ក្រសួងពាក់ព័ន្ធ ហាក់បង្ហាញភាពស្ទាក់ស្ទើរលើវិធានចាប់បញ្ជូនជនសង្ស័យ២នាក់ ដែលគេស្គាល់ថាស្និទ្ធនឹងមេដឹកនាំកំពូលរបស់កម្ពុជាឱ្យមកភាគីថៃ ដើម្បីវែកមុខរកអ្នកនៅពីក្រោយឃាតកម្មលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា លើទឹកដីថៃ។
លោក លិម គិមយ៉ា អាយុ៧៣ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យគាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈលោក និងភរិយា ជាជនជាតិបារាំង ធ្វើដំណើរចេញពីខេត្តសៀមរាប ទៅប្រទេសថៃ តាមរថយន្តក្រុង។
ក្រោយចាប់ជនដៃដល់ជាខ្មាន់កាំភ្លើងបាន ប៉ូលីសអន្តរជាតិ បានចេញនិវេទន៍ក្រហម ឱ្យស្វែងរកចាប់ខ្លួនជនសង្ស័យស្និទ្ធនឹងបក្សកាន់អំណាចកម្ពុជា ឈ្មោះ ពេជ្រ គឹមស្រ៊ិន ជុំវិញសំណុំរឿងឃាតកម្មនេះ។
ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញដីកាឱ្យតាមចាប់បញ្ជូនជនសង្ស័យជនជាតិខ្មែរម្នាក់ទៀត ឈ្មោះ លី រតនៈរស្មី ដែលគេដឹងគាត់ជាទីប្រឹក្សាមេដឹកនាំកំពូលរបស់កម្ពុជា គឺលោក ហ៊ុន សែន ។
លោក ហ៊ុន សែន បានតែងតាំង លោក លី រតនៈរស្មី ជាទីប្រឹក្សា ជាផ្លូវការចាប់ពីដើមឆ្នាំ២០២៤។ នេះបើតាមលិខិតតែងតាំង ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយ លោក ហ៊ុន សែន ។
លោក លី រតនៈរស្មី ធ្លាប់ជាសមាជិកគណបក្សសង្រ្គោះជាតិ ប៉ុន្តែក្រោយចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា និងក្លាយជាទីប្រឹក្សាមេដឹកនាំកំពូល លោក លី រតនៈរស្មី ត្រូវបានគេដឹងថា មានមុខរបរជាច្រើនបោះទីតាំងក្នុងប្រទេសថៃ និងមានការងារស្នូល ជាមេបណ្តាញក្រុមការងារពលករខ្មែរ នៃគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសថៃផងដែរ។
ក្រសួងយុត្តិធម៌ លោក សេង ឌីណា ហាក់បង្ហាញភាពស្ទាក់ស្ទើរ ជុំវិញសំណួរដែល វីអូឌី សួរថា តើកម្ពុជា នឹងចាប់បញ្ជូនជនសង្ស័យទាំង២រូបនេះ បញ្ជូនទៅឱ្យភាគីថៃតាមដីកាបង្គាប់របស់តុលាការព្រហ្មទណ្ឌថៃ និងតាមសេចក្តីប្រកាសរបស់ប៉ូលីសអាំងទែបូលឬទេ?។
លោក សេង ឌីណា បានប្រាប់វីអូឌី កាលពីថ្ងៃទី១៥ ខែមករានេះថា សំណួរនេះគួរតែសួរទៅតុលាការទើបត្រឹមត្រូវជាង ព្រោះជាដែនសមត្ថកិច្ចរបស់តុលាការ មិនមែនជាដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ទេ។
តែយ៉ាងណា លោកសុំឆ្លើយទូទៅថា បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញកម្ពុជា ជនសង្ស័យជាជនជាតិកម្ពុជា ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
លោកថា៖ «ខ្ញុំអាចឆ្លើយជារួមជាគោលការណ៍ច្បាប់ និយាយបានថារដ្ឋធម្មនុញ្ញបើយើងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហាមដាច់ខាតមិនឲ្យមានការចាប់បញ្ជូនពលរដ្ឋខ្មែរណាមួយក្នុងករណីណាក៏ដោយ ពលរដ្ឋសាមញ្ញមិនអាចជាកម្មវត្ថុនៃការចាប់ខ្លួនបញ្ជូនទៅបរទេសទាំងនេះ គឺជាអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាគោលការណ៍ច្បាប់រួមនឹងមិនអាចឆ្លើយត្រឹមប៉ុណ្ណឹង។
នៅពេលសួរដេញដោល ពីការជាប់ពាក់ព័ន្ធនឹងក្រសួងយុត្តិធម៌ជុំវិញបញ្ហានេះ លោក គូសបញ្ជាក់បន្ថែមដូចនេះថា៖ «អ្វីផ្សេងទៀតដែលយើងគិតទៅតាមករណីជាក់ស្តែងអ្វីដែលជាកិច្ចសហប្រតិបត្តិការនៅពេលដែលយើងមានការសុំអ្វីមួយ ជាក់ស្ដែង ត្រួតពិនិត្យលើករណីជាក់ស្តែងនិមួយៗ នៅពេលដែលករណីនិងសំណើហ្នឹងមកដល់ហើយអ៊ីចឹង យើងមើលទៅលើកិច្ចសហប្រតិបត្តិការដែលមាននៅក្នុងកិច្ចព្រមព្រៀងជាធរមានជាមួយភាគីបរទេស ក្នុងហ្នឹងគឺជាទាក់ទងទៅនឹងការមើល វាអាស្រ័យទៅលើប្រទេសហើយវាអាស្រ័យទៅលើករណីដែលស្នើសុំ ខ្ញុំមិនអាចឆ្លើយទុកជាមុនបាន បើសិនជាអ្វីដែលឲ្យខ្ញុំឆ្លើយចំនួនអាចជាគោលការណ៍ច្បាប់រួមហ្នឹង ខ្ញុំអាចឆ្លើយសំណួរបានការយល់ដឹង ពីព្រោះថារដ្ឋធម្មនុញ្ញ គឺគេកំណត់បានយ៉ាងណា ខ្ញុំឆ្លើយបានប៉ុណ្ណឹង»។
ប្រហាក់ប្រហែលគ្នានេះដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបនៅក្រសួងមហាផ្ទៃ សុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូឌីនៅថ្ងៃទី១០ ខែមករា ពោលគឺក្រោយឃាតកម្មលើតំណាងរាស្ត្រគណបសង្គ្រោះជាតិ៣ថ្ងៃ ហាក់បានស្តីបន្ទោសភាគីថៃថា ការបង្ហាញរូបភាពជនសង្ស័យភ្លាមៗក្រោយកើតហេតុ ជាការបង្កការលំបាកដល់កម្ពុជា ក្នុងការស្វែងចាប់ខ្លួនជនសង្ស័យ។
បន្ថែមពីនេះ មន្ត្រីរូបនោះ ក៏បានស្តីបន្ទោស វីអូឌី ផងដែរ ពីការសួរដេញដោលម្តងហើយម្តងទៀត ដើម្បីចង់ដឹងពីជំហរកម្ពុជា ថាតើមានឆន្ទៈពិតក្នុងការចាប់បញ្ជូនជនសង្ស័យឱ្យទៅភាគីថៃ ដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត ឬក៏អត់នោះ។
លោកថា៖ «ខ្ញុំអត់អាចបញ្ជាក់ប្រាប់អីបានទេ ដោយសាគម្រោងការអនុវត្តនីតិវិធីហើយធ្វើចឹងក៏វាជ្រុលពេកដែរ ធ្វើចឹងបើកដៃឱ្យអានោះរត់បាត់ហើយ ខ្ញុំស្នើសុំកុំឱ្យផ្សព្វផ្សាយផ្ដេសផ្ដាសមានមិនមាន ក៏យើងស្រាវជ្រាវសិនទាន់ទេ មិនមែនគ្រាន់តែចោទហើយចាប់មនុស្សណាទាល់តែមានភស្តុតាងគេមាននិតិវិធីរបស់គេ មានបច្ចេកទេសរបស់គេ ទាន់ទេ! ចឹងខ្ញុំសុំកុំទាន់ជ្រួលច្របល់កុំទាន់វាយតម្លៃសន្និដ្ឋានអីផ្ដេសផ្ដាស ឥឡូវគាត់ស្នើសុំគាត់មានភស្តុតាងយកភស្តុតាងអីមកបំភ្លឺសិន បើគ្រាន់តែយកវីដីអូមនុស្សដើរម្នាក់មកជាប់ពាក់ព័ន្ធម៉េចកើត»។
ជាការកត់សម្គាល់ លោក ហ៊ុន សែន ធ្លាប់ចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើលពីចំណាត់ការច្បាប់ ដើម្បីចាប់ខ្លួនទីប្រឹក្សារបស់លោក គឺលោក លី សាម៉េត យកមកផ្តន្ទាទោស ក្នុងបទល្មើស ឆបោកលុយរាប់លានដុល្លារពីមន្ត្រីក្នុងជួរបក្សកាន់អំណាច។
ការបញ្ជានេះ ក្រោយបែកធ្លាយសារសំឡេងដែលថា លោក លី សាម៉េត បានប្រើឈ្មោះលោក ដើម្បីរត់ការលក់តំណែង។
លើសពីនេះ ចំពេលមហាជន ប្រតិកម្មខ្លាំងៗទៅនឹងតុលាការក្រុងភ្នំពេញ ដែលបានផ្តន្ទាទោសខ្មាន់កាំភ្លើង អតីតឧកញ៉ា ស្រី ស៊ីណា ក្នុងកម្រិតទោសស្រាលក្នុងព្រឹត្តិការណ៍បើកការបាញ់សម្លាប់មនុស្សពីរនាក់ជាគូដណ្តឹង និង២នាក់ផ្សេងទៀតឱ្យរងរបួសនោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញមុខធ្វើសន្និសីទកាសែត អះអាងថា ក្រសួងនេះ នឹងអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់មួយ ដោយមិនយោគយល់ ដែលក្រោយមកតុលាការបានបន្ថែមបទចោទលើខ្មាន់កាំភ្លើង។
ទាំងអស់នេះ ក៏សបញ្ជាក់ថា តិចឬច្រើន ក្រសួងយុត្តិធម៌ ពិតមានឥទ្ធិពលក្នុងការបង្គាប់បញ្ជា ទៅលើប្រព័ន្ធតុលាការនៅកម្ពុជា និងមានបញ្ហាជាច្រើនទៀតដែលបញ្ជាក់ថា មេដឹកនាំកំពូលរបស់កម្ពុជា មានឥទ្ធិពលលើប្រព័ន្ធតុលាការ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការចាប់បញ្ជូនជនសង្ស័យក្នុងសំណុំរឿងឃាតកម្មនេះ ឱ្យទៅភាគីថៃតាមការស្នើសុំ វាជារឿងល្អបំផុត ។
បើតាម លោក អ៊ូ ចន្ទ័រ័ត្ន ល្អនៅត្រង់ថា បើតុលាការថៃរកមិនឃើញថា មេដឹកនាំកំពូលរបស់កម្ពុជា ជាអ្នកនៅពីក្រោយការធ្វើឃាត លោក លិម គិមយ៉ា នេះទេ នោះភាពស្អាតស្អំរបស់មេដឹកនំាំខ្មែរ វានឹងកើតចេញពីតុលាការថៃដែលពលរដ្ឋខ្មែរមានជំនឿជាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកថា៖ «សម្រាប់ទិដ្ឋភាពនយោបាយ ខ្ញុំយល់ថា រដ្ឋាភិបាលមិនគួរស្ទាក់ស្ទើទេក្នុងការបញ្ជូនជនសង្ស័យ ដែលគេបានចោទប្រកាន់ថាជាជនសង្ស័យហ្នឹង ហើយគេចេញដីកានាំខ្លួនអីជាដើមហ្នឹង គួរតែបញ្ជូនហើយនេះវាជាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ហើយម្យ៉ាងវាគឺធ្វើដើម្បីរក្សាមុខមាត់រដ្ឋាភិបាលឬក៏ប្រទេសកម្ពុជាយើងផង»។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា សង្កេតឃើញថា ច្រើនទសវត្សរ៍ក្រោមការដឹកនាំរបស់បក្សកាន់អំណាចសកម្មជនសង្គម និងអ្នកសាររព័ត៌មានជាច្រើននាក់ ត្រូវបានសម្លាប់ រីឯជនដៃដល់មិនត្រូវបាននាំខ្លួនមកផ្តន្ទាទោសទេ។
ដោយឡែក លោកថា គិតពីឆ្នាំ២០១៧ ក្រោយរំលាយគណបក្សសង្គ្រោះជាតិ មេដឹកនាំបក្សកាន់អំណាចបានប្រើប្រព័ន្ធតុលាការជាចំហធ្វើជាឧបករណ៍នយោបាយ ដើម្បីសម្លាប់ជីវិតនយោបាយគណបក្សប្រឆាំង សម្លាប់សារព័ត៌មានឯករាជ្យ សម្លាប់បញ្ញវន្តមានលោកបណ្ឌិត កែម ឡី ប្រើហិង្សាទៅលើសកម្មជនបក្សប្រឆាំងរាប់សិបករណី ហើយគ្មានជនដៃដល់ណាម្នាក់ត្រូវនាំខ្លួនមកផ្តន្ទាទោសសូម្បីមួយករណី។
សម្រាប់ លោក ស៊ឹង សែនករុណា ទាំងអស់នេះ វានឹងធ្វើឱ្យពលរដ្ឋខ្មែររាប់លាន់នាក់រងគ្រោះយូរឆ្នាំទៀត បើគ្មានចរន្តជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីឱ្យកម្ពុជាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យនោះ។
លោកថា៖ «ចុងក្រោយយើងឃើញថា ប្រជាពលរដ្ឋខំធ្វើកសិកម្មធ្វើស្រូវដំឡូងអីចាប់ផ្ដើមធ្លាក់ចុះនូវការទិញដូរ ប្រទេសជិតខាងគេមិនទិញ ឯងអត់មានឈ្មួញណាមួយយកទៅ ក្រៅពីប្រទេសជិតខាងប្រទេសជិតខាងហ្នឹង គេអត់យកគេទម្លាក់តម្លៃចេញឃើញវេទនាដែលណាគឺវេទនាប្រជាពលរដ្ឋហើយប្រជាពលរដ្ឋត្រូវដឹងអ្នកដែលធ្វើខ្លួនវេទនាខ្លួនធ្លាក់ចុះនឹងមែនគណបក្សប្រឆាំងមិនមែនអ្នកណាទេ គឺសមត្ថភាពនៃការដឹកនាំរបស់មេដឹកនាំរបស់មេរដ្ឋាភិបាលសព្វថ្ងៃហ្នឹងឯង»។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់ប្រហារនៅក្បែរទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។
លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។
ជុំវិញឃាតកម្មនេះ អ្នកតស៊ូមតិហៅកាត់ថា CAT បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះថា ការបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាឃាតកម្មនយោបាយ មានទម្រង់ឃោរឃៅ ជាអំពើមានការរៀបចំទុកជាមុន ដោយក្រុមឃាតករ។
CAT អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យសហការបញ្ជូនជនជាតិខ្មែរ ដែលជាជនសង្ស័យក្នុងដីកាចាប់ខ្លួន តាមការស្នើរសុំរបស់អាជ្ញាធរសមត្ថកិច្ចថៃ មានឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ដើម្បីរកការពិត ។
CAT គូសបញ្ជាក់ថា ខ្លួនទទួលស្គាល់អំពីឯករាជ្យភាព និងអធិបតេយ្យភាព នៃប្រទេសកម្ពុជា ប៉ុន្តែ កន្លងទៅប្រទេសកម្ពុជា ក៏ធ្លាប់បញ្ជូនពលរដ្ឋខ្មែរ ទៅឱ្យអាជ្ញាធរវៀតណាមកាត់ទោសផងដែរ ក្នុងខែកក្កដា ឆ្នាំ២០០៧។
ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានលើកជាឧទាហរណ៍ករណី ព្រះតេជគុណ ទឹម សាខន ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអជ្ញាធរកម្ពុជាចាប់ផ្សឹក និងបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាម ដោយសារតែព្រះអង្គចែកចាយព័ត៌មានអំពីខ្មែរកម្ពុជាក្រោម។
ដោយឡែក ការសម្លាប់លោកបណ្ឌិត កែម ឡី អំឡុងឆ្នាំ២០១៦ ដែលជិត១០ឆ្នាំទៅនេះ ប្រព័ន្ធតុលាការកម្ពុជា មិនទាន់វែកមុខឃាតករពិតមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះទេ ដែលធ្វើឱ្យគេមើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនអាចការពារយុត្តិធម៌ជនរងគ្រោះបាន៕