អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យា ជាមួយសិទ្ធិមនុស្សអន្តរជាតិ(UN)។
អង្គការនោះ សំអាងថា រយៈពេល១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសមួយ របស់អង្គការ Human Rights Watch ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
Human Rights Watch បានលើកឡើងថា រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត បានគាបសង្កត់យ៉ាងខ្លាំងទៅលើលំហពលរដ្ឋ ការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។
ប្រភពដដែល បញ្ជាក់ថា បញ្ហានេះ ជំរុញឱ្យមានការគំរាមកំហែង ទៅលើសេរីភាពសារព័ត៌មាន និងការជួបប្រជុំដោយសន្តិវិធី។
មួយវិញទៀត ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ។
សេចក្តីប្រកាសនោះ បានដកស្រង់សម្តី លោក Bryony Lau នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មកចុះផ្សាយថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានដើរតាមគន្លងឪពុករបស់លោក ដោយបង្កើនការប្រើប្រាស់ច្បាប់គាបសង្កត់ និងតុលាការជាឧបករណ៍នយោបាយ ដើម្បីបំបិទមាត់អ្នករិះគន់ និងអ្នកការពារសិទ្ធិមនុស្ស»។
លោកបន្តថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានត្រឹមជានិម្មិតរូបប៉ុណ្ណោះ សម្រាប់ការបញ្ចេញមតិ របស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ស្ថិតនៅក្រោមការគំរាមកំហែង នៃការធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។
បញ្ហាទាំងអស់នេះ Human Rights Watch រំឭកថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែកែប្រែនូវទង្វើបំពានសេរីភាពជាមូលដ្ឋាន ហើយងាកមកអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល លោក ប៉ា ប៉ុណ្ណារ៉ាដា បានច្រានចោលការរកឃើញរបស់អង្គការអន្តរជាតិមួយនេះ។ លោកថា អ្វីដែលអង្គការ Human Rights Watch លើកឡើង មិនបានឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងលំហរសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាទេ។ លោកសំអាងថា ក្រុមអង្គការសង្គមស៊ីវិលរាប់រយ និងអង្គភាពព័ត៌មានជាង ២ពាន់ កំពុងមានវត្តមាន ក្នុងប្រទេសកម្ពុជា។
លោកថា៖ «ការចាប់ខ្លួនបុគ្គលមួយចំនួន គឺមិនមែនដោយសារតែគាត់អនុវត្តនូវសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ ប៉ុន្តែគឺជាការប្រព្រឹត្តនូវបទល្មើសដែល ចែងនៅក្នុងក្រមព្រហ្មទណ្ឌអំពើញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមបង្កប៉ះពាល់ទៅដល់សន្តិសុខជាតិទាំងនេះ គឺជាបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលមិនមែនជាការអនុវត្តនូវសិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់នោះទេ»។
ផ្ទុយពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយថា ការលើកឡើងរបស់ Human Rights Watch ជាការឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ដែលសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពសារព័ត៌មានឯករាជ្យ ត្រូវបានគំរាមកំហែងជាប្រព័ន្ធ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន។
លោកថា អង្គការអន្តរជាតិមួយនេះ បានជំរុញយូរឆ្នាំហើយ តែបក្សកាន់អំណាច នៅតែសាងកំហុសនេះ តពីឳពុកទៅកូន បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីតែបុព្វហេតុបន្តវេន។ លោកថា គ្រួសារនេះគ្មានថ្ងៃងាកទៅស្តារសិទ្ធិមនុស្សទេ។
លោកថា៖ «និយាយឱ្យខ្លីទៅនៅកម្ពុជាការដឹកនាំដដែលនេះ ការផ្លាស់ប្ដូរពីឪពុកឱ្យទៅកូនប៉ុន្តែនយោបាយនៃការដឹកនាំរបៀបរបបនៃការដឹកនាំបែបកុម្មុយនីស្ត ឬក៏ការដឹកនាំប្រទេសបែបបណ្ដាប្រទេសជនផ្ដាច់ការ គេដឹកនាំហ្ហាសគឺការដឹកនាំបែបតត្រកូលបែបនេះ គឺមិនមានទេ ការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
ដោយឡែក នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ដែលធ្វើការផ្តោតលើការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន អ្នកស្រី ឆន សុគន្ធា និយាយថា ស្ថានភាពអ្នកសារព័ត៌មាន នៅតែបន្តរងការគំរាម និងសម្លាប់។
អ្នកស្រីគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៥មក អ្នកសារព័ត៌មានយ៉ាងតិច ១៦នាក់ ត្រូវបានគេសម្លាប់ រួមទាំងមួយករណី កើតឡើងនៅក្នុងឆ្នាំ២០២៤។
អ្នកស្រីថា៖ «បើយើងមើលតាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ គឺសរុបទៅ១៦ករណីហើយឆ្នាំនេះឆ្នាំ២០២៤ គឺជាឆ្នាំទីមួយតាំងពីឆ្នាំ១៩៩៥ រហូតមកដល់លូវនេះ យើងឃើញមានករណីពាក់ព័ន្ធនឹងរឿងការសម្លាប់ដល់អ្នកសារព័ត៌មាន ហើយបើយើងមើលជ្រុងមួយទៀតនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ យើងក្រឡេកមើលទៅចំនួននៃអ្នកសារព័ត៌មានមានបញ្ហាកើតឡើង ដោយសារការអនុវត្តអាជីពរបស់គាត់ហ្នឹង ក៏មានការកើនឡើងដែរ បើប្រៀបធៀបនៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ»។
បន្ថែមពីនេះ នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពសារព័ត៌មាន ត្រូវបានអង្គការជាតិ និងអន្តរជាតិមើលឃើញថា រងការរំលោភបំពានជាបន្តបន្ទាប់។
លោកលើកជាឧទារណ៍ថា ថ្មីៗនេះ សភាអឺរ៉ុបបានព្រមានជាថ្មីទៀត ពីវិធានដកប្រព័ន្ធអនុគ្រោះពន្ធEBA ៨០ភាគរយបន្ថែម ដែលជាការឆ្លើយតបទៅនឹងភាពជាប់គាំងមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចដែលកម្ពុជាបានសន្យាជាមួយអង្គការសហប្រជាជាតិ។
លោកថា៖ «អ៊ីចឹងយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង គឺយើងនៅតែមើលឃើញថា បើសិនជាកម្ពុជាយើងធ្វើការពិនិត្យ និងសិក្សាទៅលើរបាយការណ៍ទាំងអស់ហ្នឹង ហើយពិនិត្យទៅលើភាពខ្វះចន្លោះដែលយើងមិនទាន់បានបំពេញ ហើយយើងធ្វើការកែលម្អនោះ វាជាផលចំណេញសម្រាប់កម្ពុជាជាជាងការច្រានចោលដោយមិនសមហេតុផល»។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនថាប៊ន ក្នុងកិច្ចប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្មីៗនេះ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង ហើយងាកទៅស្តារលទ្ធិប្រជាធិបតេយ្យ រៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកវិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ បានធ្វើឡើងតែនៅក្នុងក្រុមគ្រួសារ ដែលនេះគឺជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យ និងតម្លាភាពទេ។
សម្រាប់ Human Rights Watch វិញ ប្រទេសកម្ពុជាបានសន្យាចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ក្នុងខែឧសភា សម្រាប់ការពិនិត្យឡើងវិញជាសកលលើកទីបួន (UPR) អំពីលក្ខខណ្ឌសិទ្ធិមនុស្សរបស់ខ្លួន។ ចាប់តាំងពីការពិនិត្យឡើងវិញចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលបានបរាជ័យក្នុងការធ្វើវឌ្ឍនភាព លើអនុសាសន៍ ដែលខ្លួនបានទទួលយក។
ការបំពាននេះ បានក្លាយជាគោលដៅវាយប្រហារ ទៅលើសេរីភាពបញ្ចេញមតិ ដែលអាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងតិច ៩៤នាក់ តាមអំពើចិត្ត ចាប់តាំងពីខែកក្កដាមក ពីបទ រិះគន់ជាសាធារណៈចំពោះផែនការអភិវឌ្ឍរបស់រដ្ឋាភិបាលជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
ក្នុងចំណោមនោះ យ៉ាងហោចណាស់ មនុស្ស៣៣នាក់ ប្រឈមនឹងការចោទប្រកាន់ ពីបទរៀបចំផែនការ និងញុះញង់ដែលអាចផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។
អាជ្ញាធរនៅតែបន្តកំណត់គោលដៅ និងចាប់ខ្លួនសកម្មជនបរិស្ថាន អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិសិទ្ធិការងារ សម្រាប់ការងាររបស់ពួកគេក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ជុំវិញបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ជំរុញទៅដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាលផ្សេងទៀត ដែលបានបណ្តាក់ទុននៅកម្ពុជា គួរតែអំពាវនាវជាសាធារណៈ និងរួមគ្នាឱ្យបញ្ឈប់ការរំលោភលើសេរីភាពនៃការបញ្ចេញមតិ ការចូលរួមនយោបាយ និងការជួបប្រជុំដោយសន្តិវិធី៕