នគរបាលថៃ​បានកំណត់​មុខ​សញ្ញា​បាន​ហើយ​អ្នក​បញ្ជា​ឱ្យ​សម្លាប់​​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​កម្ពុជា

ក្រុម​ជំនាញ​ស៊ើប​អង្កេតរ​បស់​ភាគីថៃ បាន​កំណត់​មុខ​សញ្ញា​ឃើញ​ហើយ អ្នក​ដែល​បញ្ជា​ឱ្យ​បាញ់​សម្លាប់ អ្ន​ក​​​តំ​ណា​ងរាស្រ្ត​គណបក្សសង្រ្គោះជាតិ នៅចំថ្ងៃទី​៧ ខែ​មករា ស្រប​ពេល​ដែល​ជន​សង្ស័យ​មួយ​ចំនួន ត្រូវ​​បា​​​នសមត្ថកិច្ចចាប់ខ្លួន មក​សួរ​ចម្លើយ​ជុំវិញរឿងក្តីព្រហ្មទណ្ឌនេះ។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ បាន​ដក​ស្រង់សំ​ដី​សមត្ថកិច្ច ដែល​បើក​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត បង្ហា​ញ​​នៅថ្ងៃនេះថា មានជនសង្ស័យម្នាក់ទៀតហើយ ត្រូវចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ឃាតកម្មនេះ។ ប្រ​ភព​ប​ន្ត​​ថា​ ជនសង្ស័យឈ្មោះ ចាក់កិត បូប្លឿ (Chakit Buaplee) វ័យ​៤៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិ​ច្ច​នាំខ្លួ​ន​ពី​ស្រុកកំ​ណើ​​ត​នៅ​ខេត្ត ឈុនបូរី ជាទីដែល​ជន​សង្ស័យ​រូប​នេះ សម្ងំ​លាក់​ខ្លួន ក្រោយ​ធ្វើ​សកម្ម​ភាព​រួច។

បើតាម​បណ្តាញ​ព័ត៌​មាន​ថៃ នៅពេលនេះ​ ជន​សង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​បន្ត​មក​សួរ​ចម្លើយ នៅ​ស្ន​​ង​កា​​​រ​នគរបាលភូមិន្ទថៃ ក្នុងទីក្រុងបាងកក។ មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន អ្នក​ពាក់​ព័ន្ធ​បន្ថែម​ទៀត​នេះ សមត្ថ​កិច្ច​​​រក​​ឃើញ​តម្រុយ និង​ភស្តុតាង​មួយ​ចំនួន តាម​រយៈ​កាមេរ៉ា​សុវត្ថិ​ភាព ដែល​ចាប់​រូប​ភាព​បាន បង្ហាញ​​​ពី​​កា​​​រ​ជួយជ្រោ​មជ្រែង​របស់​​ជន​​សង្ស័យ​រូប​នេះ ក្នុង​ការ​ជម្លៀស​ឃាតករ​តាម​រថយន្ត Pick Up មួយ​គ្រឿង ដោ​​យ​ឆ្លង​កាត់ច្រ​ក​ព្រំដែន​ពី​ថៃ មក​កម្ពុជា។

ដោយ​ឡែក នៅក្នុង​របាយ​ការណ៍​យក​ចម្លើយ​របស់​សមត្ថកិច្ច​ស៊ើប​អង្កេត​វិញ រក​ឃើញ​ថា ជន​សង្ស័​យ​​ឈ្មោះ​ ចាក​គិត នេះបាន​ទំនាក់ទំនងជាមួយនិងពលបាល អែម ដែល​ជា​ឃាតករ នៅ​ម៉ោង​ជិ​​ត២រសៀល ពោល​ប្រ​មា​​ណ៤ម៉ោង មុនធ្វើសកម្មភាពបាញ់សម្លាប់​លោក លិម គិម​យ៉ា កាល​ពីថ្ងៃទី៧ ខែមករា។ ​ក្រោយ​កើត​​ហេតុ​នេះ ជនសង្ស័យរូបនេះ គឺជាអ្នកផ្តល់​មធ្យោបាយ ក្នុង​ការ​ដឹក​​ឃាតករ អេកាឡាក ផេណយ ឬ​ព​ល​​​បាល អែម ចូលមកក្នុងទឹកដីកម្ពុជា។

សមត្ថ​កិច្ច បញ្ជាក់​ប្រាប់​ក្រុម​បណ្តាញព័ត៌មានថៃថា ជនសង្ស័​យ​​រូប​នេះ ត្រូវជាប់ចោទពីបទ «មាន​​បំណង ឬ​​ជួយ​​សម្រប​សម្រួល​ទាំង​មុន និង​ក្រោយ​ធ្វើ​សកម្ម​ភាព​បាញ់​​សម្លា​ប់ តាម​មធ្យោ​បាយ​​ធ្វើ​ដំណើរ​ឱ្យ​ជន​ដៃ​ដល់ ក្នុងអំពើមនុស្ស​ឃាត»។ ប៉ុន្តែ​ជន​សង្ស័យ​រូប​នេះ បាន​​បដិ​​សេធ នៅចំ​ពោះ​មុខ​ការ​​យក​​ចម្លើយរបស់ស​មត្ថកិច្ចថាខ្លួន​ធ្លាប់​ស្គាល់​ឈ្មោះ ពលបាល អែម នេះដែរ ប៉ុន្តែ​មិ​ន​បា​​​ន​ដឹងពីការប្រព្រឹត្តឧក្រិដ្ឋកម្មទេ ហើយរថយន្តដែលខ្លួនប្រើ ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ គឺ​ជារថយ​ន្ត​ដែ​ល​​ខ្ចី​ពីអ្នកជិតខាងប៉ុណ្ណោះ។

ដោយឡែក កាសែត The Nation បាន​ចេញផ្សាយ​នៅថ្ងៃនេះ ដោយ​ភ្ជាប់​រូបថត​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន ក្នុ​ង​​នោះ​មាន​រូប​ លោក ហ៊ុន សែន លោក ពេជ្រ ស្រស់ និងរូបលោក លី រតនរស្មី នៅក្នុងរបា​យ​ការណ៍​​ផ្សា​យ​​រប​ស់​ខ្លួន នៅថ្ងៃនេះ​ដែរ។ ការព្យាយាម​ភ្ជាប់ អ្នក​ដែល​សង្ស័យ​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ស្រប​ពេ​​លដែ​​​​ល​ក្រុមអ្នកជំនាញស៊ើបអង្កេតរបស់ថៃ បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​បាន​កំណត់​មុខ​​សញ្ញា​អ្នកដែល​បញ្ជា​​នៅ​ពីក្រោ​យខ្នង នៃអំពើ​ឃាតកម្ម​នេះ​ហើយ ប៉ុន្តែ​នៅ​រក្សា​ការ​សម្ងាត់​សិន នាំ​ឱ្យ​ប៉ះ​ពាល់​​ដល់​ការ​ស៊ើ​​បអង្កេ​ត​​​ប​ន្ត។

ក្នុង​ពេលជាមួយគ្នានេះ នគរបាល​ថៃ ក៏​បាន​នាំ​ខ្លួនឃាតករ ទៅបង្ហាញនៅចំពោះមុខ តុលាការ​ព្រ​ហ្ម​ទ​ណ្ឌ​​ថៃ ដោយស្នើសុំដីកាឃុំខ្លួន​ជន​ដៃដល់​នេះបន្តទៀត ដើម្បីបើក​ផ្លូវ​ឱ្យ​សមត្ថ​កិច្ច ស៊ើប​អង្កេត​ប​ន្ថែម។ បើទោះ​ជាបែ​​ប​ណា សមត្ថកិច្ចថៃ ប្រកាសថា ខ្លួន​នឹង​បង្ហាញ​អត្តសញ្ញាណ​អ្នក​បញ្ជា និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៃអំ​ពើ​ឃា​​​តកម្មនេះ ក្នុងពេលឆាប់ៗ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ