លោក ឃ្លាំង ហួត គំរាម VOD ដែលសួរពីសារបែកធ្លាយ លោក ហ៊ុន សែន និងការចោទផ្សេងទៀត

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ឃ្លាំង ហួត បានគំរាមវីអូឌី ដែល​សួរ​រឿង​សារ​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​សង្គម​ លោក ផន់ ផាន់​ណា រួម​ទាំង​សុំ​ការ​ឆ្លើយ​តប ជុំវិញ​ការ​ដែល​គេភ្ជាប់​មន្ត្រី​រូប​នេះ ទៅនឹង​សំណុំរឿង​ឃា​ត​កម្ម​​លោក លិម គិមយ៉ា។

សំណុំរឿងឃាតកម្មតំណាងរាស្រ្តបក្សសង្រ្គោះជាតិ​ ​លោក​ លិម គិមយ៉ា ត្រូវអ្នកនយោបាយ​ថៃ អ្នក​ស្រី ស៊ីថាន់​ណុន (Sitanun Satsaksit) បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក កាល​ពី​ថ្ងៃទី​១៥ ខែមករា​នេះ ដោយ​និយាយ​ថា លោក ហួត គឺ​ជា​កូន​ចៅជំនិត​របស់​ លោក ហ៊ុន សែន និងមាន​ទំនាក់ទំនង​ល្អយ៉ាង​ស្អិត​រមួត ជាមួយ​លោក ថាក់ ស៊ីន និង​សមាជិកគណបក្សភឿថៃ។

ដូចគ្នានេះដែរ បើតាមវីដេអូឃ្លីបមួយ ដែលគេចែកចាយលើបណ្តាញសង្គម ជាភាសាថៃ បាននិយាយថា ករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា ជារឿង​ជម្លោះនយោបាយផ្ទៃក្នុងកម្ពុជា អាច​មាន​ជាប់​ពាក់​ព័ន្ធ​អ្នក​មាន​ឥទ្ធិពល​ធំ​នៅ​ប្រទេស​កម្ពុជា។

ប្រភពបន្តនោះ​ចោទ​ជា​សំណួរថា តើ លោក ស៊ុមវ៉ាំង ឬលោក លី រតនៈរស្មី អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​លោក ឃ្លាំង ហួត មនុស្ស​ជំនិត​អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទេ។

ប្រភព​ដែល​គូស​បញ្ជាក់​ថា លោក ឃ្លាំង ហួត គឺជា​មនុស្ស​មានឥ​ទ្ធិពល​ធំ មាន​ទំនាក់​ទំនង​ជិត​ស្និត ជាមួយ​ក្រុម​អាវ​ក្រហម​ថៃ និង​លោក ថាក់​ស៊ីន យ៉ាង​ខ្លាំង​បែប​នេះ។

ប្រភពថា «ច្បាស់លាស់ណាស់​ បើវាស់​ពី​ឥទ្ធិពល បារមី មិន​បាច់​ធ្វើការ​សង្កេត​ទេ លោក ហួត បុគ្គល​នេះ​អាច​នៅ​ពី​ខាង​ក្រោយ​ខ្នង​ លោក ស៊ុមវ៉ាំង ឬ​បងវ៉ាំង ប៉ោយ​ប៉ែត ជា​អ្នក​មាន​ព្រះគុណ​លើ​លោក អ៊ែក​កា​ឡាក់ ផែណយ ច្បាស់​ណាស់»។

ប្រភពឱ្យដឹងទៀតថា លោក ឃ្លាំង ហួត ជាដៃស្តាំរបស់ លោក ហ៊ុន សែន មាន​ទំនាក់​ទំនង​ស្និត​រមួត​ជាមួយ​ក្រុម​អាវ​ក្រហម​បក្ស​ភឿថៃ និង​ធ្លាប់​ជួយ​ផ្គត់​ផ្គង់ ពួកគេ​ក្រោយ​មាន​ជម្លោះ​នយោបាយ​ថៃ​ផ​ងដែ​រ។

ប្រភព​បន្ត​ថា បើវាស់​ពី​ឥទ្ធិពល លោក ឃ្លាំង ហួត នៅប្រទេសថៃ អាចគ្របដណ្តប់​លើ លោក ស៊ុមវ៉ាំង ខណៈ​លោក ហួត ចេះ​ភាសា​ថៃ​ច្បាស់ និង​មាន​ទំនាក់​ទំនង​ជាមួយបណ្តាញជនជាតិថៃ ជាច្រើន​ផង​ដែរ។

ប្រភពថា «តែសម្រាប់ករណីឃាតកម្មនេះ លោក ថាក់ស៊ីន នៅស្ងៀម ទាំង​ដែល​រឿង​នេះ​ជា​រឿង​ដ៏​ធំបំផុត​រវាង​ប្រទេស​និង​ប្រទេស ជាប់​ពាក់ព័ន្ធ​នឹង​ដែន​អធិបតេយ្យ​របស់​ប្រទេស លោក ថាក់​ស៊ីន ដូច​ខ្មោច​បិទ​មាត់ មិន​ហ៊ាន​និយាយ​អ្វី​ទាំង​អស់ វាខុស​ពី​ធម្មតា​ឬទេ ធ្វើ​ឱ្យ​គេសង្ស័យ​រវាង​លោក ហ៊ុន​ សែន លោក ហួត និងលោក ថាក់ស៊ីន មានអ្វីអាថិ៍កំបាំង គួរឱ្យសង្ស័យឬទេ»។

ជុំវិញបញ្ហានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត និយាយ​ប្រាប់វីអូឌីនៅថ្ងៃទី១៥ ខែ​មករា​នេះ​ថា លោក​ឃើញ​សារ​ចោទ​ប្រកាន់​ខ្លះ​ភ្ជាប់ជាមួយរូបលោក ប៉ុន្តែលោកបានបដិសេធថា លោក​មិន​បាន​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា នោះទេ។

លោកថា៖«ខ្ញុំឃើញ​ដែរ គេដា​ក់​ថា ហួត តែ​គេ​អត់​មាន​ប្រាប់​ត្រកូល​ទេ ហើយ ហួត ហ្នឹង​ពេល​រូប​ហ្នឹង​គេ​ដាក់ ឯកឧត្តម ហួត ហៃ ទៀត​នោះ។ តែកន្លែងខ្លះ​មាន​រូប​ខ្ញុំ កន្លែង​ខ្លះ​អត់​មាន​រូប​ខ្ញុំ​ទេ មាន​រូប ហួត ហៃ​ទី១។ ទី២ ខ្ញុំកាន់​ព្រះពុ​ទ្ធសាសនា បើនិយាយចេះទេ បើខ្ញុំពាក់ព័ន្ធនឹងរឿងហ្នឹង ឱ្យខ្ញុំព្រះ​ធរណី​ស្រូប​ទៅ​ចុះ កុំនិយាយ​ច្រើន ហើយ​ខ្ញុំឃើញ​ក៏សើច​តែ​ប៉ុណ្ណើង»។

កន្លងទៅ មានសារបែកធ្លាយរបស់ លោក ហ៊ុន​ សែន បញ្ជាឱ្យចាប់ខ្លួនសកម្មជនសង្គម លោក ផន់ ផាន់​ណា ដែល​សង្ងំ​លាក់​ខ្លួន​នៅ​ប្រទេសថៃ។

សារបែកធ្លាយនោះ លោក ហ៊ុន សែន ប្រើពាក្យថាអាហូត ត្រូវចាប់ ផន់ ផាន់ណា ឱ្យបានកុំឱ្យរត់រួច ទោះ ផន់ ផាន់ណា នេះ ក្លាយជាសាកសព​ក្តី ត្រូវ​បញ្ជូន​ទៅកម្ពុជា។

ការចេញបញ្ជារបស់ លោក ហ៊ុន សែន នេះចំពេលដែល លោក ផន់ ផាន់ណា សង្ខំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ នឹង​បានប្រើបណ្តាញសង្គម បំផុសឱ្យយុវជនខ្មែរ ចូលរួមឈឺឆ្អាលការការពារបូរណភាពទឹកដី ជុំវិញ​គម្រោងអភិវឌ្ឍន៍​តាមព្រំដែនកម្ពុជាវៀតណាម ឡាវ (CLV ) ដែលរងការរិះគន់ថា មេដឹកនាំ​ខ្មែរ​កំពុង​អនុវត្ត​មហិច្ចតា​វៀតណាម​លេប​ទឹក​ដី។

សំឡេង «(ឃ្លាំង) ហួត ត្រូវទទួលខុសត្រូវ ទៅលើការងារនេះឲ្យធ្វើការជាមួយនគរបាលថៃ ហើយ​ក្រុម​អាវ​ក្រហម​ក៏ត្រូវតែចូលរួម ដែលយើងមានការសហការល្អជាមួយ យើងត្រូវធ្វើសកម្មភាពនេះផងដែរ។ ហើយ​ដែលធ្វើសកម្មភាពដាច់ដោយឡែក ពីនគរបាលថៃ និង​កម្លាំង​យើង​ផ្ទាល់ ​ក៏​ត្រូវ​តាម​យក​មួយ​នេះ​ឲ្យ​បាន បើទោះបីដោយតម្លៃណាក៏ដោយ ក៏រស់ ឬស្លាប់យើងអត់ដឹង ចេះតែដឹងថាមួយហ្នឹង គឺមិន​អាច​ទៅ​ណា​មិនឲ្យចេញទៅណាបាន ដូច្នេះត្រូវអនុវត្តវិធានការនេះ ជាបន្ទាន់ដាច់ខាត មិនឱ្យអា ផន បញ្ញា នេះ​រួច​ខ្លួនបានទេ»។

ជុំវិញសារបែកធ្លាយនេះ វីអូឌី ក៏បានសួរបញ្ជាក់លោក ឃ្លាំង ហួត ថាតើសាររបស់ លោក ហ៊ុន សែន ដែលបញ្ជានោះ គឺជាឈ្មោះរបស់លោកឬទេ? លោកបដិសេធ និងគំរាម។

លោកថា៖ «លោកឯង​បើ​នៅស្រុក​ខ្មែរ​វិញ អញ​ប្តឹង​ចូល​គុក​ប៉ាដោយ ត្រកូល​អញ​ឈ្មោះ ឃ្លាំង ហួត មិន​មែន​អាហួត​ទេ ត្រកូល​ឈ្មោះ ឃ្លាំង ហួត មិនមែ​នអាហួត​ទេ​ ទី១។ ទី២ អាសំឡេងហ្នឹង ឱ្យ​ស្គាល់​សម្តេច​តេជោ កាល​ណាលោ​ក​ធ្វើការ​អ្វី លោក​មិន​ទៅ​បញ្ជា​អី​ណា ទៅបញ្ចេញសំឡេងវោក​វាក់​អីចឹង​ទេ ជា​ចរិត​លោក​គ្រប់​គ្រង​ប្រទេស​៤០​ឆ្នាំជាងនោះ។ អាសំ​ឡេង​ហ្នឹង អ្នក​ដែល​បាន​ប្រយោជន៍ គឺ​អស់​លោក​ទេ»។

យ៉ាង​ណា លោក ហ៊ុន សែន បានបរាជ័យក្នុងការបញ្ជាឱ្យតាមប្រមាញ់ចាប់ លោក ផន់ ផាន់ណា ខណៈ​ពេលនេះ លោក ផន់ ផាន់ណា បាននិរទេសខ្លួនមកដល់សហរដ្ឋអាមេរិក ដោយសុវត្ថិភាព។

ដោយឡែក ករណីឃាតកម្មលើ លោក លិម គិមយ៉ា អ្នកនយបាយថៃមួយចំនួនបានផុសរូប លោក ឃ្លាំង ហួត ភ្ជាប់នឹងការសង្ស័យក្នុងសំណុំរឿងឃាតកម្មនេះ ។

កាលថ្ងៃទី១៥ ខែមករា នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) បាន​​ចេញ​​និវេទន៍​​ក្រហម​(Red notice) ​​​​​​​ឱ្យស្វែងរក​ចាប់​ខ្លួ​ន​​អ្នក​ផ្តល់​​តម្រុ​យ​​​​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា ។

ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញ​ដីកា​​ឱ្យតា​​ម​ចា​​​ប់ខ្លួ​ន​ជន​សង្ស័យ​ លី រតនៈរស្មី តាម​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង ដែល លី រតនៈរស្មី ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​នៅដើមឆ្នាំ២០២៤។

កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវ​ឃាត​ករ​បាញ់ប្រហារ​នៅក្បែរទីតាំង Wat Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយ​រង​ការ​បាញ់​ប្រហារ​ចំនួន​៣​គ្រាប់។

ក្រោម​ការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាង៤ទសវត្សរ៍ទៅនេះ មនុស្ស​ជាច្រើន​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ព្រះតេជគុណធម្មវិបស្សនា សំ ប៊ុនធឿន មេដឹកនាំ​សហជី​ព​​សេរីកម្មករលោក​ ជា វិជ្ជា សកម្មជនការពារព្រៃឈើលោក​ ឈុត​ វុទ្ធី និងការសម្លាប់លោក បណ្ឌិត កែម ឡី និ​ង​សកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ទៀត ត្រូវបានគេលួចធ្វើឃាត ដោយ​វាយ​សំដៅ​ក្បាល ដែលខ្លះស្លា​ប់ ខ្លះពិការមួយជិវិត តែជនដៃដល់ មិនត្រូវបានប្រព័ន្ធយុត្តិធម៌នាំខ្លួន មក​ផ្តន្ទា​ទោស​ទេ៕

បញ្ហាទាំងអស់នេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិស្តីបន្ទោសថា ប្រព័ន្ធយុត្តិធម៌ បានបរាជ័យផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ ជំរុញឱ្យកម្ពុជារអិលយ៉ាងលឿន ទៅរករបបដឹកនាំបែបគ្រួសារនិយមផ្តាច់ការ បំបានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ