ប្រមាណជា ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនស្រាបៀរ នៅក្នុងប្រទេសកម្ពុជា ហាក់មមាញឹកធ្វើយុទ្ធសាស្ត្រទីផ្សារយ៉ាងសកម្ម លើកទឹកចិត្តឱ្យសេពគ្រឿងស្រវឹង តាមរយៈការផ្សព្វផ្សាយផ្តល់រង្វាន់គ្រប់ទម្រង់ បើទោះបីការសិក្សានានា រកឃើញថា គ្រឿងស្រវឹងជាគ្រោះថ្នាក់ យាយីសុខភាពសាធារណៈ សេដ្ឋកិច្ច និងបង្កសោកនាដកម្មដល់សង្គមក្តី។
ការពង្រីកឥទ្ធិពលរបស់ក្រុមហ៊ុនស្រាបៀរ នាមួយទសវត្សរ៍ចុងក្រោយនេះ ក៏ចំពេលមេដឹកនាំបក្សកាន់អំណាច បន្តផ្អឹបទុក សេចក្តីព្រាងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹង មិនបញ្ជូលទៅឱ្យសភាអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ ខណៈក្នុងបទប្បញ្ញត្តិនៃសេចក្តីព្រាងនេះបានចែងថា «ច្បាប់នេះមានគោលបំណង ការពារសុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម»។
ជាការសង្កេត ចំពេលដែលរដ្ឋាភិបាលមិនបញ្ចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ក្រុមហ៊ុនស្រាបៀរ បង្កើនការផ្សាយពាណិជ្ជកម្ម តាមរយៈការជួលតារាល្បីៗ មកតំណាងផលិតផល ការផ្ដល់រង្វាន់សន្ធឹកសន្ធាប់ដល់អតិថិជន ការឧបត្ថម្ភដល់កម្មវិធីប្រគុំតន្ត្រី និងការផ្ដល់គ្រឿងស្រវឹងឱ្យមន្ត្រីនៅតាមក្រសួងស្ថាប័នរដ្ឋជាដើម ដើម្បីអូសទាញអតិថិជន ឱ្យសេពគ្រឿងស្រវឹង។
យុទ្ធសាស្ត្រទីផ្សារនេះ គេប្រទេះឃើញ យីហោក្រុមហ៊ុនស្រាបៀរ នៅទីប្រជុំជន ដូចជាក្នុងពិធីបុណ្យជាតិធំៗ ពិធីបុណ្យអុំទូក ក្នុងកញ្ចក់ទូរទស្សន៍ ការសម្តែងតន្ត្រី និងទីលានប្រកួតកីឡាប្រដាល់ជាដើម ។
តែផ្ទុយពីនេះ បើគេពិនិត្យទៅការសិក្សានានា តាមបែបវិទ្យាសាស្ត្រ និងកត្តាជាក់ស្តែង ដែលបានកើតឡើងក្នុងសង្គម រួមទាំងការលើកឡើងពីមន្ត្រីជំនាញ រដ្ឋាភិបាល និងសង្គមស៊ីវិល គ្រឿងស្រវឹង កំពុងគំរាមកំហែងសុខភាពសាធារណៈ សេដ្ឋកិច្ច អំពើហិង្សាក្នុងគ្រួសារ ក្មេងទំនើង និងសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍។
ទាំងអស់នេះ ជាវិញ្ញាសារចោទសួរថា តើអ្នកចូលរួមផ្សព្វផ្សាយលើកទឹកចិត្តឱ្យសេពគ្រឿងស្រវឹង ជាអ្នកចូលរួមចំណែកបង្កសោកនាដកម្មសង្គមឬទេ ?
ឧទារណ៍ជាក់ស្តែង សោកនាដកម្មមួយ ក្នុងចំណោមសោកនាដកម្មជាច្រើនទៀត នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងពីគ្រឿងស្រវឹងនោះ ហេតុការណ៍បុករះសម្លាប់មនុស្ស៤នាក់ និងរបួសជាច្រើននាក់ទៀត នៅក្រុងភ្នំពេញ អំឡុងដើមឆ្នាំ២០២៤ ខណៈអ្នករងគ្រោះទាំងនោះ កំពុងឈប់រងចាំភ្លើងស្តុប នៅខណ្ឌឫស្សីកែវ ជាប់ក្បាលស្ពានម៉ាឡេ ។
ក្រោយកើតហេតុ មន្ត្រីជំនាញអះអាងថា អ្នកបើករថយន្តបង្កហេតុ ជាមន្រ្តីរដ្ឋាភិបាល បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ។ ហេតុការណ៍នេះ វាបានកើតឡើងជាហូរហែរ នៅក្នុងឆ្នាំ២០២៤ ។
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ Kirin ចេញផ្សាយកាលពីដើមឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនកម្ពុជាសរុបទាំងអស់ បានចំណាយប្រាក់ប្រមាណ ២,៣ពាន់លានដុល្លារ ទៅលើការពិសាស្រាបៀរ ដោយម្នាក់ៗបានផឹកស្រាបៀរប្រមាណ ៧២លីត្រ និងចំណាយប្រាក់ប្រមាណ ១៣៦ដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះកើនឡើង ជាង២៧ភាគរយ ក្នុងមួយឆ្នាំ។
មន្ត្រីជំនាញផ្នែកសុខាភិបាល ក៏បានបង្ហាញពីក្តីបារម្ភរបស់ខ្លួនផងដែរ ពីហានិភ័យសុខភាពសាធារណៈ សោកនាដកម្មសង្គម ដែលបង្កឡើងពីគ្រឿងស្រវឹង ។
ក្នុងសិក្ខាសិលាមួយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបង្ហាញពីការជោរជន់នៃការប្រើប្រាស់គ្រឿងស្រវឹងនេះ។
លោកស្រីនិយាយថា ក្នុងចំណោមមនុស្ស ១០០នាក់ ដែលទទួលទានគ្រឿងស្រវឹង មាន៤៨ភាគរយ ដែលប្រឈមហានិភ័យកើតជំងឺមហារីកថ្លើម ហើយក្នុង៤៨ភាគរយនោះ មានជាង ៦០ភាគរយ ដែលអាចបាត់បង់ជីវិត។
អ្នកជំនាញសុខភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងនោះ នឹងត្រូវខាតបង់ជីវភាពដោយសារការចំណាយលើគ្រឿងស្រវឹង ហើយវានឹងប៉ះពាល់សេដ្ឋកិច្ចជាតិនៅពេលពួកគេធ្លាក់ខ្លួនឈឺ។
លោកស្រីថា៖ «ឥឡូវយើងមើលពីការថែទាំសុខភាពអស់ប៉ុន្មាន? ខ្ញុំគិតខ្លួនឯង ក្នុងចំណោមអ្នកដែលឈឺ ១០០០នាក់ ដែលបណ្តាលមកពីគ្រឿងស្រវឹងឃើញយ៉ាងម៉េច? មហារីក ខ្ញុំជម្រាបជូនមិញហើយណា មហារីក គាត់ត្រូវព្យាបាលអស់ប៉ុន្មាន? អស់ ២៨៣លានដុល្លារក្នុងមួយឆ្នាំ»។
របាយការណ៍របស់អង្គការសុខភាពពិភពលោក ក៏ធ្លាប់បង្ហាញដែរថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជា ជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលចរិតជាដើម។
ប្រហាក់ប្រហែលគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បាននិយាយក្នុងកម្មវិធីមួយនៅខេត្តកំពង់ធំ អំឡុងខែកក្កដា ឆ្នាំ២០២៤ថា ឥទ្ធិពលគ្រឿងស្រវឹងបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ ដែលលោកថា គ្រឿងស្រវឹងឈរនៅលំដាប់ទី២នៃការបង្កឱ្យមានសោកនាដកម្មសង្គម ដែលត្រូវទប់ស្កាត់ ខណៈច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅជាប់គាំង ។
លោកថា៖ «យើងឃើញថា៧០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ មានកត្តាច្រើនមានយានយន្ត បុគ្គល ប៉ុន្តែកត្តាមួយទៀតដែលមិនអាចមើលរំលងបាន គឺការប្រើប្រាស់គ្រឿងស្រវឹងនេះ ហើយតាមរយៈវេទិកានេះ ខ្ញុំសូម បើអាចទៅរួចសុំឱ្យ ឯកឧត្តមអភិបាលខេត្តថ្មី និងអភិបាលខេត្តទាំងអស់ដែលមានវត្តមាននៅទីនេះ ត្រូវឆែកឡើងវិញទៅលើកុងត្រាដែលជួលដាក់ប៉ាណូស្រាបៀរនៅទីសាធារណៈ ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ឥឡូវច្បាប់វាអត់ទាន់ចេញ ឥឡូវយើងចេះតែទុកៗ ឥឡូវផ្សព្វផ្សាយ។ ខ្ញុំគិតថា ខេត្តក៏មិនបានចំណូលច្រើនពីអាហ្នឹងណាស់ណាដែរ យកអាលុយចំហាយក្តៅទៅចាយ ក៏យើងមិនសុខដែរ។ ឥឡូវគ្រឿងស្រវឹងនេះបន្ទាប់ពីល្បឿន គឺគ្រឿងស្រវឹងនេះហ្នឹងដែលជាបញ្ហាធ្វើឱ្យមនុស្សស្លាប់ច្រើនជាងគេ»។
ក្រុមហ៊ុនស្រាបៀរនៅកម្ពុជាអាចធ្វើព្យុះភ្លៀងបានដោយរបៀបណា ?
ឧស្សាហកម្មស្រាបៀរនៅកម្ពុជា កាន់តែមានភាពដុះដាល ចាប់ពីឆ្នាំ២០១២ គ្រាដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចូលរួមជាអធិបតីសម្ពោធរោងចក្រផលិតស្រាបៀរកម្ពុជា របស់ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី លីមីតធីត (Khmer Brewery Limited) បច្ចុប្បន្នប្ដូរមកជា ខ្មែរ បេវេរិច (Khmer Beverages)។
ក្នុងពេលនោះ អតីតនាយករដ្ឋមន្ត្រីរូបនេះ បានជំរុញឱ្យក្រុមហ៊ុនស្រាបៀរកម្ពុជាបង្កើនគុណភាព និងការផលិត ដើម្បីប្រកួតប្រជែងជាមួយស្រាបៀរនាំចូលពីបរទេស។ លោកថែមទាំងសរសើរថា ស្រាបៀរកម្ពុជា មានលក្ខណៈពិសេសជាងស្រាបៀរដទៃទៀត ព្រោះវាផលិតចេញពីរោងចក្រខ្នាតធំ ដែលមានដើមទុនខ្មែរសុទ្ធសាធ។
យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិអាស៊ី ចេញផ្សាយនៅឆ្នាំ២០១៧ ក៏បានបង្ហាញដែរថា ក្រុមហ៊ុនគ្រឿងស្រវឹងបានចំណាយទឹកប្រាក់រាប់លានដុល្លារ លើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ដែលភាគច្រើនក្រុមហ៊ុនទាំងនេះគ្រប់គ្រងដោយក្រុមឧកញ៉ាដ៏មានឥទ្ធិពលនៅកម្ពុជា។
របាយការណ៍សិក្សាកម្រាស់៤០ទំព័រនេះ បន្តថា ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកនាំចូលផលិតផលគ្រឿងស្រវឹងធំៗ មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយគណបក្សកាន់អំណាច តាមរយៈការកាន់កាប់ភាគហ៊ុន និងទំនាក់ទំនងដ៏មានឥទ្ធិពលនៅជួររដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ ស្តីពី ការត្រួតព្រិនិត្យគ្រឿងស្រវឹង មាន១១ជំពូក និង៣៩មាត្រា បានធ្វើរួចរាល់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដែលរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ជំហរថា នឹងបញ្ជូនទៅឱ្យសភាអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ យ៉ាងយូរត្រឹមឆ្នាំ២០១៦។
ប៉ុន្តែជិត១០ឆ្នាំទៅនេះ ច្បាប់នេះ មិនទាន់ចេញជារូបរៀងនៅឡើយ។ តើមានអ្វីនៅពីក្រោយបញ្ហានេះ?
ស្រាបៀរក្លាយជាឃាតករស្របច្បាប់ក្រោយរដ្ឋាភិបាលរំលាយសេចក្តីព្រាងច្បាប់
មានពលរដ្ឋមិនច្រើនឡើយ ដែលដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង លែងមានវត្តមាននៅកម្ពុជា។
យោងតាមការផ្ដល់បទសម្ភាសន៍ជាមួយ VOD កាលពីខែមិថុនា ឆ្នាំ២០១៩ ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពី ការត្រួតពិនិត្យគ្រឿងស្រវឹង លែងមានទៀតហើយ ដោយយោងតាមចម្លើយដែលលោកទទួលបានពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងកិច្ចប្រជុំមួយ ដែលលោកបញ្ជាក់យ៉ាងខ្លីថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ចូល ទៅក្នុងច្បាប់ស្ដីពី ការគ្រប់គ្រងចំណីអាហារ ដែលស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ខណៈសេចក្តីព្រាងច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងស្រវឹង បានធ្វើរួចរាល់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដាក់ការស្តីបន្ទោសថា បញ្ហាទាំងអស់នេះ វាផ្តើមចេញពីការជាប់ជំពាក់ របស់សែស្រឡាយគ្រួសារហ៊ុន ដែលបានប្រយោជន៍ពីក្រុមហ៊ុនស្រាបៀរ។
លោកថា៖ «ដូចជាអ្នកស្រី ហ៊ុន ម៉ាណា ហ្នឹងក៏ពាក់ព័ន្ធនឹងក្រុមហ៊ុនស្រាបៀរមួយចំនួន។ អីចឹងហើយវាធ្វើឱ្យក្រុមហ៊ុនស្រាបៀរហ្នឹងមានឥទ្ធិពលទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ អីចឹងហើយបានគេមិនចង់ឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង ដោយឡែកព្រោះកាលណាមានដោយឡែកវាអាចរឹតបន្តឹងទៅដល់ការផ្សព្វផ្សាយស្រាបៀរ ការលក់ស្រាបៀរហ្នឹង»។
វិបត្តិសង្គមមួយទៀត ដែលកើតចេញពីឥទ្ធិពលគ្រឿងស្រវឹងដែរនោះ គឺគ្រឿងស្រវឹងបានចាក់ឫសជ្រៅបង្កជាជំងឺរ៉ាំរ៉ៃក្នុងសង្គម និងការបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ។
យោងតាមការស្ទង់មតិមួយឆ្នាំ២០២១-២០២២ ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ រកឃើញថា បុរស៧នាក់ក្នុងចំណោម១០នាក់ ស្មើប្រមាណ៧០ភាគរយ សេពគ្រឿងស្រវឹង។
ការស្ទង់មតិ បង្ហាញថា ស្ត្រីរហូតដល់៥០ភាគរយ ធ្លាប់រងអំពើហិង្សាពីស្វាមី ឬដៃគូស្និទ្ធស្នាល ដែលសេពគ្រឿងស្រវឹងដែលបញ្ហានេះ បង្កជាការព្រួយបារម្ភមួយ សម្រាប់អ្នកតស៊ូមតិ ដែលពួកគេជំរុញឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការចូលរួមផ្សព្វផ្សាយលើកទឹកចិត្ត ឱ្យសេពគ្រឿងស្រវឹងប្រៀបដូចនឹងការចូលរួមបង្កគ្រោះថ្នាក់គ្រប់យ៉ាងដល់សង្គម។
លោកថា៖ «ជាវិធានការរដ្ឋត្រូវតែមានការទប់ស្កាត់ រឹតត្បិតទៅលើការផ្សាយពាណិជ្ជកម្មកុំឱ្យមានការផ្សាយពាណិជ្ជកម្មមានផលប៉ះពាល់ទៅដល់យុវវ័យក្នុងប្រទេសកម្ពុជាហ្នឹងអញ្ចឹងមានន័យថា អ្នកដែលចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង ជាអ្នកចូលរួមចំណែកធ្វើឱ្យមានភាពជាក្មេងទំនើង ហើយក៏ដូចជាបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ទៅដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុខមាលភាពសង្គម រួមទាំងគ្រោះថ្នាក់ចរាចរណ៍ រួមទាំងជំងឺផ្សេងៗទៀត»។
យោងតាមរបាយការណ៍ ស្តីពី «គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា» របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ( UNDP of Cambodia ) ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ទឹកប្រាក់ប្រមាណ ៤៦៦,៨ លានដុល្លារអាមេរិក ត្រូវបានបាត់បង់នៅឆ្នាំ២០១៩ ដែលស្មើនឹង ១,៧ ភាគរយ នៃចំណូលដែលបានមកពីផលិតផលក្នុងស្រុកសរុប បណ្តាលមកពីគ្រោះថ្នាក់តាមដងផ្លូវ។ ក្នុងនោះ ប្រមាណ៨៨,៨% បណ្តាលមកពីការបាត់បង់ប្រាក់ចំណូលក្នុងមួយជីវិតដែលមនុស្សម្នាក់ៗអាចរកបាន ក្នុងពេលនៅរស់ ។
របាយការណ៍ដដែលបន្ថែមថា ការចំណាយលើការស្លាប់បានកើនឡើង ៨៨,៨ភាគរយ នៃការចំណាយសរុបរបស់គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកថ្លៃមន្ទីរពេទ្យ ៧,២ភាគរយ និងការខាតបង់ដោយពិការភាព ៣ភាគរយ ។ ការចំណាយដ៏ធំបំផុតបានមកពីការបាត់បង់ ដោយសារតែការស្លាប់ដែលមានចំនួន ៨៨,៨ភាគរយ នៃការចំណាយសរុប។
ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងជិត ២៥ភាគរយក្នុងរយៈពេល១១ឆ្នាំ (ឆ្នាំ២០០៩-២០១៩) ពោលគឺខ្ពស់ជាងកំណើនប្រជាជនក្នុងរយៈពេលដូចគ្នា ១៧ភាគរយ ។
កត្តាលេចធ្លោដែលទាក់ទងនឹងការបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី កត្តាធំៗ៤យ៉ាង ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត គឺការប្រើប្រាស់គ្រឿងស្រវឹង នៅលំដាប់ទី១ និងគ្រឿងញៀន នៅលំដាប់ទី២។
សរុបសេចក្តីទៅ ច្រើនឆ្នាំទៅនេះ ឥទ្ធិពលនៃគ្រឿងស្រវឹង បានបង្កគ្រោះថ្នាក់ចាប់តាំងពីរដ្ឋាភិបាលចាស់ បន្តដល់រដ្ឋាភិបាលថ្មី គំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងពលរដ្ឋ ព្រមទាំងបង្កសោកនាដកម្ម ចំពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុន មិនព្រមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ឱ្យទៅសភាអនុម័តឱ្យក្លាយជាច្បាប់ ដើម្បីទប់ស្កាត់សោកនាដកម្មសង្គម។
ម៉្យាងទៀត អ្នកដែលចូលរួមផ្សព្បផ្សាយលើកទឹកចិត្ត ឱ្យសេពគ្រឿងស្រវឹង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ក៏ជាអ្នកចូលរួមចំណែក បង្កឱ្យមានជនរងគ្រោះរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំផងដែរ៕