ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលសង្គម ចាត់ទុកថា ការដែលគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្ររបស់ខ្លួន ព្យាយាមលាតត្រដាងលិខិតកាត់កាល លោក លី រតនរស្មី ចេញពីបញ្ជីទីប្រឹក្សារបស់ លោក ហ៊ុន សែន គឺមានន័យថានេះជាវិធីជួយសម្អាតខ្លួន អតីតនាយករដ្ឋមន្រ្តីរូបនេះ ដើម្បីគេចចេញពីការទទួលខុសត្រូវដែលខ្ពស់បំផុត ក្នុងអំពើឧក្រិដ្ឋកម្មប្រឆាំងលោក លិម គិមយ៉ា។
លោក សួន សូរីដា អតីតសមាជិកសភាគណបក្សសង្រ្គោះជាតិ ហៅការលុបឈ្មោះជនសង្ស័យពីទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា ក្នុងអំពើមនុស្សឃាត គឺលោគ លី រតនរស្មី នេះថាជាមធ្យោបាយជួយទាញឱ្យលោក ហ៊ុន សែន នៅឆ្ងាយពីសំណុំរឿងព្រហ្មទណ្ឌនេះប៉ុណ្ណោះ។
លើសពីនេះ វាក៏ជាល្បែងបោះបាល់ដែលក្រុមគ្រួសាររបស់ត្រកូលហ៊ុន តែងអនុវត្តដែរ។ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យអស់សំណើច នៅត្រង់ថាគណបក្សកាន់អំណាច និងក្រុមអ្នកគាំទ្ររបស់ខ្លួន ព្យាយាមចោទបញ្ច្រាស់មកក្រុមដែលមានសំឡេងជំទាស់វិញថា អំពើឃាតកម្មនេះ គឺជាស្នាដៃរបស់លោក សម រង្ស៊ី។
មិនតែប៉ុណ្ណោះ បើគេពិនិត្យទៅលើភស្តុតាង ដែលព្យាយាមលុបដាននេះ រកឃើញថា មានភាពមិនប្រក្រតីជាច្រើនចំណុច ដែលបង្ហាញពីការគេចវេស និងមិនចង់ឱ្យមានឈ្មោះរបស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនិងរឿងក្តីព្រហ្មទណ្ឌនេះ។
អតីតអ្នកតំណាងរាស្រ្តរូបនេះ បន្តថា ការលុបឈ្មោះជនសង្ស័យពីទីប្រឹក្សារបស់លោក ហ៊ុន សែន នេះ ចេញមកគឺល្បិចកលនៅលើគោក ដែលសូម្បីកូនក្មេងក៏អាចមើលដឹងថា នេះជាល្បែងស្ពិនភ្នែកដែរ។
លោក សួន សូរីដា បន្តថា៖《អ្វីដែលពលរដ្ឋគួរឲ្យភ្ញាក់ផ្អើល និងសើចយំពីព្រោះការដែលចោទប្រកាន់ថាក្រុមលោក សម រង្សី គឺជាអ្នកដែលនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ហេតុអីបានជារឿងមិនត្រឹមត្រូវ ពីព្រោះ លី រតនរស្មី បានចុះចូលជាមួយគណបក្សប្រជាជនតាំងពីឆ្នាំ២០២២-២០២៣ ម៉្លេះ ហើយ លោក លី រតនរស្មី នេះក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ប្រធានគណបក្សប្រជាជនដែរ》។
ក្រោយផ្ទុះការរិះគន់ បន្ទាប់ពីអំពើបាញ់ប្រហារលើលោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រហែលជាង១សប្តាហ៍ ជនសង្ស័យឈ្មោះ លី រតនរស្មី ត្រូវបានមជ្ឈឹមបក្សនៃគណបក្សប្រជាជនកម្ពុជា លុបឈ្មោះចេញពីទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លិខិតបញ្ចប់តួនាទីនេះ កើតឡើងបន្ទាប់ពីនគរបាលភូមិន្ទថៃ សន្មតដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតថា បុគ្គលម្នាក់នេះ មានជាប់ពាក់ព័ន្ធក្នុងបទល្មើសឧក្រិដ្ឋ ហើយត្រូវតុលាការថៃចេញដីកាស្វែងរកចាប់ខ្លួនថែមទៀត។
មិនយូរប៉ុន្មាន គេសង្កេតឃើញ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានលោក សូ ណារ៉ូ ម្នាក់ផង ក៏បានយកលិខិតដែលបានបញ្ចប់តួនាទីពីទីប្រឹក្សារបស់លោក ហ៊ុន សែន នេះ បន្តផ្សព្វផ្សាយ និងចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គម។ តែអ្វីដែលគេចម្លែកនៅត្រង់ថា តើមូលហេតុអ្វីបានជាលិខិតបញ្ចប់តួនាទីនេះ ទើបតែគេបញ្ចេញក្រោយហេតុការណ៍ផ្ទុះឡើង ពោលកាលបរិច្ចេទនៃការបញ្ចប់នេះ ធ្វើឡើងត្រឹម១ខែប៉ុណ្ណោះ ក្រោយពីការតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
សម្រាប់លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅតែចាត់ទុកថា អំពើបាញ់ប្រហារលោក លិម គិមយ៉ា នេះគ្មានអ្នកផ្សេងក្រៅពីលោក ហ៊ុន សែន ជាអ្នកបញ្ជាឡើយ។
ប៉ុន្តែគេពិតជាពិបាកក្នុងការស៊ើបអង្កេតណាស់ ទាំងនគរបាលខ្មែរ និងថៃ ដោយសារនៅពេលនេះ លោក ហ៊ុន សែន មានអំណាចនៅពេញដៃ។ បន្ថែមពីលើនេះ លិខិតដែលបញ្ចប់តួនាទីលោក លី រតនរស្មី អាចជាលិខិតក្លែងក្លាយច្រើនជាង។
តាមពិតទៅ នេះជាវិធីស្ពិនភ្នែករបស់ លោក ហ៊ុន សែន ដើម្បីបិទបាំងពីសកម្មភាព មនុស្សឃាតនេះប៉ុណ្ណោះ។ ប្រសិនបើមានការស៊ើបអង្កេតមួយ ធ្វើឡើងដោយត្រឹមត្រូវមែន ប្រាកដណាស់ អ្នកបញ្ជាឱ្យបាញ់សម្លាប់អតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ មិនខុសពីអ្នកតស៊ូមតិមុនៗឡើយ គឺអ្នកបញ្ជាជាមនុស្សតែម្នាក់។
លោក ម៉ែន ណាត បន្តថា÷《លោក លី រតនរស្មី ខំបម្រើយកគាប់យកគួរលោក ហ៊ុន សែន ហើយទទួលការពឹងពាក់ពីលោក ហ៊ុន សែន ឲ្យបង្រ្កាបពួកប្រឆាំងនៅក្នុងទឹកដីថៃ ហើយនៅពេលដែលកំពុងតែធ្វើការបានតាមបំណងរបស់លោក ហ៊ុន សែន ហើយបែរជាពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា នេះ លោក ហ៊ុន សែន មានគំនិតរុញច្រានចោលដោយមិនចង់ឲ្យរឿងក្តីហ្នឹងមានជាប់ពាក់ព័ន្ធដល់ខ្លួន》។
មកដល់ពេលនេះ នគរបាលភូមិន្ទរបស់ភាគីថៃ បានប្រាប់កាសែតក្នុងស្រុកថា ក្រោយបើកការស៊ើបអង្កេត ការផ្តល់ចម្លើយសារភាពរបស់ខ្មាន់កាំភ្លើង បង្ហាញពីជម្លោះបុគ្គល និងបុគ្គលដែលបង្កទៅជាហិង្សាកើតឡើង។ កត្តារនេះ មិនមែនជាគំនុំខាងនយោបាយទេ។
ជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនជាប់ចោទចំនួន២នាក់ហើយ ដែលសុទ្ធសឹងតែជាជនជាតិថៃ មានជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ និងត្រូវចាប់ខ្លួន។ ម្នាក់ក្នុងចំណោមពួកគេ រងការចោទប្រកាន់ថា ជាឃាតករស៊ីឈ្នួល ឈ្មោះ អ៊ែកកាឡាក់ ផែណយ។
រីឯម្នាក់ទៀត ជាសហការី ក្នុងការផ្តល់មធ្យោបាយជួយឱ្យឃាតករ រត់គេចពីដីថៃចូលដីខ្មែរ តាមច្រកឡែម ខេត្តបាត់ដំបង។
យ៉ាងណា សម្រាប់ក្រុមអ្នកតាមដានសង្គម និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ចាត់ទុកថា ការបង្ហាញលទ្ធផលបែបនេះរបស់នគរបាលថៃ ធ្វើឡើងក្រោយពីមានព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានលួចទៅជួបមេដឹកនាំថៃស្ងាត់ៗ ក្រោយហេតុការណ៍នេះកើតឡើងប្រមាណជាង១សប្តាហ៍ក្រោយ។
បញ្ហានេះ នាំឱ្យគេដាក់មន្ទិលសង្ស័យថា ប្រហែលជាផែនការរបស់រដ្ឋាភិបាល ដែលផ្តល់កោះគុតនេះទៅឱ្យថៃដោយគ្មានការតវ៉ាអ្វីទាំងអស់ ជាថ្នូរជួយបិទសំណុំរឿងនេះ ត្រឹមលទ្ធផលថា ជាទំនាស់បុគ្គល និងបុគ្គល។
យ៉ាងនេះក្តី សម្រាប់លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខ នៃមរណភាពសព លោក លិម គិមយ៉ា ដែលជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
បើតាមអ្នកនយោបាយរូបនេះ ការបញ្ចេញឯកសារស្តីពីការបញ្ចប់មុខងារជនសង្ស័យនេះ វាជាជំរើសរបស់ភាគីនៅក្នុងរឿងក្តី ដើម្បីដោះបន្ទុក។ តែយ៉ាងណា គេក៏នៅមានមន្ទិលសង្ស័យដែរថា មូលហេតុអ្វីបានជាលិខិតបញ្ចប់តួនាទី ដែលមានសារសំខាន់បែបនេះ ទើបត្រូវគេបញ្ចេញ ក្រោយពេលតែងតាំងនៅពេលនេះទៅវិញ។
ម្យ៉ាងវិញទៀត បើតាមលោក ឯម សុខសុវណ្ណ ការប្រញាប់សន្និដ្ឋានមុន សេចក្តីសម្រេចណាមួយរបស់តុលាការ វាអាចជារឿងដែលមិនគួរគប្បីឡើយ ព្រោះករណីនេះនៅមាននីតិវិធីជាច្រើនទៀត ដែលត្រូវឆ្លងកាត់ការអង្កេត និងផ្ទៀងផ្ទាត់រកមូលហេតុ។
ហេតុនេះ ការសន្មតទុកមុនថា អាចជារឿងទំនាស់បុគ្គល ជាជាងរឿងគំនុំនយោបាយនោះ វាហាក់ដូចជាលឿនពេកណាស់។
លោក ឯម សុខសុវណ្ណ បន្តថា÷《ដូចរឿងមេប៉ូលីសរបស់ថៃថាអញ្ចឹងវាជាបុគ្គល ប៉ុន្តែរឿងនេះ វាស្ថិតនៅក្នុងដៃមួយ នៃការស៊ើបអង្កេត បើសិនការស៊ើបអង្កេតរបស់តុលាការរកអត់ទាន់ឃើញថាមានពិរុទ្ធផ្នែកអីនៅឡើយផងហ្នឹង ហើយជាប់ចោទពីបទអីផងហ្នឹង អាហ្នឹងយើងមិនអាចវាយតម្លៃ និងសន្និដ្ឋានថាជារឿងអីបានឡើយ》។
ក្រោយនគរបាលថៃ ស្វែងរកកិច្ចអន្តរាគមន៍ពីប៉ូលីសអន្តរជាតិអាំងទែប៉ូល ដើម្បីស្វែងរកការចាប់ខ្លួន ជនជាតិខ្មែរ ២នាក់បន្ថែមទៀត នៅក្នុងរឿងក្តីនេះ ចំណែកខាងភាគីកម្ពុជានៅបន្តរក្សាជំហរស្ងប់ស្ងាត់ មិនឆ្លើយតបណាមួយជុំវិញជំហររបស់នគរបាលថៃ ដែលទាមទារចាប់ខ្លួន ជនជាប់ចោទទាំងពីរនាក់នេះនៅឡើយទេ។ ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលកម្កុជានេះ នាំឱ្យមានការសង្ស័យថា រដ្ឋាភិបាលនៅពីក្រោយនៃការសម្លាប់លោក លិម គិមយ៉ា នេះដោយពិតប្រាកដ។
បើទោះជាបែបណា លោក ហ៊ុន ម៉ាណែត ថ្លែងការពារពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា ម្សិលមិញថា រឿងក្តីនេះទាំងរដ្ឋាភិបាល និងឱពុករបស់លោក ដែលរងការចោទប្រកាន់ពីក្រុមប្រឆាំងពេញៗមាត់ គឺមិនជាប់ពាក់ព័ន្ធណាមួយឡើយ។ នេះជាលើកទី១ហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចេញសារការពារពីភាពស្អាតស្អំ ក្រោយពីហេតុការណ៍នេះ បានកើតឡើងប្រមាណជាង២សប្តាហ៍កន្លងទៅ។
បើតាមលោក ហ៊ុន ម៉ាណែត ប្រសិនបើរឿងនេះ រដ្ឋាភិបាលនៅពីក្រោយ នៃអំពើឃាតកម្មមែន តើមានមូលហេតុអ្វីដែលអាជ្ញាធរកម្ពុជា ចាប់បញ្ជូនខ្លួនឃាតករទៅថៃវិញភ្លាមៗបែបនេះ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារ និងសម្រេចចិត្តក្នុងនីតិវិធីតាមផ្លូវច្បាប់ ដោយមិនចាំបាច់បញ្ជូនខ្លួន ឃាតករទៅថៃវិញទេ។
ប៉ុន្តែអ្វីដែលរដ្ឋាភិបាលសម្រេច ចង់បង្ហាញថា នេះមិនមែនជាអំពើដែលអាជ្ញាធរកម្ពុជាធ្វើឡើយ។ ជាងនេះទៀត រដ្ឋាភិបាលក៏ចង់ដឹងដែរថាតើរឿងនេះ កើតឡើងមកពីមូលហេតុអ្វីឱ្យពិតប្រាកដ។
លោក ហ៊ុន ម៉ាណែត បន្តថា៖《ដូចសំណួរចោទសួរថាតើបើរដ្ឋាភិបាលជាអ្នកធ្វើ ត្រឹមតែអ្នកបាញ់មួយ ឬជាជនដៃដល់មួយ ធ្វើនៅថៃ ហើយរត់ចូលដល់ដីខ្មែរ តើរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បំបាំងម្នាក់ហ្មឹងឬទេ?។ យើងមានលទ្ធភាពគ្រប់បែបយ៉ាង ប៉ុន្តែសួរថាហេតុអីបានជាចូលមកភ្លាមរដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ចយើងចាប់ជនដៃដល់ហ្នឹងហើយបញ្ជូនទៅឲ្យថៃតាមការស្នើសុំរបស់គេវិញ ដើម្បីស៊ើបអង្កេតបន្ត។ យើងចង់ដឹងថា តើរឿងនេះ វាយ៉ាងម៉េចផងដែរ ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌រួចទៅហើយ》។
បើទោះជាលោក ហ៊ុន ម៉ាណែត ថ្លែងការពារបែបនេះក៏ដោយចុះ គេសង្កេតឃើញថា ជនជាប់ចោទទាំងពីរនាក់ ជាខ្មែរ គឺសុទ្ធតែជាមនុស្សរបស់អាជ្ញាធរកម្ពុជាទាំងអស់។
ជនជាប់ចោទ ពេជ្រ គិមស្រ៊ិន ដែលត្រូវជាប្អូនប្រុសរបស់លោក ពេជ្រ ស្រស់ គឺជាអនុប្រធានផ្សារកណ្តាល ជាមនុស្សរបស់សាលាក្រុងភ្នំពេញគ្រប់គ្រងដោយផ្ទាល់។
ចំណែកជនជាប់ចោទ លី រតនរស្មី គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
កត្តានេះ នាំឱ្យមានមន្ទិលសង្ស័យថា តើបក្សប្រឆាំង ឬអ្នកណាដែលអាចប្រើមនុស្សទាំងពីរនាក់នេះ ឱ្យផ្តួចផ្តើមគំនិតបាញ់សម្លាប់លោក លិម គិមយ៉ា បាន ប្រសិនបើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរកម្ពុជាទេ។
មួយវិញទៀត ក្រោយធ្វើឃាតរួចកាលពីថ្ងៃទី៧ ខែមករា ទាំងឃាតករ និងជនពាក់ព័ន្ធសុទ្ធតែត្រូវភៀសខ្លួនចូលកម្ពុជា។
ហេតុនេះ ប្រសិនបើគ្មានការជ្រោមជ្រែងពីអាជ្ញាធររដ្ឋទេ សួរថាជនជាប់ចោទទាំងនោះ ហ៊ានចូលទឹកដីខ្មែរ ហើយសម្ងំលាក់ខ្លួនបានដោយសុខសាន្តបែបនេះកើតដែរទេ។
មានសំណុំរឿងជាច្រើន ដែលកើតឡើងមកលើសកម្មជនសង្គម អង្គការមិនមែនរដ្ឋាភិបាល សហជីព យុវជនការពារបរិស្ថាន និងគណបក្សនយោបាយ មិនត្រូវបានដោះស្រាយ។ មិនតែប៉ុណ្ណោះ ពួកគេតែងរងការបង្រ្កាប និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ មិនដល់២៤ម៉ោងផង ហើយពេលខ្លះ ក្នុងចំណោមអ្នកមានសំឡេងផ្ទុយទាំងនោះត្រូវរងការវាយដុំ និងប្រើអំពើហិង្សាពីជនបាតដៃទីបី បណ្តាលឱ្យស្លាប់ និងរងរបួសរហូតដល់ពិបាកអស់មួយជីវិតក៏មាន៕








