ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជូនជនសង្ស័យជនជាតិខ្មែរ២រូប ក្នុងនោះមានម្នាក់ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលពាក់ព័ន្ធការបាញ់សម្លាប់ លោក លិម គិមយ៉ា ដើម្បីឱ្យប្រទេសថៃស៊ើបអង្កេតរកការពិតពេញលេញ ក្រោយមិនមានជំនឿលើប្រព័ន្ធតុលាការកម្ពុជា។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ពីទីក្រុងម៉ែលប៊ន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
CAT គូសបញ្ជាក់ថា ខ្លួនទទួលស្គាល់ពីឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ប៉ុន្តែថាឃាតកម្មនេះអាចជាប់ពាក់ព័ន្ធនឹងមនុស្សច្រើននាក់នៅកម្ពុជា ហើយវាជាឃាតកម្មនយោបាយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តលើអាជ្ញាធរកម្ពុជាដែលកំពុងមានកម្រិតទាបស្រាប់។
ក្រោមហេតុផល «ខ្វះនូវឯករាជ្យភាពនៃតុលាការកម្ពុជា» CAT បានទទូចឱ្យបញ្ជូនជនជាតិខ្មែរឈ្មោះ ពេជ្រ គិមស្រ៊ិន និងទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះ លី រតនរស្មី ដែលថៃរកឃើញថា ពាក់ព័ន្ធការសម្លាប់លោក លិម គិមយ៉ា ដើម្បីឱ្យថៃស៊ើបអង្កេតរកការពិត។
ខណៈឃាតកម្មនយោបាយជាច្រើនដែលកើតនៅកម្ពុជា ដូចជា ករណីលោកបណ្ឌិត កែម ឡី តែងតែត្រូវបានបិទបាំងការពិត។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ក្រោយសមត្ថកិច្ចថៃរកឃើញអ្នកពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះម្នាក់ទៀតឈ្មោះ ស៊ុម វ៉ាងបំរុងគីត ដែលគេស្កាល់ថាគឺលោក លី រតនៈរស្មី ទីប្រឹក្សារបស់ លោក ហ៊ុន សែន បានផ្ញើរលុយទៅឱ្យឃាតករលើកដំបូងជិត២ពាន់ដុល្លារ។
ដោយឡែក ជនសង្ស័យជនជាតិខ្មែរម្នាក់ទៀតជាជនជាតិខ្មែរឈ្មោះ ពេជ្រ គិមស្រ៊ិន ដែលថៃចេញដីកាឱ្យចាប់ខ្លួននោះ ភាគីកម្ពុជានៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។
លោក ពេជ្រ គិមស្រ៊ិន ជាអនុប្រធានគណៈកម្មការផ្សារកណ្តាលដែលជាកូនចៅរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម កត់សម្គាល់ថា រដ្ឋាភិបាលខ្មែរហាក់មានភាពស្ងៀមស្ងាត់ជុំវិញឃាតកម្មលើលោក លិម គិមយ៉ា ស្របពេលភាគីថៃមានទាំងប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយថៃ មន្រ្តីប៉ូលីស ប្រព័ន្ធតុលាការ ជាដើម យកចិត្តទុកដាក់ករណីឃាតកម្មនេះ និងមានរបៀបធ្វើការដោយឯករាជ្យ និងតម្លាភាពជាងកម្ពុជា។
លោកថា៖ «បើសិនជាមិនបញ្ជូន! ហើយក៏មិនឆ្លើយតបឲ្យបានសមរម្យថ្លៃថ្នូរទៅកាន់កម្រិតស្តង់ដារអន្តរជាតិនោះទេ គឺថាពិភពលោកទាំងមូលហ្នឹង! ពិសេសអ្នកដែលគេមិនទុកចិត្តនូវការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាលខ្មែរសព្វថ្ងៃ គឺឲ្យគេដឹងថាគ្មានតម្លាភាពផ្តាច់ការ នឹងធ្វើអំពើជិះជាន់។ (វា) គឺជាដែកគោលមួយទៀត ដែលដំទៅលើក្តារម្ឈូសរបស់គណបក្សប្រជាជន ឬលើរដ្ឋាភិបាលរបស់គ្រួសារលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយខ្ញុំយល់រឿងនេះមិនមែនជារឿងងាយស្រួលទេ គឺថាជារឿងដែលធ្វើឲ្យគេកាន់តែខ្ពើមរអើមភ័យខ្លាចធ្វើឲ្យគេកាន់តែមិនហ៊ានទៅស្រុកខ្មែរ»។
ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ គ្មានជំនឿលើ ប្រព័ន្ធតុលាការកម្ពុជាទេ ដូចនេះមានតែការបញ្ជូនជនសង្ស័យជាជនជាតិខ្មែរទៅឱ្យថៃស៊ើបអង្កេតទេទើបលាតត្រដាងការពិតបាន ខណៈមានសង្ស័យថាគ្រួសារហ៊ុននៅក្រោយឃាតកម្មនេះ។
លោកថា៖ «៣០ទៅ ៤០ឆ្នាំជាង យើងអត់មានការជឿជាក់លើតុលាការកម្ពុជាទេ និយាយឱ្យចំខ្ញុំអត់មានជំនឿអីតិចសោះ ព្រោះតុលាការកម្ពុជា! វិជ្ជាជីវៈគាត់មាន ប៉ុន្តែគាត់ធ្វើតាមបញ្ជាធ្វើតាមនីតិមាត់ទាំងអស់ ធ្វើតាមលោក ហ៊ុន សែន ដែលបញ្ជា។ អ៊ីចឹងក្នុងនាមដែលគាត់រៀនសូត្រអីទាំងអស់ហ្នឹង គឹតុលាការដើម្បីយុត្តិធម៌ តែស្រុកខ្មែរយើងអត់មានយុត្តិធម៌ទេ អត់មានយុត្តិធម៌សោះ គាត់ធ្វើបាបប្រជាពលរដ្ឋ ធ្វើបាបសង្គមស៊ីវិល ធ្វើបាបគណបក្សជំទាស់ ធ្វើបាបគេទាំងអស់! ចឹងអត់មានតុលាការអ្នកចាត់ចែង នៅក្រោមបញ្ជាបុគ្គលវិញ ខ្ញុំមិនទុកចិត្តទេ និយាយឱ្យចំទៅ មានតែប្តូរទេ បើមិនប្តូរទេ តុលាការនៅតែធ្វើតាមបញ្ជារបស់បុគ្គល»។
VOD មិនអាចទាក់ទង លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានទេ ខណៈអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បដិសេដឆ្លើយតបសំណួរ VOD ដោយគ្រាន់តែបញ្ជាក់ថាទុកឱ្យតុលាការថៃធ្វើការលើរឿងនេះ។
ជុំវិញរឿងនេះ ឃាតករឈ្មោះ ឯកកាឡាក់ ផែណយ ក្រោយបញ្ជូនខ្លួនពីកម្ពុជាទៅប្រទេសថៃ នៅថ្ងៃទី១១ ខែមករា បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនបានស៊ីឈ្នួលបាញ់សម្លាប់លោក លិម គិមយ៉ា ជាថ្នូរនឹងលុយចំនួន៦ម៉ឺនបាត ពីបុរសម្នាក់ដែលខ្លួនគោរព តែខ្មាន់កាំភ្លើងរូបនេះមិនទម្លាយឈ្មោះអ្នកបញ្ជានោះទេ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារខ្លួន។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លឹម គីមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់ នៅថ្ងៃទី៧ ខែមករា កណ្តាលក្រុងបាំងកក ដែលមតិចម្រុះជាច្រើនដាក់ការសង្ស័យលើគ្រួសារហ៊ុនថា នៅពីក្រោយអំពើឃាតកម្មនេះ។
មុនការបាញ់សម្លាប់៤ថ្ងៃ ពោលគឺនៅថ្ងៃទី៣ ខែមករា លោក គិមយ៉ា តាមរយៈហ្វេសបុកខ្លួនបានរិះគន់ចំៗចំពោះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចំណាយលុយរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាដែល គ្មានប្រយោជន៍ដល់ពលរដ្ឋខ្មែរ។ លោកថា រដ្ឋាភិបាលគួរតែគោរពសិទ្ធិមនុស្សជំនួសវិញ។
ជាការកត់សម្គាល់ កាលនៅមានជីវិត លោក គិមយ៉ា ក៏បានប្រើប្រាស់បណ្តាញសង្គម រិះគន់ចំៗលើរដ្ឋាភិបាលគ្រួសារហ៊ុន ពាក់ព័ន្ធការដឹកនាំបែបគ្រួសារនិយម ធ្វើឱ្យបន្ទាត់នយោបាយនៅកម្ពុជាងាកចេញពីកន្លងប្រជាធិបតេយ្យ រួមទាំងបញ្ហាបូរណភាពទឹកដី ជាមួយប្រទេសជិតខាងជាដើម។
ជុំវិញឃាតកម្មនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តជាតិ Human Rights Watch នៅថ្ងៃទី១០ ខែមករានេះ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កត់សម្គាល់ថា ចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនៅចុងឆ្នាំ២០១៧ សកម្មជននយោបាយច្រើននាក់ ដែលបានភៀសខ្លួនទៅប្រទេសថៃ គឺជាគោលដៅនៃការគៀបសង្កត់ឆ្លងដែន ការរំលោភសិទ្ធិមនុស្ស និងជួនកាលដោយមានកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃថែមទៀត ។
លោកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះថា ការសម្លាប់អ្នកនយោបាយប្រឆាំងកម្ពុជាដ៏លេចធ្លោម្នាក់នៅទីក្រុងបាងកក ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលបរទេសក្នុងការសម្លាប់ដោយហេតុផលនយោបាយនៅលើដីថៃ។
អ្នកស្រីបានជំរុញឱ្យអាជ្ញាធរថៃ ស៊ើបអង្កេតឱ្យបានពេញលេញអំពីការសម្លាប់លោក លិម គិមយ៉ា និងធានាថាអ្នកទទួលខុសត្រូវទាំងអស់ត្រូវបាននាំមកកាត់ទោស។
ជាមួយគ្នានេះ ប្រទេសបារាំង បានប្រកាសថ្កោលទោសលើឃាតកម្មកណ្តាលក្រុងបាងកកនេះ និងបញ្ជាក់ជំហរថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវការស៊ើបអង្កេតដែលបញ្ជាដោយអាជ្ញាធរថៃ ដើម្បីបង្កើនការរកការពិតពេញលេញជុំវិញឃាតកម្មលើ លោក លិម គិមយ៉ា ជាពលរដ្ឋបារាំងម្នាក់ផងដែរ៕