អតីតឧកញ៉ាដែលធ្លាប់ទម្លាយរឿងអាស្រូវពុករលួយ ក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច បានស្តីបន្ទោសនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថានឹងក្លាយជាមេដឹកនាំឧក្រិដ្ឋ បើមិនវះកាត់សាច់ញាតិ ដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយក្រុមឧក្រិដ្ឋជនឆបោកឆ្លងដែនទេនោះ។
ការស្តីបន្ទោសរបស់អ្នកជំនួញរូបនេះ ហាក់ស្របគ្នាទៅនឹងការរកឃើញរបស់របាយការណ៍នានារបស់អន្តរជាតិ មានទាំងមហាអំណាចសហរដ្ឋអាមេរិកផង ដែលរកឃើញថា កម្ពុជាត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណេត (SCAM) មានការចូលដៃពីមន្រ្តីមានអំណាចក្នុងជួររដ្ឋាភិបាល។
តាមរយៈសារសំឡេងជាង១០នាទីរបស់អតីតឧកញ៉ា ហេង សិទ្ធី នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ ខែមករា លោកបានស្តីបន្ទោស លោក ហ៊ុន ម៉ាណែត ថា ជាមេដឹកនាំអសមត្ថភាពក្នុងការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលកំពុងដឹកនាំកម្ពុជាធ្លាក់ក្នុងរណ្តៅឧក្រិដ្ឋកម្ម។
លោកថា៖ «នេះគឺជាភាពផុយស្រួយរបស់កម្ពុជាយើង ដែលអាចធ្វើឲ្យកម្ពុជាយើងធ្លាក់ទៅក្នុងអន្ទាក់រណ្ដៅនៃការលួងលោមទៅដោយឧក្រិដ្ឋជនទាំងនោះ ដោយសារតែកាលណាឧក្រិដ្ឋជនអាចទិញមន្ត្រីរាជរដ្ឋាភិបាលបាន ថ្ងៃក្រោយរដ្ឋាភិបាលយើងនឹងក្លាយទៅជា រដ្ឋាភិបាលឧក្រិដ្ឋជន ហើយនឹងធ្វើរឿងឃោរឃៅជាច្រើនដែលសង្គមមិនអាចទទួលយកបាន»។
លោក ហេង សិទ្ធី គឺជាប្រធានក្រុមហ៊ុន ម៉ារី ថាមគ្រុប និងធ្លាប់មានងារជាអ្នកឧកញ៉ា តែត្រូវបានព្រះមហាក្សត្រដកគោរមងារនេះ កាលពីខែធ្នូ ឆ្នាំ២០២៤ ចំពេលលោកទម្លាយថា ជនជាតិសិង្ហបុរីឈ្មោះ ភូ ហ្គេច សេង ហៅតាក់ បានយកទឹកដីកម្ពុជា ដើម្បីប្រតិបត្តិការឧស្សាហកម្មឆបោកតាមអនឡាញ ដែលមានការចូលដៃពីមន្រ្តីរដ្ឋាភិបាលខ្មែរជាច្រើនរូប តែមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាគ្មានចំណាត់ការច្បាប់លើអ្នកពាក់ព័ន្ធនោះទេ។
តាមរយៈសារសំឡេងរបស់ខ្លួន លោកបានរិះគន់ចំៗថា បើលោក ហ៊ុន ម៉ាណែត មិនអាចបោសសម្អាតក្រុមឧក្រិដ្ឋជនបានទេ គួរតែចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី ជាជាងកាន់តំណែង តែបន្យស់ទុកគ្រោះថ្នាក់ដល់ជាតិកាន់តែធ្ងន់ជាងនេះ។
លោកថា៖ «សូមជម្រាបជូនសម្ដេចថាសម្តេចត្រូវតែមានឯករាជ្យភាពនៅក្នុងការសម្រេចចិត្តមួយ ដើម្បីឲ្យប្រទេសយើងដើរទៅមុខ សម្ដេចត្រូវតែហ៊ានអារកាត់នៅក្នុងកិច្ចការងារដ៏ធំសម្រាប់លិទ្ធផលរបស់ជាតិ ប្រយោជន៍ជាតិជារួម ជាពិសេសប្រជាពលរដ្ឋយើងដែលកំពុងតែរងទុក្ខវេទនា។ សម្តេច មិនអាចដើរតាមគន្លងចាស់បាននោះទេ សម្ដេចគួរតែប្រើអ្វីដែលនៅក្នុងចិត្តរបស់សម្តេចទៅធ្វើកិច្ចការងារដែលសម្ដេចចង់ធ្វើ ដើម្បីជាតិមាតុភូមិយើង តែបើសម្ដេចមិនអាចធ្វើបានទេនោះសម្តេចគួរតែចុះចេញទៅ»។
ឧក្រិដ្ឋជនដែលលោក ហេង សិទ្ធី សំដៅដល់នោះគឺជាឧកញ៉ា ហ៊ុន តូ ជាបងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត ដែលលោកទាមទារឱ្យស៊ើបអង្កេត ខណៈអន្តរជាតិក៏រកឃើញដែរ សែស្រឡាយគ្រួសារហ៊ុនរូបនេះ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោក ការចាប់ជំរិត និងមេខ្លោងគ្រឿងញៀន ជាដើម។
ប្រភពពីអន្តរជាតិដែលរកឃើញពីបទឧក្រិដ្ឋរបស់ លោក ហ៊ុន តូ រួមមានដូចជា កាសែត DL News នៅទីក្រុងឌូបៃ ក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic នៅប្រទេសអង់គ្លេស សារព័ត៌មាន The Australian និងទូរទស្សន៍អាល់ចាហ្សីរ៉ា (Al Jezera) ជាដើម។
ក្រៅពីឧកញ៉ា ហ៊ុន តូ ហើយនោះ អតីតឧកញ៉ា ហេង សិទ្ធី ក៏ទម្លាយឈ្មោះ មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជាច្រើនរូបទៀត មានដូចជា លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ ស្នងការនគរបាលជាតិ លោក ស ថេត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា និងមន្រ្តីមួយចំនួនទៀត ថាបានរួមដៃជាមួយឧក្រិដ្ឋជនប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាផងដែរ។
ក្រៅពីសារសំឡេងនិយាយលើហ្វេសប៊ុកហើយនោះ អតីតឧកញ៉ា ហេង សិទ្ធី ក៏បានបង្ហោះពាក្យបណ្តឹងចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ របស់ខ្លួន ដោយទាមទារឱ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើលោក ហ៊ុន តូ ផងដែរ។
ក្រសួងយុត្តិធម៌ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកខ្លួន នៅថ្ងៃទី៦ ខែមករា ជំរុញឱ្យលោក ហេង សិទ្ធី ចូលខ្លួនដោយផ្ទាល់ដើម្បីផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងបណ្តឹងរបស់ខ្លួន ដោយថា ពាក្យបណ្តឹងដែលបង្ហោះលើបណ្តាញសង្គមមិនផ្លូវការទេ។
បន្ថែមលើនេះ លោក ហេង សិទ្ធី ក៏បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យស៊ើបអង្កេតលើមន្រ្តីពាក់ព័ន្ធដែលថា បានរួមដៃជាមួយឧក្រិដ្ឋជនប្រព្រឹត្តិអំពើឆបោកនៅកម្ពុជា។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានចុចផ្តាច់ទូរសព្ទរបស់អ្នកសារព័ត៌មាន VOD នៅពេលហៅចូលជាច្រើនដងនៅថ្ងៃទី១៤ ខែមករានេះ។
ដោយឡែក ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការលើកឡើងរបស់លោក ហេង សិទ្ធី ដោយថា បានចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
ទោះជាបែបនេះក្តី ជាការកត់សម្គាល់ ការទម្លាយរបស់អតីតឧកញ៉ា ហេង សិទ្ធិ ពាក់ព័ន្ធរឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មន្រ្តីរដ្ឋាភិបាលរួមដៃជាមួយឧក្រិដ្ឋជននោះ ហាក់ស៊ីគ្នានឹងការរកឃើញរបស់អន្តរជាតិ ពីការរាលដាលនៃបទឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជា។
ជាក់ស្តែងមានប្រទេសជាច្រើន រួមមាន ប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងហ្វីលីភីន ជាដើម បានប្រាប់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរមកកម្ពុជា ព្រោះប្រយ័ត្នក្លាយជាជនរងគ្រោះក្នុងការចាប់ជំរិតតាមអនឡាញ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើ ឧកញ៉ា លី យ៉ុងផាត់ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ ខណៈឧកញ៉ារូបនេះ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុឱ្យគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែគ្មានចំណាត់ការច្បាប់ណាមួយ ពីភាគីរដ្ឋាភិបាលខ្មែរទេទោះបីអាមេរិករកឃើញបែបនេះក្តី។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្កាល់ថា បទឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជា បានក្លាយជាប្រធានបទក្តៅ ដែលកំពុងបង្កការគំរាមកំហែងដល់កម្ពុជាស្ទើរតែគ្រប់វិស័យ បង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ និងលើពិភពលោកថែមទៀត។
លោកថា៖ «បញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ វាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កម្ពុជាយើងទី១ គឺមុខមាត់សម្រាប់កម្ពុជា ទី២ ទាក់ទងនឹងវិស័យទេសចរណ៍អន្តរជាតិ ទី៣ ទាក់ទងនឹងវិនិយោគទុន ទី៤ ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ ឱ្យជាយោបល់ថា ដើម្បីសង្រ្គោះកម្ពុជាពីរណ្តៅឧក្រិដ្ឋកម្ម ទាល់តែរដ្ឋាភិបាលត្រូវដឹកនាំប្រទេសបែបប្រជាធិបតេយ្យ បញ្ឈប់ការយាយីសេរីភាពបញ្ចេញមតិ សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងបើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុកជាដើម។
លោកថា៖ «ប្រទេសលោកសេរីគេបានជួយប្រាប់អីទាំងអស! អត់មានដែលទទួលស្គាល់ទេ សុទ្ធតែគេចោទប្រកាន់ សុទ្ធតែរឿងនយោបាយ លម្អៀង ! ទាំងប៉ុន្មានអត់ដែលទទួលស្គាល់ ឃើញប្រកែកញាញរហូត។ នេះហើយជាអំណាចផ្ដាច់ការពិតប្រាកដ ចង់ធ្វើដូចប្រទេសកូរ៉េខាងជើង គឺបិទសិទ្ធិប្រជាពលរដ្ឋទាំងអស់ អត់ឲ្យធ្វើអីកើតទេ ក្នុងរដ្ឋធម្មនុញ្ញ សុទ្ធតែប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែទង្វើគឺផ្តាច់ការកុម្មុយនីស្តផ្ដាច់ការ។ មិនដែលសារភាពថា ខ្លួនឯងទទួលខុសទេ គឺថា ត្រូវរហូតប្រជាពលរដ្ឋខុសរហូត គណបក្សជំទាស់ខុសរហូត សារព័ត៌មានឯករាជ្យខុសរហូត»។
កាលពីខែធ្នូ ឆ្នាំ២០២៤ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺ អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបង្ហាញក្តីបារម្ភអំពីបទល្មើសឆបោកអនឡាញនេះដែរ ដោយថា កំពុងជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ សេដ្ឋកិច្ច នៅកម្ពុជា និងនៅក្នុងតំបន់។
ដោយឡែក កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ អាមេរិកបានចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជា ស្ថិតនៅក្នុងកម្រិតលេខ ៣ ដែលជាចំណាត់ថ្នាក់អាក្រក់បំផុត ក្នុងការមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
ក្នុងរបាយការណ៍ ស្តីពីការជួញដូរមនុស្សរបស់អាមេរិកបានលើកច្រើន ពីបញ្ហាអំពើពុករលួយ និងនិទណ្ឌភាពរបស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា។
បើតាមរបាយការណ៍របស់អាមេរិកបញ្ជាក់ថា ជនបរទេស និងជនជាតិខ្មែរក្នុងស្រុក ត្រូវបានក្រុមឈ្មួញជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន ត្រូវបានបោកបញ្ឆោតឲ្យធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតដល់មានសេចក្តីរាយការណ៍ពីការចាប់បង្ខាំងទុក មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម៕