គណបក្សក្រៅរដ្ឋាភិបាលមួយ បានរៀបចំបុណ្យខួប៧ថ្ងៃ នៃមរណភាពរបស់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ក្រោយខ្មាន់កាំភ្លើងបាញ់ប្រហារនៅចំកណ្តាលទីក្រុងបាងកក នៅចំថ្ងៃ៧មករា ដែលគណបក្សប្រជាជនកម្ពុជា ប្រសិទ្ធនាមឱ្យថាជាថ្ងៃដ៏ជោគជ័យរបស់ខ្លួន លើរបបខ្មែរក្រហម។
គណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងថ្មីថ្មោងមួយ នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែមករានេះ បាននិមន្តព្រះសង្ឃធ្វើពិធីឧទ្ទិសបង្សុកូល តាមប្រពៃណីព្រះពុទ្ធសាសនា នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងភ្នំពេញ។ នៅចំថ្ងៃនៃគម្របខួប៧ថ្ងៃនៃការធ្វើឃាតទៅលើ អតីតអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនេះ គេសង្កេតឃើញវត្តមានចូលរួមនៅក្នុងពិធីបុណ្យ៧ថ្ងៃនេះ មានលោក ជា មុន្នី ប្រធានស្តីទីគណបក្ស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្ស និងសមាជិកគណបក្សមួយចំនួនទៀតដែរ។
ក្រៅពីនេះ គេពុំសង្កេតឃើញមានគណបក្សនយោបាយណាផ្សេងទៀត រួមទាំងគណបក្សគ្រប់គ្រងអំណាចផង រៀបចំបុណ្យ ៧ថ្ងៃឱ្យលោក លិម គិមយ៉ា ក្នុងនាមជាអ្នកនយោបាយដូចគ្នានេះទេ។
ដោយឡែក រដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ នៅមិនឃើញមានចេញកំណត់ទូត ឬសាររំលែកទុក្ខណាមួយឡើយ ក្នុងនាមជាពលរដ្ឋខ្មែរ ក្រោយពេលពលរដ្ឋរបស់ខ្លួន ហើយក៏ជាអ្នកនយោបាយផងនោះ ត្រូវគេលួចធ្វើឃាតនៅបរទេសបែបនេះ ក្រៅពីគណបក្សនយោបាយមួយចំនួន រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សដើម្បីកម្ពុជា បានចេញសាររំលែកទុក្ខ និងថ្កោលទោស ចំពោះអំពើបាញ់ប្រហារនេះប៉ុណ្ណោះ។
លោក លិម គិមយ៉ា សញ្ជាតិបារាំងដើមកំណើតខ្មែរ និងមានភរិយាជាជនជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី៧ ខែមករា នៅចំកណ្តាលទីក្រុងបាងកក ប្រទេសថៃ។
ក្រោយបាញ់សម្លាប់នេះ គេសង្កេតឃើញមានការខ្នេះខ្នែងតែពីខាងសមត្ថកិច្ចថៃប៉ុណ្ណោះ ដែលព្យាយាមជជីកកកាយ និងបើកការស៊ើបអង្កេតក្នុងរឿងក្តីនេះ។ ដោយឡែក សមត្ថកិច្ចពីខាងកម្ពុជាវិញ បន្តរក្សាភាពស្ងប់ស្ងាត់ និងហាក់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ចំពោះករណីនេះ បើទោះជាដឹងថាអ្នកស្លាប់ជាពលរដ្ឋខ្មែរយ៉ាងណាក្តី៕