នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) នៅថ្ងៃទី១៥ខែមករានេះ បានចេញនិវេទក្រហម(Red notice) ដោយបញ្ជាឱ្យចាប់ខ្លួនអ្នកផ្តល់តម្រុយ ឱ្យបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខណៈដែលនគរបាលថៃ ក៏បានស្នើសុំដីកាពីតុលាការព្រហ្មទណ្ឌ ឱ្យតាមចាប់ខ្លួនជនសង្ស័យឈ្មោះ លី រតនៈរស្មី ដូចគ្នាដែរ ដើម្បីបើកផ្លូវឱ្យសមត្ថកិច្ចនគរបាល ឈានទៅកំណត់មុខសញ្ញាអ្នកបញ្ជានៅពីក្រោយខ្នងទៀត ដែលនាំឱ្យមានអំពើឃាតកម្មនេះកើតឡើងនៅចំកណ្តាលទីក្រុងបាងកក កាលពីដើមសប្តាហ៍មុន។
ឆ្លើយតបនីតិវិធីដែលក្រុមអ្នកជំនាញថៃ ស្នើសុំនេះ សម្រាប់អ្នកនយោបាយខ្មែរ ដែលនៅក្រៅរដ្ឋាភិបាល សាទរចំពោះជំហាននៃការស៊ើបអង្កេតនេះ។ ពួកគេចាត់ទុកថា វាគ្មានរឿងអី្វដែលរដ្ឋាភិបាលកម្ពុជា ត្រូវស្ទាក់ស្ទើរ ក្នុងការបញ្ជូនខ្លួនជនសង្ស័យដែលជាជនជាតិខ្មែរ ហើយកំពុងរងការចោទប្រកាន់ នៅក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះឡើយ។
លោក អ៊ូ ចន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ក្នុងន័យនយោបាយ ហើយដើម្បីរក្សាចំណងការទូតផង រដ្ឋាភិបាលត្រូវសម្លឹងមើលផលប្រយោជន៍ជាតិជាធំ ជាពិសេសគ្មានអ្វីត្រូវបិទបាំងទេ ប្រសិនបើជនសង្ស័យ ដូចមាននៅក្នុងសំណុំរឿង ពិតជាស្អាតស្អំពិតមែន។
លោកបន្តថា ការបញ្ជូនជនសង្ស័យ ដូចដែលក្រុមអ្នកជំនាញស៊ើបអង្កេតថៃ រកឃើញថា មានជាប់ពាក់ព័ន្ធនេះ វាជាបច្ច័យល្អទៅវិញសម្រាប់រដ្ឋាភិបាល។
មួយវិញទៀត លោកថា ប្រសិនបើរកឃើញថា មិនមានពិរុទ្ធភាព ក្រោយការយកចម្លើយ នោះបង្ហាញពីការរក្សាមុខមាត់កម្ពុជាទៅវិញទេ។
វីអូឌី បានព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដែរ តែពុំមានអ្នកទទួលនៅថ្ងៃនេះ។
បើទោះជាបែបណា ចាប់ពីថ្ងៃកើតហេតុ កាលពីថ្ងៃទី៧ ខែមករា មកដល់ពេលនេះ ភាគីកម្ពុជានៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនមាត់មិនកអ្វីទាំងអស់ជុំវិញរឿងក្តីនេះ។
ដោយឡែក ភាគីថៃព្យាយាមប្រម៉ាញ់ករណីនេះ មិនថាយប់មិនថាថ្ងៃទេ។ បញ្ហានេះ នាំឱ្យមានការសាទរពីក្រុមអ្នកសំឡេងជំទាស់កម្ពុជា ដោយពួកគេចាត់ទុកថា ជាសំណាងរបស់លោក លិម គិមយ៉ា ដែលអាចទទួលបានយុត្តិធម៌ បើធៀបនឹងកម្ពុជាវិញ ម៉្លេះរឿងក្តីនេះ ត្រូវបិទបញ្ចប់ក្រោមហេតុផលថា រឿងនេះសមត្ថកិច្ចនឹងបន្តស្វែងអ្នកពាក់ព័ន្ធ ដូចសំណុំរឿងមុនៗយ៉ាងដូច្នោះដែរ។
ចំណែក ជនសង្ស័យឈ្មោះ ពេជ្រ គិមស្រ៊ិន ដែលត្រូវជាប្អូនប្រុសរបស់លោក ពេជ្រ ស្រស់ ដែលអ្នកជំនាញស៊ើបអង្កេតថៃ ប្រមូលបានភស្តុតាងរកឃើញថា ជននេះគឺជាអ្នកចុះអនុវត្តផែនការផ្ទាល់ ក្នុងការបាញ់សម្លាប់ កំពុងបាត់ដំណឹងនៅឡើយទេ។ ទន្ទឹមនឹងនេះ លោក លី រតនៈរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងជាមនុស្សដែលស្និទ្ធរបស់លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ក៏មិនត្រូវបានគេទម្លាយឱ្យដឹងពីកន្លែងលាក់ខ្លួននៅឡើយដូចគ្នាដែរ។
បើទោះជាបែបណា លោក ម៉ែន សុថាវរិន្ទ្រ មនុស្សជំនិតរបស់លោក សម រង្ស៊ី បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកនៅថ្ងៃនេះ ដោយបង្ហាញពីដំណើររបស់ជនសង្ស័យឈ្មោះ លី រតនៈរស្មី នេះថា ក្រោយមួយថ្ងៃនៃការបាញ់សម្លាប់លោក លិម គិមយ៉ា រួច បុគ្គលម្នាក់នេះ បានចេញដំណើរពីប្រទេសថៃ មកកម្ពុជា តាមច្រកឡែម ក្នុងខេត្តបាត់ដំបង នៅម៉ោង៧កន្លះ។
នៅក្នុងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង អ៊ែកកាឡាក់ ផែណយ បញ្ជាក់ថា ការដែលឈានដល់ការបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនេះ គឺដោយសារខ្លួនត្រូវយកអាសារ ចំពោះអ្នកមានគុណ។ ប៉ុន្តែយ៉ាងណា ឃាតកររូបនេះ បដិសេធក្នុងការផ្តល់ចម្លើយលម្អិតថា តើអ្នកមានគុណដែលខ្លួន កំពុងផ្តល់ចម្លើយដល់សមត្ថកិច្ចនោះជាអ្នកណាឡើយ។
យ៉ាងនេះក្តី តាមរយៈភស្តុតាងដែលសមត្ថកិច្ច រកឃើញនៅក្នុងសារឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ អ្នកដែលឃាតកររូបនេះ សំអាងហេតុថា ជាអ្នកមានគុណធ្លាប់ជួយផ្តល់លុយកាក់ឱ្យនោះ គឺតាមពិតជាឈ្មោះ ស៊ុមវ៉ាង ប៉ោយប៉ែត ឬ ស៊ុម វ៉ាងបំរុងគិត ដែលមានឈ្មោះពិតគឺជា ជនសង្ស័យឈ្មោះ លី រតនៈរស្មី នេះឯង។
ជនសង្ស័យរូបនេះ ធ្លាប់ជាអតីតប្រធានពលករប្រចាំប្រទេសថៃ របស់គណបក្សសង្រ្គោះជាតិ។ តែក្រោយមក ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ក្រោយចុះចូលជាមួយនឹងគណបក្សកាន់អំណាច ក៏បានបញ្ចូលទៅជាសមាជិកស្នូល នៅក្នុងគណបក្សតែម្តង។ មិនយូរប៉ុន្មាន ពោលកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យរូបនេះ ត្រូវបាន លោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សារបស់លោកតែម្តង។
បើទោះជាមកដល់ពេលនេះ ភាគីកម្ពុជា ហាក់បង្ហាញជំហរស្ងប់ស្ងាត់ក្តី សម្រាប់ប៉ូលីសអន្តរជាតិ អាំងទែប៉ូល បានស្នើគោលការណ៍ ដោយចេញនិវេទក្រហមរួចហើយ ដើម្បីតាមចាប់ខ្លួន អ្នកបញ្ជាពីក្រោយខ្នងនៅក្នុងរឿងក្តីនេះ។ ជាគោលការណ៍របស់ ប៉ូលីសអាំងទែប៉ូល នេះ គឺបានកំណត់រួចហើយថា បើរដ្ឋជាសមាជិកត្រូវតែអនុវត្តតាម នៅពេលណាស្ថាប័នអន្តរជាតិនេះ មានតម្រូវការ។
បើទោះជាមកដល់ពេលនេះ ភាគីកម្ពុជា ជំទាស់នឹងការនាំខ្លួនក្តី តែផ្អែកតាមគោលការណ៍ ដែលមាននៅក្នុងប៉ូលីសអាំងទែប៉ូល នេះនឹងមិនអាចបដិសេធការសម្រេចចិត្ត នៃការចាប់ខ្លួននេះបានឡើយ។
តាមរយៈយន្តការអន្តរជាតិនេះ កម្ពុជាក៏ធ្លាប់បានយកមកប្រើ ក្នុងការចាប់ខ្លួនឥស្សរជននយោបាយមួយចំនួនរួចមកហើយ ដូចជាករណីលោក ហេង ពៅ និងថ្មីៗនេះ អតីតឧកញ៉ា ហេង សិទ្ធី ជាដើម។ នៅក្នុងធម្មនុញ្ញ នៃប៉ូលីសអាំងទែប៉ូល នេះបានកំណត់យ៉ាងច្បាស់ថា សេចក្តីជូនដំណឹងក្រហម ឬហៅថា និវេទក្រហម ដែលចេញដោយប៉ូលីសអាំងទែប៉ូលនេះ គឺជាការស្នើសុំដល់ការអនុវត្តច្បាប់ ហើយអាចធ្វើបាននៅទូទាំងពិភពលោក៕