តុលាការ​ព្រហ្មទណ្ឌ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន ខណៈ​ប៉ូលីស​អន្តរជាតិ​ប្រកាស​​តាម​​ចាប់​ខ្លួន​បក្ខ​ពួក​ក្នុង​សំណុំ​រឿង​ធ្វើ​ឃាត លោក លិម គិម​យ៉ា

តុលាការ​ព្រហ្មទណ្ឌ​ថៃ បាន​ចេញ​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ទីប្រឹក្សា លោក ហ៊ុន សែន ចំពេល​ប៉ូលីស​អន្តរ​ជាតិ​បាន​ចេញ​និវេទន៍​ក្រហម​ឱ្យ​ស្វែង​រក​ចាប់​ខ្លួន លោក ពេជ្រ គឹមស្រ៊ិន ជាជ​នសង្ស័យម្នាក់ទៀត ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​តំណាង​រាស្ត្រ​គណបបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ។

បើតាមព័ត៌មានថៃ Thai PBS បានរាយការណ៍នៅថ្ងៃទី១៥ ខែ​មករា​នេះ​ថា តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ​បាន​សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន លោក លី រតនៈរស្មី ជន​ជាតិ​ខ្មែរ មា​នឈ្មោះជា​ភាសាថៃ​ថា លោក ស៊ុមវ៉ាំង បំរ៉ុ​ងគិត។

ប្រភព​បន្តថា ដោយមានភស្តុតាងចង្អុលបង្ហាញជាច្រើនតុលាការសម្រេច ដាក់​ការ​សង្ស័យ​បន្ថែម​ទៀត​លើ​ជន​សង្ស័យ ឈ្មោះ លី រតនៈរស្មី អាយុ៤៣ឆ្នាំ ដែលរងបទចោទចំនួន៣ ។

តាមប្រភព ទីប្រឹក្សាលោក ហ៊ុន សែន រូបនោះ ជាប់ចោទពីបទ ជួល​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន កាន់​អាវុធ​ដោយខុសច្បាប់​នៅ​​ទី​សាធារណៈ និង​​ការបំផ្ទុះអាវុធ​នៅ​ក្នុង​ទីក្រុង ដែល​សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង លោក អ៊ែក​កាឡាក់ ផែណយ ជា​អ្នកស៊ីឈ្នួល​បាញ់​សម្លាប់ លោក លិម គិមយ៉ា តំណាង​រាស្រ្ត​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ​ទី៧ ខែមករា។

ប្រភពថា «តុលាការព្រហ្មទណ្ឌថៃ​បានស្នើសុំចេញដីកាចាប់ខ្លួនលោក លី រតនៈរស្មី ឬ​ឈ្មោះថៃ​ថា ស៊ុម​វ៉ាំង បំរ៉ុង​គិត ជនជាតិ​ខ្មែរ អាយុ​៤៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៣ រួម​មាន​ជា​អ្នក​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ឬ​ឃាតកម្ម​គិត​ទុក​ជា​មុន»។

ប្រភពដដែលបាន​ឱ្យដឹងទៀតថា អាជ្ញាធរថៃនឹងសុំកិច្ចសហប្រតិបត្តិការណ៍ជាមួយរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែង​រក​តាម​ចាប់​ខ្លួន​ លោក លី រតនៈរស្មី និងបុគ្គលម្នាក់ទៀតឈ្មោះ ពេជ្រ គិមស្រ៊ិន។

ប្រ​ភព​បន្ត​ថា ករណីឃាតកម្មលើអតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា មាន​លក្ខណៈ​រៀ​ប​​ចំ​ទុក​ជា​មុន និង​មានការគប់គិតគ្នា ដើម្បីជួលឃាតករថៃឱ្យបាញ់សម្លាប់មនុស្ស​លើទឹកដីប្រទេសថៃ ហើយ​ថា ជន​សង្ស័យ​ឈ្មោះ ពេជ្រ គឹម​ស៊្រិន ជា​ជនជាតិខ្មែរដែរនោះ ប៉ូលីស​អន្តរជាតិ​Interpol បាន​ចេញ​និវេទន៍​ក្រហម​ឱ្យស្វែងរកចាប់ខ្លួនផងដែរ។

ប្រភពថា «សម្រាប់​លោក ពេជ្រ គិមស្រ៊ិន ដែល​ជា​អ្នក​ចង្អុល​បង្ហាញ​មុខ​សញ្ញា​ដែល​បង្ហាញ​នៅ​ក្នុង​កាម៉ារ៉ា CCTV និង​ជា​អ្នកដែលបានចាកចេញពីប្រទេសថៃ​ភ្លាមៗ​នៅថ្ងៃកើត​ហេតុ ហើយ​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ស្លាប់​ គឺ​លោក លិម គិមយ៉ា នៅថ្ងៃកើតហេតុនោះ ប៉ូលីស​បាន​ចេញ​ដីកា​ចាប់​មុន​នេះ។ អ្នក​ស៊ើប​អង្កេត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​នាយក​ដ្ឋាន​កិច្ច​ការ​បរទេស​នៃ​ប៉ូលិស​ភូមិន្ទ​ថៃ ដើម្បី​ស្នើសុំសេ​ចក្តីជូនដំណឹងពណ៌ក្រហមជាមួយ​ប៉ូលីស Interpol ដើម្បី​តាម​ដាន និង​កាត់​ទោស»។

ស្ន​ងការនគរបាលក្រុងបាងកក លោក ស្យាម ប៊ុនស៊ុម (Siam Bunsom) បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​១៤ ខែមករានេះ​ថា ករណីឃាតកម្មលើ លោក លិម គិមយ៉ា អាជ្ញាធរថៃ​នឹង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បញ្ជាក់​ថា នរណា​នៅ​ពីខាង​ក្រោយ​ឃាតកម្ម​នេះ​ពិត​ប្រាកដ។

លោកបន្តថា បច្ចុប្បន្ន​អាជ្ញាធរ​ថៃ កំពុង​ដុតដៃតាមប្រមាញ់ចាប់អ្នកពាក់ព័ន្ធជាបន្តបន្ទាប់ រួម​ទាំង​ជនជាតិ​ថៃ ដែល​បាន​នាំ​ឃាតករ​គេចខ្លួនទៅប្រទេសកម្ពុជា។

លោកថា៖ «ឥលូវ​នេះ​លទ្ធផលដែលពិនិត្យបានទទួល​បាន​រួច​រាល់​ហើយ ក៏​នឹង​ខាង​ស៊ើប​អង្កេត​ជួយ​វិភាគ​មើល​ថា​អ្នក​ណា​ពាក់​ព័ន្ធ ហើយ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​នរណា​ខ្លះ  ប្រហែល​មាន​គុណ​ចំពោះ​គេ​ខ្លាំង​ណាស់​បាន​ជា​គេយល់ព្រមប្រព្រឹត្ត ហើយអ្នកដែលមានគុណលើគេក៏នៅមិនទាន់ដឹងថាជានរណា ព្រោះ​គេ​មិនបានប្រាប់ប៉ុន្តែគាត់ត្រូវតេសងគុណ តាម​អ្វី​ដែល​អ្នក​សារ​ព័ត៌មាន​ដឹង​នោះ​គឺ​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ហើយ ហើយ​ពេលនេះក៏បា​នចេញដីកាក្រហមរួចរាល់​ហើយ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត»។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយ​ប្រាប់វីអូឌីនៅថ្ងៃទី១៥ ខែមករានេះ​ថា លោក​គាំទ្រចំពោះ​ចំណាត់​ការ​របស់​តុលាការ​ថៃ។

បន្ថែម​ពី​នេះ លោក​ជំរុ​ញឱ្យ​រដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវ​ចាប់​បញ្ជូន​ជនសង្ស័យទាំងពីរនោះ ឱ្យភាគីថៃ និង​ប៉ូលីស​អន្តរជាតិ ដើម្បីឈានទៅផ្តន្ទាទោស អ្នករួមគំនិត និងរៀបចំគម្រោងធ្វើឃាតលើលោក លិម​ គិមយ៉ា លើ​ទឹក​ដី​ថៃ​នេះ។

លោកថា៖ «ការដឹកនាំ​របស់​គ្រួសារ​ហ៊ុន​ហ្នឹង គឺ​ប្រព្រឹត្តិ​តែ​បទ​ឧក្រិដ្ឋ​ទៅ​លើ​តែ​ពលរដ្ឋ​ឯង​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង ហើយ​ព្យាយាមការពារជនដៃដល់ និង​ជនផ្សំ​គំនិត​ដែលខ្លួនបញ្ជា​ហ្នឹង មិន​ព្រម​ចាប់​ពួក​គេ​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​អី​ក៏​មិន​ព្រម​សហការ​ជាមួយ​ថៃ​ ដើម្បី​ចាប់​អ្នក​ទាំង​អស់​ហ្នឹង​ទៅ​ផ្តន្ទា​ទោស​នៅ​តុលាការ​យុត្តិធម៌​ថៃ»។

សម្រាប់ លោក អ៊ុំ សំអាន បើអំពើឃាតកម្មនេះ មិន​ត្រូវបានបោសសម្អាតក្រុមឧក្រិដ្ឋជនទេ វា​នឹង​បង្ក​ការ​រង​គ្រោះ​ដល់​ប្រជាពលរដ្ឋ និងមន្ត្រីនៅក្នុងជួរបក្សកាន់អំណាចផងដែរ ខណៈ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន មិន​បាន​ការ​ពារ​យុត្តិធម៌​សង្គម​នោះ។

លោក​បន្ត​ថា ការសម្លាប់មនុស្សតាមទំនើងចិត្ត វាឆ្លុះ​បញ្ចាំង​ថា​កម្ពុជា​កំពុង​រអិល​ជើង​កាន់​តែ​ជ្រៅ​ក្នុង​របប​ផ្តាច់​ការ​ដែល​បង្ក​ការ​គំរាមកំហែង​ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ រួម​ទាំង​មន្ត្រីរាជការទូទាំងប្រទេស។

លោកថា៖ «រឿងហ្នឹងវាប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ហើយ​មួយ​ទៀត​វា​ប៉ះ​ពាល់​ដល់​មន្ត្រី​បក្ស​ប្រជាជន​ហ្នឹង ជាពិសេស​អ្នក​ដែល​ចុះ​ចូល​ហ្នឹង​ វាអាច​​មាន​វាសនាដូច​អាប្រេស៊ីល គេ​អាច​យក​វា​ឱ្យ​ក្រពើ​ស៊ី ឬក៏បាត់ខ្លួនទៅ គេបំបាត់ភស្ដុតាង ដើម្បីកុំឲ្យជំពាក់​វាក់​វិន​ទៅនឹងមេ​ដឹកនាំប្រទេស នឹង​គេ​អាច​សម្លាប់​បំបិទ​មាត់ វាអាចមានជោគវាសនាអញ្ចឹង​ឯង អ្នក​ដែល​ធ្វើការ​បម្រើ​ឱ្យ​ត្រកូល​ហ៊ុន​ដែល​ភ្លាត់​ស្នៀត ឬ​បែក​ការ»។

បន្ថែមពីនេះ តំណាងបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ក៏បានបង្ហោះសារដែរថា ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី កំពុង​លាក់​ខ្លួន​នៅវីឡា​មួយ​ក្បែរ​ទួល​ក្រសាំង (ជិត​ផ្ទះលោក ហ៊ុន សែន) ដោយ​មាន​បំរាម​ហាម​មិន​ឱ្យដើរចេញក្រៅ។

ប្រធាន​ចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ មករា​នេះ​ដោយ​និយាយ​ថា ឃាតករ និងអ្នកជួយ​លាក់​បាំង​ឃាតករ មានទោសដូចគ្នា។ បើ​មេដឹក​នាំ​ប្រទេស​ណា ជួយ​ការ​ពារ​ឃាតករ មេដឹកនាំ​ប្រទេស​នោះ ជា​មេភេរវករ។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បាន​ប្រាប់វីអូឌី​យ៉ាង​ខ្លី​ថា តាម​ច្បាប់​កម្ពុជា​មិន​អាច​ចាប់​បញ្ជូន​ជន​សង្ស័យ​ទៅ​ឱ្យ​តុលាការបរទេសកាត់ទោសនោះទេ។

ម្យ៉ាងវិញទៀត លោកបានបដិសេធ​ថា តុលាការ​ថៃ​ក៏​មិន​ទាន់​បញ្ជូន​ដីកា​ចាប់​ខ្លួន​ឱ្យ​អាជ្ញាធរ​កម្ពុជា​នៅ​ឡើយ​ទេ ដូច្នេះ​ត្រូវ​រក​និតីវិធី​សិន ថា​តើត្រូវដោះស្រាយយ៉ាងម៉េច។

លោកថា៖ «ជាគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញរបស់យើ​ង រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា​មួយ​ ក្នុងក​រណី​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​ចាប់​ខ្លួន​បញ្ជូន​ទៅ​បរទេស​ទេ នេះគឺ​ជា​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ជា​គោល​ការណ៍​ច្បាប់។ ខ្ញុំ​អាច​ឆ្លើយ​បាន​ប៉ុណ្ណឹង»។

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា និយាយ​ថា ការ​ចេញ​ដីការបស់តុលាការថៃនេះ ឆ្លុះបញ្ចាំងថាកម្ពុជាជាមេខ្លោងនៃឃាតកម្មបាញ់សម្លាប់មនុស្ស។

លោកបន្តថា មេដឹកនាំកម្ពុជា​ត្រូវ​សហការជាមួយភាគីថៃ​ចាប់ខ្លួនជនសង្ស័​យ​ទាំង​ពីរ​នាក់ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​ដើម្បីរួចផុតពីការរិះគន់ថារដ្ឋាភិបាលមាន​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់នេះ។

យ៉ាងណា លោកថា បើរដ្ឋាភិបាល​កម្ពុជា​សម្ងំ​ស្ងៀម​មិន​មាន​ចំណាត់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ដែល​ភាគី​ថៃ​បង្ហាញ​មុខ​សញ្ញា​យ៉ាង​ច្បាស់​លាស់​នេះ ឆ្លុះ​បញ្ចាំង​ថា​មេដឹកនាំ​កំពុង​លាក់​បាំង​ការ​ពិត។

លោកថា៖ «ក្នុងករណីនេះ សមត្ថកិច្ចកម្ពុជាគួរតែមានការសហការ ហើយស្វែងរកការចាប់ខ្លួនលោក លី រតនៈរស្មី ដើម្បីឱ្យ​សមត្ថកិច្ចថៃគេអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ ដើម្បីរកនូវយុត្តិធម៌ដល់លោក លិម គិម​យ៉ា ​ដែល​បាន​ស្លាប់ ហើយក៏រកអ្នកដែលបញ្ជាពីក្រោយខ្នងផងដែរ ចឹង​យើង​ជឿ​ជាក់​ថា​សំណុំ​រឿង​ហ្នឹង​មិន​ត្រឹម​ចប់​តែ​លើ​ករណី​ចេញ​ដីកាចាប់ខ្លួន​លោក លី រតនៈរស្មី ទេ​អាច​នឹង​មាន​ពាក់​ព័ន្ធ​អ្នក​ពីក្រោយ​ខ្នង​ដែល​បញ្ជា​ធំជាង​ហ្នឹង​ជាច្រើន​នាក់​ទៀត​ ពីព្រោះករណីនេះខ្ញុំយល់ថា វាជា​ការ​ធ្វើឡើង​តែ​រៀបចំ​ជា​ប្រព័ន្ធ»។

យ៉ាង​ណាលោក ស៊ឹង សែន​ករុណា ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជាត្រូវសហការជាមួយថៃ តាម​ចាប់​ខ្លួន​ជន​សង្ស័​​យទាំងពីរនាក់​ដែល​ភាគី​ថៃ​បង្ហាញមុខសញ្ញាថា​ជាជនជាតិខ្មែរ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។

កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវ​បានឃាតករបាញ់ប្រហារ​​នៅ​ក្បែរ​ទីតាំងវត្ត​ Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាម​នៅនឹ​ង​កន្លែង​កើត​ហេតុ ក្រោយ​រង​ការ​បាញ់​ប្រហារ​ចំនួន​៣​គ្រាប់។

យ៉ាងក្រុម​អ្នកតស៊ូមតិហៅកាត់ថា CAT បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែមករា​ ដោយ​ចាត់​​ទុក​ការបាញ់សម្លាប់លោក លិម គិមយ៉ា ថា​ជា​ឃាតកម្មនយោបាយ មានទម្រង់ឃោរឃៅ និង ជា​អំពើ​មាន​ការ​រៀប​ចំ​ទុកជាមុន ដោយក្រុមឃាតករ។ ក្រៅពីការថ្កោល​ទោស CAT ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា សហការបញ្ជូនជនជាតិខ្មែរដែលជាជនសង្ស័យ​ក្នុងដីកាចាប់ខ្លួន តាម​ការ​ស្នើ​សុំ​របស់​សមត្ថ​កិច្ច​ថៃ ដែលជនសង្ស័យ​​មាន​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ដើម្បីរកការពិត។

 CAT សំអាងថា ខ្លួនទទួលស្គាល់អំពីឯករាជ្យភាព និងអធិបតេយ្យភាពនៃប្រទេសកម្ពុជា ប៉ុន្តែ កន្លង​ទៅ​ប្រទេស​កម្ពុជា ក៏ធ្លាប់បញ្ជូនពលរដ្ឋខ្មែរទៅឱ្យអាជ្ញាធរវៀតណាមផងដែរ។ ជាឧទាហរណ៍ ក្នុងខែកក្កដា ឆ្នាំ​២០០៧ ព្រះតេជគុណ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ត្រូវ​បាន​អាជ្ញាធរកម្ពុជាចាប់ផ្សឹក និងបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាម ដោយ​សារ​តែ​ព្រះអង្គ​ចែក​ចាយ​ព័ត៌មាន​អំពី​ខ្មែរ​កម្ពុជាក្រោម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ