អាវុធហត្ថវិន័យម្ចាស់ឡាន​ពាក់​ស្លាក​លេខ​​ ខ.ម ដែល​បើក​ក្បួន​ឱ្យ​​អ្នក​លក់​ឡេ

អ្នក​នាំពាក្យ​​​កង​​រាជអាវុធហត្ថលើផ្ទៃប្រទេស​ បានបញ្ជាក់ថា ម្ចាស់រថយន្តស៊ីរ៉ែន ពាក់ស្លាក​លេខ​ ខេមរភូមិន្ទ ដែល​បើក​​ក្បួន​​ឱ្យ​អ្នក​លក់​ឡេ ត្រូវបាន​ប្រគល់ជូនអង្គភាពសាម៉ី ​ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ពហើយ។

វិធានការ​​របស់​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើង​​​បន្ទាប់ពីមានវីដេអូដែល​​បង្ហោះលើបណ្ដាញ​សង្គមបង្ហាញ​ពីករណី​អ្នក​លក់​អន​ឡាញ​ម្នាក់​ បាន​​​ទៅចូលរួមមង្គល​ការ ដោយមាន​ក្បូន​ឡានទំនើបជាច្រើនគ្រឿងអម​ជាមួយ ក្នុងនោះក៏មាន​រថយន្តស៊ីរ៉ែន​​ពាក់ស្លាកលេខ​ ខ.ម (ខេមរភូមិន្ទ) លេខ​០២ ២-១៨៧១ បើកផ្លូវឱ្យផងដែរ។ ក្រោយ​មានការរិះគន់នៅលើបណ្តាញសង្គមលើករណីនេះ​ មេបញ្ជាការ​អាវុធហត្ថលើផ្ទៃប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​១០ ខែ​មករា បាន​បញ្ជាឱ្យ​អាវុធ​ហត្ថ​ធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិ ស្រាវជ្រាវរក​ម្ចាស់ និងរថយន្តស៊ីរ៉ែននោះ​ឃាត់​ទុក​ និងមានវិធានការ ខណៈលោកថា ការ​យកស្លាកលេខកង​ទ័ព​ទៅប្រើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់កងទ័ព។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានគូសបញ្ជាក់ថា កម្លាំងជំនាញបានស្រាវជ្រាវ​​ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គល​ដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះហើយ និងបានអញ្ជើញបុគ្គលពាក់ព័ន្ធទៅបញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ ដោយបានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹងអំពី ការប្រើប្រាស់ភ្លើង​សញ្ញា​ពិសេស​ សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើ​ចរាចរណ៍ ព្រមទាំងឱ្យពួកគេ​ធ្វើកិច្ចសន្យាកុំប្រព្រឹត្តទង្វើ​បែប​នេះ​តទៅទៀត។

ចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ នោះ អ្នកនាំពាក្យរូបនេះ អះអាងថា បានប្រគល់ជូនទៅ​អង្គ​ភាពសាមី ដើម្បីចាត់វិធានការ​អនុវត្តទណ្ឌកម្មវិន័យកងទ័ពហើយ។

តែយ៉ាងណា លោក អេង ហ៊ី មិនបានបញ្ជាក់ពីអត្តសញ្ញាណ​ម្ចាស់​រថយន្តពាក់ស្លាកលេខ​ ខេមរភូមិន្ទ ដែលបើកក្បូនឱ្យ​ឡាន​អ្នកលក់​ឡេ​នោះ ថាស្ថិត​ក្នុង​អង្គភាពណាមួយ​នៃក្រសួងការពារជាតិទេ ហើយក៏មិនបានបញ្ជាក់ពីវិធានការ​អនុវត្ត​ទណ្ឌកម្មវិន័យកងទ័ពបែបណានោះដែរ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​បានទេ នៅថ្ងៃចន្ទនេះ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និង​សំឡេងស៊ីរ៉ែន ហែរអមក្បួន គឺមានតែក្បូនព្រះទី​នាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធ​សភា រថយន្ត​ប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ។ ការ​ប្រើ​ប្រាស់​ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាក់ប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំង​ប្រើ​ចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ