តំណាង​ពលរដ្ឋស្នើ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ដោះ​ស្រាយ​ជម្លោះ​ដីធ្លី និង​រក្សា​ព្រៃ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ជោ ស្នើ​អភិបាលខេត្តកំពង់ស្ពឺ ជួយ​​អន្តរាគមន៍ដោះស្រាយ​រក្សា​ទុក​ព្រៃ​ធម្មជាតិ​ និង​ទី​សក្ការៈ​បូជា​នៅ​តំបន់​ធម្មជាតិ​ឧត្តម​ស្រែពស់ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ខណៈជម្លោះដីធ្លីនៅតំបន់នោះរវាង​ក្រុមទាហានកងរថក្រោះ​(ង៧០) និង​សហគមន៍​ដែល​ការពារ​ព្រៃ​ធម្មជាតិ នៅមិនទាន់មានដំណោះស្រាយ។

ការ​​ស្នើនេះ បានធ្វើឡើងតាមរយៈការ​ដាក់លិខិតរបស់តំណាងសហគមន៍នៅភូមិ​ពោធិ៍មាស ភូមិ​ច្រក​ទៀក និង​​ភូមិ​​ត្រពាំងអង្ក្រង ស្ថិត​​ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជូន​អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក ជាម ច័ន្ទសោភ័ណ នៅ​ថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ។

ក្នុងលិខិត​នោះ តំណាង​សហគមន៍ រៀបរាប់ថា តំបន់ការពារធម្មជាតិ​ឧត្តមស្រែពស់ ហៅ​អាស្រម​ព្រៃ​មេត្តា​ធម្ម​ជាតិ កាលពីឆ្នាំ២០០៤ ត្រូវ​បាន​ក្រសួងបរិស្ថាន រៀបចំជាសហគមន៍តំបន់ការពារ​ធម្ម​ជាតិ ដែលមានផ្ទៃដីទំហំ ២៤៣៣ហិកតា ដែលមានប្រជាពលរដ្ឋនៅតំបន់នោះចំនួន ២៥៣​គ្រួសារ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៧ តំបន់ទាំងនោះត្រូវបានកាត់ឆ្វៀល និងទន្ទ្រាន​យក​ជា​លក្ខណៈ​ឯកជន និងក្រុមហ៊ុនឯកជន ដែលធ្វើឱ្យ​ផ្ទៃដីនៅសល់ទំហំ ៨៨៧ហិកតាប៉ុណ្ណោះ។ ​​

លុះក្រោយ​មក នៅឆ្នាំ២០២១ រដ្ឋាភិបាលបាន​ចេញអនុក្រឹត្យអនុប្បយោគផ្ទៃដីជាង ២៦២ហិកតា ក្នុង​ដែន​ជម្រក​សត្វព្រៃភ្នំឱរ៉ាល់ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បី​ធ្វើ​ប្រទាន​កម្ម​ជា​កម្ម​សិទ្ធិ​ជូន​​ក្រុម​គ្រួសារ​​យោធិន​​បញ្ជា​ការដ្ឋាន​រថក្រោះ​កង​ទ័ពជើង​គោក និង​ប្រជាពលរដ្ឋ​ ៤១គ្រួសារ សម្រាប់​សាង​សង់លំនៅឋាន និងបង្ក​បង្កើន​ផល​​ស្រ​ប​ច្បាប់ ដែលធ្វើឱ្យ​កើត​មាន​ជម្លោះ​ដីធ្លី​រវាង​ក្រុម​កង​ទ័ព​រថ​ក្រោះ និង​ពលរដ្ឋ​នៅតំបន់នោះ រហូត​ដល់មានរបួស​រៀងៗខ្លួន និង​មិន​មាន​ដំណោះ​ស្រាយ​​ណាមួយ​​មក​ដល់​បច្ចុប្បន្ននេះ។

ករណីនេះ តំណាង​សហគមន៍ ស្នើដល់អភិបាលខេត្តកំពង់ស្ពឺ ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី និង​រក្សា​ទុកព្រៃធម្មជាតិ និងទីសក្ការៈបូជានៅតំបន់ធម្មជាតិឧត្តមស្រែពស់ ព្រម​ទាំង​ផ្តល់​​ឱកាស​​ដល់​​ពលរដ្ឋ​ចូលរួម​កា​​រពារ និងអភិរក្សព្រៃធម្មជាតិនោះឱ្យបានគង់វង្ស។

តំណាង​ពលរដ្ឋនៅឃុំត្រពាំងជោ លោក ឃន សារិទ្ធ ដែលបានផ្តិតមេដៃលើលិខិតនោះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ​ថា តំបន់​ការ​​ពា​រ​​​ឧត្តមស្រែពស់ ជាព្រៃ​ធម្មជាតិ​ដែល​មាន​ទីសក្ការៈ​បូជា ជា​ជម្រក​សត្វ​ព្រៃ និង​ជាកន្លែងដែលពលរដ្ឋ​រកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត​។ លោក​បន្ត​ថា ចាប់តាំងពីមានជម្លោះដីធ្លីជាង ៣ឆ្នាំ​មក​នេះ នៅពុំ​មាន​ដំណោះស្រាយណាមួយទេ មាន​តែការ​ប្រើហិង្សា​ពីសំណាក់​ក្រុមទាហាន ទៅលើប្រជាពលរដ្ឋ​​ដែល​​កា​រ​ពារ​​តំបន់ធម្មជាតិនេះ។

លោកថា៖ «សូមសំណូមពរដល់ថ្នាក់ដឹកនាំ សូមមេត្តា​ទុកន្លែង​នេះ​ជា​កន្លែង​សក្ការៈ​សម្រាប់​ប្រជាពលរដ្ឋ​​គាត់​គោរព​បូជា ហើយ​ក៏ជា​កន្លែង​ជម្រក​សត្វ​ព្រៃ ហើយ​ក៏​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានអា​ស្រ័យ​ផល​បានខ្លះៗចឹង សូមឱ្យធ្វើម៉េចទុកកន្លែងហ្នឹងទៅ ព្រោះ​តំបន់​កន្លែង​ហ្នឹង​​មាន​ព្រៃ​សល់​នៅ​បន្តិច​បន្តួច​ ហើយវាជាជម្រកសត្វព្រៃផង»

តំណាងពលរដ្ឋម្នាក់ទៀត លោក លាង ប៉ន បានឱ្យដឹង​ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុម​ទាហាន​​បាន​​ដា​ក់​​កម្លាំង​​​ឈូស​​ឆាយ​​ដី និង​បាន​យក​រូបសំណាក់ព្រះពុទ្ធបដិមានៅទីសក្ការៈ​បូជា​នៅ​តំបន់​ធម្មជាតិ​ឧត្តម​ស្រែពស់ ​ទៅទុក​គរចោល ដើម្បីយកដីនោះ​ទៅ​លក់​ឱ្យ​បុគ្គល​ឯកជន ដោយ​មិន​ឃើញមានគ្រួសារ​ទាហាន​ទាំង៤១គ្រួសារដែលទទួលបានដី​នោះ​ទៅរស់នៅទេ។

ករ​ណី​នេះ លោក លាង ប៉ន បង្ហាញក្តីបារម្ភថា បើក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​​បណ្តោយ​​ឱ្យ​​ជម្លោះ​​នេះ​​បន្ត​​​​អូស​​​បន្លាយ ដោយ​​ពុំកំណត់ព្រំដីឱ្យច្បាស់លាស់​រវាង​ដីប្រគល់ឱ្យ​គ្រួសារ​យោធិន និង​ពលរដ្ឋ​​​ដែលរស់នៅជាក់​ស្តែង​​ទេ ហើយ​បន្តឱ្យក្រុមទាហាន​​ឈូសឆាយដី​ទៀត​នោះ នឹង​ធ្វើ​ឱ្យ​ព្រៃឈើ ធនធា​នធ​ម្មជាតិ និង​ទីសក្ការៈបូជានៅតំបន់នោះរងនឹងការបាត់បង់អស់គ្មានសល់។

លោកថា៖ «ការពារ​ ការ​ពារ​តែប្រជាពលរដ្ឋ ដល់សមត្ថកិច្ច​គាត់អត់ចូលរួមជាមួយ គាត់ទាមទារ​យកតែផលចំណេញពី​ព្រៃ​អាស្រម ព្រៃសហគមន៍ចឹង វាព្រួយបារម្ភយ៉ាង​ខ្លាំង​គឺ​ខ្លាច​បាត់​បង់​ហ្នឹង​​​តែ​ម្តង[] បើនិយាទៅសហគមន៍គាត់ការពារ មិនមែនការ​ពារ​យកទៅ​ប្រយោជន៍​ឯកជន​ណាមួយ​ទេ គ្រាន់តែចង់រកដំណោះស្រាយឱ្យឆាប់ចប់ កុំឱ្យ​មាន​លូក​លាន់​គ្នាទៅ​វិញ​ទៅ​មក ហើយ​ចង់​សុំឱ្យចេញ​ទទួលស្គាល់ពីក្រសួង​ឱ្យ​ជាក់លាក់»

បើតាមក្រុមប្រជាពលរដ្ឋ នៅមិនទាន់មានការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ​ពី​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ គិត​​មក​ដល់​​រសៀល​​ថ្ងៃពុធនេះ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាល​ខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ និង​​លោក អៀម ម៉ៅ ដែលពលរដ្ឋ​អះអាងជាមន្ត្រីទាហាន និង​​ជាដើម​បណ្តឹងដែល​ប្តឹងប្រជាពលរដ្ឋ ៧នាក់​ទៅតុលាការ​​ក្នុងរឿងវិវាទដីធ្លីនេះ​ទេ។​

ប្រធាន​កម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង ធ្លាប់​បា​ន​បង្ហាញ​ការ​សោក​ស្តាយ​ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​​សហគមន៍​​ឧត្ត​ម​ស្រែពស់ ហើយ​បាន​បន្តឱ្យជម្លោះនេះអូសបន្លាយរ៉ាំរ៉ៃ​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​យន្ត​ការ​​ដោះស្រាយរបស់អាជ្ញាធររដ្ឋ។

លោក​​​បារម្ភ​ថា ការ​ពន្យារ​ពេល​មិន​ដោះស្រាយនេះ នឹងធ្វើឱ្យធនធានធម្មជាតិ ឬ​ព្រៃ​សហគមន៍​ឧត្តម​​​ស្រែ​​ពស់ ប្រឈម​បាត់បង់ទាំងស្រុង ហើយអំពើហិង្សាផ្សេងៗ​​រវាង​ប្រជា​សហគមន៍​និង​ទាហាន​​អាច​កើ​​ត​ឡើងជា​យថា​ហេតុ​ណា​មួយបន្ថែមទៀត។

សម្រាប់មន្រ្តីអង្គការសិទ្ធិមនុស្សដែលឃ្លាំមើលរឿងនេះ ធ្លាប់ផ្តល់ជាយោបល់ថា ដើម្បី​អាច​បញ្ចប់​រឿង​ដ៏រុំារ៉ៃ​នេះ​បាន លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចចុះទៅវាស់វែងសារជាថ្មី ដោយ​កំណត់​ព្រំ​កម្ម​សិទ្ធិ​ឱ្យ​បាន​ច្បាស់​លាស់ ព្រោះ​ភាគី​ទាំងសង្ខាង​នៅតែអះអាងជាកម្មសិទ្ធិរៀងៗខ្លួន​លើដីទំនាស់។

ពោលគឺខាងប្រជាសហគមន៍អះអាងថា ក្រុមទាហានព័ន្ធយកដីព្រៃសហគមន៍លើស​ទំហំ​កម្ម​សិទ្ធិ​ដែល​រដ្ឋា​ភិបាល​ប្រគល់​ជូន ចំណែកខាងទាហានក៏បញ្ជាក់​ថា ប្រជា​សហគមន៍​ចូល​បំពាន​លើ​ដី​កម្ម​សិទ្ធិ​ដែលរដ្ឋប្រគល់ឱ្យ។

ក្នុងជម្លោះដីធ្លីនេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ក៏មានការប៉ះទង្គិចគ្នា​រវាង​ក្រុម​ប្រជា​សហគមន៍​ ដែល​​បា​ន​ព្យាយាម​ចូល​តំប​ន់​ព្រៃអាស្រម​ ដើម្បីប្រមូលទ្រព្យសម្បត្តិរបស់ព្រះ​សង្ឃ​ទៅ​រក្សា​ទុក ជាមួយ​​​​​ក្រុមទា​ហា​នដែលយាមកាមនៅទីនោះ បណ្តាលឱ្យរងរបួស​ទាំងសង្ខាង។

 ក្នុងទំនាស់​ពេលនោះ ខាងភាគីទាហាននៅតែអះអាងថា ដី​ក្នុង​តំបន់​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​នេះ​ ជាកម្មសិទ្ធិរបស់ពួកគេស្របច្បាប់ តាមអនុក្រឹត្យដែលរដ្ឋាភិបាល​ប្រគល់​ជូន ហើយ​ថែម​ទាំង​គំរាម​បាញ់​សម្លាប់​​ពលរដ្ឋ បើនៅតែរឹងទទឹងចូលមក​​តំបន់​ពួកគេ។

ជាងនេះទៅទៀត​​ ក្រុមប្រជាពលរដ្ឋ ក៏ធ្លាប់រងបណ្តឹងជាប​ន្តបន្ទាប់ឡើងទៅតុលាការផងដែរ ខណៈ​ការ​ដើរដង្ហែរញត្តិរបស់ប្រជាសហគមន៍ដាក់ជូនខុន្ទកាល័យនាយករដ្ឋមន្រ្តី ទៅក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងដែនដី និងរដ្ឋបាលស្រុក ខេត្ត ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​សោះ​ឡើយ​មក​ដល់បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ