រដ្ឋមន្ត្រីកសិកម្មស្តីបន្ទោសកសិករជុំវិញ​ការ​ត្អូញ​ត្អែរ​លក់​ស្រូវ​បាន​ថោក

រដ្ឋមន្ត្រីក្រសួង​កសិកម្ម ហាក់​បាន​ស្តី​បន្ទោស​កសិក​រមួយ​ចំនួន ដែល​បាន​តវ៉ា​ត្អូញ​ត្អែរ ពិ​វិបត្តិ​ទីផ្សារ​លក់​ផ​លិត​​ផល​ដែល​ធ្វើ​ឱ្យ​ពួក​គេ​លក់​បាន​តម្លៃ​ថោក ប្រឈម​នឹង​បញ្ហា​ជីវភាព ដែល​ជាដើម​ហេតុ​ជំរុញ​ឱ្យ​គេ​សម្រេច​ធ្វើ​ចំណាក​ស្រុក​ទំាង​គ្រួសារ​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ទល់​នឹង​បញ្ហា​អត់​ឃ្លាន។

តាម​រយៈ​វីដេអូ​ខ្លី​មួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក បង្ហាញ​ពី​សកម្មភាព​កសិករ​ពង្រាយ​បាវ​ស្រូវ​បិទ​ផ្លូវ​​មួយ​ខ្សែ​ស្ថិត​ក្នុង​ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង បានពួកគាត់​​លើក​ឡើង​​ថា តម្លៃ​ស្រូវ​បាន​​ធ្លាក់​ថ្លៃ​ពី​ជាង ១ពាន់​រៀល មក​នៅ​ត្រឹម ៧០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

បញ្ហា​នេះ កសិករ​​ថា ខ្លួន​ខាត​បង់​ច្រើន មិន​អាច​ទូរទាត់​នឹង​ថ្លៃ​ជី កម្លាំង​ពលកម្ម និង​សង​បំណុល ខណៈ​កសិករ​​​ខ្លះ​​ត្រូវ​​​ខ្ចី​​បុល​​​​គេ ឬជួលស្រែគេដើម្បីដាំដុះ។

 ករណី​នេះ ប្រភពនោះ បានអំពាវនាវ​ដល់ក្រសួង​កសិកម្ម ជួយ​​អន្តរា​គមន៍​​ឱ្យ​តម្លៃ​ស្រូវ​ឡើង​​ថ្លៃ​វិញ ដើម្បី​ជួយ​​លើក​កម្ពស់​ដល់​ជីវភាពប្រជាពលរដ្ឋ។

អ្នកស្រីថា៖ «សូមឱ្យ​ក្រសួង​កសិកម្ម ជួយដោះស្រាយផលដំណាំស្រូវឱ្យនាង​ខ្ញុំផង បើសិនជាស្រូវ​ថោក ខ្ញុំនឹង​វេច​បង្វេច​នាំកូន​ទៅធ្វើខ្ញុំគេ នៅស្រុកថៃហើយ ខ្ញុំមិនអាចនៅបានទេ។​ ស្រែជួលគេ​ក្នុង​មួយ​​ហិកតា​​មួយ​លាន​រៀល ជីមួយ​ការ៉ុង ១០ម៉ឺន​ទៅ១៥ម៉ឺនរៀល ឈ្នួលច្រូត​មួយ​​ហិកតា ៣០​ម៉ឺន​រៀល ហើយ​ចុះ​​ឱ្យ​​​ខ្ញុំយ​ក​ទៅ​ដោះស្រាយ​អី សូមអស់លោកក្រសួង​កសិកម្ម ចុះ​ជួយ​មើល​តម្លៃ​ស្រូវ​ផង ហើយ​ជួយ​ដាក់​តម្លៃ​ស្រូវ​ ឧទាហរណ៍ថាបើដាក់​មួយ​គីឡូ ១ពាន់រៀល ឱ្យ​នៅ​តម្លៃត្រឹម​១ពាន់​ហ្នឹង​ហើយ កុំ​ឱ្យ​​បាន​​តែ​មួយ​ថ្ងៃ បាន​តែ​ពីរ​ម៉ោង អស់​លោក​ទម្លាក់​ចុះ ៦លេខ ៧លេខ តើ​ឱ្យ​ខ្ញុំ​កសិករ​​យក​ទៅ​ដោះ​ស្រាយ​បំណុល​គេ​​ម៉េច​រួច»

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានពន្យល់ថា បញ្ហា​នេះ​មក​ពី​កសិករផ​លិត​ពូជ​ស្រូវ​អូអឹម(​OM)​ដែល​លោក​ថា​ជា​តម្រូវ​ការ​ទីផ្សារ​នៅ​ប្រទេស​វៀត​ណាម មិន​មែន​ជា​តម្រូវការ​របស់​កម្ពុជា ដែល​ធ្វើឱ្យឈ្មួញមានឱកាសទម្លាក់ថ្លៃ។

យ៉ាង​ណា លោក​ថា សម្រាប់​ប្រភេទ​ស្រូវសែន​​ក្រអូប​ដែល​ជា​តម្រូវការរបស់​​កម្ពុជា ដែល​ក្រសួង​បាន​ណែនាំ​នោះ គ្មាន​ការ​ធ្លាក់​ថ្លៃ​នោះ​ទេ ហើយ​បើ​មាន​បញ្ហា​ក៏​រដ្ឋាភិបាល​អាច​សង្គ្រោះ​បាន​ដែរ។

លោក​ថា៖ «អ្នក​ដែល​និយាយរឿងស្រូវធ្លាក់ថ្លៃហ្នឹង មិន​ដែល​​បា​ន​បញ្ជាក់​ថា​ប្រភេទ​ស្រូវ​ណា​ធ្លាក់​ថ្លៃ​នោះ​ទេ ហើយ​​​​​យើង​​អ្នក​ធ្វើ​ស្រូវ​មែន​ទែន យើង​ចែក​គ្នា​ដាច់​ណាស់ ប្រភេទ​ស្រូវ​សែនក្រអូប ប្រភេទ​ស្រូវ​អង្ករ​ស ប្រភេទ​ស្រូវ​អ៊ីអ៊ែរ ស្រូវស្រាល​ដែល​យើងធ្វើលក់ ហើយស្រូវធ្វើលក់នេះ ដោយ​សារ​មួយ​រយៈ​នេះ​យើង​ធ្វើ​លក់​ទៅ​វៀតណាម​​ច្រើន អញ្ចឹង​ការ​​លក់ស្រូវ​វា​អាស្រ័យទៅ​លើទីផ្សារ​វៀតណាម»

កសិករ​ដាំដំណាំ​ស្រូវមួយរូបទៀត នៅខេត្តស្វាយរៀង អ្នកស្រី ម៉ែន ដាវី ធ្លាប់​ប្រាប់​វីអូឌី​កាល​ពី​ខែ​ចុង​​ខែ​ធ្នូ ឆ្នាំ​​២០២៤​​ដែរ​​ថា​ តម្លៃ​ស្រូវ​​ប្រភេទ​បាយ​​ទន់​​បាន​​​​ធ្លាក់​​​ចុះ​​​ពី ​១២០០រៀល​ក្នុង​មួយ​គីឡូ មក​​នៅ​តែ​​ជាង ៩០០រៀល​​ក្នុង​​មួយ​គីឡូ​ប៉ុណ្ណោះ។

អ្នកស្រី​​បន្ត​ថា ការ​​ចាប់​​ផ្ដើម​​ធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​របស់​កសិករ​នេះ បាន​​កើត​មាន​​រយៈ​​ពេល​​ជាង​ ១ខែ​មក​​​ហើយ ក្រោយ​​ពេល​ដែល​​រដូវ​​ប្រមូល​ផល​បាន​ចូល​មក​ដល់ ដែលការណ៍នេះ អ្នកស្រីថា​ពុំ​អាច​​ទូទាត់​​​ថ្លៃ​​ចំណាយ​​លើ​ជី ការ​ភ្ជួរ​រាស់ និង​កម្លាំង​ពលកម្ម​បាន​នោះទេ។

អ្នកស្រី​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នេះ​កុំឱ្យ​ស្ថិត​នៅក្រោម​ ១ពាន់រៀល​ក្នុង​មួយ​គីឡូ ដែល​អ្នកស្រី យល់ថា តម្លៃប៉ុននេះទើបអាចសមរម្យសម្រាប់កសិករ។

ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សាមគ្គីភាពកសិករ លោក ឌី គន្ធា និយាយថា ការ​បក​ស្រាយ​របស់​ក្រសួង​កសិ​កម្ម​​ប្រៀប​បាន​នឹង​ការ​ស្តីបន្ទោស​កសិករ ដែល​បញ្ជាក់​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​នាម​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​កសិករ ។

លោកថា៖ «អ្វីដែល​គាត់​ឆ្លើយតប​គ្រាន់​តែ​ជាការ​លើក​ឡើង​ដែល​មិន​ទទួល​ស្គាល់​ជំងឺ​របស់​កសិករ​នោះ​ឡើយ។​[]​ហេតុអ្វី​បាន​ជា​ខ្ញុំអះ​អាង​បែប​ហ្នឹង ? បើដឹង​ថាពូជ​ហ្នឹង​ខុស​ហើយ​ហេតុ​អី​បាន​ជា​គាត់​មិន​មាន​យុទ្ធ​នា​កា​រ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ជាមួយ​នឹង​តំណាង​កសិករ​នៅ​តាម​សហគមន៍​នៅ​តាម​មូល​ដ្ឋាន​ឱ្យ​បា​ន​ទូលំ​ទូលាយ​ទាំង​ខេត្ត​និង​រាជធានី​តែម្តង​ទៅ។ អីចឹង​ទាំង​អស់​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ ដែ​​លយើង​ទាំង​អស់​គ្នា​ស៊ី​ប្រាក់​ខែ​កសិករ ហើយ​យើង​មិន​បម្រើ​ឆ្នាំង​បាយ​កសិករ នៅពេល​កសិករ​ជួប​វិបត្តិ​ស្រូវ​អង្ក ឬ​ក៏​ជំងឺ​កសិករ បែរ​ជា​យើង​មិន​បាន​ដើរ​តួនាទី​ជា​ដុកទ័រ​សង្គម ដើម្បី​នាំគ្នាទៅ​ព្យាបាល​ជំងឺ​កសិករ»។

សម្រាប់ លោក ឌី គន្ធា ដើម្បីព្យាបាលជំងឺ​កសិករ រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​ធ្វើ​ជា​វេជ្ជបណ្ឌិត​ដ៏វ័យ​ឆ្លាត​ប្រកប​ដោយ​ជំនាញ ដែល​មន្ត្រី​រដ្ឋាភិបាល​មក​ពី​អន្តរ​ក្រសួង រួម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​រៀបចំ​យុទ្ធ​សាស្ត្រ ដើម្បី​គាំទ្រ​និង​ឆ្លើយ​តប​ទៅ​នឹង​ផលិត​ផល​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​រៀប​ចំ​ការ​គ្រប់​គ្រង និង​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​វិបត្តិ​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ឆ្នាំង​បាយ​កសិករ ។

លោក​បន្តថា រដ្ឋាភិបាល ក៏​ត្រូវ​បង្ហាញ​ឆន្ទៈ​នយោបាយ និង​ការ​ប្តេជ្ញា​ចិត្តខ្ពស់ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើរ​តួនាទី​ជា​វេជ្ជបណ្ឌិត​សង្គម ដើម្បី​ព្យាបាល​ជំងឺ​កសិករ និង​ត្រូវ​រៀន​សូត្រ ពី​គម្រូ​ជោគ​ជ័យ​របស់​ប្រទេស​ជិត​ខាង ដែល​ប្រទេស​គេ មិន​ដែល​ធ្វើ​ឱ្យ​កសិករ​រង​ទុក្ខ​ពី​ការ​ប្រកប​របរ​កសិកម្ម​នេះ។

បញ្ហា​​គ្មាន​​ទីផ្សារ​​សម្រាប់​​លក់​​ផលិត​ផល​​​កសិកម្ម​​ក្នុង​​តម្លៃ​​សមរម្យ​​នេះ ត្រូវ​​​បាន​​​អ្នក​​​ជំនាញ​​ពាក់​ព័ន្ធ​​​ បាន​លើក​​ឡើង​​ថា បាន​ក្លាយ​​ទៅ​​ជា​វិបត្តិ​សង្គម​ធំ​មួយ​ ដែល​​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​​ងើប​​មុខ​មិន​រួច ​ថែម​​ទាំង​ធ្លាក់​​ខ្លួន​ជំ​ពាក់​​​​បំណុល​​ធនាគារ និងត្រូវ​ចំណាកស្រុក​ផង​ដែរ។

ពួកគេ​បន្តថា ការ​​បន្សល់​​ទុក​​វិបត្តិ​ទីផ្សារ សម្រាប់​កសិករ វា​មិន​ត្រឹម​តែ​គំរាម​កំហែង​ជីវិត​កសិករ ​ធ្វើ​ឱ្យ​ពួក​គេ​រួម​រឹត​ដោយ​​បំ​ណុ​​​​ល​​​ប៉ុណ្ណោះ​ទេ វា​ក៏​ឆ្លុះ​បញ្ចាំង​ពីការ​បរាជ័យ​​របស់​រដ្ឋាភិបាល​ផង​ដែរ លើ​​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ និង​​មិន​បាន​បំពេញ​កា​​តព្វកិ​ច្ច តប​តាម​រដ្ឋធម្មនុញ្ញ។

 កម្មវិធី​គោល​នយោបាយ ជា​អាទិភាព ៦ចំនុច​ សំខាន់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ក៏​មាន​ផង​ដែរ ត្រង់​ចំនុច​ទី​៥ ដែល​​បាន​​ដាក់​​ចេញ សំដៅ​ដល់​ការ​លើក​ស្ទួយ​ជីវភាព​កសិករ តាម​​រយៈ​​លើក​ស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​​ថ្លៃ​កសិផល​សំខាន់ៗ​ ក្នុង​កម្រិត​សមរម្យ​ជា​ដើម។

ដោយ​ឡែក មាត្រា ៦២ និង៦៣ នៃ​រដ្ឋ​ធម្មនុញ្ញ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់ ជួយ​ដោះ​ស្រាយ​មធ្យោបាយ​ផលិត ការ​ពារ​​ថ្លៃ​ផលិត​ផល ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល។ រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រ​ប់​​គ្រង​ទីផ្សារ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​ របស់​ប្រជា​ពល​រដ្ឋ មាន​កម្រិត​សម​រម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ