លោក ហ៊ុន សែន រងការចោទ​ថានឹង​មិនទារ​កោះ​គុត​ពី​ថៃ​ជាថ្នូរ​បិទ​ឃាតកម្ម​លោក លិម គិមយ៉ា

អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បាននិយាយថា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន នឹង​មិន​ទាម​ទារ​កោះគុត​ពី​ភាគី​ថៃ​ទេ ដើម្បី​ឱ្យ​ថៃ​ជួយបិទ​បាំង​ឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ពីរឿងនយោបាយ ទៅជារឿងបុគ្គល។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​លើ​ហ្វេស​ប៊ុក​រប​ស់​លោក​ នៅថ្ងៃ​ទី១៧ ខែ​មករា​នេះ​ថា ​ត្រកូលហ៊ុន​ចង់​យក​កោះគុត ទៅ​ដោះ​ដូរ​ជាមួយ​ត្រកូល​ថាក់​ស៊ីន ដោយ​ច​ង់ឱ្យ​ថៃ បំភ្លៃ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ថា​ជា​រឿងទំនាស់បុគ្គល។

តែយ៉ាងណា លោក​គិត​ថា សេណារី​យូនេះ ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ ដោយ​ថាពេលនេះ ភរិយា​សព ជា​ជ​​នជា​​តិបារាំង​បាន​ប្តឹង​ករណី​ឃាតកម្ម​នេះ​ទៅតុលាការបារាំង ឱ្យវែក​មុខ​រកអ្នកបញ្ជានៅពីក្រោយឃា​ត​កម្ម​នេះ ដើម្បីស្វែងរកយុត្តិធម៌។

សម្រាប់​លោក អ៊ុំ សំអាន យល់ថា ករណី​នេះ តុលាការបារាំង នឹង​ចេញ​ដីកា​ចាប់​ខ្លួន​មេខ្លោង​ធំ​បំ​ផុត​​​នៅ​ពី​ក្រោយ​ខ្នងឃា​តកម្ម​នេះ ដូចករណីតុលាការ​បារាំង ចេញ​ដីកាចាប់ខ្លួនមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ក្នុងករណីបោកគ្រាប់បែកលើក្រុមបាតុករ ឆ្នាំ១៩៩៧។

លោកថា៖ «គ្រួសារហ៊ុន​ព្យាហាម​ធ្វើ​ម៉េច​សម្លាប់ បំភិត​បំភ័យ​លើ​សកម្មជន​បក្ស​ប្រឆាំង​ហ្នឹង​ ដើម្បី​ឱ្យ​ខ្លួន​ឯង​កាន់​អំណាច​តពូជទៅទៀតបាន។ មេដឹកនាំផ្ដាច់ការគេតែងតែធ្វើអញ្ចឹងឯង គេ​មិនងាយកែប្រែនូវ​ចរិត​​​រ​បស់​ខ្លួន​ទេ មានតែកាន់តែឃោរឃៅទៅៗ។ លោក ហ៊ុន សែន នៅពេល​កាន់​តែ​ចាស់​ទៅ​កាន់​តែ​ឃោ​រឃៅ​​ជាងមុនទៀត ព្រោះខ្លាច​នាទី ឬ​អាយុជីវិតរបស់​ខ្លួន​ចុង​ក្រោយ ជិត​ដល់​ទីបញ្ចប់​ហើយ ចឹង​ខំ​ការ​ពារ​អំ​ណាច​ឱ្យកូ​ន​ខ្លួន​ឯង គឺ​ឱ្យ​អំណាចកូ​ន​ហ្នឹង​រឹង​មាំ មុន​នឹង​គាត់​ស្លាប់​ទៅ»។

សម្រាប់ លោក អ៊ុំ សំអាន ជន​រងគ្រោះមិនមែនមានតែគ្រួសារ​លោក លិ​ម គិមយ៉ា  ដែល​បង្ក​ឡើង​ដោយ​គ្រួសារ​ហ៊ុន លោក​ថា ជាង​៤ទសវត្សរ៍ទៅនេះ ក្រោមការដឹកនាំរ​បស់​គ្រួសារ​ហ៊ុន បាន​បន្សល់​ទុក​ជន​រង​គ្រោះ​រាប់​លាន​នាក់ រួមទាំងអ្នក​រងគ្រោះ​ពី​អំពើ​ឆបោក។ លោកថា បញ្ហានេះ នៅពេល​ជន​រង​គ្រោះ​អស់​ការ​អត់​ធ្មត់ អំណាច​ក៏​ត្រូវបាត់​បង់​ដែរ។

ស្នងការនគរបាលក្រុងបាងកកតំបន់១ លោក អដ្ឋផន វង្សសិរិព្រីដា កាលពីថ្ងៃទី១៦ ខែមករា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា បើ​តាម​ចម្លើយ​សារភាព​ខ្លះៗ​របស់​លោក អ៊ែក​កាឡាក់ ផែណយ ករណី​ឃាតកម្ម​នេះ​ជា​រឿង​គំនុំ​បុគ្គល​ រវាង​លោក​​ លី រតនៈរស្មី និងលោក លិម គិមយ៉ា។

លោកថា៖ «លោក ស៊ុម​វ៉ាំង ឬ​លោក លី រតនៈរស្មី នេះ បើ​តាម​ចម្លើយ​សារ​ភាព​របស់​ឃាតករ គឺលោក អ៊ែកកាឡាក់ ផែណយ ថាក​រណី​ជួលឱ្យលោកបាញ់សម្លាប់នេះដោយសារគំនុំផ្ទាល់ខ្លួន​ជាមួយ​លោក លិម គិមយ៉ា តែយ៉ាងណាករណីនេះ​ យើងនៅបន្តសង្កេតបន្ថែមទៀត»។

ភរិយា​លោក លិម គិមយ៉ា គឺអ្នកស្រី​ អានី លិម ថ្លែង​ក្នុង​ពិធី​បុណ្យខួបគម្រប់ ៧​ថ្ងៃ​នៅ​ប្រទេស​បារាំង ដោ​យ​​និយាយ​ថា អ្នកស្រីពិតជាមានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេល​ឃើញ​គេ​បាញ់​សម្លាប់​ស្វាមី​នៅ​ចំពោះ​មុខ​បែប​នេះ។

សម្តីដើម​របស់​អ្នកស្រី៖ «ឃាតករ​បាន​បាញ់សម្លាប់ប្តីរបស់ខ្ញុំចំពោះមុខខ្ញុំ ស្លាប់​ដូច​សត្វ​ឆ្កែ ខ្ញុំ​វិជ្ជាជីវៈ​ជា​ពេទ្យ ព្យាយាម​ជួយ​សង្រ្គោះ​ប្តី​ខ្ញុំ​ដែរ តែ​មិន​អាច​សង្រ្គោះបា​ន»។

អ្នកស្រីបន្តថា ខ្ញុំសូមផ្តាំទៅខ្មែរគ្រប់ៗគ្នាថា សូម​កុំភ្លេច លោក លិម គិមយ៉ា បន្ត​ការ​តស៊ូ​ដើម្បី​សេរីភាព​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា តប​តាម​ស្មារតី​របស់​លោក លិម គិមយ៉ា។

ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី បានបង្ហោះវិដេអូលើហ្វេសប៊ុក​ក្នុងកិច្ចពិភាក្សាមួយដោយ​និយាយ​​​ថា អាជ្ញាធរ​បារាំង និង​ថៃ កំពុង​សហការ​គ្នា​វែក​មុខ​ឃាតករ​ពិត​នៅ​ខាង​ក្រោយ​ឃាតកម្ម​នេះ។ លោក​បន្ត​ថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះជា​រឿង​នយោបាយ​ដែល​រៀប​ចំ​ឡើង​ដោយ​មេដឹក​នាំ​គ្រួ​សារ​ហ៊ុន​ នៅពី​ខាង​ក្រោយ​ឃាតកម្ម​នេះ គឺដាច់ខាតមិនមែន​ជារឿងគំនុំបុគ្គលនោះទេ។

លោក សម រង្ស៊ី ក៏បានចោទចំៗ​ថា ​ករណីទាំ​ងពីរនេះ​មាន​ការរៀបចំស្រដៀងគ្នា ព្រោះ​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់ លោក លិម គិមយ៉ា នេះគឺជាមនុស្សតែមួយគឺ លោក ហ៊ុន សែន។

លោកថា៖ «ហ៊ុន សែន គាត់​ធ្វើអី​បាន​តាម​ចិត្ត​គាត់​បំបិទ​មាត់​សាក្សី​គាត់​សម្លាប់​ជន​ដៃ​ដល់​កុំ​ឲ្យ​មាន​សាក្សី​កុំ​ឱ្យ​មាន​ភស្តុតាង​គាត់​បញ្ជា​ឱ្យតុលាការ​គា​ត់ហ្នឹង តុលាការ​ក្រោម​បង្គាប់​គាត់​ហ្នឹង​ គាត់​ក្រោម​បញ្ជា​គាត់​ហ្នឹង គឺរកមុខជនដែលទ​ទួល​ខុស​ត្រូវ​ជន​ដៃដល់​ ដែល​នៅពី​ក្រោយ​ខ្នង​មិន​ដែល​ឃើញ​ទេ​ អ៊ីចឹង​​អារឿង​គេ​កប់​ចោល​បាន​ឮ​នៅ​ទេ​ ស្រុកខ្មែរមាននៅតែប្រទេសកម្ពុជា»។

ជុំវិញការចោទប្រកាន់នេះ វីអូឌី មិនទាន់អាចសុំការបំភ្លឺពី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ធ្លាប់​ច្រាន​ចោល​ជុំវិញ​ការ​ចោទ​ប្រកាន់​ថាគ​ណបក្ស​កាន់​អំណាច​ជា​អ្នក​​នៅ​ពី​ក្រោយឃាតកម្មនេះ។

លោកថា៖ «វប្បធម៌លាបពណ៌មួលបង្កាច់ ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាងមកលើ​រាជ​រដ្ឋាភិបាល​នេះ វា​បា​​នក្លាយ​ទៅ​ជា​អត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយម អស់​រយៈពេលជាច្រើនទសវត្សមកហើយ ទាំ​ង​ក្រុម​អង្គការសិទ្ធិមនុស្សមួយចំនួន ទាំង​ក្នុងស្រុកនិងបរទេស ហើយទាំងប្រព័ន្ធ​ឃោសនា​របស់​គេ​មួយ​​​ចំនួន​​ផង។ ពួកគេ​តែងតែធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់ ទម្លាក់​កំហុស​ដោយ​គ្មានការទទួល​ខុស​ត្រូវ គ្មាន​វិជ្ជាជីវៈ គ្មានភស្តុតាងអ្វីទាំងអស់ តាមតែរបៀបវារៈនយោបាយ ទុច្ចរិត»

ប្រធានក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយថា មេដឹកនាំគ្រួសារហ៊ុនជាអ្នកបញ្ជាឱ្យលោក លី រតនៈរស្មី រៀបចំផែនការសម្លាប់លោក លិម គិមយ៉ា ដើម្បីបង្វែរ​ព្រឹត្តិការណ៍​ទាម​ទារ​កោះ​គុត។

លោក​បន្ត​ថា គ្រួសារហ៊ុន​ហ៊ាន​ធ្វើអ្វី​គ្រប់​យ៉ាង​មិន​ថា​សម្លាប់​ពលរដ្ឋ កាត់​ដី​ឱ្យប​រទេស និង​គំរាម​អង្គ​ព្រះ​មហា​ក្សត្រ ក៏​គ្រួសារ​ហ៊ុន​ហ៊ាន​ធ្វើ​ដែរ ឱ្យតែអាចរក្សាអំណាចផ្តាច់ការត្រកូលរបស់គេបាន។

ម្យ៉ាងវិញទៀត លោកអះអាង​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺជាចេតនា​របស់​មេដឹកនាំ​គ្រួសារ​ហ៊ុន ដើម្បី​គំរាម​ពលរដ្ឋ​និង​អ្នក​នយោបាយ កុំឱ្យ​ប៉ះ​បោរ​ប្រឆាំង​ទាម​ទារ​បូរណ​ភាព​ទឹក​ដី​រួម​ទាំង​កោះ​គុត។

លោកថា៖ «តាមពិត​ព្រឹត្តិការណ៍​នយោបាយ​ចុង​ក្រោយ​ពាក់​ព័ន្ធ​លោក​លិម គិមយ៉ា នេះ​ក៏​វា​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្ររ​បស់ លោក ហ៊ុន សែន ដែរ​បើ​លោក ហ៊ុន សែន បំណង​ធំ​ជាង​គេ គឺ​ស្អប់​អ្នក​ណា​ដែល​ទិតៀន​ការ​ដឹក​នាំ​របស់​គាត់​គ្រួសារ​គាត់​ឲ្យ​លោក លិម គិមយ៉ា នឹង​ទិតៀន​ការ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​កូន​ចៅ​គាត់​ហ្នឹង​ថា​ជា​អ្នកដឹកនាំផ្ដាច់ការ​អាគ្រួសារ​និយម​អីចឹង​អាហ្នឹង​គាត់​ស្អប់​ យល់​ អ៊ីចឹង​គាត់​រក​ល្បិច​គឺ​អាក​មាន់​គំរាម​ស្វា ល្បិចអា-កមាន់​គំរាម​ស្វាអ៊ីចឹង​ទៅ​បញ្ចប់​ជីវិត​លោក​ ក៏​លោក លិម គិមយ៉ា មួយ​ហើយ​ដើម្បី​គំរាម​អ្នក​ឯទៀតៗ​ កុំឲ្យមានវត្តមាន​តទៀត ជាពិសេស​ពួក​អ្នក​ប្រជាធិប​តេយ្យ និង​សកម្មជន​អ្នក​ប្រជាធិបតេយ្យ​ជាតិហ្នឹង»។

សម្រាប់​លោក ម៉ែន ណាត ក៏បានជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន​ ត្រូវចាប់បញ្ជូនខ្លួនជនសង្ស័យទាំងពីរ​នាក់​គឺ​លោក​ លី រតនៈរស្មី និង ពេជ្រ គិមស្រ៊ិន ទៅ​តុលាការ​ថៃ ដើម្បី​សួរ​ចម្លើយ​និង​ផ្តន្ទា​ទោស​តាម​ច្បាប់។

កាល​ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបាន​ឃាតករ​បាញ់​នៅក្បែរទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែល​មាន​វ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។

កោះគុតស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥​គីឡូ​ម៉ែត្រ និង​ទទឹង ៩គីឡូម៉ែត្រ។

មាត្រា៥៥ ចែង​ថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែងថា «អំពើប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ