វិភាគ៖ តម្លៃ​ស្រូវ​​​និង​​ដំឡូង​​មី​ធ្លាក់​​ថ្លៃ​ខ្លាំង​ ឆ្លុះ​បញ្ចាំងពីអសមត្ថ​ភាព​របស់​​រដ្ឋាភិបាលក្នុង​ការ​រក​ទីផ្សារ

រឿងកសិផល​របស់កសិករធ្លាក់ថ្លៃ គ្មាន​ទីផ្សារ តម្លៃ​ស្ថិតនៅលើមាត់ឈ្មួញនៅ​រដូវប្រមូល​ផល​​ចូល​មក​ដល់​​​ ​វា​មិន​មែនជា​រឿងថ្មី​នោះ​ទេ ពីព្រោះ​រឿង​នេះ​​វាបាន​កើត​ឡើង​​ជារៀងរាល់​ឆ្នាំ​រាប់​សិប​​ឆ្នាំ​មក​​ហើយ​​ ហើយ​​រដ្ឋាភិបាល​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​ក៏​​នៅ​តែ​មិន​ឃើញ​​អាចដោះ​ស្រាយ​បញ្ចប់​​បញ្ហានេះ​​បាន​​ឡើយ។

​ហេតុដូច្នេះហើយ​ ទើប​​ធ្វើឱ្យប្រជា​​កសិករ​ជា​ច្រើន​​នៅ​តែ​ក្រងើប​​មុខ​មិន​រួច​ រហូត​ដល់​អ្នក​ខ្លះ ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​​តាំង​ពីបា​ត​ដៃ​ទទេ​ រហូត​ដល់​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ ហើយ​ត្រូវ​​បង្ខំចិត្ត​លក់​ដី​លក់​ស្រែ សង​បំណុល​គេ​ក៏មាន​។​

 កសិករដាំដំឡូង​មី​ជាច្រើន ​បាន​ត្អូញត្អែរ​ពីការ​ខាត​បង់ប្រាក់​ដោយ​សារ​ទីផ្សារ​ដំឡូង​មី​​ស្រស់​ធ្លាក់​ថ្លៃ​​ពី ​៤០០រៀល កាលពីឆ្នាំមុន ​មក​នៅត្រឹម ​​១៨០​​ឬ២៤០​រៀល​​នៅ​ឆ្នាំនេះ ដែល​ធ្វើឱ្យ​ពួកគាត់​កាន់​តែ​ជួប​នឹងវិបត្តិ​បំ​ណុល​​ខ្លាំងឡើង​ថែមទៀត​។

ដោយ​សារ​តែកសិផលរបស់​កសិករ​ទាំង​ដំឡូង​មី និងស្រូវ​​​គ្មាន​ទីផ្សារ​ កូនចៅប្រជាកសិករជាច្រើន​ បាន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​ភូមិ​កំណើត​​របស់​ខ្លួន​ទៅ​ស៊ីឈ្នួលគេ​ នៅ​តាម​ទីក្រុង ​ឬចេញទៅក្រៅ​ប្រទេស​​ឡើង​​ស្ងាត់​​ស្រុក​ ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវភាព ​និង​ដោះ​បំណុលធនាគារ។

នៅ​ក្នុង​រដូវ​ប្រមូល​ផល​ចុង​ឆ្នាំ២០២៤ ​និង​ដើម​ឆ្នាំ២០២៥​នេះ ​កសិករនៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​បាន​ត្អូញ​ត្អែរ ​និង​ខ្លះ​បាន​ធ្វើការ​តវ៉ា​ទាម​ទារ​​​ឱ្យ​​ក្រសួង​​កសិកម្ម​ រុក្ខាប្រមាញ់​ និង​​នេសាទ​​ជួយ​ធ្វើ​អន្តរា​គមន៍​ ខណៈ​​តម្លៃ​ស្រូវ​​បាន​​ចុះ​​ថោក​​យ៉ាង​​ខ្លាំង​​រហូត​ដល់​នៅ​តំបន់​ខ្លះ​លក់​​បាន​​ត្រឹម​​តម្លៃ​៦៨០​​រៀល​​ក្នុង​​១គីឡូ​ក្រាម ​ខណៈ​​កាល​ពីឆ្នាំមុន​ ប្រភេទស្រូវដូចគ្នា​នេះ​ លក់​បាន​តម្លៃ​យ៉ាងតិច​ក៏​១០០០ ឬក៏​១១០០​រៀលដែរ​ ក្នុង​១គីឡូក្រាម។

 កាលពី​ថ្ងៃទី១៣ ​ខែមករា ​ឆ្នាំ២០២៥ កសិករប្រមាណ​​២០នាក់ នៅ​ស្រុក​មោង​ឫ​ស្សី ខេត្ត​បាត់​ដំបង បានធ្វើបា​តុ​កម្ម​តវ៉ាដោយ​បិទកំណាត់​ផ្លូវជាតិលេខ៥ ដើម្បី​ស្នើ​ឱ្យក្រសួងកសិកម្ម​ ជួយ​​រក​ដំណោះ​ស្រាយ​។

កសិក​របា​នស្រែកថា បើស្រូវចុះ​ថោក​ដល់​​ជាង​ ៦០០​​រៀល​​ក្នុង​មួយគីឡូក្រាម​​បែបនេះ កសិករ​មិន​អាច​រស់​បាន​ទេ មិន​​អាច​​ដោះ​ស្រាយ​​បំណុល​ទិញ​ជី​​ទិញ​​ថ្នាំ​​គេ​​បាន​​ទេ ខណៈ​ដែលជី​​និង​​ថ្នាំ​​កសិកម្ម​ឡើង​ថ្លៃ។

​ក្រុម​កសិករ​បាន​​ត្អូញត្អែថា ពួកគេ​បាន​ជួល​ដីស្រែគេធ្វើ ដែល​ក្នុង​១ហិកតា តម្លៃ ១លាន​រៀល ខណៈ​ដែល​​ជី​១​​បាវ តម្លៃ១៥ម៉ឺន​រៀល និងថ្លៃឈ្នួលច្រូត​ស្រូវ​​វិញ ១ហិកតា តម្លៃ​៣០ម៉ឺនរៀល។

ប្រជាកសិករ​នៅស្រុកមោងឫស្សី និង​ប្រជាកសិករ​នៅ​តាម​បណ្តា​​ខេត្ត​ផ្សេងៗ​​ទៀត​​ បាន​និយាយ​ថា ស្រូវ​​ល​​ក់​​បាន​​ត្រឹម ​៧០០​រៀល ​៨០០​រៀល ​ឬក្រោម​១០០០​រៀល​ក្នុង​១គីឡូក្រាម ​គឺ​ធ្វើឱ្យ​កសិករ​ខាត​ច្រើន ខណៈ​ដែ​ល​ជីនិង​ថ្នាំកសិកម្ម​ គឺសុទ្ធ​តែឡើងថ្លៃ​ថែម​ទាំង​ត្រូវ​​ចំណាយ​​លើការភ្ជួររាស់​ សាប​ព្រួស និង​ច្រូតកាត់​​ប្រ​មូល​​ផលសុទ្ធ​តែ​ត្រូវ​ចំណាយ​ថែមទៀត ហើយ​​កសិករ​​ខ្លះត្រូវ​ជួល​ដីគេ។

សូមបញ្ជាក់ថា នៅ​ក្នុង​គោលនយោបាយអាទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាល​អាណត្តិទី​៧ ត្រង់​ចំណុច​​ទី៥ ​បាន​​ចែង​​ថា​ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់​ចេញ នូវ​យន្តការ​​សម្រប​សម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកប​មុខ​របរ​កសិកម្ម)​ជាពិសេស​គឺ​ទទួល​បាន​នូវ​ការ​ការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយ​​មិនឱ្យកសិករ​ខាត​បង់​ឡើយ។

 ចំណែក​ចំណុចទី៦​​ ចែង​ថា​ រាជរដ្ឋាភិបាល​នឹង​បញ្ជូនមន្ត្រី​បច្ចេកទេសកសិកម្ម ទៅជួយ​​កសិករ​នៅ​គ្រប់​ឃុំ-សង្កាត់​ដែល​មាន​ពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​កសិករ។

ប៉ុន្តែទោះជាយ៉ាងណា​ ការអនុវត្ត​ជាក់​ស្តែង​មិន​ដូចទៅ​នឹងគោល​នយោបាយ​​អាទិភាព​​របស់​រដ្ឋាភិ​បាល​​​ដែល​​បាន​​ដាក់​​ចេញ​​នោះ​ទេ ដោយ​អ្នក​​ឃ្លាំមើល​សង្គម​ កត់​សម្គាល់​ឃើញ​ថា ​ក្រសួង​កសិកម្ម​ និង​​ក្រសួង​​ពាណិជ្ជ​​កម្ម​​ ហាក់​​ដូច​​មិន​​បាន​​ចាត់​​វិធានការ​​អ្វីជាដុំកំភួន​​លើ​​បញ្ហា​​នេះ​ឡើង ទើ​ប​ធ្វើ​ឱ្យ​​ឈ្មួញ​​នៅ​​តែ​​អាច​​បន្ត​ក្រឡុក​តម្លៃ​កសិផល​របស់​​កសិករ​តាម​អំពើ​ចិត្ត មិន​​ត្រឹម​តែប៉ុណ្ណោះ ​រដ្ឋ​មន្ត្រី​ និង​​មន្ត្រីក​សិកម្ម​​ថែម​​ទាំង​​ស្តី​បន្ទោស​​កសិករ​ថា សម្រុក​ធ្វើ​ស្រូវ​ប្រាំង​ច្រើន​ពេក​ និង​មក​ពី​កសិករ​យក​ពូជស្រូវOM​ពី​ប្រទេស​វៀតណាម​មក​ដាំជាដើម។

ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គម​ចោទ​​សួរ​​ថា បើ​មិន​​​ឱ្យ​​កសិករ​ដាំពូជស្រូវ​OM​របស់​វៀត​ណាម ហេតុ​អ្វី​​ក៏​​អនុញ្ញាតឱ្យ​នាំពូជស្រូវនេះចូល? និង​​​ថា​​​តើ​​មន្ត្រី​ជំនាញ​​កសិកម្ម​មាន​បាន​​ចុះ​ទៅ​ធ្វើការ​ណែនាំ​​​ពី​ការ​ជ្រើស​រើស​ពូជស្រូវ ​ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដល់​កសិករ​នៅតាម​ទីជនបទ​ទូទាំង​ប្រទេស​ដែរ​ហើយ​​​ឬនៅ?

យ៉ាងណាក្តី​ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែង​ក្នុង​​ពេល​​ចុះ​​ទស្សនកិច្ច​នៅរោងចក្រអង្ករ​ខ្មែរ​ ហ៊្វូត​ គ្រុប (KHMER FOODS GROUP) នៅស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ ​កា​ល​ពី​​ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​​ថា អ្នកដែលនិយាយ​ពី​ស្រូវ​ធ្លាក់​ថ្លៃនោះ គឺ​មិន​ដែល​បញ្ជាក់​ពី​ប្រភេទ​ស្រូវ ដែលធ្លាក់ថ្លៃ​នោះទេ។

អ្នកដែល​ធ្វើស្រូវពិត​ប្រាកដ គឺមាន​ការ​​បែង​ចែក ប្រភេទស្រូវច្បាស់លាស់ណាស់ ដូចជា ប្រភេទ​ស្រូវ​ក្រអូប អង្ករស ឬស្រូវអ៊ីអ៊ែ ស្រូវ​ស្រាល ដែលដាំដុះ​លក់ទៅ​ប្រ​ទេស​វៀតណាម។

លោកថា៖ «អ៊ីចឹងការ​លក់​ស្រូវ វាអាស្រ័យទៅលើទីផ្សារ​វៀត​ណាម។ នៅ​ពេល​ដែលស្រូវ ដែលយើង​ធ្វើ​សម្រាប់​រោង​​ម៉ាស៊ីន​របស់​យើង​ជាប្រភេទ​ស្រូវ​ខ្មែរ យើងរក្សា​ទីផ្សារបាន។ មួយរយៈនេះ ដោយ​សារ​តែ​​ដើរ​​ស្រែក​​ថា​​ស្រូវធ្លាក់ថ្លៃៗ ទាំងអស់​គ្នាគិតថា ស្រូវ​​ទាំងអស់ធ្លា​ក់​ថ្លៃទាំងអស់។ នៅ​ខាង​នេះ អ្នក​ធ្វើ​ស្រូវ​វស្សា អត់​មាន​ជួប​បញ្ហា​ហ្នឹង​ទេ»

លោកបានលើកឡើងថា ចំពោះស្រូវប្រាំង វាមានបញ្ហានៅត្រង់ថា មានការសម្រុក​ដាំដុះ ច្រើន​ពេក ព្រោះ​​ចង់​​ចំណេញ​​បាន​ច្រើន។

បើតាមស្ថិតិ​នៅឆ្នាំ​នេះ ស្រូវប្រាំង​មាន​ជាង ​៧០​ម៉ឺ​ន​​ហិកតា ដែល​គិត​ជា​ទិន្នផល ប្រមូល​សរុប​ទាំង​អស់​មាន​ជិត ៥លាន​តោន​​ នៅ​ពេល​​ដែល​​អង្ករ​​មិន​​ក្រអូប​​របស់​​វៀត​ណាម​​មួយ​​រយៈ​​នេះ​​ធ្លាក់​​ចុះ​មែន​ទែន ហេតុ​នេះ វាមិន​ងាយ​​ស្រួល ក្នុង​ការ​អន្តរាគមន៍​នោះ​ទេ ក្នុង​ខណៈ​នៅ​តាម​រោង​ម៉ាស៊ីន​ស្រូវ គឺ​​ពោរ​​ពេញ​ទៅ​ដោយ​​អង្ករ​​ខ្មែរ ដែល​មិន​ទាន់​លក់​អស់​។ លោក​រដ្ឋមន្រ្តី​អះ​អាង​ថា​ ទោះបី​មន្រ្តី​កសិកម្ម ខំប្រឹង​ណែនាំឱ្យ​ដាំដុះស្រូវ សែនក្រអូបពូជ​ខ្មែរ ក៏ពួក​គាត់ នៅ​តែ​ចង់​ធ្វើ​ប្រភេទ​ស្រូវ​OM​វិញ​​ដដែល។

យ៉ាងណាក្តី​​​ជា​ដំណោះ​ស្រាយ​​រយៈ​ពេល​វែង លោក​រដ្ឋមន្រ្តីកសិកម្ម ​បាន​ជំរុញ​​ឱ្យ​កសិករ​​ដែល​ធ្លាប់​ដាំ​ដុះ​ស្រូវ​​ប្រភេទ​​​OM ឱ្យ​​​ងាក​​មក​ធ្វើស្រូវសែនក្រអូប ជាលក្ខណៈ​សហ​គម​ន៍កសិកម្មទំនើប​វិញ ដោយ​ចាប់​​ផ្តើម​​នៅក្នុង​រដូវ​បង្ក​បង្កើន​ផល​ថ្មី​ខាងមុខ​។ បើ​តាម​លោក​រដ្ឋមន្ត្រី នាពេលបច្ចុប្បន្ននេះ ស្រូវ​ផ្កា​រំដួល លក់​នៅ​ស្រែ​បាន​តម្លៃ​ពី ១២៥០ ទៅ១៣០០​រៀល ហើយ​​អ្នក​​ប្រមូលទិញ​នៅ​រោង​ម៉ា​ស៊ីន​មាន​តម្លៃ​ជាង ១ ៤០០រៀល​ក្នុង​​១គីឡូក្រាម។

អ្នក​ជំនាញ​នៅក្នុង​វិស័យ​កសិកម្ម​ និង​កសិករ​ជាច្រើន ​បានលើក​ឡើង​​ថា កសិផល​​កសិកម្ម​កម្ពុជា​​មាន​ដូច​ជា​ ​ស្រូវ​អង្ករ ដំឡូង​មី និង​ស្វាយ​ចន្ទីជាដើម ដែល​​តែង​តែមាន​​វិបត្តិ​​ទីផ្សារ​ មួយ​ផ្នែក​​​គឺ​​ដោយ​សារ​​​តែ​ឈ្មួញ​​ក្រឡុក​​ តម្លៃនៅលើមាត់ឈ្មួញ​ ខណៈ​​ដែល​រដ្ឋា​ភិបាល​ហាក់​មិន​បាន​​រក​ទីផ្សារ​​លក់​​កសិផល​​របស់​​កសិករ​​ដោ​​យ​ខ្លួ​ន​ឯងឱ្យ​បាន​ទូលំទូលាយ​ឡើយ​ ដោយ​​នៅ​​​តែ​​បន្ត​​ពឹង​ផ្អែក​​​ទៅ​​លើ​​ទីផ្សារ​​វៀត​ណាម និង​​ថៃ នៅ​ដែល​ប្រទេស​ទាំង​២នេះ ​គេក៏​ត្រូវ​រក​ទីផ្សារ​​សម្រាប់​​លក់​កសិផល​​​របស់​​កសិករគេដែរ។

ជាដំណោះស្រាយ​រដ្ឋាភិបាល​ ​គួរ​បន្ត​ពង្រីក​ទីផ្សារ​នាំចេញ​ឱ្យ​បាន​កាន់​តែច្រើន និង​រិះរក​វិធី​បង្កើត​រោង​ចក្រ​​កែច្នៃ​កសិផល​​ក្នុង​ស្រុក ហើយ​​រដ្ឋាភិបាល​​ត្រូវ​បញ្ចេញ​ប្រាក់​ជួយ​ទិញ​ស្រូវ​​កសិករ​​នៅ​​រដូវ​ប្រមូល​​ផល​​​ដូច​ដែល​រដ្ឋាភិបាល​ថៃ​គេបាន​ធ្វើជាដើម។​

យ៉ាងណាក្តី ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦​តោន ​ទៅ​កាន់​​ទីផ្សារ​គោល​ដៅ​ចំនួន ៦៤​ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០​​លាន​​ដុល្លារ​ ក្នុង​នោះ​​ក៏មាន​​​​​នាំ​ចេញទៅ​កាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន​ ២៦​ប្រទេស មានចំនួន១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ ១៤៤,៩២​លានដុល្លារ​រដ្ឋអាមេរិកផង​ដែរ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍ របស់​សហព័ន្ធស្រូវអង្ករកម្ពុជា។​

ចំពោះប្រភេទអង្ករបាននាំចេញ ក្នុង​នោះ​មាន អង្ករក្រអូបមានចំនួន ៧០,៥២% ប្រភេទអង្ករ​ស​ធម្មតា ២៤,៣០% អង្ករចំហ៊ុយ ៣,១៦% អង្ករសរីរាង្គចំនួន ១,៧៤% និងអង្ករផ្សេងៗ​ចំនួន ០,២៨% ។

ដោយឡែកការនាំចេញស្រូវ ក្នុងរយៈពេល៧ខែនេះដែរ សម្រេចបាន ២ ៧១១ ១៧៩តោន ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៧៨៤,៦០​លានដុល្លារ​សហរដ្ឋអាមេរិក។ ចំណែក​ក្នុង​ឆ្នាំ​២០២៣​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​​​បាន​​ជាង ៦៥​ម៉ឺន​តោន ដែលគិត​ជាទឹក​ប្រាក់​ជាង ៤៦៦​លានដុល្លារ។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏បា​ននាំ​ស្រូ​វ​ចេញ​ជាង ៤លានតោនដែរ ដែលសរុប​ជាទឹកប្រាក់ជាង ១,៣ពាន់​លាន​ដុល្លារ។ ចិន និងសហភាព​អឺរ៉ុប ជាទីផ្សារធំជាងគេនៃអង្ករ​កម្ពុជា។ នេះបើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

សូម​បញ្ជាក់ថា សមាគមអ្នកនាំ​ចេញ​អង្ករ​ថៃ បាន​ព្យាករ​ទុក​ថា ការ​នាំចេ​ញ​អង្ករ​​របស់​​ប្រទេស​ថៃ នៅ​ឆ្នាំ​២០២៥ នឹងធ្លាក់ចុះ ២៥% បើធៀបនឹងឆ្នាំ២០២៤ ដោយសារតែរង​សម្ពាធ​​ទីផ្សារ​នាំចេញពី​ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករ​ដ៏ធំជាងគេបំផុត​លេខមួយ​លើពិភពលោក។

 កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ១០​ នៅលើ​ពិភព​លោក​​ជា​ប្រទេស​នាំអង្ករ​ចេញ​ច្រើន​ជាង​គេ ខណៈ​ឥណ្ឌា​ជាប់​​ចំណាត់​ថ្នាក់​​លេខ​១ ​ថៃ​ដែល​ជា​ប្រទេសជិតខាង​កម្ពុជា​​ជាប់​​លេខ​​២ និង​វៀតណា​ម​ដែល​ប្រមូល​ទិញ​ស្រូវបន្ថែម​ពីកម្ពុជា​​ជាប់​ចំណាត់​ថ្នាក់​លេខ៣។

 វៀត​ណាម​ក៏បាន​​បង្ហាញក្តីបារម្ភ​ផងដែរ​ថា ការ​នាំចេញ​អង្ករ​របស់​ខ្លួន​នៅឆ្នាំនេះ​ នឹងថយចុះ ដោយ​​សារ​​តែ​ប្រទេស​ឥណ្ឌា​ដែលបានផ្អាកការនាំចេញ​អង្ករស​របស់ខ្លួនតាំងពីខែកញ្ញាមក​នោះ បាន​ចាប់​ផ្ដើម​បើក​ការ​​​នាំ​ចេញ​របស់ខ្លួន​ឡើងវិញ​​ហើយ នៅដើមឆ្នាំ២០២៥នេះ។ នេះបើតាម​​សមាគម​ស្បៀង​អាហារ​​វៀត​​ណាម។

សម្រាប់​អ្នក​ឃ្លាំមើល​សង្គម​ ក្នុង​រយៈ​ពេល​ជាច្រើនឆ្នាំទៅមុខទៀត កសិករកម្ពុជា​ភាគ​ច្រើន មិន​ត្រឹម​​តែ​​នៅ​តែមិន​អាច​ងើប​មុខ​រួច​ពីភាពក្រី​ក្រ​ និង​វិបត្តិ​បំណុល​​វ័ណ្ណ​ក​​ប៉ុណ្ណោះទេ ថែម​ទាំង​កាន់​តែ​ធ្លាក់​​ខ្លួន​ក្រីក្រ​នឹង​ធ្លាក់​​ចូល​​ទៅ​ក្នុង​​វិបត្តិបំណុលកាន់​តែធ្ងន់​ធ្ង​រ​ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​ នៅ​តែ​អសមត្ថភាព​ក្នុង​ការ​រក​​ទីផ្សារ​លក់​កសិផល​​ជូន​ប្រជា​កសិករ​ទេនោះ​​ ដូច្នេះ​​បើ​​​រដ្ឋាភិបាល​ពិត​ជាមាន​ឆន្ទៈចង់​ជួយ​កសិករពិតប្រាកដមែន ​នោះ​គឺ​ចាំបាច​ត្រូវ​រកទីផ្សារ​លក់​កសិផល​ឱ្យកសិករក្នុង​តម្លៃសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ