ថៅកែក្រុមហ៊ុន៨០០ស៊ូភើហ្គា ខេមបូឌា ឯ.ក (800 Super-GAEA (CAMBODIA) CO.,LTD) យល់ព្រមទទួលយកលក្ខខណ្ឌការងារដែលកម្មករទាមទារ និងទទួលយកតំណាងសហជីពចំនួន ៤នាក់ ឱ្យចូលធ្វើការងារវិញ ក្រោយកម្មកររាប់សិបនាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ាទ្រង់ទាយធំនៅមុខក្រុមហ៊ុនក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក រៀន ទីណាត អះអាងជាកម្មករធ្វើការនៅក្រុមហ៊ុន៨០០ស៊ូភើ ដែលជាក្រុមហ៊ុនគ្រប់គ្រងសំណល់រឹងនោះ មានប្រសាសន៍ថា ការតវ៉ារបស់កម្មករបានចាប់ផ្តើមកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រោយក្រុមហ៊ុន បានបញ្ឈប់តំណាងកម្មករចំនួន ៤នាក់ ពីការងារ បន្ទាប់ពីពួកគាត់បានរួមគ្នាបង្កើតសហជីពក្នុងក្រុមហ៊ុន។ តំណាងកម្មករទាំង ៤នាក់នោះ រួមមានឈ្មោះ រ៉ង សារ៉ាយ, ស្វាយ ឡាំវិច្ឆិកា, សេង សុថាវង្ស និង គង់ សុរិន។
កម្មកររូបនេះបន្តថា ក្រៅពីការបញ្ឈប់តំណាងកម្មករហើយ ខាងក្រុមហ៊ុនក៏មិនបានគោរពទៅតាមច្បាប់ការងារ ដូចជា មានការគាបសង្កត់កម្មករ មិនអនុញ្ញាតឱ្យមានការបង្កើតសហជីព និងការបើកប្រាក់បំណាច់ឆ្នាំ និងអតីតភាពការងារមិនទៀងទាត់ជាដើម។
លោកថា៖«ខាងក្រុមហ៊ុនគាបសង្កត់ពួកខ្ញុំ ហើយធ្វើការរាល់ថ្ងៃនេះគ្មានច្បាប់គ្មានទម្លាប់ទេ គឺខាងក្រុមហ៊ុនអត់ធ្វើការតាមច្បាប់ការងារទេ ដល់ចឹងហើយពួកខ្ញុំស្នើសុំឱ្យតាមច្បាប់ក្រសួង»។
កម្មករធ្វើការនៅក្រុមហ៊ុន៨០០ស៊ូភើ មួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា ការដែលក្រុមហ៊ុនបញ្ឈប់តំណាងកម្មករទាំង៤នាក់នេះ ដោយសារតែពួកគេបង្កើតសហជីពក្នុងក្រុមហ៊ុន ដើម្បីការពារផលប្រយោជន៍កម្មករ និងអ្នកបើកបរឡានប្រមូលសំរាម ដែលការបញ្ឈប់នេះ លោកយល់ថា ក្រុមហ៊ុនមានការរើសអើងសហជីព។
លោកថា៖ «ចង់បង្កើតសហជីព ប៉ុន្តែខាងក្រុមហ៊ុនហ្នឹងគាត់អត់ទទួលស្គាល់ពីខាងយើងបង្កើតសហជីពហ្នឹង គាត់អត់ចង់ទទួលស្គាល់ ចឹងបានន័យថាខាងក្រុមហ៊ុនហ្នឹងបញ្ឈប់ពួកគាត់៤នាក់ចោល។ សុំឱ្យក្រុមហ៊ុនហ្នឹង ឱ្យពួកគាត់៤នាក់ហ្នឹងចូលបម្រើការងារនៅក្នុងក្រុមហ៊ុនវិញ»។
តែយ៉ាងណា ប្រធានសហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍ លោក ទូច កុសល ដែលចូលរួមក្នុងការចរចារកដំណោះស្រាយវិវាទការងារនេះ បានឱ្យដឹងថា ក្រោយការចរចា ថៅកែក្រុមហ៊ុនបានឯកភាពទទួលយកសំណើររបស់កម្មករ ដោយយល់ព្រមកែសម្រួលលក្ខខណ្ឌការងារទៅតាមការទាមទាររបស់កម្មករ និងទទួលយកតំណាងកម្មករចូលធ្វើការវិញ។
លោកថា៖ «ការចរចានេះ មិនមានការគំរាមកំហែងទេ ហើយខ្ញុំឃើញជំហរទាំងអភិបាលរងរាជធានីភ្នំពេញ ទាំងខាងក្រសួងការងារ ក៏ដូចជាក្រុមហ៊ុន ជាពិសេសខាងក្រសួងការងារ គាត់បាននិយាយពីការអនុវត្តមិនត្រឹមត្រូវរបស់ក្រុមហ៊ុនដែរ ដូចជាការឈប់សម្រាកប្រចាំសប្តាហ៍ដែលមិនឱ្យកម្មករឈប់ មួយសប្តាហ៍មួយថ្ងៃហ្នឹង គឺក្រសួងបាននិយាយដែរថា ការអនុវត្តនេះមិនត្រឹមត្រូវ ការឈប់សម្រាកប្រចាំឆ្នាំក៏ចឹងដែរ គឺអនុវត្តមិនត្រឹមត្រូវអីចឹងកន្លងមក យើងឃើញថា នៅពេលដែលក្រុមហ៊ុនអត់សប្បាយចិត្ត គាត់តែងបញ្ឈប់បងប្អូនកម្មករតាមចិត្ត ឥឡូវយើងមានសហជីពតំណាងហើយ អីចឹងមានបញ្ហាអីអាចបងប្អូនកម្មករយើងជួបតំណាងរបស់ពួកគាត់ទៅ ដើម្បីឱ្យតំណាងរបស់ពួកគាត់ធ្វើការដោះស្រាយបញ្ហាជូនពួកគាត់ ជាពិសេសពាក់ព័ន្ធនឹងផលប្រយោជន៍ដែលមានចែងក្នុងច្បាប់»។
ក្រោយមានការឯកភាពគ្នា ក្រុមកម្មករប្រមូល និងដឹកជញ្ជូនសំរាមក្នុងក្រុមហ៊ុន៨០០ស៊ូភើ បានរំសាយការតវ៉ា និងព្រមចូលធ្វើការងារវិញ នៅថ្ងៃចន្ទនេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាងក្រុមហ៊ុន៨០០ស៊ូភើ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានទេនៅរសៀលនេះ។
កាលពីដើមខែតុលា ឆ្នាំ២០២០ កម្មករជាង២ពាន់នាក់ នៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ក៏ធ្លាប់បានធ្វើកូដកម្មមិនប្រមូលសំរាម ដែលនាំឱ្យមានវិបត្តិសំរាមនៅរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃផងដែរ។ ការតវ៉ានៅពេលនោះ កម្មករទាមទារប្រាក់ឧបត្ថម្ភផ្សេងៗ ខណៈរដ្ឋបាលរាជធានីភ្នំពេញ កំពុងពិនិត្យឡើងវិញលើកិច្ចសន្យាប្រមូលសំរាមផ្តាច់មុខនៅក្រុងភ្នំពេញជាមួយនឹងក្រុមហ៊ុនស៊ីនទ្រី។
ក្រោយមក នៅខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាល ក៏បានសម្រេចជ្រើសរើសក្រុមហ៊ុនចំនួន០៣ ដើម្បីធ្វើប្រតិបត្តិការការងារក្នុងការប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ ក្នុងនោះ មានក្រុមហ៊ុន ៨០០ស៊ូភើ ផ្តល់សេវាក្នុងតំបន់ទី១ ដែលមាន ៥ខណ្ឌ គឺខណ្ឌទួលគោក, ខណ្ឌសែនសុខ, ខណ្ឌឫស្សីកែវ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់សេវាក្នុងតំបន់ទី២ ដែលមាន ៥ខណ្ឌ គឺខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌដង្កោ, ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនស៊ីនទ្រី (CINTRI) ផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ គឺខណ្ឌចំការមន, ខណ្ឌបឹងកេងកង, ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
បើតាមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ម សារិន ដែលថ្លែងក្នុងពេលជួបកម្មករប្រមូលសំរាមកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៣នេះ បាននិងកំពុងប្រតិបត្តិការការងាររបស់ខ្លួន ដោយប្រមូលនិងដឹកជញ្ជូនសំរាម បានប្រមាណ ៣ ៧០០តោន ក្នុងមួយថ្ងៃ ខណៈដែលកាលពីមុនការប្រមូលនិងដឹកជញ្ជូនសំរាម បានត្រឹមតែ ២ ៧០០តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕