ក្រុមជនរងគ្រោះក្នុងគម្រោងទិញដី និងផ្ទះ នៅក្រុមហ៊ុនភូមិខ្មែរគ្រុប ខេត្តស្វាយរៀង អះអាងថា ក្រសួងសន្យាផ្តល់ប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ឱ្យពួកគេប្រមាណ ២ពាន់គ្រួសារ ក្រោយចេញតវ៉ាច្រើនដង ទាមទារយុត្តិធម៌ រហូតមានការចាប់ខ្លួន មេឆបោកក្នុងក្រុមហ៊ុននេះ ។
អ្នកស្រី ចាន់ រតនា តំណាងជនរងគ្រោះ ប្រាប់ VOD នៅថ្ងៃទី១៥ ខែមករានេះថា ក្រសួងរៀបចំដែនដី បានផ្តល់ដំណឹងឱ្យអតិថិជនរៀបចំឯកសារពាក់ព័ន្ធ ទៅឱ្យក្រសួង ដើម្បីរៀបចំដំណើរការផ្តល់ប្លង់ដី ដែលពួកគេបានទិញនៅក្រុមហ៊ុនភូមិខ្មែរគ្រុប ក្នុងខេត្តស្វាយរៀង។
បើតាមអ្នកស្រី រតនា មានជនរងគ្រោះខ្លះ ក្នុងចំណោមអតិថិជនសរុបប្រមាណ២ពាន់នាក់ បានធ្វើតាមការណែនាំរបស់ក្រសួងរួចហើយ ក្រោយទទួលបានដំណឹងជាង១ខែទៅនេះ។ តែអ្នកស្រីថា មិនទាន់ដឹងពេលវេលាជាក់លាក់នៃថ្ងៃដែលត្រូវទៅទទួលយកប្លង់នៅឡើយទេ។
កាលពីថ្ងៃទី៨ ខែធ្នូ ក្រសួងរៀបចំដែនដី បានចេញសេចក្តីជូនដំណឹងមួយ តម្រូវឱ្យអតិថិជនដែលបង់ប្រាក់តាមដំណាក់កាល ឬបង់រំលោះប្រចាំខែ ទិញដី ឬផ្ទះ ក្នុងគម្រោងនៅភូមិមរតកត្រូវផ្អាកបង់ប្រាក់ចូលក្រុមហ៊ុនបណ្ដោះអាសន្ន។
ដោយឡែក អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍គ្រប់ចំនួន១០០% និងអ្នកកំពុងបង់ប្រាក់រំលោះប្រចាំខែ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
អន្តរាគមន៍របស់ក្រសួងរៀបចំដែនដី ក្រោយជនរងគ្រោះរាប់រយនាក់ បានផ្ទុះការតវ៉ាជាច្រើនលើកនៅមុខសាលាខេត្តស្វាយរៀង ដើម្បីទាមទារយុត្តិធម៌ ដោយអ្នកខ្លះថា ជាង៣ឆ្នាំហើយ បានទិញដី និងផ្ទះក្នុងក្រុមហ៊ុនភូមិខ្មែរគ្រុប តែមិនបានប្លង់នោះទេ។
អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទចោទឆបោកពលរដ្ឋ តាមរយៈប្រមូលលុយពីពលរដ្ឋក្រោមរូបភាពវិនិយោគ សន្យាឱ្យការប្រាក់ ៤.៤ភាគរយក្នុងមួយខែ និងពាក់ព័ន្ធលក់ដីខ្យល់ឱ្យអ្នកភូមិរាប់រយគ្រួសារនៅខេត្តស្វាយរៀង។
ជនរងគ្រោះ និយាយថា ការជឿជាក់យកលុយទៅទិញដីក្នុងក្រុមហ៊ុន លោក សោម សុធា ព្រោះ ឃើញលោក ដួង តារា អតីតជំនួយការលោក ហ៊ុន សែន បានថ្លែងការពារគម្រោងលក់ដីឡូតិ៍និងផ្ទះ របស់លោក សោម សុធា ដោយចំហរ។
យ៉ាងណាកត្តី បុគ្គលសំខាន់២រូបនេះ គឺលោក សោម សុធា និងជំនួយការលោក ហ៊ុន សែន គឺលោក ដួង ដារ៉ា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកពលរដ្ឋដូចគ្នា៕