ដោយសារតែចង់ឃើញកម្ពុជាមាននីតិរដ្ឋ មានប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញ មានការងារធ្វើទទួលបានប្រាក់កម្រៃសមរម្យ លោក រ៉ុង ឈុន បានប្រើពេលស្ទើរពេញមួយជីវិតមកហើយ ដើម្បីបំពេញសេចក្តីប្រាថ្នា របស់លោកនេះ បើទោះបីជាលោកត្រូវជាប់ពន្ធនាគារ២ដងរួចមកហើយ និងកំពុងប្រឈមនឹងការជាប់ពន្ធនាគារជាថ្មីទៀតក្តី។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នឹងទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញជាថ្មីទៀត ក្នុងសំណុំរឿងចោទប្រកាន់ ពីបទ មិនរាងចាល ដែលអ្នកឃ្លាំមើលសង្គមបារម្ភថា មានភាគរយខ្ពស់ដែលអ្នកតស៊ូមតិអហិង្សាដ៏ស្វិតស្វាញរូបនេះ អាចនឹងត្រូវចាប់ឃុំខ្លួនជាថ្មីទៀត និងក៏អាចត្រូវដកសិទ្ធិនយោបាយដូចសហការីរបស់លោកផងដែរ។
ប៉ុន្តែសម្រាប់លោក រ៉ុង ឈុន ការទៅចូលរួមសវនាការលើកនេះ បើនិយាយថា បារម្ភដូចជាមិនបារម្ភ ពីព្រោះអ្វីដែលលោកថាមិនបារម្ភ គឺដោយសារតែលោកអត់មានបានប្រព្រឹត្តកំហុសអ្វីនោះទេ ហើយប្រសិនបើតុលាការសម្រេចឃុំខ្លួនលោកក៏គ្មានចំណេញអ្វីដែរ។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ ក៏បានប្រកាសឱ្យអ្នកគាំទ្រគណបក្សទៅចូលរួមរង់ចាំឃ្លាំមើលនៅខាងតុលាការផងដែរ ដើម្បីលើកទឹកចិត្តដល់លោក រ៉ុង ឈុន នៅព្រឹកថ្ងៃបើកសវនាការនោះ។
ដីកាកោះរបស់តុលាការ ដែលចោទប្រកាន់លោក រ៉ុង ឈុន ពីបទ មិនរាងចាល គឺពាក់ព័ន្ធនឹងសំណុំរឿងកាលពីឆ្នាំ២០២០ ដែលលោកទៅមើលការបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។ បើតាមវិធានរបស់តុលាការដែលដាក់ឱ្យលោក រ៉ុង ឈុន ត្រូវធ្វើតាម នៅពេលដែលលោកចេញពីពន្ធនាគារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចទី១ ហាមឃាត់មិនឱ្យលោកចាកចេញទៅក្រៅប្រទេស ហើយបើចាកចេញទាល់តែមានការអនុញ្ញាតពីតុលាការ។ ទី២ បើផ្លាស់ប្តូរទីលំនៅត្រូវតែជូនដំណឹងទៅអាជ្ញាធរ។ ទី៣ ត្រូវសហការជាមួយតុលាការពេលតុលាការហៅជួប ចំណែកចំណុចផ្សេងទៀត គឺជាបញ្ហាបន្ទាប់បន្សំ មិនសូវសំខាន់នោះទេ។
លោក រ៉ុង ឈុន ថ្លែងថា លោកមិនមានអ្វីដែលបានប្រព្រឹត្តផ្ទុយទៅនឹងការណែនាំតាមវិធានតុលាការដែលបានដាក់ឱ្យនោះទេ ហើយអ្វីដែលតុលាការចោទលោកពីបទមិនរាងចាល គឺលើកឡើងទាក់ទងទៅនឹងរឿងដែលលោកបានទៅជួបប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីនៅបឹងតាមោក និងប្រជាពលរដ្ឋមានបញ្ហាវិវាទដីធ្លីនៅជិតព្រលានយន្តហោះ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មួយទៀតទាក់ទងទៅនឹងលោកទៅសម្ពោធស្នាក់ការគណបក្សកម្លាំងជាតិ នៅស្រុកកោះធំ ខេត្តកណ្តាល ហើយនឹងបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅពិនិត្យមើលតាមបណ្តោយព្រំដែននៅខេត្តភាគឦសាន។
លោកថា៖ «ចឹងអ្វីដែលខ្ញុំជាអ្នកធ្វើកិច្ចការងារសង្គមកន្លងមក ហើយឥឡូវនេះខ្ញុំមកចូលរួមសកម្មភាពនយោបាយពេលឃើញប្រជាពលរដ្ឋរងគ្រោះរឿងដីធ្លី គឺយើងត្រូវទៅសួរសុខទុក្ខគាត់។ បើធ្វើនយោបាយនៅសម្ងំនៅក្នុងប៊ុយរ៉ូ អាហ្នឹងធ្វើម៉េចរកការគាំទ្រពីប្រជាពលរដ្ឋបាន។ ចឹងមើលទៅវាអត់មានខុសអី ហើយបើសិនជាតុលាការគាត់អនុវត្តទៅតាមវិជ្ជាជីវៈរបស់តុលាការហើយមិនទទួលឥទ្ធិពលនយោបាយ ចឹងខ្ញុំអត់មានអីដែលត្រូវបារម្ភត្រូវភ័យពីការឃាត់ខ្លួនអីទេ»។
អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតមេដឹកនាំសហជីពរូបនេះ បានចោទសួរថា ហើយបើឃាត់ខ្លួន លោក រ៉ុង ឈុន និងមិនឃាត់ខ្លួនមួយណាចំណេញជាង តែបើលោកមើលទៅបើឃាត់ខ្លួនលោកដែលមិនបានប្រព្រឹត្តកំហុសវាមិនមានអ្វីចំណេញសម្រាប់រដ្ឋាភិបាលទេ ដូច្នេះតុលាការក៏ត្រូវគិតត្រង់ចំណុចនឹងដែរ គិតអំពីមុខមាត់រដ្ឋាភិបាល ហើយក៏គិតអំពីកេរ្តិ៍ឈ្មោះតុលាការផងដែរ។
លោកថា៖ «កុំឱ្យគេនិយាយថា តុលាការអីចេះតុលាការអីចុះអីចឹងទៅណា តុលាការជាតេឡេ តុលាការជាឧបករណ៍អ្នកមានអំណាចអីចឹងទៅ ក្នុងនាមយើងពលរដ្ឋយើងអត់ចង់ឮអាពាក្យពេចន៍អីចឹងទេ។ ដូច្នេះការបារម្ភដូចខ្ញុំបានឆ្លើយខាងដើមចឹងថា បារម្ភក៏ថាបាន មិនបារម្ភក៏ថាបាន ពីព្រោះយើងអត់មានធ្វើអ្វីដែលខុសឆ្គងផង»។
យ៉ាងណាក្តី លោក វន ចាន់ឡូត អ្នកសិក្សាច្បាប់បានហៅការកោះហៅ លោក រ៉ុង ឈុន ចូលសវនាការជាថ្មីទៀតនេះថាជាដីកាប្រហារសេរីភាព។
លោកថ្លែងថា លោក រ៉ុង ឈុន មានភាគរយខ្ពស់នឹងត្រូវចាប់បញ្ជូនទៅដាក់ពន្ធនាគារសារជាថ្មី ដូចទៅនឹងករណីលោក នី ណាក់ សកម្មជននយោបាយនិងសង្គម ករណីកញ្ញា សេង ធារី និងករណីសកម្មជនចលនាមាតាធម្មជាតិជាដើម ដែលត្រូវបានចាប់បញ្ជូនទៅដាក់ពន្ធនាគារភ្លាមៗ បន្ទាប់ពីប្រកាសសាលក្រម។
លោក ចាន់ឡូត ថ្លែងថា វាជាតាក់ទិកថ្មី ដើម្បីប្រាកដថា អ្នកតស៊ូដើម្បីប្រជាធិបតេយ្យ និងយុត្តិធម៌សង្គមត្រូវជាប់ពន្ធនាគារគ្រប់ចំនួនកំណត់ និងកាត់បន្ថយចលនាមកគាំទ្រនៅមុខតុលាការ។
លើសពីនេះ លោក រ៉ុង ឈុន ទំនងជាត្រូវបានប្រហារជីវិតនយោបាយតែម្ដង ដូចទៅនឹងករណី លោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក ស៊ុន ចន្ធី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យប្រាក់ ៤លានរៀល និងដកសិទ្ធបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជាអចិន្ត្រៃយ៍។ នេះជាករណីកម្រមួយទៀតដូចគ្នានឹងករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែរ។
អ្នកនយោបាយ និងអ្នកតាមដាននយោបាយមួយចំនួន យល់ថា ទម្ងន់ទោសលើគណបក្សកម្លាំងជាតិនេះមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងជាការរំលោភលើរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋដែលចែងថា ពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ។
គិតរហូតមកដល់ពេលនេះ លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារ២ដង និងត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងរយៈពេលខ្លី១ដង។
លោកត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារលើកទី១ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ ហើយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩៦ថ្ងៃ ពាក់ព័ន្ធនឹងរឿងរិះគន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ២០០៥ ប៉ុន្តែ លោកត្រូវបានដោះលែងវិញបន្ទាប់ពីបានជាប់ពន្ធនាគារជាង ៣ខែ។
ចំណែកលើកទី២ គឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០០លានរៀល ឬប្រហែល ១០ម៉ឺនដុល្លារ ទៅឲ្យគណៈកម្មាធិការព្រំដែនកម្ពុជា។
ការកាត់ទោសអ្នករិះគន់បញ្ហាព្រំដែនរូបនេះ ធ្វើឡើងក្រោយពីលោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀត បានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ និងថាមានការបោះបង្គោលព្រំដែនចូលក្នុងទឹកដីខ្មែរ។
នៅពេលដែលសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះសំណុំរឿងនេះ ក៏បានកាត់ទោសតម្រឹមឱ្យជាប់ពន្ធនាគារ១ឆ្នាំ៣ខែ១១ថ្ងៃ នៅសល់ប៉ុន្មានត្រូវព្យួរហើយដាក់វិធានការឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៣ឆ្នាំ បន្ទាប់មកលោកត្រូវដោះលែងនៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១។
ការប្រើពេលស្ទើរពេញមួយជីវិត ដើម្បីធ្វើកិច្ចការងារសង្គមរបស់បុរសដែលមានស្រុកកំណើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាលរូបនេះ គឺចង់ចូលរួមជួយអភិវឌ្ឍន៍កសាងស្រុកទេស ជាពិសេសចង់ជួយប្រជាពលរដ្ឋទន់ខ្សោយ ចង់ឃើញសង្គមមួយមានការគោរពសិទ្ធិមនុស្សប្រជាពលរដ្ឋមានការងារធ្វើទទួលបានប្រាក់ខែខ្ពស់ មន្ត្រីរាជការគ្រូបង្រៀនក្តី កម្មករ អាចរស់នៅក្នុងជីវភាពសមរម្យ។
លោក រ៉ុង ឈុន លើកឡើងថា បើយើងមិនមានការលះបង់ មិនមានការខិតខំប្រឹងប្រែងនោះបញ្ហាអ្វីក៏ដោយមិនអាចទទួលបានដំណោះស្រាយដោយស្រួលៗនោះទេ មិនថាសេរីភាព ជីវភាព រហូតដល់រឿងយុត្តិធម៌សង្គម គឺមិនអាចបានមកដោយស្រួលៗទេ ដូច្នេះវាត្រូវមានការលះបង់ច្រើនទើបអាចទទួលបាននូវអ្វីដែលប្រជាពលរដ្ឋចង់បាន។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧មក សកម្មជននយោបាយ និងសកម្មជនសង្គមជាច្រើន ដែលអត់ទ្រាំនិងការធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារហ៊ុនមិនបាន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។
ប៉ុន្តែសម្រាប់លោក រ៉ុង ឈុន បានជ្រើសរើសយកផ្លូវមិនចុះចូលឡើយ ដោយពីដំបូងលោកទៅចូលរួមជាមួយគណបក្សភ្លើងទៀន ប៉ុន្តែក្រោយមកលោកនិងសហការីជិតដិតផ្សេងទៀតបានចេញមកបង្កើតគណបក្សកម្លាំងជាតិ។
លោកថ្លែងថា អ្វីដែលលោកជ្រើសរើសគឺមិនមានអ្វីផ្ទុយពីច្បាប់នោះទេ ពីព្រោះក្នុងច្បាប់បានកំណត់ថា ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសគណបក្សនយោបាយ មានសិទ្ធិចូលរួមសកម្មភាពនយោបាយ មានសិទ្ធិជ្រើសរើសការងារ ដែលមានការធានានៅក្នុងរដ្ឋធម្មនុញ្ញ ហើយលោកធ្វើទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ថា លោកចូលរួមបង្កើតគណបក្សកម្លាំងជាតិ មានគោលបំណងតែមួយគត់ គឺចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើនិយាយពីការបោះឆ្នោតវិញ គឺត្រូវចាប់គិតពីឥឡូវទៅដែរ ដូច្នេះរដ្ឋាភិបាលត្រូវបើកលំហសេរីភាពដល់អ្នកនយោបាយពីគ្រប់គណបក្សនយោបាយឱ្យមានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ៕