថា ខាងភាគីថៃក៏បានបញ្ជាក់ និងបង្ហាញភស្តុតាងជាហូរហែរថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា មានការចង្អុលបង្ហាញនិងរៀបចំផែនការទុកជាមុនពីភាគីកម្ពុជា។
លោកថា៖ «អ្វីទាំងអស់នេះ វាហាក់ដូចជាមានការមន្ទិលសង្ស័យជាខ្លាំងដោយសារតែអ្នកទាំងពីរនាក់ហ្នឹងសុទ្ធសឹងតែជាមន្ត្រីបម្រើឲ្យគណបក្សកាន់អំណាចបច្ចុប្បន្ន ហើយបើសិនជាអ្នកទាំងពីរហ្នឹង ត្រូវបានលាក់បាំងត្រូវបានការពារដោយរដ្ឋាភិបាលបច្ចុប្បន្ន ចឹងគេចោទប្រកាន់អត់ខុសទេថាមេដឹកនាំហ្នឹងគឺពាក់ព័ន្ធហើយជាមួយនូវអំពើឃាតកម្មហ្នឹងឯង»។
ការណ៍នេះ លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលមិនគេចវេសទេ ត្រូវបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យដែលភាគីថៃបង្ហាញថាមានឈ្មោះ ស៊ុមវ៉ាំង បំរុងគិត និងលោក ពេជ្រ គិមស្រ៊ិន។
លោកថា៖ «បើសិនជាក្នុងនាមជារដ្ឋាភិបាលហើយបើគិតថា លោក លិម គិមយ៉ា ក៏ជាពលរដ្ឋខ្មែរមួយរូបដែលមានសញ្ជាតិខ្មែរ ក្នុងនាមជាអ្នកទទួលខុសត្រូវ ជារដ្ឋាភិបាលមិនត្រូវប្រកាន់ទៅលើនិន្នាការបក្សនយោបាយណាទេ គឺត្រូវតែជាអ្នកជួយជ្រោមជ្រែងរកយុត្តិធម៌ជូនទៅដល់លោក លិម គិមយ៉ា ហើយក៏អាចគេចផុតអំពីការចោទប្រកាន់ថាឃាតកម្មនិងជាប់ពាក់ព័ន្ធជាប្រព័ន្ធដែលរៀបចំដោយមេដឹកនាំបច្ចុប្បន្នដែរ»។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធមិនឆ្លើយសំណួរវីអូឌី ដោយលោកបញ្ជាក់ថា ករណីឃាតកម្មនេះ មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ។
ម្យ៉ាងវិញទៀត លោកត្រូវរងចាំនិតីវិធីជាផ្លូវការពីតុលាការថៃ ស៊ើបសួរសិន តើនរណាខ្លះមានជាប់ពាក់ព័ន្ធឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នេះ។
លោកថា៖ «សួរទៅប៉ូលិសថៃ គេមានភារៈកិច្ចស៊ើបអង្កេត ខ្ញុំគ្មានភារកិច្ចស៊ើបអង្កេតអីណា លោក សម្បត្តិ សួរហ្នឹងវាខុសមនុស្សហើយ ឥឡូវសួរទៅតុលាការថៃ ឬមួយក៏សមត្ថកិច្ចថៃ ដែលគេកំពុងស្រាវជ្រាវនេះ សុំចប់ប៉ុណ្ណឹង អត់ទេ អត់មានអីឆ្លើយទៀតទេ»។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅក្បែរទីតាំង Wat Bowonniwet Vihara នៃទីក្រុងបាងកក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។ ប៉ូលីសថៃ ដែលចុះធ្វើកោសល្យវិច័យបាននិយាយថា ឃាតករស្លៀកខោជើងវែង និងកាបូបស្ពាយនៅពីខាងមុខ ទំនងកាំភ្លើងលាក់ទុកនៅក្នុងនោះស្រាប់ មុនធ្វើសកម្មភាព។
យ៉ាងណា ក្រុមអ្នកតាមដានសង្គម ដែលមិនចំណុះរដ្ឋាភិបាល គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិ រួមទាំងប្រទេសបារាំងផង បានថ្កោលទោសទង្វើដ៏ឃោរឃៅនេះ និងសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព។ ប្រទេសបារាំង បានសង្កត់ធ្ងន់ថា ខ្លួនមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សព ក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល ហើយថា បារំាង នឹងតាមដានដោយយកចិត្តទុកដាក់ អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីឃាតកម្មលើ លោក លិម គិមយ៉ា នេះ៕