មន្ត្រីរក្សា​ភាព​ស្ងៀម​ស្ងាត់​លើ​វិធាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ឱ្យ​ថៃ​ក្នុង​សំណុំ​រឿងឃាតកម្ម

ក្រសួង​ពាក់ព័ន្ធរបស់កម្ពុជា មិនផ្តល់​ព័ត៌មាន​ជុំវិ​ញវិធាន​ចាប់​បញ្ជូន​ជន​សង្ស័យ​២នាក់ ក្នុង​ករណី​ឃាតកម្ម​បាញ់​សម្លាប់ លោក លិម គិមយ៉ា តាម​ការស្នើសុំពីភាគី​ថៃ និង​ប៉ូលិស​អន្តរជាតិ​អាំង​ទែប៉ូល ដើម្បី​ស្វែង​រ​ក​អ្នក​ពាក់​ព័ន្ធ ខណៈ​ជនសង្ស័យ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច។

តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវបាន​ខ្មាន់​កាំភ្លើង​ស៊ី​ឈ្នួល​ថៃ បាញ់​សម្លាប់​នៅ​ទីក្រុង​បាង​កក កាល​​ពី​ថ្ងៃទី៧ ខែមករា ដែល​ធ្វើ​ឱ្យជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​៣គ្រាប់ ខ​ណៈលោក និង​ភរិយា ធ្វើ​ដំណើរ​ចេញពីខេត្ត​សៀម​រាប។

ក្រោយចាប់​បាន​ខ្មាន់​កាំភ្លើង ប៉ូលីស​អន្តរជាតិអាំង​តែប៉ូល ចេញ​ប្រកាស​ឱ្យ​ចាប់​ខ្លួន​ជន​សង្ស័យ ឈ្មោះ​ពេជ្រ គឹម​ស្រ៊ិន ដែល​ជន​សង្ស័យ​រូប​នេះ ត្រូវគេស្គាល់ថា កូន​ចៅ លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ និង​ជា​មនុស្ស​ជំនិត នឹង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ។

ដោយឡែក ជន​សង្ស័យ​ម្នាក់​ទៀត ឈ្មោះ លី រតនរស្មី ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ផង​ដែរ ខណៈ​ទទួល​បាន​ចម្លើយ​ពី​ខ្មាន់​កាំភ្លើង​ថា គាត់​ជា​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិម​យ៉ា។

គិតមកដល់ពេលនេះ មានរយៈ​ពេល​ជិត​២០​ថ្ងៃ​ហើយ ដែល​ជន​សង្ស័យ​ទាំង​ពីរ មិន​ទាន់​ត្រូវ​បាន​គេ​ទម្លាយ​ថា នឹង​បញ្ជូន​ម​ក​ឱ្យ​ភាគី​ថៃ ដើម្បី​ផ្តន្ទា​ទោស​នៅពេលណានៅឡើយទេ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ នៅថ្ងៃទី​២០ ខែ​មករា​នេះ មិន​ឆ្លើយ​នឹង​សំណួរ​វីអូឌី​តាម​ប្រព័ន្ធ​តេឡេក្រាម ខណៈទូរសព្ទរបស់លោក ត្រូវបានចុចផ្តាច់ច្រើនដងពេលហៅចូល។

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និ​ងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ក៏មិនលើកទូរស័ទ្ទ។

ដោយឡែក អ្នកនាំពាក្យអគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន វិញ​VOD​បាន​ព្យាយាម​ទាក់​ទង​តាម​ទូរសព្ទ​ជាច្រើន​ដង តែទូរសព្ទ​របស់លោកគ្មានអ្នកទទួល។

ក្រោយមកលោកបានឆ្លើយតបតាម​ប្រព័ន្ធ​តេឡេក្រាម​ថា «លោកមានការអី ដាក់​សំណួរ​មក​ចុះ» តែមក​ដល់​ម៉ោង​ផ្សាយ លោក​មិន​ឆ្លើយសំណួរ​ដែលវីអូឌី​សួរ​ថា តើកម្ពុជា​នឹង​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​អ្នក​ដែល​តុលាការ​ថៃ និង​ប៉ូលីស​អាំង​ទែប៉ូល​ឱ្យទៅតុលាការ​ថៃ​ដែរ​ឬ​ទេ? នោះនៅឡើយ​ទេ បើទោះ​បី​លោក​បាន​ចូល​មើល​សំណួរ។

ជុំវិញ​រឿង​នេះ តំណាង​រាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់​វីអូឌី​នៅថ្ងៃទី២០ខែ​មក​រា​នេះ​ថា ការ​មិន​អើ​ពើ​ចាប់​បញ្ជូន​ជន​សង្ស័យ​ទាំងពីរនេះ ឆ្លុះបញ្ចាំង​ថា មេដឹកនាំ​គ្រួសារហ៊ុន ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក លិម គិមយ៉ា នេះ។

លោកថា៖ «រឿង​ពិត​ប្រាកដ​ជា​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​នៅ​ពីក្រោយ​ខ្នង​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឬ​ត្រកូលហ៊ុន ទើប​រដ្ឋាភិបាល​មិន​អាច​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ហ្នឹង ដើម្បី​មក​ផ្តន្ទា​ទោស​ដោយ​តុលាការ​ខ្មែ​រ​ក៏ដោយ ឬ​ក៏​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ថៃ​ គេ​កាត់​ទោស​ក៏​រហូត​មក​ដល់​ថ្ងៃ​នេះ​ហើយ គឺ​អត់​ទាន់​ចាប់​ខ្លួន​បាន បើ​តាម​យើង​ដឹង​គឺ​អ្នក​ទាំង​២ នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ មិន​ទាន់​ចេញ​ទៅ​ណា​នោះ​ទេ ហើយ​យើង​មើល​សកម្មជ​ន​របស់​បក្ស​ប្រឆាំង តែ​២៤​ម៉ោង ជួន​កាល​មិន​ដល់​ផង ទោះ​បី​ទៅ​ដល់​កន្លែង​ណា​នៅ​ស្រុក​ខ្មែរ​គេ​ចាប់​បាន​ហើយ កុំថា​ឡើយ​នៅ​ស្រុក​ខ្មែរ​ទៅ​ដល់​ថៃ ម៉ាឡេស៊ី ឬ​ចាប់​បាន​ទៀត ចុះ​ទម្រាំ​នៅ​ស្រុក​ខ្មែ​រ លោក ហ៊ុន សែន គាត់​និយាយ​ថា​តែ​១០​នាទី​ គឺចាប់​បាន ចុះ​ហេតុអ្វី​២​នាក់​នោះ​ចាប់​មិន​បាន»។

សម្រាប់​ លោក អ៊ុំ សំអាន ឃាតក​រពិត នៅ​ពី​ខាង​ក្រោយ​ឃាត​កម្មនេះ អាជ្ញាធរ​កម្ពុ​ជា​នឹង​មិន​ហ៊ាន​វែង​មុខ ដរាណា​គ្រួសារហ៊ុន​បន្តដឹក​នាំប្រទេស។

លោកថា៖ «ឆ្លុះបញ្ចាំងពីគ្រួសារ​ហ៊ុន​ហ្នឹង គឺ​ជា​មេខ្លោង​ធំ​នៅពីក្រោយខ្នងនៃឃាតកម្មនេះ ហើយ​លាក់​បាំង​ការ​ពិត​នៃ​អំពើ​ឃាតកម្ម​ហ្នឹង ហើយ​បង្ហាញកា​ន់​តែ​ច្បាស់​ថា​ត្រកូល​ហ៊ុន ប្រាកដ​ជា​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្ម​នេះ​ ចឹង​ហើយ​បាន​ជា​គ្មាន​បំណង​គ្មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​អ្នក​ទាំង​២នាក់ ទៅ​ឱ្យ​តុលាការ​ថៃ​ ឬ​ក៏​តុលាការ​បារាំង​នៅ​ពេល​ខាង​មុខ​ទេ»។

យ៉ាងណាកន្លងទៅ ទាំងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បដិសេធ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​នេះ​ទេ។

លោក​ថា៖ «ចឹង​ខ្ញុំនិយាយ​ឱ្យ​ខ្លី​គឺ​ថា​គ្មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ទេ ហើយ​បាតុភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​បាង​កក វាជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ថៃ ​ហើយ​និងរា​ជរដ្ឋាភិបាល​ថៃ អត់​មាន​ពាក់​ព័ន្ធ​អី​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។

ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា ការ​បន្ត​រក្សា​ភាព​ស្ងៀម​ស្ងាត់​របស់​មេដឹកនាំ​គ្រួសារ​ហ៊ុន សបញ្ជាក់​ថា គាត់​ជា​អ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់ លោក លិម គិមយ៉ា។

លោកចោទជា​សំណួរ​ថា ហេតុអ្វី​រដ្ឋាភិបា​ល​គ្រួសារ​ហ៊ុន មិន​ហ៊ាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ទាំ​ង​២នាក់​នោះ​ឱ្យ​តុលាការថៃកាត់ទោស។

លោកថា៖ «លោក ហ៊ុន សែន ហ្នឹង​អត់​ទុក​អ្នក​ណា​នៅ​ក្នុង​ភ្នែក​គាត់​ទេ បើមាន​រឿង​ហើយ​គឺ​ដោះ​ដៃ​ហើយ​ ហើយ​ទុក​គេ​ជា​សត្វ​ពពែ អ្នក​ក្រោម​ឱវាទ​ចាត់​ទុក​គេ​ជា​សត្វពពែ រង​គ្រោះជំ​នួស​ខ្លួន​ឯង មាន​គំនិត​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ និង​ការ​សម្លាប់​មនុស្ស សម្លាប់​លោក លិម គិមយ៉ា ហើយ ហើយ​ចង់​ដោះ​ដៃ​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង និង​ក្រុម​គ្រួសារ​ខ្លួន​ឯង»។

យ៉ាង​ណា លោក​គិត​ថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ ឬការចោទប្រកាន់​នានា ពីម​ហា​ជន រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ត្រូវ​ហ៊ាន​ចាប់​បញ្ជូន​ខ្លួន​ជនស​ង្ស័យ​ទាំង២នាក់នោះ ឱ្យភាគីថៃសាកសួរចម្លើយ។

លោកថា៖ «បើគេមាន​ការស៊ើបអង្កេតឲ្យមែនទែន គាត់​ដោះ​ខ្លួន​មិន​បាន​ទេ ក៏ប៉ុន្តែ​លោក​ស៊ើប​អង្កេត​លោក ហ៊ុន សែន យ៉ាង​ម៉េច បើលោ​ក ហ៊ុន សែន ជាមេដឹក​នាំ​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​លោក​ ហ៊ុន សែន មាន​បំណង​បំបិទ​តាំង​ពី​ភស្តុ​តាង បំបិទ​តាំង​ពី​លិខិត​ស្នាម​ក្លែង​បន្លំ​លិខិត​ស្នាម​ ដើម្បី​គេច​រត់​យក​រួច​ខ្លួន​ហើយ​អ្នកណាទៅ​ហ៊ាន​ស៊ើប​អង្កេត​ លោក ហ៊ុន សែន ហើយ​មន្ត្រី​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​ហ៊ានស៊ើប​​អង្កេតដែរ!»។

កាលថ្ងៃទី១៥ ខែម​ករា នគរបាល​អន្តរ​ជាតិ អាំងទែប៉ូល (Interpol) បាន​​ចេញ​​និវេទន៍​​ក្រហម (Red notice) ​​​​​​​ឱ្យស្វែងរក​ចាប់​ខ្លួ​ន​​អ្នក​ផ្តល់​​តម្រុ​យ ​​​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា ។

ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញ​ដីកា​​ឱ្យ​តា​​ម​ចា​​​ប់ខ្លួ​ន​ជន​សង្ស័យ​ លី រតនរស្មី តាម​ចម្លើយ​សារភាព​របស់​ខ្មាន់​កាំភ្លើង ដែល ឈ្មោះ លី រតនរស្មី ត្រូវបាន​លោក ហ៊ុន សែន តែង​តាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា នៅដើមឆ្នាំ២០២៤។

កាលពីថ្ងៃ៧ ខែមករា ឆ្នាំ​២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបាន​ឃាតករ​បាញ់ប្រហារ​​នៅក្បែរ​ទីតាំងវត្ត​ Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមាន​វ័យ ៧៣​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ ក្រោយ​រង​ការ​បាញ់​ប្រហារ​ចំនួន​៣​គ្រាប់។

ក្រោមកា​រដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាង​៤ទសវត្សរ៍ទៅ​នេះ មនុស្ស​ជាច្រើន​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ក្នុង​នោះមា​ន​ទាំង​អ្នកសារព័ត៌មាន ព្រះតេជគុណធម្មវិបស្សនា សំ ប៊ុនធឿន មេដឹកនាំ​សហជី​​ព​សេរី​កម្មករ លោក​ ជា វិជ្ជា។

ក្រៅពីនេះ សកម្មជនការពារព្រៃឈើ លោក​ ឈុត​ វុទ្ធី និងការសម្លាប់លោក បណ្ឌិត កែម ឡី និ​ង​សកម្មជន​គណបក្ស​ប្រឆាំង រាប់​សិប​នាក់​ទៀត ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត ដោយ​វាយ​សំដៅ​ក្បាល ដែល​ខ្លះ​ស្លា​ប់ ខ្លះ​ពិការ​មួយ​ជិវិត តែ​ជនដៃ​ដល់​មិន​ត្រូវបានប្រព័ន្ធយុត្តិធម៌នាំខ្លួន មក​ផ្តន្ទាទោស​ទេ សូម្បី​មួយ​ករណី។

បញ្ហាទាំង​អស់​នេះ ត្រូវ​បាន​សហគមន៍ជាតិ និងអន្តរជាតិស្តីបន្ទោសថា ប្រព័ន្ធ​យុត្តិធម៌ បាន​បរាជ័យ​ផ្តល់​យុត្តិធម៌​ឱ្យ​ជន​រងគ្រោះ ជំរុញ​ឱ្យ​កម្ពុជា​រអិល​យ៉ាង​លឿន ទៅ​រក​របប​ដឹកនាំ​បែប​គ្រួសារ​និយម​ផ្តាច់​ការ បំពាន​រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ដែលនឹងគំរាមកំហែង​ដល់​ជីវិ​តពលរ​ដ្ឋរាប់​លាន​នាក់​ទៀត បើប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មិន​អាច​កាត់​ទោស​កំហុស​មេដឹក​នាំ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ