ជនរងគ្រោះទាមទារឱ្យតុលាការរឹបអូសទ្រព្យអ្នកស្រី ម៉ន ដានី ក្រោយសមត្ថកិច្ចចាប់ខ្លួន

ជនរងគ្រោះទិញផ្ទះបង់លុយផ្តាច់នៅបុរីរបស់អ្នកស្រី ម៉ន ដានី ក្នុងខេត្តកំពង់ស្ពឺ ជាង៣ឆ្នាំតែ មិនបានផ្ទះ ទាម​ទារ​ឱ្យតុលាការរឹបអូស​ទ្រព្យស​ម្បត្តិ​ម្ចាស់​បុរីរូប​នេះ សង​ពួក​គេ​វិញ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បំណុល ខណៈ​វិធាន​ចាប់​ខ្លួន​អ្នក​ស្រី ម៉ន ដានី ក្នុង​ពេល​ថ្មីៗនេះ ជាមន្ទិល​ថា ជា​ល្បិច​ស្អំចិត្ត​អតិថិជន​មិន​ឱ្យ​តវ៉ា​ដូច​រឿង​ក្តី​ឆបោក​របស់​ឧកញ៉ា​ខិល​ខូច​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ។

ការ​ទាមទារនេះ ធ្វើ​ឡើង​ក្រោយ លោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនបូរី (ខេភី) ត្រូវ​បាន​សារព័ត៌​មាន​ក្នុងស្រុក​ចុះ​ផ្សាយ​ថា មន្រ្តីនគរបាល​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​បាន​ឃាត់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥ នៅ​ច្រក​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ខណៈ​លោក​ស្រី​គ្រោង​ឆ្លង​ដែន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។

ការឃាត់ខ្លួននេះ តាម​រយៈ​ដីកា​បង្គាប់​របស់​សាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាល​ពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ២០២៤ ក្រោមបទ​ចោទ មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូ​រ​បាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២៣។

ចំពេល​អ្នកស្រី ម៉ន ដានី ត្រូវ​ចាប់ខ្លួនបែបនេះ អតិថិជនម្នាក់គឺ លោក អិន នួន បាន​ទាម​ទារ​ឱ្យ​តុលាការ​​រឹប​អូស​ទ្រព្យ​សម្បត្តិ​មក​សង​លោកវិញ។

បើតាម​លោក អិន នួន គាត់​បាន​ចំណាយ​លុយ ១៥០០០​ដុល្លារ ជាលុយ​ខ្ចី​ធនាគារ​យក​ទៅ​ទិញ​ផ្ទះ​នៅបុ​រី​ម៉ន ដានី នៅ​ឃុំព្រះនិព្វាន្ត ខេត្តកំពង់ស្ពឺ ជាង៣ឆ្នាំហើយ តែមិ​ន​បាន​ផ្ទះទេ​ ខណៈ​បច្ចុប្បន្ន​លោក​ចំណាក​ស្រុក​មក​បើក​រ៉ឺម៉ក​កង់បី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត និងសង​ទៅ​ធនាគារ​ជិត​៤រយ​ដុល្លារ​ក្នុង​មួយ​ខែៗ។

លោកថា៖ «ខ្ញុំទៅរត់​កង់បី​នៅ​ភ្នំពេញ​គ្មាន​កន្លែង​ជ្រក​កោន ខ្ញុំសម្រាកនៅលើកង់បី ខំប្រឹង​រក​លុយ​សង​ធនាគារ ទី​ជម្រក​ក៏​អត់​មាន​ពិត​ប្រាកដ។ ទិញដើម្បីមានទីជម្រកបានជ្រកកោន បាន​ភាព​កក់​ក្តៅ​ក្នុង​ជីវិត។ ទិញហើយអត់​បាន​ចឹង! ខ្ញុំសម្រាកលើ​កង់​បី ហើយ​យើង​វ័យ​ចំណាស់​ដែរ ​វា​ផល​វិបាក​ធ្ងន់​ធ្ងរ។ បើមិន​បាន​សង់​ផ្ទះ​ឲ្យ​ធ្វើការ​ដោះដូរ​ជាកញ្ចប់​ថវិកា​ ឱ្យមក​ពួក​យើង​ខ្ញុំ ឲ្យ​គាត់​លក់​កេរ្តិ៍មរតក លុយ​កាក់​គាត់ ប្រមូលទៅត្រូវ​យក​មក​សាងស​ង់​ឲ្យ​ពួក​យើង ព្រោះ​ទិញ​ផ្ទះ​ចង់​បា​ន​ផ្ទះ បើគាត់​មិន​អាច​សាង​សង់​បាន ប្រគល់ថវិកាសងត្រឡប់មកវិញ »

VOD បានព្យាយាមទាក់ទងអ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ លោក ទូច សុខៈ តែ​គ្មាន​អ្នក​លើក​ទូរសព្ទ ខណៈ​អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមឃឿន បាន​ចុច​ផ្តាច់​ទូរសព្ទ នៅពេល​មាន​ការ​ហៅ​ចូល​ជាច្រើនលើកនៅថ្ងៃទី១៧ ខែមករានេះ។

លោកស្រី ម៉ន ដានី កាល​ពីខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើលិខិតលែងលះជាមួយស្វាមី គឺ​លោក ឃុន​​ថាវង្ស ផង​ផាន ជនជាតិឡាវ ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹង​គំរោង​បូរី ដីធ្លី ជាមួយ​អតិថិជន​រាប់​ពាន់​គ្រួសារ​នៅ​បុរី ខេភី ម៉ន ដានី ស្ថិត​នៅ​ឃុំ​ព្រះ​និព្វាន្ត ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ។

ជុំវិញ​រឿង​នេះ ក្រុមអតិថិជនបានផ្ទុះការតវ៉ា​ជា​ច្រើន​ដង តែ​គ្មាន​ដំណោះ​ស្រាយ ហើយ​ពួក​គេ​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​មាន​ផ្ទះជា​ប់​គាំង​សាង​សង់​ប្រមាណ​៦០០០ផ្ទះ។

អំឡុងខែឧសភា ឆ្នាំ២០២៤ ក្រុមអតិថិជនប្រមាណ២០០នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ឱ្យ​អ្នក​ស្រី ម៉ន ដានី ដោះ​ស្រាយ​ការ​ទិញ​ផ្ទះមិ​ន​បាន​ផ្ទះ ហើយ​ក្នុង​ពេល​នោះ​​មាន​អ្នក​តវ៉ា ៣នាក់​ត្រូវ​បាន​ចាប់ខ្លួន ជំរុ​ញឱ្យ​អ្នក​តវ៉ា​ផ្សេងៗទៀតរំសាយការប្រមូលផ្តុំភា្លមៗ។

ក្រោយឃុំខ្លួន​បាន​១យប់ ពួកគេត្រូវដោះលែងឱ្យមានសេរីភាពវិញ ហើយ​ក្រុម​ជន​រង​គ្រោះ​បាន​រក្សា​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ ដោយសំអាងថា បារម្ភពីសុវត្ថិភាព។

លុះ៦​ខែ​ក្រោយ ពោលគឺនៅខែតុលា ឆ្នាំ២០២៤ អតិថិជន​រងគ្រោះ​គ្រោង​ជួប​ជុំ​គ្នា​ជាថ្មី​ប្រមូល​ស្នាម​មេដៃ រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ តែត្រូវ​បាន​រំសាយ​វិញ​ដោយ​សំអាង​ថា អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ ប្រាប់​មិន​ឱ្យ​មាន​ការ​ជួបជុំ​ប្រមូលផ្តុំ ផ្តិតស្នាមមេដៃ​នោះ​ទេ ព្រោះ​មន្រ្តី​ជំនាញ​កំពុង​ដោះស្រាយ​ករណី​នេះ។

VOD បានព្យាយាមទាក់ទងអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភណ្ឌ តែមិន​មាន​អ្នក​ទទួល​ទូរសព្ទ។

យ៉ាងណាក្តី ប្រធាន​អង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា បើគ្រាន់តែចាប់ខ្លួនអ្នកស្រី ម៉ន ដានី  តែគ្មាន​ចំណាត់​ការ​រឹប​អូស​ទ្រព្យ​មក​សង​ជន​រង​គ្រោះ​ទេ នោះ​វា​មិន​មែន​ជា​យុត្តិធម៌​ពិត​ប្រាកដ​​សម្រាប់​ពលរដ្ឋនោះទេ។

លោកថា៖ «គឺយើង​ចង់​ឃើញ​ធ្វើការ​ដក​ហូត​ទ្រព្យ​សម្បត្តិ ឬ​ក៏​ទូទាត់​នូវ​សំណង​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ខូច​ខាត​ក្នុង​ការ​ទិញ​ដូរ​ផ្ទះ​សម្បែង​ឬក៏​ដីធ្លី​ដែល​បាន​ទិញ​យក​មក​ហើយ​អត់​ធ្វើការ​មិន​បាន​ទូទាត់​សំណង​អី​ទាំង​អស់​ហ្នឹង។ ចឹ​ង​គួរ​តែ​មាន​វិធានការ​បែប​ហ្នឹង គួរ​តែ​ពិនិត្យ​មើល​ទ្រព្យ លើ​ឧកញ៉ា​រូប​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​ធ្វើការ​រឹប​អូស​នូវ​ទ្រព្យ​សម្បត្តិ និង​ធ្វើការ​ទូទាត់​សំណង​ជូន​ប្រជាពលរដ្ឋ​អាហ្នឹង​ទើប​ជា​ការ​អនុវត្ត​មួយ​ដែល​ប្រជាពលរដ្ឋ​ចង់​បាន»

ដោយឡែក តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា កន្លង​ទៅ​ទោះ​ជាមា​ន​ការ​ចាប់​ខ្លួន​ក្រុម​ឈ្មួញ​ទុច្ចរិត ឬ​ឧកញ៉ាខិ​ល​ខូច​ក្តី តែវា​គ្រាន់​តែ​ជា​សេណា​រីយូ​រំងាប់​កំហឹង​ជន​រង​គ្រោះ​​កុំ​ឱ្យ​ងើប​តវ៉ា​តែប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់​ថា បញ្ហាច​ម្បង​ធំ​២ធ្វើ​ឱ្យ​គ្មានការរឹបអូសទ្រព្យមក​សង​ពលរដ្ឋ​វិញ គឺ​ការ​ឆបោក​នេះ​វា​មាន​ជាប់​ពាក់​ព័ន្ធ​ជ្រៅជាមួយ​មន្រ្តី​មាន​អំណាច និង​ការ​ដឹកនាំ​បែប​ឯកបក្ស​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​តាម​បែបប្រជាធិបតេយ្យ។

លោកថា៖ «ទោះបីជារដ្ឋាភិបាល​ធ្វើ​អាក្រក់​យ៉ាង​ម៉េច​ក៏ដោយ មិន​បំរើ​ប្រជាពលរដ្ឋ​ម៉េច​ក៏​ដោយ គឺ​ការ​បោះ​ឆ្នោត​កន្លង​មក រឺក៏ទៅអនាគត គឺ​គណបក្សប្រជាជន​នៅ​តែ​ឈ្នះដ​ដែល​ទេ។ ការ​ឈ្នះ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺគ​ណបក្ស​ប្រជាជន​ដឹក​នាំ​រដ្ឋាភិបាល​លែង​ខ្វល់​ពី​ភាព​ថ្នាំង​ថ្នាក់ ឬ​ខឹង​សម្បារពី​ប្រជាពលរដ្ឋ។ យើង​ដឹង​ហើយ​ថា​អំណាច​បាន​មក​ពី​ការ​បោះ​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ ប៉ុន្ដែ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត ក៏​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​ហ្នឹង នៅតែ​បន្តឈ្នះ​ហើយ​ដឹក​នាំ​រដ្ឋាភិបាល​បន្ត​ទៀត។ ដូច្នេះ​ចង់​មិន​ចង់ គឺ​អត់​មាន​គណបក្ស​ប្រឆាំង​អត់​មាន​ការ​ប្រកួត​ប្រជែង​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើស​រើស​គណបក្ស​ផ្សេង​មក​ដឹក​នាំ​ប្រទេស! គណបក្ស​ប្រជាជន​អាច​ជិះ​សេះ​លែង​ដៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន»។  

រយៈពេ​លប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានអ្នករងគ្រោះយ៉ាងតិច៣ម៉ឺននាក់ ដែល​ចាញ់​បោក​គម្រោង​អចលទ្រព្យ​ ដូច​ក្រុម​ហ៊ុន​អ្នក​ស្រី ម៉ន ដានី ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ។

ករណីទាំ​ង​នោះមា​ន​ដូចជា អតីតឧកញ៉ា ជា សារ៉ន ហ៊ី គឹម​ហុង ឡេង ចាន់ណា ឡេង ណា​វ៉ា​ត្រា ក្រុម​ហ៊ុន CIC ក្រុមហ៊ុនភូមិខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយរៀង ជាដើម ខណៈ​មេក្រុមហ៊ុន​ទាំង​នោះ​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ​ក្តី តែ​គ្មាន​វិធាន​រឹប​អូស​ទ្រព្យមកស​ងជន​រងគ្រោះវិញទេ។

ការរាលដាននៃអំពើឆបោក​នេះ អ្នកឃ្លាំមើលយល់ថា វាកើត​ចេញ​ពី​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​និយម ដែល​ចរន្ត​ដឹកនាំ​បែប​នេះ​ជំរុ​ញឱ្យ​មាន​អំពើ​ពុក​រលួយ​ខ្ពស់ ពង្រីក​អំពើ​អយុត្តិធម៌​កាន់​តែច្រើ​ន ហើយ​ប្រព័ន្ធ​ច្បាប់​មិន​អាច​រកយុត្តិធម៌ឱ្យពលរដ្ឋទ​ន់ខ្សោយ​បាន​ទេ ហើយ​ពលរដ្ឋ​នឹង​រង​គ្រោះ​តជំនាន់ បើ​គ្មាន​ចរន្ត​កែ​លម្អរទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ