ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ផ្ញើសារទៅមេដឹកនាំកម្ពុជា គ្រួសារហ៊ុនជាថ្មីទៀត ឱ្យប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ(ICJ) ដើម្បីការពារកោះគុត ដែលថៃកំពុងគ្រប់គ្រងទាំងស្រុង។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមធ្វើបាតុកម្ម បាននិយាយថា ការប្រើយន្តការអន្តរជាតិ ដើម្បីទាមទារចំណែកកោះគុត ជាជម្រើសដ៏ត្រឹមត្រូវមួយ ធ្វើឱ្យពលរដ្ឋគ្រប់ភាគីអាចទទួលយកបាន ក្រោយតុលាការអន្តរជាតិសម្រេចបែបណានោះ មិនមែនជាការដុតឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាងដូចដែលបក្សកាន់អំណាចលើកឡើងនោះទេ។
លោកថា៖ «អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ថៃខ្លាចអាហ្នឹងបំផុតថាបើសិនជាកម្ពុជាប្តឹងករណីកោះគុត នៅតំបន់ត្រួតស៊ីគ្នាទៅតុលាការអន្តរជាតិ គឺថៃចប់ហើយ យើងអភ័ព្វដែលមានមេដឹកនាំមិនស្នេហាជាតិដឹងថា ថៃខ្លាចតុលាការអន្តរជាតិហើយ កម្ពុជាមានសិទ្ធិទាមទារយកកោះគុតមកវិញ តាមរយៈតុលាការអន្តរជាតិហើយ តំបន់ត្រួតស៊ីគ្នា៣០ពាន់គីឡូម៉ែត្រការ៉េមកវិញហើយ ប៉ុន្តែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិ»។
ការទាមទារពីសំណាក់ខ្មែរនៅអាមេរិកនេះ ដូចគ្នានឹងករណីធ្វើឡើងនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលីដែរ ខណៈមេដឹកនាំខ្មែរ គ្រួសារហ៊ុននៅរក្សាភាពស្ងៀមស្ងាត់ មិនប្តឹងករណីកោះគុតនេះទៅតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី។
បាតុកម្មនេះ ធ្វើឡើងនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែមករានេះ ដែលមានអ្នកចូលរួមប្រមាណជា ២០០នាក់។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់ចោទក្រុមប្រឆាំងថា ការបំផុសរឿងបាត់បង់ទឹកដីទៅប្រទេសវៀតណាម និងថៃនេះ ជាការបញ្ឆេះកំហឹងឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង។
យ៉ាងណា លោក ហ៊ុន សែន រងការចោទថា ការក្តោបអំណាចជាង៤ទសវត្សរ៍ទៅនេះ បានគំរាមរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោល បើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្តលេខា ធ្វើឱ្យព្រំដែនខុសច្បាប់រស់នៅឡើងវិញ ដើម្បីបម្រើមហិច្ឆតាវៀតណាមលេបទឹកដី។
មាត្រា៤៤០នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា អ្នកធ្វើឱ្យបាត់បង់ទឹកដីទាំងស្រុង ឬមួយផ្នែក ជាទង្វើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
យ៉ាងណាក្រុមអ្នកធ្វើបាតុកម្ម ក្រៅពីរំឭកមេដឹកនាំគ្រួសារហ៊ុនឱ្យការពារទឹកដី តាមយន្តការអន្តរជាតិ ពួកគេក៏បានទាមទារឱ្យ លោក ហ៊ុន ម៉ាណែត លុបចោលអនុសារណៈយោគយល់ឆ្នាំ២០០១ (MOU 2001 ឬ MOU44) ដើម្បីរួមគ្នាការពារកោះគុត កោះខ្មែរ និងទាមទារឱ្យស្វែងរកយុត្តិធម៌លើឃាតកម្មលោក លិម គិមយ៉ា ផងដែរ៕