ក្មួយប្រសារលោក ហ៊ុន សែន គឺលោក ម៉ៅ ធនិន រងការចោទថា បានច្បាមយកដីពលរដ្ឋជាង ៤០ហិកតា ប៉ះពាល់ដល់ពលរដ្ឋជិត ២០គ្រួសារ នៅតំបន់ភ្នំទ្វា ខេត្តកំពត តាមរយៈការប្រើល្បិចបញ្ចូលជាដីរដ្ឋ តែយកឈ្មោះម្តាយបង្កើតរបស់ខ្លួនដាក់ជាកម្មសិទ្ធិ និងបានគំរាមពលរដ្ឋមិនឱ្យបែកធ្លាយពត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ។
រឿងអាស្រូវរំលោភយកដីរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតរូបនេះ ធ្លាប់ត្រូវបានពលរដ្ឋទម្លាយប្រាប់ VOD ម្តងរួចហើយកាលពីជិត ២ខែ មុនពោលគឺនៅថ្ងៃទី២៨ ខែវិឆ្ឆកា ឆ្នាំ២០២៤។
ប៉ុន្តែពលរដ្ឋបានស្នើឱ្យ VOD ផ្អាកផ្សាយវិញ ដោយសំអាងថា លោក ម៉ៅ ធនិន សន្យាផ្តល់ដំណោះស្រាយ ក្រោយទទួលដំណឹងថា នឹងបែកធ្លាយរឿងនេះតាមប្រព័ន្ធផ្សព្វផ្សាយ តែលោកបន្តគេចវេស មិនដោះស្រាយជិត ២ខែ ទៅនេះ។
បន្ថែមលើនេះ លោក ម៉ៅ ធនិន ថែមទាំងគំរាមថា បើមានការផ្សព្វផ្សាយមែន អ្នកផ្តល់ព័ត៌មាន ឱ្យ VOD នឹងប្រឈមមុខផ្លូវច្បាប់ផងដែរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី អះអាងថាប្រជាពលរដ្ឋរងគ្រោះម្នាក់ប្រាប់ VOD នៅថ្ងៃទី២០ ខែមករា នេះថា ដីរបស់លោកជិត ៥ហិកតា នៅតំបន់ភ្នំទ្វា ក្នុងភូមិល្អាង ស្រុកដងទង់ ដែលទិញតាំងពីឆ្នាំ១៩៩៩ មក ត្រូវបានលោក ម៉ៅ ធនិន ច្បាមយកប្រមាណ ៨ខែ មកហើយ។
បើតាម លោក អ៊ូច វុឌ្ឍី មានពលរដ្ឋជិត ២០គ្រួសារ កំពុងរងគ្រោះ ដែលបាត់បង់ដី ជាង ៤០ហិកតា នៅតំបន់ភ្នំទ្វា ក្រោយលោក ម៉ៅ ធនិន រួមដៃជាមួយមន្រ្តីពាក់ព័ន្ធ យកដីនោះដាក់ជាសម្បត្តិរបស់រដ្ឋ ប៉ុន្តែបែរជាកាត់ឆ្វៀលដីនោះ ដាក់ឈ្មោះម្តាយរបស់ខ្លួន គឺអ្នកស្រី គង់ ម៉ៃ ធ្វើជាម្ចាស់កម្មសិទ្ធិទៅវិញ។
លោកថា៖ «ដីខ្ញុំយល់អ៊ីចឹងទៅណាខ្ញុំឆ្លើយ ប៉ុន្តែអ្នកស្រីបានទិញលក់មែនខ្ញុំឲ្យយកឯកសារមកដាក់លើតុទាំងអស់បៀវត្សរ៍ពាន់នាក់ហើយថារាល់ឆ្នាំឲ្យរដ្ឋត្រឹមត្រូវលោក សុក រដ្ឋា ល្បីលើសពីការលេងល្បែងឆ្ពឹនភ្នែករដ្ឋ ឲ្យមកយកចាស់វស្សាខ្លួនឯងទៅរកលុយនេះទៅក្រុមហ៊ុននោះ ដែលប្រជាជនឈឺចាប់ ដែលប្រជាពលរដ្ឋនៅហ្នឹងគាត់ឈឺចាប់ ទិញលក់ត្រឹមត្រូវនៃបទដឹកឈើអ៊ីចឹងហើយខ្ញុំរកដំណោះស្រាយសន្តិវិធីត្រជាក់ ត្រជាក់ គេឲ្យបានឲ្យដូច យើងសុខចិត្ត គេរីកសុះសាយជឿថាលោក អ៊ុច រីដ លើជីវិតជនជាតិអីហ្នឹង ដូចជាកាលបរិច្ឆេទបិទច្រក ឲ្យដាក់ឲ្យធ្វើអីកើត»។
ប្រភពដដែលបន្តថា ក្រោយបែកធ្លាយពត៌មាននេះកាលពីអំឡុងខែវិឆ្ឆកា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន បានទាក់ទងទៅលោកផ្ទាល់ និយាយពីដំណោះសា្រយថាសន្យាផ្តល់ជាថវិកាមួយចំនួន និងជាស្រូវអង្ករថែមទៀត ដោយមិនបញ្ជាក់ចំនួនជាក់លាក់ទេ តែរហូតមកដល់ពេលនេះលោកបន្តគេចវេស មិនរកដំណោះស្រាយនោះទេ។
លោកថា៖ «ខ្ញុំទាក់ទងតាំងពីថ្ងៃ ដែលគាត់តេមកគំរាមខ្ញុំកុំឲ្យផ្សព្វផ្សាយ តាមព័ត៌មានហ្នឹង បុណ្យសមុទ្រហើយ ខ្ញុំទាក់ទងគាត់ ៤ដង។ ក្នុងនាមយើងស្គាល់គ្នារាប់អានគ្នា ខ្ញុំ (ម៉ៅធនិន) ដោះជាអង្ករ ក៏ជាលុយអីឲ្យបាន ឲ្យយកដីវិញអត់បាន! យកម៉េច បើដាក់ឈ្មោះម៉ែ ខ្លួនឯងហើយ»។
បន្ថែមលើនេះពលរដ្ឋបានទម្លាយថា លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ត្រូវបានលោក ម៉ោ ធនិន ដកដំណែង ដោយឱ្យលោក ព្រាប សុផាត អនុប្រធានមន្ទីរសុរិយោដីខេត្តកំពត កាន់តំណែងជំនួសវិញ។
ការទម្លាក់តំណែងនេះក្រោយលោក ដាញ់ សារី បដិសេដមិនព្រមរួមគំនិតកាត់ឆ្វៀលដី តាមការចង់បានរបស់លោក ម៉ៅ ធនិន។
VOD បានទាក់ទង អភិបាលខេត្តកំពត លោក ម៉ៅ ធនិន កាលពីថ្ងៃទី២៨ ខែវិឆ្ឆកា ឆ្នាំ២០២៤ នៅពេលទទួលបានដំណឹងពីពលរដ្ឋ តែលោកបានច្រានចោលការចោទប្រកាន់នេះ។
លោកថា៖ «អត់មានអ្នកណាទៅយករបស់ អ្នកណាទេ។ ដីហ្នឹងដីភ្នំរបស់រដ្ឋតើ អូនមកមើលជាក់ស្ដែង កុំទាន់ជឿ។ ដើម្បីឱ្យមានភាពត្រឹមត្រូវ ដើម្បីរក្សានូវតម្លៃ ប្អូនមកមើលទីតាំងជាក់ស្តែង បើសិនជាប្អូនអត់ស្គាល់ មកស្រុក សួរស្រុកក៏បាន ឱ្យនាំមកមើល កន្លែងហ្នឹងទីតាំងមុខម៉ែម៉ៅហ្នឹង»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថា បើសិនលោក ម៉ៅ ធនិន បានគំរាមមិនឱ្យពលរដ្ឋផ្តល់ពត៌មានឱ្យអ្នកកាសែត ឬការសម្តែងមតិពីភាពអយុត្តិធម៌ ដូចការចោទពិតមែន នោះការរំលោភសិទ្ធិធ្ងន់ធ្ងរ បន្ថែមលើភាពអយុត្តិធម៌ ដែលពលរដ្ឋបានបាត់បង់ដីធ្លី។
លោកជំរុញឱ្យស្ថាប័នថ្នាក់ជាតិបង្កើតគណកម្មការឯករាជ្យមួយ ស៊ើបអង្កេតលើរឿងនេះ ដោយតម្លាភាពដើម្បីផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។
លោកថា៖ «បើសិនជាមានករណីកើតឡើងពីបញ្ហាហ្នឹងវិញ អានេះវាជារឿងមួយកាន់តែធ្វើឲ្យមានរូបភាព នៃការរំលោភសិទ្ធិកាន់តែធ្ងន់ធ្ងរថែមទៀត លើសពីអ្វីដែលមានបញ្ហាដីធ្លីទៀត។ ជារួមបញ្ហាដីធ្លីវាជារឿងមួយ ដើម្បីការពារនូវផលប្រយោជន៍ភាគីទាំងសងខាង ប៉ុន្តែប្រសិនបើភាគីណាមួយទៅរំលោភ ទៅគំរាមកំហែង សម្លុត បំភិតបំភ័យ មិនឲ្យគេដាក់បណ្ដឹង ឬក៏មិនឲ្យគេតវ៉ា ខ្ញុំថាអាហ្នឹងជារឿងមួយដាច់ដោយឡែកមួយទៀត ដែលវាពាក់ព័ន្ធទៅនឹងការរំលោភទៅលើសិទ្ធសេរីភាព របស់ភាគី ឬក៏សិទ្ធិសេរីភាពរបស់ពលរដ្ឋ»។
លោក ម៉ៅ ធនិន ជាអតីតអភិបាលខេត្តពោធិ៍សាត់ ហើយបានផ្លាស់ប្ដូរ ឱ្យទៅគ្រប់គ្រងខេត្តកំពត ជំនួសលោក ជាវ តាយ។
លោក ម៉ៅ ធនិន បានរៀបការជាមួយអ្នកស្រី ហ៊ុន ចាន់ធី កូនស្រីរបស់អ្នកស្រី ហ៊ុន ប៊ុនធឿន ប្អូនស្រីពៅរបស់ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន។ លោក ម៉ៅ ធនិនគឺជាក្មួយប្រសារបស់លោក ហ៊ុន សែន។
ក្នុងជួរគណបក្សកាន់អំណាចវិញ លោក ម៉ៅ ធនិន ជាសមាជិកមជ្ឈិមបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពត។ ក្រៅពីរឿងអាស្រូវយកដីនៅតំបន់ភ្នំទ្វាហើយនោះ លោក ម៉ៅ ធនិន ក៏រងការចោទថា បានដើរទន្រ្ទានយកដីរដ្ឋ ដូចជានៅភ្នំថ្កូវ នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក និងតំបន់ព្រែកត្នោត នៅស្រុកទឹកឈូ ដែលប៉ះពាល់ដល់ពលរដ្ឋជិត ១០០គ្រួសារ តែអ្នកភូមិមិនហ៊ានតវ៉ាទេ ព្រោះខ្លាចអំណាចលោក ម៉ៅ ធនិន៕