មេធាវីការពារសិទ្ធិឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ពន្យាពេលសវនាការលើសំណុំរឿងកូនក្តីរបស់ខ្លួន ដោយសារបញ្ហាសុខភាព ខណៈកាលវិភាគសវនាការលើសំណុំរឿងនេះ គ្រោងធ្វើនៅថ្ងៃទី១៧ ខែមករា ស្អែកនេះ។
យោងតាមពាក្យសុំពន្យាពេលសវនាការរបស់លោក ជួង ជូងី មេធាវីការពារសិទ្ធិឱ្យ លោក រ៉ុង ឈុន ដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការស្នើសុំពន្យាពេលសវនាការទៅកាលបរិច្ឆេទលើកក្រោយនេះ ដោយសារតែរូបលោកមានជំងឺផ្តាសាយ ហើយត្រូវទៅពេទ្យពិនិត្យសុខភាព ដែលមិនអាចទៅចូលរួមសវនាការ ការពារសិទ្ធិកូនក្តីតាមនីតិវិធីបាន។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញ បានបង្គាប់ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលរួមសវនាការសំណុំរឿងព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែមករានេះ។ នេះបើតាមដីកាបង្គាប់ចេញដោយព្រះរាជអាជ្ញារង លោក សេង ហៀង។
ជុំវិញសវនាការជាថ្មីទៀតលើ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «មិនរាងចាល» ក្នុងបទមជ្ឈឹម បន្ទាប់ពីបានផ្តន្ទាទោសក្នុងបទមជ្ឈឹម លើបទចោទ «ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។
បទចោទលោក រ៉ុង ឈុន ថ្មីនេះ កើតឡើងបន្ទាប់ពីអ្នកនយោបាយរូបនេះ បង្ហាញមុខក្នុងវេទិកាគណបក្ស រួមទាំងការរៀបចំសមាជវិសាមញ្ញ ដែលសមាជនេះ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញបិទម្តងជាពីរដង តែគណបក្សនៅតែអាចធ្វើបាន។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ធ្លាប់និយាយថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ ដែលមានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ ធ្វើឱ្យសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ នៅក្នុងប្រទេសកម្ពុជា រងការយារយី និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ បំពានសិទ្ធិសេរីភាពបញ្ចេញមតិ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕