គណបក្សកម្លាំង​នឹង​ដាក់​កម្រង​ផ្កា​រំលឹក​ខួប​២១​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាត​លើ​លោក ជា វិជ្ជា

គណបក្សកម្លាំងជាតិ នឹងដាក់កម្រងផ្ការំលឹកខួប២១ឆ្នាំ ​នៃ​មរណភាព ប្រធាន​សហជីព​ដ៏​ល្បី​ល្បាញ នៅ​​ក្បែ​​រ​ទីតាំងនៃការធ្វើឃាត កាលពីខែមករា ឆ្នាំ២០០៤។

គណបក្សកម្លាំងជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែមករា​នេះ​ថា ថ្នាក់​ដឹកនាំ​គ​​ណ​ប​ក្ស​​ក្រៅ​​រដ្ឋាភិបាល​មួយ​នេះ នឹង​យក​កម្រង​ផ្កាទៅគោរព​​​​វិញ្ញាណក្ខន្ធលោក ជា វិជ្ជា ក្បែរវត្តលង្កា នៅថ្ងៃទី២២ ខែ​មករា ខាងមុខនេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណបក្សកម្លាំង​ជាតិ ចាត់​ទុក​ថា ក្នុ​​ង​​រ​​យៈ​​ពេល២១ឆ្នាំមកនេះ លោក ជា វិជ្ជា នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ដោយសារ​ទាំង​ឃា​​​ត​ក​​រ​ពិត​ប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នង នៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់រហូតមក។

លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវឃាតករបាញ់​សម្លាប់ នៅនឹង​​​តូ​ប​​​លក់​កាសែត កែងវត្តលង្កា រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្រោយ​កើត​ហេតុ មនុស្ស​២នាក់ ត្រូ​​វ​បាន​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា ជាឃាតករ​បាញ់​សម្លាប់ ប្រធាន​សហជីព​រូប​នេះ។ ក្រោ​​យជាប់​ឃុំ​​អស់​​ជា​​ច្រើនឆ្នាំ និងរកមិនឃើញពីអំពើល្មើស ទាំង​លោក សុខ សំអឿន និង​ប៊ន សំណាង ត្រូវ​បាន​​គេដោះ​​លែ​ង​​វិញ។ គិតពីថ្ងៃផ្តល់សេរីភាពសេរីភាព ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់ ដែលគ្មានសំណង នៃ​ជំងឺ​ចិត្ត និង​ប៉ះប៉ូវ​កា​រ​​ខូច​ខា​តកិត្តិយស រហូត​មក​ដល់​ពេល​នេះ ទាំងឃាតករពិត និងអ្នកបញ្ជានៅក្នុងសំណុំ​រឿង​នៃ​ប​ទឧក្រិដ្ឋ​​នេះ​​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។

ជារៀងរាល់ឆ្នាំទាំងមេដឹកនាំសហជីព និង​គណបក្សនយោបាយដែលមានសំឡេងជំទាស់​ តែង​ដាក់​ក​ម្រង​​ផ្កា នៅ​ទីតាំងរូប​សំណា​ក់​រប​ស់​​​លោក ដែលសាងសង់នៅជ្រុ​ងម្ខាងនៃសួនច្បា​រផ្នែក​ខាង​លិ​ច នៃ​វិមាន​ឯករា​ជ្យ​​។ ពួកគេ​តាំង​ផ្ញើសារ និង​អំពាវនាវស្វែងរកយុត្តិធម៌ជាញឹកញាប់ ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ គ្មានតម្រុ​​យណាមួយ ដែលបង្ហាញថា អំពើឃាតកម្មនេះ អ្នក​ប្រព្រឹត្ត​បទ​ល្មើស ត្រូវបានគេ​នាំខ្លួនមកផ្ត​ន្ទាទោស​នៅ​ឡើ​​​យ​ទេ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ