អតិថិជន​ព្រមាន​ចេញ​តវ៉ា​ថ្មី​ទៀត​ប្រឆាំង​នឹង​ល្បិច​ឆបោក​ឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រុមអតិថិជនទិញ​អចលនទ្រព្យនៅក្រុម​ហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាង​៣ឆ្នាំ​តែ​ក្រុម​ហ៊ុន​គ្មាន​ប្លង់​ឱ្យ គ្រោង​ចេញ​តវ៉ា​នៅ​ចុង​សប្តាហ៍​នេះ ជំទាស់​នឹង​វិធាន​ដោះដូរ​ដី និង​ផ្ទះ​របស់​ក្រុម​ហ៊ុន ក្រោយ​សង់​ផ្ទះ​គ្មាន​ស្តង់​ដារ​ឱ្យ​ពួក​គេ និង​បន្ត​អូស​បន្លាយ​ការ​សាង​សង់​ក្នុង​ភាព​មិន​ច្បាស់​លាស់។

គម្រោង​តវ៉ា​របស់​ក្រុម​អតិថិជន​នេះ ក្រោយឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកអះអាងថា ខ្លួន​ព្យាយាម​សាងសង់ផ្ទះ​ដែល​កំពុង​ជាប់​គាំង​បាន​ប្រមាណ​ជាង ២ពាន់ផ្ទះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​មករា​នេះ តែអ្នក​រង​គ្រោះ​ថា ផ្ទះដែលជាប់គាំង​មាន​ប្រមាណ​ជិត​២ម៉ឺនផ្ទះ ដោយ​មិន​ដឹង​បញ្ចប់​ការ​សាង​សង់​នៅ​ពេល​ណា​ទេ។

អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់VODនៅថ្ងៃទី១៦ ខែមករា នេះថា ការ​ចេញ​តវ៉ា​នេះ គ្រោង​ធ្វើ​ឡើង​នៅ​ទីតាំង​បុរី​ឡេង ណាវ៉ាត្រា គម្រោង​៦A ដែល​មាន​អ្នក​ចួល​រួម​ប្រមាណ​៥០​នាក់ នាថ្ងៃ​ទី​១៩ ខែ​មករា ចុងសប្តាហ៍​នេះ ខណៈ​​អ្នក​ខ្លះបា​រម្ភ​ពីសុវត្ថិ​ភាព​ទើប​មិន​ហ៊ាន​តវ៉ា។
ប្រភ​ពបន្តថា គោលបំណងរបស់អតិដិជន គឺទាមទារ​ឱ្យ​ក្រុម​ហ៊ុន​រក​ដំណោះ​ស្រាយ ក្រោយ​ពួក​គេ​មួយ​ចំនួ​ន​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ដោះ​ដូរដី និង​ផ្ទះ តែ​បាន​ត្រឹម​ខក​បំណង ព្រោះ​ដីឡូត៍​មិន​ទាន់​ត្រូវ​បាន​ចាក់​ដី​បំពេញ ហើយផ្ទះក៏មិនបានសាងសង់តាមការសន្យា និង​គ្មាន​ស្តង់ដារ​ថែម​ទៀត។

លោកថា៖ «ការកំណត់ទំហំដីហ្នឹងវាអត់​បាន ៥ម៉ែត្រ (គុណនឹង) ១៧​ម៉ែត្រ មាន​ន័យ​ថា បាន​៤​(ម៉ែត្រ)​ជាង ឬ​ក៏​៤​(ម៉ែត្រ)​កន្លះ​អ៊ីចឹង​ទៅ។ ករណី​ទី២ ដាក់​ប្រព័ន្ធលូ! ប្រព័ន្ធលូ​ជាទូទៅ​យើង​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​បរិវេណ ឬ​ក៏​ទំហំដី​របស់​ម្ចាស់​សាមី​ខ្លួន ឬក៏ម្ចាស់​អតិថិជន តែ​អាលូ​ហ្នឹង​គឺ​ដាក់​ចូល​ដី​របស់​ម្ចាស់​អតិថិជន វាត្រូវចាំបាច់ដាក់​នៅខាង​ក្រៅ តែអ្វី​ដែល​ក្រុម​ហ៊ុន​ធ្វើ​គឺ​គាត់​ជីក​លូ ស្ថិត​ក្នុង​ទំហំ​ដី​របស់​ម្ចាស់​អតិថិជន ម្ចាស់​ដី»

បន្ថែមលើនេះ អ្វីដែលលោកចង់បាន គឺឱ្យក្រុមហ៊ុនត្រូវប៉ះប៉ូវឱ្យអតិថិជន​គឺ ត្រូវ​សង​មួយ​ខែ ១០០​ដុល្លារ​តាម​កិច្ច​សន្យា​កំណត់។

លោក រ៉ា វុធ បានចំណាយលុយជិត៤ម៉ឹនដុល្លារទិញដី និងផ្ទះ នៅបុរីឡេង ណាវ៉ាត្រា គម្រោង​៦A តែ​ក្រុម​ហ៊ុន​ពន្យា​ពេល​សាង​សង់​ជាង​៣ឆ្នាំហើយ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី​១៥ ខែ​មករា ឆ្នាំ២០២៥នេះ គម្រោង​បុរី ឡេង ណាវ៉ាត្រា 6A បានដោះស្រាយបញ្ចប់ផ្ទះចំនួន​ជាង​ ២៥០០ផ្ទះ ហើយ​បណ្ណ​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន បាន​តម្កល់​នៅ​ក្រសួង​ស្ទើរ​ទាំង​ស្រុង និង​បន្ត​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់។

បើតាម​លោក រ៉ា វុធ ផ្ទះជាង២ពាន់ខ្នងដែល​លោក ឡេង ណាវាត្រា ថា សង់ហើយនោះ ជាចំនួន​តិច​តួច​ប៉ុណ្ណោះ ព្រោះផ្ទះ​ជាប់គាំងការសាងសង់ជិត២ម៉ឹនខ្នង ហើយ​ផ្ទះសង់​រួច​នោះ​មាន​ការ​អូស​បន្លាយ​ពេល​សាង​សង់​ខ្លះ​ដល់​៥ឆ្នាំឯណោះ។

លោកថា៖ «ផ្ទះ២ពាន់ជាងហ្នឹង ធ្វើកំឡុង​៣ទៅ៤ឆ្នាំ​ហើយ ខ្លះ​រហូត​ដល់​៥ឆ្នាំ។ ចឹង! វាជា​បញ្ហា​ទី​តាំង​ខ្លះ​គឺ​គាំង​ស្ដូក! មានន័យថា សូម្បី​តែ​ជាង​ម្នាក់ ឬក៏​ទីតាំង​ខ្លះ​ត្រូវ​ចាក់​ដី​បំពេញ​ក៏​អត់​ចាក់​ដែរ។ កាល​ពី​មុន​មក ពួកគាត់យោគយល់ថា ដោយសារភាគីខាងបុរីជួបបញ្ហានេះបញ្ហានោះ  សុខ​ចិត្តដោះដូរ! ហើយការដោះដូរហ្នឹង មិនមែនដោះដូរស្មើទៀត ដោះដូរ ថែម​លុយ​ឲ្យ​ក្រុម​ហ៊ុន​ទៀត។ អ៊ីចឹងគាត់សុខចិត្តលះបង់ពីទុក្ខវេទនា ដើម្បីឲ្យជួយសម្រាល ភាគីខាងក្រុមហ៊ុន ឲ្យគាត់ជួយសម្រាលគាត់ដែរ។ តែលទ្ធផល​ចុង​ក្រោយ ការ​សម្រាល​របស់​ភាគី​ខាង​ក្រុម​ហ៊ុន គឺ​កាន់​តែ​ស្រួល​តែ​ភាគី​អតិថិជន​កាន់តែលំបាកទៅៗ »។  

ជុំវិញរឿងនេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា ក្នុង​ជម្លោះ​ទិញ​ដី និង​ផ្ទះ​នេះ បើភាគី​ណាមួយ​រំលោភ​កិច្ច​សន្យា​ត្រូវ​តែ​​​ទទួល​ខុស​ត្រូវ​​តាម​ផ្លូវ​ច្បាប់ ហើយ​រដ្ឋាភិបាល​ក៏​មាន​តួនាទីចេញមុខអន្តរាគមន៍ដែរ ព្រោះ​ខ្លួន​ជា​អ្នក​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុម​ហ៊ុន​ទាំង​នោះ។

លោកសង្កត់ធ្ងន់​ថា ជាទូទៅ ពលរដ្ឋខ្មែរហាក់មិនមានជំនឿលើប្រព័ន្ធតុលាការទេ ទើប​ជ្រើស​រើស​ផ្លួវ​ងើប​តវ៉ា​បែប​នេះ។

លោកថា៖ «អ្នករងគ្រោះ គឺប្រជាពលរដ្ឋ​ដែល​លោក​ជំពាក់​បំណុល​គេ​ហើយ​អ្នក​ខ្លះ​ហ្នឹង​ក៏​ខ្ចី​បុល​គេ​យក​មក​ទិញ​អ្ន​ក​ខ្លះ​ក៏​លក់ កេរ្តិ៍អាករ ដើម្បី​យក​មក​ទិញ​ស្នាក់​នៅ។ ម្ល៉ោះហើយ​វា​ធ្វើឲ្យ​ជីវភាព​ពួក​គាត់នោះ​កាន់តែលំបាកដុនដាបទៅដុនដាបទៅហើយ។ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដុន​ដាប​ទៅ! អ្នក​ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ឲ្យជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​មាន​តែ រាជរដ្ឋាភិបាល​ហ្នឹង​ហើយ បើរដ្ឋាភិបាល​មិន​ទទួល​ខុស​ត្រូវ​អាហ្នឹង​យើង​មិន​ដឹង​ថា​យ៉ាង​ម៉េច»។ 

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យភាគី ពាក់​ព័ន្ធ​ដោះស្រាយករណីនេះ ឱ្យភាគីអតិថិជន និងក្រុមហ៊ុន អាចទទួលយកបាន តែ​បើ​បន្ត​អូស​បន្លាយ នោះ​ពលរដ្ឋនឹងកាន់តែរងគ្រោះ ហើយ​រដ្ឋាភិបាល​នឹង​រង​បន្ទុក​កាន់​តែ​ធំ​ថែម​ទៀត។

លោក​ថា« ខ្ញុំយល់ថា បញ្ហានេះ បើមាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ និង​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​នេះ​ឲ្យមាន​ដំណោះ​ស្រាយ​សម​ស្រប​ ឬក៏ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​វា​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ បើមានបញ្ហាធំ គឺបន្ទុកត្រូវ រដ្ឋាភិបាល​ត្រូវ​ជួយ​សម្រប​សម្រួល​ដោះ​ស្រាយ​ដដែល»។

ជុំវិញរឿងនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​លើ​ហ្វេសប៊ុក​ខ្លួន​ចង់​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈរ​ឈ្មោះជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ តែ​ដោយ​សារ​ឧកញ៉ា​រូប​នេះ មាន​រឿង​អាស្រូវ​បោក​អតិថិជន​ករណី​លក់​ដី និង​ផ្ទះ លោក ហ៊ុន សែន ក៏ប្តូរចិត្តវិញ។

ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍន៍​នៅតំប​ន់ភ្នំតាម៉ៅ និង​បាន​កាប់​បំផ្លាញ​ព្រៃឈើ​សេស​សល់​ចុង​ក្រោយ​នៅ​តំបន់​នោះ ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​ទាម​ទារ​ឱ្យ​អតីត​នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន កាត់​ទោស​ម្ចាស់​ក្រុម​ហ៊ុន​នោះ​ដាក់​ពន្ធនាគារ​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ​លោក ហ៊ុន សែន ពេលនោះថ្លែងការពារ​ថា បើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះពន្ធនាគារ គឺ​មាន​តែ​ចាប់​រូប​លោក​ដាក់​គុក​ដែរ។

លោកថា៖ «ត្រូវកាត់ទោសអ្នកបំផ្លាញ​ព្រៃអភិរក្សភ្នំតាម៉ៅ និងអ្នកស៊ីញេផ្តល់​សិទ្ធិ! អើនាង​អើយ ទៅ​កាត់​ទោស កាត់​ទោស​អញម៉ង!»។

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជ្យក្រឹត្យស្តីពីគោរម្យងាឧកញ៉ានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤​នេះ តម្រូវឱ្យលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តនានា​របស់​ព្រះរាជាណាចក្រកម្ពុជា ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ល្អ​ប្រកប​មុខ​របរ​ស្រប​ច្បាប់ និងចៀសវាងសកម្មភាព​ណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​គោរមងារ​ឧកញ៉ា។

ប៉ុន្តែបើមើលករណីឧកញ៉ា ឡេង ណាវ៉ាត្រា បំពានកិច្ចសន្យាទិញលក់ផ្ទះច្រើន​ឆ្នាំ​ទៅ​នេះ គ្មាន​ចំណាត់​ការ​ច្បាប់​ទេ ដែលជាមន្ទិលថា មានលោក ហ៊ុន​​ សែន ជាខ្នង​បង្អែក ទើប​ធ្វើឱ្យ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ត្រូវ​ជាប់​គាំង​ច្រើន​ឆ្នាំ​បែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ