បទអត្ថាធិប្បាយ៖ ដើម្បីក្តោបអំណាច​តពូជ​ លោក​​ ហ៊ុន​ សែន ​ប្រើ​គ្រប់​មធ្យោ​បាយ​​តាម​កម្ទេច​ក្រុម​​ប្រឆាំង

បើទោះបីរដ្ឋ​ធម្មនុញ្ញ​ ចែង​ថា កម្ពុជាអនុវត្តរបប​ប្រជាធិបតេយ្យ​​សេរី​ពហុ​បក្ស​ក្តី តែ​មេដឹក​នាំ ​លោក ហ៊ុន សែន ដើម្បី​​ឱ្យ​​ខ្លួន​​អាច​​ក្តោប​អំណាច​​ណែន​នៅ​ក្នុង​​ដៃ និង​​អាច​​ផ្ទេរ​​អំណាច​​បាន​តកូន​តចៅ​ ​​អតីត​កម្មាភិបាល​ខ្មែរ​​ក្រហម​រូប​នេះ ដែល​​​បច្ចុប្បន្ន​​ជាប្រធានព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​ប្រធាន​បក្ស​កាន់​អំណាច​ផង​នោះ ​​តែង​​តែ​ប្រើ​​គ្រប់​​​ល្បិច​កិច្ច​កល់​​​ទាំង​ស្រប​ច្បាប់ ទាំង​​មិន​ស្រប​ច្បាប់​​ រួម​ទាំង​ទម្រង់​ព្រៃ​ផ្សៃ​​ ក៏​​មេដឹកនាំរូបនេះ ​ហ៊ាន​ធ្វើដែរ​ ដើម្បី​ផ្តួល​គូ​ប្រជែង​នយោបាយ ​របស់​​ខ្លួន​​ដោយ​​មិន​​គិត​ពីផល​ប្រយោជន៍​មុខមាត់​កម្ពុជា​នោះ​​ឡើយ​។​​

ជ្រុងមួយនៃបន្ទាត់នយោបាយនេះ ​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​ កាន់សញ្ជាតិ​បារាំង​ លោក លិម គិមយ៉ា​ ត្រូវ​​បាន​​ខ្មាន់​កាំភ្លើង​ស៊ីឈ្នួល​ជនជាតិថៃ​ បាញ់​សម្លាប់​នៅកណ្តាល​ទីក្រុង​បាងកក ប្រទេស​ថៃ​ កាលពីថ្ងៃទី​៧​ ខែមករា ​ឆ្នាំ២០២៥។

ចាប់តាំងពីពេល​នោះ​មក ​​ប៉ូលិស​​ថៃ​ បាន​លាតត្រដាង​​ជាបន្តបន្ទាប់ ​​ពីលទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដោយ​​បង្ហាញ​ថា អំពើ​​ឃាតកម្ម​នេះ មាន​ការ​​រៀបចំឡើងជាប្រព័ន្ធ​​បញ្ជា​ចេញ​ពីកម្ពុជា​ ដោយ​​មាន​​ការ​ចូល​រួម​ពីមនុស្ស​ជាច្រើន​នាក់ ទាំង​ជន​ជាតិខ្មែរ​ និង​ជនជាតិថៃ​។

 រហូត​មក​ដល់ពេលនេះ មានរយៈពេលកន្លះខែហើយ ក្រៅពីចាប់​ខ្លួន​ខ្មាន់កាំភ្លើង ​និង​​អ្នក​​បើ​ក​បរ​​រថយន្ត​​ជនជាតិថៃ ​សរុប​​២នាក់​ តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ​ ក៏​ចេញ​ដីកា​ឱ្យ​តាម​ចាប់​​ខ្លួន​ជន​ជាតិ​ខ្មែរ​​២នាក់​​ទៀត គឺ​​ឈ្មោះ​ ពេជ្រ គិមស្រ៊ិន ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល និង​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួង ស្រេង និង​ឈ្មោះ ស៊ុម​វ៉ាំង បាំរុង​គីត ជា​ឈ្មោះ​ភាសា​ថៃ ​របស់​លោក លី រតនរស្មី អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​​កម្ពុជា​​ និង​ត្រូវ​បាន​តែង​តាំង​​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន​។​

ប៉ុន្តែ​​ទើប​តែនៅ​ថ្ងៃទី១៧ ​ខែមករា ​ឆ្នាំ​២០២៥​​នេះ ក្រុម​អ្នក​គាំទ្រគណបក្ស​ប្រជាជនកម្ពុជា​​ ទើប​តែ​​បាន​​ធ្វើការ​ផ្សព្វ​ផ្សាយ​សេចក្តីសម្រេច​ដែល​​ថា លោក លី រតនរស្មី ត្រូវ​បាន​បញ្ចប់​តួនាទី​​ជាទី​ប្រឹក្សា​ លោក ​ហ៊ុន សែន​ តាំង​​ពី​ថ្ងៃទី១៣ ​ខែមីនា ​ឆ្នាំ​២០២៤​ ​មក​​ម្ល៉េះ។

សម្រាប់​អ្នកប្រើប្រាស់បណ្តាញ​សង្គមជាច្រើន​ មិនជឿឡើយ​​ដោយ​ចូលទៅបញ្ចេញមតិថា សេច​ក្តី​សម្រេច​នេះ​​ទើប​​​តែ​ចេញថ្មីៗ​នេះ ​ឬក៏​ចេញ​នៅថ្ងៃទី១៦ ឬទី១៧​ ខែមករា ឆ្នាំ២០២៥​នេះ​​តែប៉ុណ្ណោះ ​គឺ​បន្ទាប់​​ពីតុលាការ​ថៃ ​បាន​ចេញដីកាតាម​ចាប់ខ្លួន​ជន​នេះ​ និង​​ស្នើ​ឱ្យ​កម្ពុជា​ចាប់​បញ្ជូន​ជន​នេះ និង​ឈ្មោះ ​ពេជ្រ គឹមស្រ៊ិន​ ​ទៅ​កាត់​ទោស​នៅ​ថៃ ដើម្បី​បង្ហាញពីការ​កាត់​ផ្តាច់​​ការ​​ជាប់​ពាក់​ព័ន្ធ​​របស់​ លោក ​ហ៊ុន សែន​ ក្នុង​អំពើ​ឃាតកម្ម​​នយោបាយ​ឆ្លង​ដែននេះ ខណៈ​ដែល​សារព័ត៌មាន​ជាច្រើន​​នៅក្នុង​ប្រទេសថៃ​ បាន​ធ្វើអត្ថាធិប្បាយ​មិន​សំចៃ​​ថា ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា ​នៅ​​ពី​ក្រោយ​​​ការ​​បាញ់​​សម្លាប់ ​​លោក ​លិម​ គិមយ៉ា។​

 សូមបញ្ជាក់ថា អំពើ​ឃាតកម្ម​​បាញ់សម្លាប់អ្នកនយោបាយ​ខ្មែរ​ ដែល​ធ្វើឱ្យ​មាន​ការ​តក់ស្លុត ​និង​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​នៅពេញ​ពិភពលោក​នេះ រហូត​មក​ដល់ពេល​នេះ ​ទាំង​​លោក ​ហ៊ុន សែន ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​​ហ៊ុន ម៉ាណែត​ គឺ​នៅ​សម្ងំស្ងៀម​​​ មិន​និយាយ​អ្វីឡើយ​​សូម្បី​​តែ​​ការ​ចេញ​លិខិត​ចូល​​រួម​​សម្តែងមរណទុក្ខ​ដល់​ក្រុមគ្រួសារ​សព លោក ​លិម គិមយ៉ា​ មួយ​​​សន្លឹក​​​ក៏គ្មាន​ផង​។

ប៉ុន្តែ​ទន្ទឹម​នឹងភាព​ស្ងប់​ស្ងាត់នេះ ក្រុម​​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​​​ទាំង​អ្នក​ល្បីឈ្មោះ​ និង​​អ្នក​​មិន​​ល្បីឈ្មោះ​ បាន​​ចេញ​មុខ​មក​ធ្វើអត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ព្រោង​ព្រាត​​ ដោយ​​ចាត់​​ទុក​អំពើ​ឃាតកម្ម​​ទៅ​លើ​លោក​ លិម គិមយ៉ា នេះ​ថា ជា​សកម្ម​ភាព ​«ស្វាស៊ីបាយ​លាបមាត់​ពពែ»។

តើអ្វីទៅ​ជាស្វាស៊ីបាយ​លាបមាត់ពពែ? តាម​សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងការ​ទូត​ខ្មែរ-អង់​គ្លេស-​បារាំង របស់​ក្រុម​ប្រឹក្សា​ជាតិភាសាខ្មែរ​​បាន​ពន្យល់ និងឲ្យនិយមន័យ​ពាក្យ​«ស្វាស៊ី​បាយ​លាប​មាត់​ពពែ» ថា​ជាការ​ចង់​សំដៅ​លើល្បិច​កល​របស់​អ្នក​នយោបាយ ឬ​ក្រុម​ណា​មួយ​ដែល​បំភាន់​ការ​ពិត ដោយ​​យក​​​កំហុស​របស់ខ្លួនទៅ​ទម្លាក់ដាក់ឲ្យអ្នកដទៃ​ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស។

​«ស្វាស៊ីបាយ​លាបមាត់​ពពែ» ​ដែល​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​លើក​ឡើង​នេះ គឺ​​បាញ់​​សំ​ដៅ​​​ចំៗ​ទៅ​លើ​ករណីឃាតកម្ម​លើ ​លោក ​លិម គិមយ៉ា ​ថា​ធ្វើឡើង​​ដោ​យ​ក្រុម​​ លោក ​សម រង្ស៊ី ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ ​លោក ​ហ៊ុន សែន ​ប្រធានគណបក្ស​​កាន់​អំណាច​​។

ក្រុមនេះ​ ​បាន​លើក​ឡើង​ថា ពួកគេជឿថា​ លោក ​ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​​​ប្រមាណ​​៤០ឆ្នាំ​​មក​​ហើយ មិន​ឆោតល្ងង់​ដល់ថ្នាក់ទៅធ្វើអំពើ​នេះទេ ​​ពីព្រោះ​អំពើឃាតកម្មនេះ​ មិនមាន​ទទួល​បាន​​ផល​ប្រយោជន៍​ដល់​​ លោក ​ហ៊ុន សែន ​ឡើយ​​​ក្នុង​កំឡុង​ពេល​ដែល​កូនប្រុសរបស់​​លោក​គឺ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ កំពុង​ដឹកនាំប្រទេស​នោះ​។

 ក្រុម​នេះ​ ​បាន​លើកឡើងទៀត​ថា ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗ​ដែល​ជះឥទ្ធិពល​ខ្លាំង​​ទៅ​​​លើ​​សង្គម និង​នយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះជា​ដើម សំណួរ​ដ៏សំខាន់​បំផុត​ដែល​ត្រូវ​សួរ​មុន​គេ​ គឺ​ថា «តើអ្នក​ណា​ទទួល​ផល​ចំណេញ​ពី​រឿង​នេះ?» សំណួរនេះ​ពិត​ជាសំខាន់​ខ្លាំង​ណាស់ ពីព្រោះ​​ការ​​ជួល​ឃាតករ​សម្លាប់​មនុស្ស​ជា​រឿង​ធំ​ណាស់ និង​ប្រថុយ​ប្រថាន​ណាស់ ដូច្នេះទាល់តែ​មាន​ផល​ចំណេញ​ធំ​ទើប​គេ​សម្រេច​ចិត្ត​ធ្វើ​កើត។

ក្រុម​ដដែល​​នេះ ​បន្តថា ឥឡូវ​យើង​សាក​ល្បង​ស្វែងរកចម្លើយដោយផ្តោតលើ​ភាគី​សំខាន់​ពីរ​គឺ​រដ្ឋាភិ​បាល​គណបក្សប្រជាជន​កម្ពុជា​ ដែលកំពុងកាន់អំណាច និងក្រុមប្រឆាំង។

តើរដ្ឋា​ភិបាល លោក ហ៊ុន ម៉ាណែត ដែល​កំពុងដឹកនាំប្រទេសបានចំណេញ​អ្វី​ពី​ឃាតកម្ម​បែប​​នេះ? ចម្លើយគឺ​​រដ្ឋាភិបាលគ្មានផល​ចំណេញ​អ្វីទាល់តែសោះ ចំពោះករណីឃាតកម្ម​លើ​​លោក លិម គិម​យ៉ា។ មិ​ន​ត្រឹមតែមិនចំណេញ ​តែ​ទទួលការខាតបង់ធំធេង ពីព្រោះ​បើ​​មាន​ឃាតកម្ម​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​ច្បា​​​ស់​ណាស់​ថា មតិមហាជនច្បាស់ជា​សង្ស័យ​​ទៅ​លើ​បក្ស​កាន់​អំណាច​ដែល​ជា​គូ​បដិ​បក្ខ​របស់​​ជន​រងគ្រោះ។

មួយវិញទៀត បើពិនិត្យ​លើ​សកម្មភាពនយោបាយរបស់ លោក លិម គិមយ៉ា វិញ គាត់​មិន​មែន​ជា​មនុស្ស​ដែល​មាន​​ឥទ្ធិពល​សំខាន់ នៅក្នុង​ឆាកនយោបាយនោះ​ទេ។

 ដូច្នេះក្រុម​គាំទ្រគណបក្ស​ប្រជា​ជន​​ចោទ​សួរថា តើរដ្ឋាភិបាលមានការ​ចាំបាច់​អ្វី​ដែល​ត្រូវ​ជួល​មនុស្ស​ឱ្យ​ធ្វើ​ឃាត​លោក លិម គិមយ៉ា? ពួកគេថា និយាយ​ពី​លោក លិម គិមយ៉ា នេះទៀតសោត លោក​ក៏មិន​មែន​ជាគូ​​បដិបក្ខអ្វី​ជាមួយ​​គណបក្សកាន់អំណាចដែរ ប៉ុន្តែផ្ទុយទៅវិញ លោក លិម គិម​យ៉ា ដែល​​ជា​ខ្សែ​ខាង​ ​លោក កឹម សុខា គឺ​ជា​សត្រូវ​ធំ​របស់​ក្រុម​​លោក សម រង្ស៊ី នៅក្នុង​អតីត​គណបក្ស​​សង្គ្រោះ​​ជាតិ​។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ទាំង​នេះ ​លើក​ឡើង​ថា ដូច្នេះទោះចង់​​មិន​​ចង់ ​បើ​ពិនិត្យ​ទៅ​លើ​ផល​​ប្រ​យោជន៍​​​ពីការ​​សម្លាប់ ​លោក ​លិម គិមយ៉ា ​នេះ​គឺ​ក្រុម​លោក ​សម រង្ស៊ី ​ទៅ​​វិញទេ​​ដែល​ជាអ្នកធ្វើ​«ស្វាស៊ីបាយ​លាបមាត់ពពែ»​។

ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍នយោបាយ ​ដែល​មិន​ចំណុះ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​​ មិន​យល់​ស្រប​​នឹង​​ការ​លើកឡើង​ទាំងនេះទេ ដោយ​ចោទសួរ​និង​លើកឡើង​ពី​ទឡ្ហីករណ៍ ​ដែល​​លោក​ហ៊ុន សែន ​បាន​​ធ្វើកន្លង​មក​ ដូចជា ការបង្កើតតំបន់​អប្បគមន៍​នៅក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រដ្ឋប្រហារ​សម្លាប់​​មន្ត្រីថ្នាក់ដឹកនាំគណបក្ស​ហ៊្វុនស៊ីន​ប៉ិច ​ដែលជា​​អ្នក​ស្នេហារ​ជាតិ​ជាង​១០០​​​នាក់ កាលពីឆ្នាំ១៩៩៧ ការធ្វើ​ឡប់​ឡែ​​ដើម្បី​ឱ្យ​មាន​សន្ធិសញ្ញា​ព្រំដែន​​បំពេញ​​បន្ថែម​​កម្ពុជា​-វៀត​​ណាម​ឆ្នាំ​២០០៥ ដែល​បាន​ធ្វើឡើង​ដោយ​ខុសច្បាប់​ ​ក្នុង​ឆ្នាំ​​៨២-៨៣-៨៥​ បែរ​ជាស្រប​​ច្បាប់​ធ្វើ​ឱ្យ​បាត់បង់ទឹកដីកម្ពុជា​​ទៅ​​វៀត​ណាម​ តើ​​បាន​​ផល​ចំណេញ​​អ្វី​ខ្លះ​ដល់​ប្រទេសកម្ពុជា ​និង​ប្រជាជន​ខ្មែរ?

 លើសពីនេះ ការ​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករដឹកនាំដោយ ​លោក ​សម រង្ស៊ី ​កាលពី​ខែមីនា ឆ្នាំ​១៩៩៧ ការ​​បាញ់​​សម្លាប់​​ព្រះ​តេជ​​គុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ២០០៣ ការ​បាញ់​សម្លាប់ ​លោក ជា វិជ្ជា មេ​​ដឹកនាំ​សហជីព​ក្នុង​ឆ្នាំ២០០៤ ការ​បាញ់​សម្លាប់ ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធន​ធាន​​ធម្មជាតិ ក្នុង​​ឆ្នាំ​២០១២ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម នៅ​ខែ​កក្កដា ឆ្នាំ២០១៦ ​និង​ការ​សម្រុក​ចូល​ទៅ​ចាប់​​ខ្លួន ​លោក ​កឹម សុខា​ ទាំង​ពាក់​កណ្តាល​​អាធ្រាត្រ​ ទាំង​លោក​​នៅ​មានអភ័យ​ឯក​សិទ្ធិសភា និង​​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​​មាន​​ប្រជាពលរដ្ឋ​ស្ទើ​កន្លះ​ប្រទេស​គាំទ្រ ​ធ្វើឱ្យកម្ពុជា​បាត់បង់​​EBA ២០ភាគរយ ​និង​កំពុង​ប្រឈម​​នឹងការ​បាត់​បង់ EBA ១០០% ដែល​​​អ្នក​​តាម​ដាន​ស្ថានការណ៍​នយោបាយ​ លើកឡើងថា សុទ្ធ​​តែ​ត្រូវ​បាន​ធ្វើឡើង​ដោយ ​លោក​ ហ៊ុន សែន ថា ​តើ​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វីខ្លះ ដល់កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ? គឺមិន​មាន​ផ្តល់​ប្រយោជន៍​អ្វី​ទេ​ ថែម​ទាំ​ង​ធ្វើឱ្យ​កម្ពុជា​មាន​​កេរ្តិ៍​​ឈ្មោះ​មិន​​ល្អ លើ​ឆាកអន្តរជាតិ និង​ធ្វើឱ្យប៉ះពាល់​​ដល់សេដ្ឋកិច្ចកម្ពុជា ​កាន់​តែខ្លាំង​ទៀតផង ។

ប៉ុន្តែសួរ​ថា ហេតុអ្វីក៏ លោក ​ហ៊ុន សែន​ នៅ​តែហ៊ាន​​ធ្វើ? នោះ​​គឺ​ដើម្បី​តែខ្លួន​អាច​ក្តោបអំណាច​ណែននៅក្នុង​​ដៃ និង​អាច​ផ្ទេរ​អំណាច​បាន​តកូនតចៅ​​តែប៉ុណ្ណោះ។

 ទាក់ទង​នឹង​រឿង​ឃាតកម្ម ​លើលោក លិម គិមយ៉ា ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោ​បាយ​មើល​​ឃើញ​ថា​ កើតមាន​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពីខែ​វិច្ឆិកា​​ ឆ្នាំ២០១៧ មក លោក​ លិម គិមយ៉ា តែងតែ​ប្រើ​ហ្វេសប៊ុករិះគន់​​ត្រង់​ៗ​ទៅ​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន ទាក់ទ​ង​​នឹង​​រឿង​​​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិប​តេយ្យនៅ​កម្ពុជា និង​​ថែម​ទាំង​រិះគន់​លើ​បញ្ហា​​កោះគុត ផង​ដែរ។

លើសពីនេះ​ មុន​ការ​បាញ់​សម្លាប់​នេះ៤​ថ្ងៃ គឺនៅ​ថ្ងៃទី៣ ​ខែ​មករា លោក លិម គិមយ៉ា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ធ្វើការ​រិះគន់​រឿង​អគ្គិភ័យ​​ឆាប​ឆេះ ព្រះឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ ដែល​​ព្រឹត្តិការណ៍​​នេះ​​រៀបចំ​​ដោយ​កូន​ប្រុស​​ពៅ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី។

លោក លិម គិមយ៉ា លើក​ឡើង​ថា ព្រឹត្តិការណ៍សាទរ​កម្ពុជា រហូត​ធ្វើ​ឱ្យ​ព្រះឆាយាល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​​ឆេះ​​​នេះ គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។ លោក​ថា ពលរដ្ឋ​ខ្មែរ​​បាន​អំពាវនាវ​ដល់​​រដ្ឋាភិបាល ឱ្យ​​គោរព​សិទ្ធិមនុស្ស និង​ផ្ដល់​យុត្តិធម៌ គឺ​​គ្រ​ប់គ្រាន់​​ហើយ និង​​​​​​មិន​ចាំបាច់​ចំណាយ​​ថវិកាជាតិ​​រៀបចំ​​ព្រឹត្តិ​ការ​ណ៍​​ដូច​​លោក ហ៊ុន ម៉ានី រៀបចំ​ឡើយ។ គ្រាន់​តែ​ប៉ុណ្ណឹង​សោះ​រដ្ឋាភិបាល​​ធ្វើ​មិន​​បាន តើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី?

 បន្ថែមពី​នេះ ​ដោយ​សំអាង​ទៅលើ​ការ​ប្រើ​ពាក្យ​សម្តីហិង្សា​របស់​លោក ​ហ៊ុន សែន ​ដែល​តែង​តែ​ថ្លែង​​ជាសាធា​​រណៈ​ផង ​និង​សារ​បែកធ្លាយ​ផង បាន​បញ្ជា​ឱ្យ​ថ្នាក់​ដឹក​នាំ និង​សកម្ម​ជន​គណ​បក្ស​ប្រជា​ជន​​ តាម​​កម្ទេច តា​ម​​កម្ចាត់ ងើប​មួយ​វ៉ៃមួយ​ បិទទ្វារ​វ៉ៃ​ឆ្កែ​ជាដើម​ ទៅ​​លើ​ថ្នាក់​ដឹក​នាំ ​និង​សកម្ម​ជនអតី​ត​​គណបក្ស​សង្គ្រោះ​ជាតិ​។

ហើយកន្លងមកមាន​​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើននាក់ ត្រូវ​បាន​​ក្រុម​បាត​ដៃ​ទី​​៣​​​តាម​វ៉ៃដំ​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ មាន​​ខ្លះ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​​ខ្លាំង​ពេក ​ក្រោយ​មក​បាន​ស្លាប់​ក៏មាន។ ប៉ុន្តែ​សមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​គ្រួសារ​​ហ៊ុន មិ​ន​ដែល​បាន​ចាប់​ក្រុម​បាត​ដៃ​ទី​៣​​យក​​មក​​ផ្តន្ទា​ទោស​នោះ​ទេ។

 លើសពីនេះ កាល​ពីពេល​ថ្មីៗ​នេះ ​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ថែមទាំង​បាន​​​បញ្ជា​​ឱ្យ​សមត្ថ​កិច្ច​​កម្ពុជា​​សហការ​​ជាមួយ​​ក្រុម​​អាវ​ក្រហម​ថៃ ដែល​ជា​ក្រុម​គាំទ្រ​រដ្ឋាភិបាល​​កូនស្រី​ លោក ថាក់​ស៊ីន ដើម្បី​​តាម​​ចាប់​​ខ្លួន សកម្ម​ជន​បក្ស​ប្រឆាំង លោក ផន ផាណា នៅ​ក្រុងបាង​កក ទោះ​ជា​ចាប់​​ទាំង​​ស្លាប់ ឬ​ទាំង​រស់​ក៏​ដោយ។

តាម​សារ​ជាសំឡេង​លោក ហ៊ុន សែន​ បញ្ជា​ថា​៖ «អាហួត​ត្រូវ​ទទួល​ខុសត្រូវ​ទៅ​លើ​ការងារ​នេះ ហើយ​ត្រូវ​ធ្វើការ​ជាមួយ​នគរ​បាល​ថៃ ហើយ​ក្រុម​អាវ​ក្រហម​ត្រូវ​តែ​ចូលរួម ដែល​សហការ​ល្អ​ជាមួយ​យើង ត្រូវ​ធ្វើ​សកម្ម​ភាព​នេះ​ផង​ដែរ ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ផ្សេង​ពី​នគរបាល​ថៃ និង​កម្លាំង​យើង​ផ្ទាល់ ត្រូវ​តាម​យក​អា​មួយ​នេះ (ផន ផាន់ណា) ឱ្យ​បាន ទោះ​បី​ដោយ​តម្លៃ​ណា​ក៏​ដោយ។ រស់ ឬ​ស្លាប់ យើង​អត់​ដឹង​ទេ តែ​ដឹង​ថា អា​មួយ​នេះ មិន​អាច​ទៅ​ណា មិន​ឱ្យ​ចេញ​ទៅ​ណា​បាន»

សួរថា សម្តី​គួរ​ឱ្យខ្លាច​របស់​លោក​ហ៊ុន សែន ​នេះ​​មាន​​អ្វីចំណេញ​​ដល់​កម្ពុជា​​ទេ? គឺគ្មាន​ទេ។ ទាំង​នេះ​​ស​បញ្ជាក់​ថា លោក ​ហ៊ុន សែន ​គឺ​ជា​ជន​សង្ស័យ​លេចធ្លោ​ជាង​គេ​ ក្នុង​អំពើឃាតកម្ម​ឆ្លង​ដែន​នេះ។

ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា ក្រុមលោក​ សម រង្ស៊ី គឺ​ជាអ្នក​រៀប​ចំផែនកា​រ​​សម្លាប់ ​លោក ​លិម គិម​យ៉ា វិញ​​នោះ​ ក្រុម​អ្នក​តាម​ដាន​ស្ថានការ​នយោបាយ​​លើកឡើងថា ពួកគេ​មើល​មិន​ឃើញ​ពី​តម្រុយ​​ណា​​មួយ​​​ដែល​​ថា ក្រុម​លោក​សម រង្ស៊ី មាន​សមត្ថ​ភាព​អាច​រៀប​ចំផែនការ​ឃាត​កម្ម​ឆ្លង​​ប្រទេស​បែបនេះបាន​នោះទេ ខណៈ​​ចាប់ទាំង​ពីមាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ ទាំង​​សមាជិក​​ក្រុម​​និយម​​ លោក ​សម រង្ស៊ី និងទាំងក្រុម​និយម​លោក ​កឹម សុខា សុទ្ធ​តែទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​រត់​រកព្រះអាយ៉ូស​​រៀងៗ​​ខ្លួនដូ​ចគ្នា​​​​​ពី​ការ​​តាម​​កម្ទេច ​​​និង​​តាម​​កម្ចាត់​​គ្រប់​មធ្យោ​បាយ ​ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

 យ៉ាងណា​ក្តី ក្នុងសំណុំ​​រឿង​ឃាត​កម្ម​សម្លាប់​អ្នក​នយោបាយបក្ស​ប្រឆាំង​ខ្មែរ​ឆ្លង​ដែន​ ដែល​ធ្វើឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​នៅ​ពេញ​ពិភពលោក​នេះ ​ថា​តើ​លោក​ហ៊ុន សែន ឬក៏​លោក ​សម រង្ស៊ី​ ​ដែល​ជា​អ្នក​​នៅ​​​ពី​ក្រោយ​​អំពើ​ឃាតកម្ម​នេះ​ គឺគេត្រូវ​នៅ​រង់ចាំមើល​លទ្ធផល​នៃការ​ស៊ើប​អង្កេត ​​និង​​ការ​វិនិច្ឆ័យ​​របស់​តុលាការ​ថៃ​នៅពេល​ខាងមុខ។

អ្វីដែលគេចង់ដឹងបំផុតនោះថា តើ លោក ហ៊ុន សែន ដែលកំពុងក្តោបអំណាចណែនដៃពេលនេះ ហ៊ាន​ចា​ប់​​បញ្ជូន​ជន​សង្ស័យទាំង​ពីររូប គឺ ពេជ្រ គឹមស្រ៊ិន និង លី រតនរស្មី ឱ្យទៅតុលាការ​ថៃ ដើម្បី​រកការ​ពិតជុំវិ​ញ​ឃា​តកម្មលើលោក លិម គិមយ៉ានេះដែរឬទេ ?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ