ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃបានផ្សព្វផ្សាយថា ខ្មាន់កាំភ្លើងបានសារភាពថា ទីប្រឹក្សាលោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាអ្នកបញ្ជារូបគេឱ្យសម្លាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ដើមសប្តាហ៍មុន។
សារព័ត៌មានថៃ អាម៉េរិន (AMARIN) ឱ្យដឹងថា ឃាតករឈ្មោះ អ៊ែកកាឡាក់ ផែណយ សារភាពថាខ្លួនមានទំនាក់ទំនងជិតស្និតជាមួយអ្នកមានគុណម្នាក់ឈ្មោះថា ស៊ុមវាំង ឬហៅថា បងវាំង ប៉ោយប៉ែត។
ប្រភពបន្តថា លោក ស៊ុមវាំង ឬដែលគេស្គាល់ថា លោក លី រតនៈរស្មី ជនជាតិខ្មែរ ធ្លាប់ជួយផ្គត់ផ្គង់លុយកាក់ដល់លោក អ៊ែកកាឡាក់ ផែណយ ជាហូរហែ រហូតគាត់ចាត់ទុកថាជាអ្នកមានព្រះគុណផង។
ប្រភពបន្ថែមទៀតថា លោក ស៊ុមវាំង ជាអ្នកបង្ខំ និងបញ្ជាឱ្យលោក អ៊ែកកាឡាក់ ផែណយ ធ្វើឃាតលើលោក លិម គិមយ៉ា ក្នុងតម្លៃឈ្នួល ៦ម៉ឺនបាត ឬស្មើជិត២០០០ដុល្លារ ជាថ្នូរនឹងការសងគុណផងដែរ។
ប្រភពពីសារព័ត៌មានថៃថា៖ «បើតាមការបញ្ជាក់ឥឡូវនេះមាន លោក ផែណយ ជាអ្នកបាញ់សម្លាប់ មានលោក ពេជ្រ គិមស្រ៊ិន ជាអ្នកចង្អុលបង្ហាញ ហើយនឹងមានបុគ្គលអ្នកមានព្រះគុណ ដែលបុគ្គលរូបនេះ លោក ផែណយ មិនហ៊ាននិយាយទេ។ តែមានភស្តុតាងសំខាន់គឺពេលទៅត្រួតពិនិត្យទូស័ទ្ទដៃរបស់លោក ផែណយ មានបញ្ជីធានាគាររបស់បុគ្គលម្នាក់ ដែលគេស្គាល់ថាអាចជាលោក ស៊ុមវ៉ាំង ឬបងវ៉ាំងប៉ោយប៉ែត មានភស្តុតាងលេខទូរស័ទ្ទក្នុងទូរស័ទ្ទដៃលោក ផែណយ មានដាក់ឈ្មោះបងវ៉ាំង ប៉ោតប៉ែត និងមានភស្តុតាងជាច្រើនមានជាប់ពាក់ព័ន្ធនឹងបងវ៉ាំងប៉ោយប៉ែតនេះ»។
ប្រភពដដែលឱ្យដឹងទៀតថា លោក ស៊ុមវាំង មិនមែនជនជាតិថៃទេ អាចជាជនជាតិខ្មែរ តែប្តូរឈ្មោះមកជាភាសាថៃ ដើម្បីងាយស្រួលវេរលុយនិងទំនាក់ទំនងគ្នាជាមួយឃាតករ អ៊ែកកាឡាក់ ផែណយ នេះ។
ប្រភពបន្តថា លោក ស៊ុមវាំង អាចជាឈ្មោះ លី រតនៈរស្មី ជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន និងមានជនសង្ស័យម្នាក់ទៀតឈ្មោះ ពេជ្រ គិមស្រ៊ិន ជាអ្នកចង្អុលមុខសញ្ញាឱ្យឃាតករ។
ប្រភពពីសារព័ត៌មានថៃបន្តថា៖ «ក៏មានបង្ហាញរូបភាពផងដែរថា លោកវ៉ាំងប៉ោយប៉ែត អាចជាឈ្មោះរបស់បុគ្គលម្នាក់មានព្រះគុណឬទេ ពេលនិយាយជាមួយកូនថៃអាចជាឈ្មោះ ស៊ុមវ៉ាំង តែឈ្មោះកម្ពុជាអាចជាឈ្មោះថាលោក លី រនតៈរស្មី ជាម្ចាស់បុគ្គលឈ្មោះ បងវ៉ាំងប៉ោយប៉ែត ដែលជាបុគ្គលមានព្រះគុណដល់លោក អ៊ែកកាឡាក់ ផែណយ នេះឯង»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន និយាយប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែមករានេះថា ភស្តុតាងជាច្រើនបង្ហាញយ៉ាងច្បាស់ថា ឃាតកម្មលើ លោក លិម គិមយ៉ា ជាប់ពាក់ព័ន្ធនឹងមេដឹកនាំគ្រួសារហ៊ុន។
លោកអះអាងថា លោក ស៊ុមវាំង ដែលជាជនជាតិខ្មែរឈ្មោះ លី រតនៈរស្មី ជាមនុស្សតែមួយគត់ និងជាអ្នករៀបផែនការជួលឃាតករថៃ ឱ្យបាញ់សម្លាប់ លោក លិម គិមយ៉ា មានមេខ្លោងធំនៅពីក្រោយខ្នងគឺលោក ហ៊ុន សែន។
ម្យ៉ាងវិញទៀតលោកថា ឃាតកម្មនេះ ច្បាស់ណាស់ជាចេតនា លោក ហ៊ុន សែន ចង់បំបិទមាត់សំឡេងរិះគន់ មិនឱ្យនិយាយរឿងការដឹកនាំផ្តាច់ការ ដែលបានបំពានរដ្ឋធម្មនុញ្ញច្រើនទសវត្សរ៍ទៅនេះ ។
លោកថា៖ «ខ្ញុំយល់ថា លោក លី រតនៈរស្មី ប្រាកដជាអ្នកបញ្ជាផ្ទាល់ឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ពិតមែន ហើយគាត់ប្រាកដជាទទួលបញ្ជាពីលោក ហ៊ុន សែន និងលោក ឃួង ស្រេង ដើម្បីឲ្យចាត់ការរឿងនេះ យើងដឹងហើយ លោកលី រតនៈរស្មី គាត់ធ្វើកម្មករនៅស្រុកថៃយូរហើយ គាត់រកស៊ីនៅស្រុកថៃយូរហើយ ដល់ចូលបក្សប្រជាជន គាត់ឡើងចុះទៅស្រុកថៃ គេហៅថាគ្រូស៊ុមវ៉ាំង នរណាក៏ស្គាល់ដែរ គាត់ហ្នឹងហើយ អ៊ីចឹងគាត់ស្គាល់ទាំងខ្មែរទាំងថៃ គាត់ដឹងនរណាអាចប្រើការបានអាចគឺជាឃាតករសម្លាប់មនុស្សបាន។ ដូច្នេះគាត់ប្រាកដជារកមនុស្សទុកតាំងពីយូរមកហើយ ដល់ពេលត្រូវប្រើ គឺគាត់ជួលម្នាក់ហ្នឹងឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា តែម្តងគឺលោក លី រតនៈរស្មី ហ្នឹងឯង»។
សម្រាប់លោក អ៊ុំ សំអាន និយាយថា របបដឹកនាំដែលសម្លាប់មនុស្សតាមទំនើងចិត្ត វាបង្ហាញថាកម្ពុជាកំពុងរអិលយ៉ាងលឿនទៅរករបបដឹកនាំបែបគ្រួសារនិយមផ្តាច់ការ ដែលនឹងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមន្ត្រីរាជការទូទាំងប្រទេស ក្រោមប្រព័ន្ធតុលាការ គ្មានយុត្តិធម៌។
លោកសង្កត់ធ្ងន់ថា មេដឹកនាំគ្រួសារហ៊ុន នឹងមិនឱ្យពលរដ្ឋ ឬអ្នកនយោបាយខ្មែររូបណាបានសុខទេ បើពួកគេមិនធ្វើតាមមហិច្ឆតាក្តោបអំណាច របស់គ្រួសារហ៊ុនទេនោះ។
លោកថា៖ «ការដឹកនាំរបស់លោក ហ៊ុន សែន នឹងធ្វើឱ្យខ្មែរស្លាប់បន្តទៀត និងមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរបន្តទៀត ហើយមិនមានថាជាប្រទេសសន្តិភាពទេ គឺជាវាលពិឃាតទីពីរ គ្រាន់ថាខ្មែរក្រហមសម្លាប់របៀបឈាមក្ដៅ ដល់លោក ហ៊ុន សែន សម្លាប់មនុស្សរបៀបឈាមត្រជាក់ យើងមើលទៅដូចចិត្តល្អណាស់ ក៏ប៉ុន្តែក្រោយខ្នងគឺសម្លាប់មនុស្សសាហាវណាស់ ចឹងគាត់សម្លាប់ដូចតែ ប៉ុល ពត ចឹង គ្រាន់តែមួយសម្លាប់ចេញមុខ មួយសម្លាប់លាក់មុខ»។
សកម្មជនបក្សប្រឆាំងដែល លោក ហ៊ុន សែន ធ្លាប់ប្រមាញ់ចាប់ខ្លួន អំឡុងពេលលោកភៀសខ្លួន មករស់នៅក្នុងប្រទេសថៃច្រើនឆ្នាំ គឺ លោក ផន ផាន់ណា បាននិយាយថា លោក លី រតនៈរស្មី ជាដៃជើងលោក គៀង ចក់ ដែលលោក គៀង ចក់ ជាកូនចៅអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង។
លោកបន្តថា លោក គៀង ចក់ ធ្លាប់បញ្ចុះបញ្ចូលក្រុមលោក ឱ្យចុះចូលជាមួយបក្សកាន់អំណាច ហើយថា លោក គៀង ចក់ ក៏សកម្មរឿងយាយីសកម្មជនបក្សប្រឆាំង និងកម្មករ នៅប្រទេសថៃ ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
លោកថា៖ «អ្នកមានអំណាចនៅពីក្រោយរឿងសម្លាប់ឯកឧត្ដម លិម គិមយ៉ា ហ្នឹង ហើយថែមទាំងខ្ញុំមានព័ត៌មានពីខាងក្នុងទៀត គឺខាងខ្មែរគេធ្វើការតាមខ្សែបណ្ដោយរបស់លោក ឃួង ស្រេង ហើយមានអ្នកពាក់ព័ន្ធ គៀង ចក់ គឺជាអ្នកទទួលបញ្ជាពី ឃួង ស្រេង ផ្ទាល់ហើយមានទៀត ដូចជាឈ្មោះ គៀង លក្ខណ៍ ជាអ្នកឱ្យលុយទៅ ពេជ្រ គឹមស្រ៊ិន និងជាអ្នកធ្វើដំណើរចុះឡើងហើយមានបុគ្គលឈ្មោះយ៉ាម្នាក់ទៀតដែលហ្វេសប៊ុកឈ្មោះកូនប្រុសព្រះឥន្ទហ្នឹង ជាអ្នកដែលដឹកជញ្ជូនយ៉ាចុះឡើងហ្នឹងឯង ចឹងរឿងគឺវាប្រដាក់គ្នាបែបហ្នឹង»។
ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយនិយាយថា សារព័ត៌មានថៃបានបង្ហាញមុខជនសង្ស័យ ដែលជាមេខ្លោងធំបំផុតនៅពីក្រោយខ្នងឃាតករដែលបាញ់សម្លាប់ លោក លិម គិមយ៉ា ហើយគឺលោក ហ៊ុន សែន ។
លោកបន្តថា សារព័ត៌មានថៃចុះផ្សាយថា ទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលបានវេរលុយថ្លៃឈ្នួលជិត ២០០០ដុល្លារ ក្នុងការបាញ់សម្លាប់ លោក លិម គិមយ៉ា គឺឈ្មោះជាភាសាបែបថៃថា ស៊ុមវ៉ាង បំរុងគិត (ឈ្មោះខ្មែរគឺលោក លី រតនៈរស្មី)។
វីអូឌី មិនអាចរកការឆ្លើយតប ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់នេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយទូរស័ទ្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែកន្លងទៅលោក សុខ ឥសាន ធ្លាប់បានបដិសេធ។
ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា បើមេដឹកនាំខ្មែរបានប្រព្រឹត្តទង្វើឧក្រិដ្ឋ ដូចការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយថៃពិតមែន វាជាការទាញសញ្ញាអាសន្នរបស់កម្ពុជា។
ក្នុងន័យនេះ លោកពន្យល់ថា បើមេដឹកនាំប្រកួតអំណាចតាមរយៈការកាប់សម្លាប់គ្នានោះ ពលរដ្ឋកម្ពុជាទូទាំងប្រទេស រួមទាំងអ្នកនៅជិតមេដឹកនាំផង នឹងក្លាយជាចំណាប់ខ្មាំងនយោបាយ រងគ្រោះគ្មានទីបញ្ចប់ក្រោមបន្ទាត់នយោបាយងាកចេញពីគន្លងប្រជាធិបតេយ្យនេះ។
លោកថា៖ «ប្រជាពលរដ្ឋត្រូវដឹងអ្នកដែលធ្វើឲ្យខ្លួនវេទនាខ្លួនធ្លាក់ចុះហ្នឹង មិនមែនគណបក្សប្រឆាំង មិនមែនអ្នកណាទេ គឺសមត្ថភាពនៃការដឹកនាំរបស់មេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃហ្នឹងឯង គឺគ្មានសមត្ថភាពអីក្រៅពីអួតអាងចេះតែលើកឡើងថា ខ្លួនដឹកនាំហ្នឹងល្អប្រសើរលើសពីការរំពឹងទុក ដូចដែលយើងមើល ការថ្លែងសារថ្ងៃ៧មករាអ៊ីចឹង គឺការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីដែលជាកូនរបស់លោកប្រធានព្រឹទ្ធសភា និងថាបានដឹកនាំ១៦ខែហ្នឹង គឺទទួលបានលទ្ធផលលើសពីការរំពឹងទុក តែយើងមើលតើលទ្ធផលអីគេ លទ្ធផលដែលធ្វើឲ្យរាស្ត្ររងទុក្ខ បំណុលវ័ណ្ឌករ ចំណាកស្រុក ចុងក្រោយវិបត្តិខាងទីផ្សារស្រូវអង្ករ ទីផ្សារកសិកម្មផ្សេងៗពលរដ្ឋដែលវេទនាផលិតបានហើយធ្វើបានហើយមិនដឹងទៅលក់ឯណា»។
យ៉ាងណា លោក ស៊ឹង សែនករុណា ជំរុញឱ្យមេដឹកនាំកម្ពុជាត្រូវសហការជាមួយថៃតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ដែលភាគីថៃបង្ហាញមុខសញ្ញាថាជាជនជាតិខ្មែរ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅក្បែរទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លឹម គីមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។
យ៉ាងក្រុមអ្នកតស៊ូមតិហៅកាត់ថា CAT បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែមករានេះ ចាត់ទុកការបាញ់សម្លាប់ លោក លិម គិមយ៉ា ថាជាឃាតកម្មនយោបាយ មានទម្រង់ឃោរឃៅ និង ជាអំពើមានការរៀបចំទុកជាមុន ដោយក្រុមឃាតករ។ ក្រៅពីការថ្កោលទោស CAT ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា សហការបញ្ជូនជនជាតិខ្មែរដែលជាជនសង្ស័យក្នុងដីកាចាប់ខ្លួន តាមការស្នើរសុំរបស់អាជ្ញាធរសមត្ថកិច្ចថៃ មានឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ដើម្បីរកការពិត ។
CAT សំអាងថា ខ្លួនទទួលស្គាល់អំពីឯករាជ្យភាព និងអធិបតេយ្យភាពនៃប្រទេសកម្ពុជា ប៉ុន្តែកន្លងទៅប្រទេសកម្ពុជា ក៏ធ្លាប់បញ្ជូនពលរដ្ឋខ្មែរទៅឱ្យអាជ្ញាធរវៀតណាមផងដែរ។ ជាឧទាហរណ៍ ក្នុងខែកក្កដា ឆ្នាំ២០០៧ ព្រះតេជគុណ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ផ្សឹក និងបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាម ដោយសារតែព្រះអង្គចែកចាយព័ត៌មានអំពីខ្មែរកម្ពុជាក្រោម។
បន្ថែមពីលើនេះ CAT សង្កេតឃើញថា ករណីឃាតកម្មនយោបាយជាច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ដូចជា ករណីលោកបណ្ឌិត កែម ឡី តែងតែត្រូវបានបិទបាំងការពិត ដោយតុលាការកម្ពុជា៕