ឃាតកម្មលោក លិម គិមយ៉ា ជំរុញ​ឱ្យ​បក្ស​ប្រឆាំង​បោះ​ដៃ​រក​គ្នា​ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​ផ្តាច់​ការ

ឃាតកម្ម​លើ​លោក លិម គិមយ៉ា តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ ហាក់​បាន​ពញ្ញាក់​អារម្មណ៍​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ដែល​បាន​ភៀស​ខ្លួន​ទៅ​​ក្រៅ​ប្រទេស ឱ្យ​បោះ​ដៃ​រក​គ្នា ក្រោម​ហេតុ​ផល​ដើម្បី​សង្គ្រោះ​កម្ពុជា ចេញ​ពី​រប​​បដឹ​កនាំ​​បែប​ផ្តាច់​ការ​គ្រួសារ​ហ៊ុន ។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លើ​ទឹក​ដី​ថៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ ។

អាជ្ញាធរ​ថៃ ទម្លាយ​ថា ឃាតកម្ម​នេះ មាន​ការ​បញ្ជា​ចេញ​ពី​កម្ពុជា ខណៈ​ឃាតកម្ម​ដូច​គ្នា​នេះ រាប់​សិប​ករណី​ក្នុង​ប្រទេស​កម្ពុជា ផ្តោត​លើ​សកម្មជន​នយោបាយ ​គណបក្ស​ប្រឆាំង អ្នក​សារព័ត៌​មាន ព្រះ​សង្ឃ សកម្មជន​បរិស្ថាន និង​សហជីព​ជាដើម​។ ក្នុងនោះ​មាន​ទាំង​ករណី​ឃាតកម្ម លើ​លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា​ ជាដើម ដែល​ជន​ដៃ​ដល់ មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​ទេ។

ដោយ​ឡែក ឥស្សរជន​នយោបាយ គណបក្សប្រឆាំង​រាប់​សិប​នាក់​ទៀត ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​តុលាការ ដើម្បី​សម្លាប់​ជីវិត​​នយោបាយ​របស់​ពួក​គេ មាន​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាដើម ដែល​បន្ទាត់​នយោបាយ​បែប​នេះ ធ្វើឱ្យពលរដ្ឋ​ច្រើន​លាននាក់ រួម​រឹត​ដោយ​វិបត្តិ​បំណុល ជិត​១ទសវត្សរ៍​ទៅ​នេះ ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ជា​បន្ត​បន្ទាប់​ក្រោម​ដៃ​តុលាការ​គ្មាន​យុត្តិ​ធម៌។

តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ ដែល​ស្និត​នឹង​លោក កឹម សុខា​ គឺ លោក សួន សូរីដា បាន​និយាយ​ក្នុង​ពិធី​បុណ្យ​គម្រប់​៧ថ្ងៃ លោក លិម គិមយ៉ា ថា​បច្ចុប្បន្ន​នេះ គេ​មិន​អាច​អំពាវ​នាវ​សុំ​យុត្តិ​ធម៌​ពី​មេដឹក​នាំ ដែល​រង​ការ​ចោទ​ពី​បទ​ឃាតកម្ម​លើ​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស និង​បរិស្ថាន​បាន​ទេ។

តែ​ផ្ទុយ​ទៅវិញ​ លោក​ថា ជម្រើស​តែ​មួយ​គត់ ដើម្បី​ជំរុញឱ្យ​សង្គម​មាន​យុត្តិធម៌​និង​គោរព​សិទ្ធិ​មនុស្ស មាន​តែ​អ្នក​ប្រជា​ធិប​តេយ្យ និង​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ រួម​គ្នា​ជា​ធ្លុង​មួយ ទើប​អាច​ជំរុញ​ការ​ផ្លាស់​ប្តូរ​បាន។

លោក​ថា៖ «ការ​ទាម​ទារ​រក​យុត្តិធម៌​ដោយ​ខ្លួន​យើង ​មាន​តែ​ការ​ប្រើ​ប្រាស់​ការ​​បង្រួប​​បង្រួម​​អ្នក​ប្រជា​​​ធិប​​តេយ្យ និង​អ្នក​ស្នេហាជាតិ​ទាំង​អស់​ទេ ដើម្បី​ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការ​ធ្វើការ​ផ្លាស់​ប្តូរ​​ជន​​ផ្ដាច់​​ការ​ និង​ជន​ដែល​បង្ក​ឲ្យ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សារ​​អំពាវ​​នាវ​នេះ ហាក់​​ស៊ី​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​តំណាង​គណបក្ស​សង្គ្រោះ​​ជាតិ​ប្រចាំ​ប្រទេស​​អូស្ត្រាលី។

លោក​​ថា៖ «យើង​​មិន​​ចង់​ឃើ​ញ​ប្រទេសថៃ​ត្រូវ​​បាន​​អាជ្ញាធរ​​នៅ​​ស្រុក​​ខ្មែរ​​​ប្រើ​​ប្រាស់ ដើម្បី​​សម្លាប់ នយោ​បាយ សម្លាប់​​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិប​តេយ្យ សម្លាប់​​អ្នក​ការ​ពារ​បរិស្ថាន ឬ​ក៏​ចាប់​ត្រលប់​​ទៅ​វិញ​​ដើម្បី​ដា​​ក់ពន្ធនាគារ​នោះ​ទេ ធ្វើការ​ប្តេជ្ញា​ចំពោះ​ដួង​វិញ្ញាណ​​ក្ខន្ត​​ឯកឧត្តម លិម គិម​យ៉ា ថា​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ដូច​ជា​អ្នក​ប្រជាធិប​តេយ្យ យើង​មិន​រួញ​រា​ទេ យើង​នឹង​បន្ត​ធ្វើ​​ដំណើរ​ដើម្បី​សា្តរ​លទ្ធិប្រជាធិបតេ​យ្យ​នៅ​ស្រុក​ខ្មែរ »

ដោយឡែក តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក អ៊ុំ សំអាន និយាយ​​ថា មាន​​តែ​​ចរន្តរួម​គ្នា​ទេ ទើប​អាច​សង្គ្រោះ​កម្ពុជា​ពី​របប​​ផ្តាច់​​ការ ដឹក​​នាំ​​ដោយ​​គ្រួសារ​ហ៊ុន​​បាន​ និង​ស្តារ​ជីវភាព​ពលរដ្ឋ​​ឱ្យ​​ងើប​​ផុត​​ពី​ការ​រួម​រឹត​ដោយ​​អំពើ​​អយុត្តិធម៌ និង​​វិបត្តិ​បំណុល។

លោក​ថា៖«ជា​ពិសេស​ខាង​ពី​លោក កឹម សុខា លោក សម រង្ស៊ី ហ្នឹង​រួម​គ្នា ទើប​អាច​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​លោក លិម គិម​យ៉ា បាន ហើយ​ស្វែង​រក​យុត្តិធម៌​សម្រាប់​​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន ជំរុញ​​ឲ្យ​​មាន​ការស្ដារប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ឡើង​វិញ​នៅ​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោ​បាយ ដោះ​លែង​លោក​ កឹម សុខា ទាល់​តែ​ទាំង​អស់​គ្នា​រួម​គ្នា​ដូច​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​យើង​ឈ្នះការ​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​បាន»

ជន​រង​គ្រោះ​ម្នាក់​ដែល​ចាញ់​បោក​ក្រុម​ហ៊ុន​​ពិភព​ដីមាស បាន​អះ​អាង​ថា ពេល​នេះ ពួកគេ​ជាង​៨​ពាន់​គ្រួសារ កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល និង​មាន​អ្នក​ស្លាប់​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​សារ​មេ​ឆបោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង និង​បក្ខ​ពួក​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់។

លោក​ថា៖ «សំខាន់​បំផុត​រឿង​ទីមួយ​រឿង​ធនាគារ ខ្លាច​ធនាគារ គេ​ប្ដឹង​យើង​អ៊ីចឹង​ទៅ​យើង​មាន​អី​បង់ បើ​ ហ៊ី កឹម​ហុង បោក​ប្រាស់​យើង​ចឹង។ ហើយ​ទី២​នេះ​ទៀត បារម្ភ​រឿង​ប្រជា​ពលរដ្ឋ បើ​ថ្នាក់​ដឹក​នាំ​គាត់​អត់​ជួយ​​ជំរុញ​បន្ថែម​ទេ ​ប្រជាពលរដ្ឋ​អ្នកស្លាប់​ជា​បន្តៗ ចេះ​តែកើ​ន​ឡើង​ទៅ បើ​តាម​អ្នក​ស្លាប់​ហ្នឹង​ឥឡូវ​ហ្នឹង​បើ​ស្ដាប់​ទៅ ១៧​នាក់ ដែល​ស្លាប់​ពិត​ប្រាកដ​មាន​ភស្តុតាង​នៅ​ដៃ ប៉ុន្តែ​ឥឡូវ​ហ្នឹង​មាន​ជា​បន្តៗ​ហើយ»។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក ស៊ឹង សែន​ករុណា ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ក្រោយ​លោក ហ៊ុន សែន គំរាម​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​រហូត​កន្លះ​លាន​ដុលា្លរ ដោយ​សារ​តែ​បញ្ចេញ​មតិ​រិះ​គន់ ការ​ប្រើ​ដៃ​តុ​លាកា​រ ដើម្បី​យក​ប្រៀប​ដៃគូ​ប្រកួត​លើ​សង្វៀន​នយោបាយ​នោះ បាន​អះ​អាង​ថា មាន​តែ​ចរន្ត​រួម​គ្នា​របស់​អ្នក​ប្រជា​ធិ​ប​តេយ្យ​ទេ ទើប​អាច​ជំរុញ​ឱ្យ​បន្ទាត់​នយោបាយ​វិល​ទៅ​រក​គន្លង​ប្រជា​ធិប​តេយ្យ​បាន។

លោកថា៖ «កាល​ណា​មាន​ការ​រួបរួម​គ្នា​របស់​អ្នក​ប្រជាធិបតេយ្យ​គឺ​ឥទ្ធិពល​និង​កម្លាំង​ហ្នឹង វា​ខ្លាំង​ដែល​អាច​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា មាន​ការ​កែប្រែ​ និង​អាច​ផ្លាស់​ប្តួរ​បាន​តាម​រយៈ​នៃ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ឡើង​វិញ អាហ្នឹ​ង​​គឺ​ជា​រឿង​ដែល​អ្នក​ប្រជាធិប​តេយ្យ​ត្រូវ​ធ្វើ។ ប៉ុន្តែ​បើនៅ​តែ​ដូច​ស្ថាន​ភាព​បច្ចុប្បន្ន គ្មាន​រំពឹង​ទេ មា​​នតែ​​ចាំ​​តែ​​រង​​គ្រោះ ដោយ​សារ​អ្នក​ទាំង​អស់​ហ្នឹង​គាត់​មិន​បាន​រួប​រួម​គ្នា ដើម្បី​ជា​កម្លាំង​ឱ្យ​​មាន​ឥទ្ធិព​​ល​ឡើង​នោះ»

ថ្មីៗ​នេះ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុន​តាប៊ន បាន​និយាយ​ចំៗ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​លើក​​ទី​៥៧​ថា ការ​ផ្ទេ​​រ​​អំណាច​នៅ​ឆ្នាំ​២០២៣​ ​ធ្វើ​ឡើង​ជា​លក្ខ​ខណ្ឌ​គ្រួសារ ប្រាស​ចាក​ពី​គន្លង​ប្រជាធិប​តេយ្យ ដែល​ការ​ថ្លែង​នោះ​សំដៅ​ដល់​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​ច្បង​លោក ហ៊ុន ម៉ាណែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ