អតីតឧកញ៉ាដែលធ្លាប់ទម្លាយរឿងអាស្រូវបទឧក្រិដ្ឋសែស្រឡាយគ្រួសារហ៊ុន ដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនោះ ត្រូវបានចាប់ខ្លួនពីប្រទេសរុស្សី នឹងបញ្ជូនមកកម្ពុជា ដែលវិធាននេះ រងការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងការពារឧក្រិដ្ឋជន ដែលនឹងបង្កមហន្តរាយដល់ជាតិក្នុងពេលដ៏ខ្លីខាងមុខ បើគ្មានចរន្តផ្លាស់ប្តួរ។
អតីតឧកញ៉ាដែលធ្លាប់ទម្លាយរឿងអាស្រូវបទឧក្រិដ្ឋសែស្រឡាយគ្រួសារហ៊ុន ដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនោះ ត្រូវបានចាប់ខ្លួនពីប្រទេសរុស្សីបញ្ជូនមកកម្ពុជា ដែលវិធាននេះ រងការរិះគន់ថារដ្ឋាភិបាលគ្រួសារហ៊ុន កំពុងការពារឧក្រិដ្ឋជនដែលនឹងបង្កមហន្តរាយដល់ជាតិ។
បើតាមបណ្តាញព័ត៌មាន Fresh News ដែលស្និទ្ធនឹងគ្រួសារហ៊ុន បានរាយការណ៍នៅថ្ងៃទី១៤ ខែមករា ដោយដកស្រង់សម្តីមន្រ្តីនគរបាលជាតិកម្ពុជា មកបញ្ជាក់ថា លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី ហើយកំពុងរៀបចំបញ្ជូនមកកាន់ប្រទេសកម្ពុជា។
VOD បានព្យាយាមទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន តែគ្មានអ្នកទទួលទួរសព្ទនៅថ្ងៃទី១៥ ខែមករានេះ។
ប៉ុន្តែ លោក ទូច សុខៈ ត្រូវបានសារពត៌មានក្នុងស្រុកដកស្រង់សម្តីចុះផ្សាយនៅថ្ងៃនេះថា ពិតជាមានការចាប់ខ្លួនលោក ហេង សិទ្ធី ពិតមែន ក្រោយបុគ្គលនេះវាយប្រហារលើថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងចោទថាកម្ពុជាជាកន្លែងប្រព្រឹត្តិបទល្មើសឆបោកធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសជាតិ។
លោកថា៖ «គាត់បានដើរបរិហារថាកម្ពុជាគឺជាប្រទេសដែលពោរពេញទៅដោយបទល្មើសអន្តរជាតិដែលមានដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តែអន្តរជាតិកំពុងតែហៅការចាប់អារម្មណ៍ជាទូទៅ តែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង ហៅយ៉ាងខ្លាំងអ៊ីចឹងទេ គឺខ្ញុំមិនអាចកំណត់បានអំពីពេលវេលានៃការមកដល់ហើយនិងនីតិវិធីផ្សេងៗដទៃទៀតទេ»។
ជាការកត់សម្គាល់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤មក លោក ហេង សិទ្ធី បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លាតត្រដាងពីការរួមដៃគ្នារវាងមន្ត្រីរដ្ឋាភិបាលជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញជាដើម។
មន្រ្តីជាន់ខ្ពស់ដែលលោក ហេង សិទ្ធី ចោទប្រកាន់មានដូចជា លោក គួច ចំរើន លោក ស ថេត លោក ស សុខា លោក កើត រិទ្ធិ រួមទាំងមន្ត្រីអន្តោប្រវេសន៍ជាដើម។
លោកទម្លាយទៀតថា ឧកញ៉ា ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាជនឧក្រិដ្ឋឆបោក ការចាប់ជំរិត និងមេខ្លោងគ្រឿងញៀន ដែលមានការគាំទ្រពីមន្រ្តីរដ្ឋាភិបាលទាំងនោះថែមទៀត។
បន្ថែមលើនេះ លោក ហេង សិទ្ធី ក៏បានដាក់ពាក្យទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងខុទ្ធការល័យ លោក ហ៊ុន ម៉ាណែត ដើម្បីឱ្យស៊ើបអង្កេតលើមន្រ្តីពាក់ព័ន្ធ ប៉ុន្តែគ្មានការស៊ើបអង្កេតនោះទេ។
ជាមួយគ្នានេះ លោក ហេង សិទ្ធី ក៏បានបង្ហោះពាក្យបណ្តឹងចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ របស់ខ្លួន ដោយទាមទារឱ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើលោក ហ៊ុន តូ។
ប៉ុន្តែ ៥ថ្ងៃក្រោយនៃការដាក់ពាក្យបណ្តឹងនេះ ក្រសួងការបរទេសកម្ពុជា បានចេញលិខិតមួយច្បាប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ប្រាប់ទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសថា លិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី ត្រូវបានមោឃភាពចោលតាមសំណើររបស់ក្រសួងមហាផ្ទៃ។
ការមោឃភាពនេះ ដោយសារចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ហេង សិទ្ធី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទចោទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា អ្នកទម្លាយរឿងអាស្រូវប៉ះពាល់គ្រួសារហ៊ុន តែងតែគេប្រើច្បាប់ជាឧបករណ៍តាមកំចាត់ចោលតែម្តងដូចលោក ហេង សីទ្ធី ជាដើម ដែលឆ្លុះបញ្ចាំងថា រដ្ឋាភិបាលគ្រួសារហ៊ុនកំពុងការពារឧក្រិដ្ឋជន។
ជ្រុងមួយនៃរឿងនេះ លោកថា បើពិនិត្យមើលករណីជនសង្ស័យខ្មែរ២នាក់ ដែលម្នាក់ជាទីប្រឹក្សាលោក ហ៊ុន សែន ពាក់ព័ន្ធការបាញ់សម្លាប់លោក លិម គិមយ៉ា រដ្ឋាភិបាលកម្ពុជានៅមានភាពស្ងៀមស្ងាត់នៅឡើយ ប៉ុន្តែមានចំណាត់ការហ័សលើ ហេង សិទ្ធី ដែលបានទម្លាយពីបទឧក្រិដ្ឋឆបោកនៅកម្ពុជាទៅវិញ។
លោកថា៖ «ការអនុវត្តច្បាប់និងចំពោះអតីត ឧកញ៉ា ហេង សិទ្ធី និងការអនុវត្តច្បាប់ចំពោះលោក លី រតនៈរស្មី និងម្នាក់ទៀតឈ្មោះ ពេជ្រ គឹមស៊្រិន ហ្នឹងគឺមានលក្ខណៈការអនុវត្តច្បាប់ស្តង់ដារពីរ ឬក៏ការអនុវត្តច្បាប់មិនស្មើភាពគ្នា»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា នៅកម្ពុជា សែស្រឡាយមេដឹកនាំអាចបញ្ជាប្រព័ន្ធតុលាការតាមអំពើចិត្តរបស់ពួកគេ ជាហេតុធ្វើឱ្យពាក្យបណ្តឹងរបស់លោក ហេង សីទ្ធី ដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធគ្មានការស៊ើបអង្កេតទេ ហើយការដឹកនាំបែបនេះកំពុងផ្តល់មហន្តរាយដល់ប្រទេសកម្ពុជា បើគ្មានការកែលម្អ។
លោកថា៖ «គម្បីរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ទទួលនូវព័ត៌មានទាំងអស់ហ្នឹង ធ្វើការស៊ើបអង្កេតដើម្បីវែកមុខអ្នកដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ហ្នឹង យកមកផ្តន្ទាទោស មិនមែនមកចាប់ខ្លួនអ្នករាយការណ៍ពីបទល្មើសអ្នកដែលប្រព្រឹត្តអំពើឆបោក បែបឧក្រិដ្ឋកម្មអនឡាញទាំងអស់ ដែលជាអ្នករាយការណ៍អ៊ីចឹងទេ អ៊ីចឹងសួរថាតើថ្ងៃក្រោយបទល្មើសទាំងអស់ហ្នឹង ដែលសហគមន៍អន្តរជាតិគេរិះគន់មកកម្ពុជាយើង មានវិធានការដោះស្រាយដោយរបៀបម៉េច»។
មុនបែកធ្លាយពត៌មាននៃការចាប់ខ្លួននេះ១ថ្ងៃ ពោលគឺនៅថ្ងៃទី១៣ ខែមករា លោក ហេង សិទ្ធី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានផ្ញើរសារជាសំឡេងជាង១០នាទី ថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាពក្នុងការបោសសម្អាតក្រុមឧក្រិដ្ឋជន ហើយថ្ងៃក្រោយរដ្ឋាភិបាលនឹងក្លាយទៅជារដ្ឋាភិបាលឧក្រិដ្ឋជន។
លោកថា៖ «នេះគឺជាភាពផុយស្រួយរបស់កម្ពុជាយើង ដែលអាចធ្វើឲ្យកម្ពុជាយើងធ្លាក់ទៅក្នុងអន្ទាក់រណ្ដៅនៃការលួងលោមទៅដោយឧក្រិដ្ឋជនទាំងនោះ ដោយសារតែកាលណាឧក្រិដ្ឋជនអាចទិញមន្ត្រីរាជរដ្ឋាភិបាលបាន ថ្ងៃក្រោយរដ្ឋាភិបាលយើងនឹងក្លាយទៅជា រដ្ឋាភិបាលឧក្រិដ្ឋជន ហើយនឹងធ្វើរឿងឃោរឃៅជាច្រើនដែលសង្គមមិនអាចទទួលយកបាន»។
ជុំវិញរឿងនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបញ្ចេញមតិរិះគន់ចំពោះការចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី នៅពេលនេះ។
គណនីហ្វេសបុកឈ្មោះ Cham pei khmer បញ្ចេញមតិក្នុងន័យដើមថា ៖ «តើពាក្យបណ្ដឹងដែលលោកឧកញ៉ាម្នាក់នេះបានប្ដឹងទៅមន្រ្តីគ្រាក់ៗ មិនចាត់ចំណាត់ការទេឬ? ហេតុអ្វីប្តឹងមន្ត្រីធំៗ បែរមានទោសខ្លួនឯងទៅវិញ? ហេតុអ្វីរឿងដែលប៉ះពាល់ដល់អ្នកធំ ធ្វើការលឿនយ៉ាងនេះ? រឿងអាយុជីវិតប្រជាជនធម្មតា ហាក់ដូចជាស្ងប់ស្ងាត់ម៉្លេះ?»។
បន្ថែមលើនេះ ពួកគេបានជំរុញឱ្យស៊ើបអង្កេតចំពោះមន្ត្រីដែលលោក ហេង សិទ្ធី ទម្លាយឈ្មោះទាំងនោះ ដើម្បីបង្ហាញតម្លាភាពក្នុងប្រព័ន្ធច្បាប់កម្ពុជា ហើយអ្នកខ្លះទៀតបានកោតសរសើរចំពោះភាពក្លាហានរបស់លោក ហេង សីទ្ធិ ដែលហ៊ាន ទម្លាយបទឧក្រិដ្ឋឆបោកនៅកម្ពុជានេះ ខណៈអន្តរជាតិក៏រកឃើញដែរថា កម្ពុជា ជាសម្បុករបស់ឧក្រិដ្ឋជនយកធ្វើជាទីតាំងចាប់ជំរិតឆបោកតាមអនឡាញ ដែលកំពុងបង្កការគំរាមគំហែងដល់ប្រទេសក្នុងតំបន់ និងលើពិភពលោក៕