បាតុកម្មពីក្រៅប្រទេស​ផ្ញើសារ​ថាក​ម្ពុជាអភ័ព្ទមាន​មេដឹក​នាំ​គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី

ការដែលមេដឹកនំាគ្រួសារហ៊ុន មិន​អើពើប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​ចំណែក​នៃ​កោះ​គុត ពី​ភាគី​ថៃ ជំរុ​​ញឱ្យពលរដ្ឋខ្មែររស់​នៅ​ក្នុង​ប្រទេស​ជឿន​លឿន រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​ផ្ញើ​សារ​ថា ក​ម្ពុ​ជា​អភ័ព្ទ​ជាង​ប្រទេស​ណាៗ​ទាំង​អស់ ដែល​មាន​មេដឹកនាំ​គ្មាន​ឆន្ទៈ​ការពារ​ទឹក​ដី។

កាល​ពីថ្ងៃទី២០ ខែ​មករា ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង រួម​ទាំង​សហរដ្ឋអាមេរិក បាន​ប្រមូល​ផ្តុំ ធ្វើ​មហា​បាតុ​កម្ម តាម​ប្រទេស​និមួយៗ ជា​ផ្នែក​ផ្ញើសារ​ទៅ​កាន់​មេដឹកនាំ​កម្ពុជា គ្រួសារ​ហ៊ុន​ឱ្យ​គិត​គូរ​ពី​បញ្ហា​បូរណភាព​ទឹក​ដី។ ក្នុង​នោះ​ពួក​គេ ក៏​បាន​​ប​ន្ត​រំឭក​គ្រួសារ​ហ៊ុន ឱ្យ​ប្តឹ​ង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរ​ជាតិ​(ICJ) ដើម្បី​ទាម​ទារ​ចំណែក​នៃ​កោះ​គុត ដែល​ថៃ​កំពុង​ច្បាម​យក គ្រប់​គ្រង​ទាំង​ស្រុង​។

តំណាង​រាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​មានបទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ថ្លែង​ពី​ទីក្រុង​ឡង​ប៊ិច​ សហរដ្ឋអាមេរិក អំឡុង​ធ្វើ​បាតុកម្ម កាល​ពីថ្ងៃ​ទី​២០ ខែ​មករា​ថា កម្ពុជា​មាន​ឯកសារ​គ្រប់​គ្រាន់ ពី​លទ្ធភាព​ប្តឹង​ឈ្នះ​ថៃ នៅតុ​លាការអន្តរជាតិ។ ប៉ុន្តែ​ លោក​ថា ដើម្បី​តែ​បុព្វ​ហេតុ​ចង់​ក្តោប អំណាច​ត​ជំនាន់ បែប​គ្រួសារ​និយម មេដឹកនាំ​ខ្មែរ​គ្រួសារ​ហ៊ុន មិន​ព្រម​ប្រើ​យន្តការ​នេះ​ទេ បណ្តោយ​ឱ្យ​ប្រទេស​ជិត​ខាង​លេប​ត្របាក់​ជា​បន្ត​បន្ទាប់។

លោក​គូស​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ថៃបាន​គ្រប់​គ្រង​កោះគុត​ទាំង​ស្រុង តែ​គ្រួសារ​ហ៊ុន មិន​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ប្តឹង​ទាម​ទារ​ពី​ថៃ​ទេ ដែល​លោក​ថា កម្ពុជា​អភ័ព្ទ​ណាស់ ដែល​មាន​មេដឹកនាំ​គ្មាន​ឆន្ទះ​ការ​ពារ​ទឹក​ដី ដែល​ជា​មរកត​បន្សល់​ទុក​ពី​បុព្វបុរ​សខ្មែរ។

លោកសង្កត់ធ្ងន់ថា តាមប្រវត្តិសាស្រ្តតាំងពីសម័យអាណានិគម​បារាំង​សង្គម​រាស្រ្តនិយម សម័យលន់ នល់ សម័យ​ខ្មែរក្រហម និងរដ្ឋកម្ពុជា លោក ហេង សំរិន ឆ្នាំ​១៩៨២ កោះ​គុត នៅ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោកថា៖ «កម្ពុជា​យើង​អភ័ព្ទ​ណាស់ ដែល​មាន​មេដឹកនាំ​មិន​ស្នេហា​ជាតិ​ មិន​ចេះ​ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន​ដូច​ត្រកូល​ហ៊ុន​នេះ គឺ​កាល​ណា​មាន​មេដឹកនាំ​ដែល​មិន​ចេះ​ស្រឡាញ់​ជាតិ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​នឹង​កាន់​តែ​បាត់​បង់​ទឹក​ដី​ខ្មែរ​បន្តិច​ម្ដង​ៗ​ទៅ​ប្រទេស​ថៃ ទៅ​ប្រទេស​វៀត​ណាម​ បាត់​បង់​កោះ​ត្រល់​ និង​កោះ​ក្រចក​សេះ ទៅវៀតណាម ហើយ​អាច​នឹង​បាត់​បង់​កោះ​គុត​បន្ថែ​ម​ទៀ​តទៅប្រទេសថៃ»។

លោកសង្កត់ធ្ងន់ថា តាមក្រម​ព្រហ្ម​ទណ្ឌ ការធ្វើឱ្យបាត់​បង់​ទឹ​កដី ទៅប្រទេស​ជិត​ខាង មាន​ទោស​ក្បត់​ជាតិ និង​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​អស់​មួយ​ជីវិត។

លោកថា៖ «សម័យសង្គមរាស្ត្រនិយមសម្តេច​សីហនុ បាន​ទាមទារ​អធិបតេយ្យ​ភាព​លើ​កោះ​គុត សម័យ​លន់​ នល់​ បាន​ទាម​ទារ សម័យ​ខ្មែរ​ក្រហម បើ​តាម​ផែន​ទី​ដែល​យើង​បាន​ឃើញ​ហ្នឹង កោះ​គុត​ជា​របស់​ខ្មែរ។ ដល់​សម័យ​ ហេង សំរិន ឆ្នាំ​១៩៨២ សម័យ​យួន​ត្រួត​ត្រា យួន​ធ្វើ​ឱ្យ​សន្តិ​សញ្ញា​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ និង​ឱ្យ​លោក ហេង សំរិន ធ្វើ​ក្រិដ្ឋ​ឆ្នាំ​១៩៨២ យួន យក​កោះ​ត្រល់ និង​យក​កោះ​ក្រចក​សេះ​ទៀត»។

វីអូឌី មិន​ទាន់​អាច​សុំការ​បំភ្លឺ​ពី រដ្ឋ​មន្រ្តីទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ច​ការ​ព្រំដែន លោក ឡាំ ជា បាននៅទេ ដោយ​ទូរស័ទ្ទ​ចូលជាច្រើនដង​ គ្មានអ្នកទទួល។

ប៉ុន្តែលោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៤ទសវត្ស​រ៍ទៅ​នេះ ធ្លាប់​ប្រើ​ពេល​ជាង​៥ម៉ោង​នៅក្នុង​សភា ប្រាប់​តំណាង​រាស្ត្រអំ​ឡុង​ឆ្នាំ​២០១២​ថា កម្ពុជា​មិន​បាន​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​ជិត​ខាង នា​សម័យ​ដែល​លោក​កាន់​អំណាច​ទេ សូម្បី​តែ​មួយ​ម៉ីលី​ម៉ែត្រ។ បើទោះ​ជា ពលរដ្ឋនៅតាម​ព្រំដែន​វៀត​ណាម បាន​ចង្អុល​បង្ហាញ​ថា ដីស្រែពួក​គាត់​មួយចំនួន ដែលធ្លាប់អាស្រ័យផល​ពីដូនតា ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​វៀត​ណាម ក្រោយ​ការបោះបង្គោលព្រំដែន នាសម័យដែលមេដឹកនាំរូបនេះ ដឹកនំាំប្រទេសកម្ពុជាក្តី។

បន្ថែមពីនេះ តំបន់​ដាក់​ដាំ ដាក់​ហ្វូត ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី ត្រូវបាន​វៀតណាម​គ្រប់​គ្រង ច្រើន​ឆ្នាំ​ទៅ​នេះ និង​កំពុង​ធ្វើ​សំណង់​រឹង គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក៏​មិន​ប្តឹង​ទាម​ទារ​ដែរ ក្រោម​ហេតុ​ផល​បន្ត​ចរចា​ជាទ្វេភាគី។

បន្ថែមពីនេះ នាយករដ្ឋមន្រ្តីបន្ត​វេន លោក ហ៊ុន ម៉ាណែត​ ធ្លាប់​អះ​អាង​ថា គ្មាន​ការ​បាត់​បង់​ផ្នែក​នៃ​ដែន​សមុទ្រ​កម្ពុជា ទៅ​លើ​ប្រទេស​ថៃ​ទេ ដោយ​ថា កម្ពុជា ថៃ កំពុងចរចាទ្វេ​ភាគី ដើម្បី​រក​ដំណោះ​ស្រាយ និង​បាន​វាយ​បក​វិញ​ថា ការ​លើក​ឡើង​ខាង​លើ ជា​ចេតនាចង់​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល។

លោកថា៖ «ដោយ​ឡែក​ព្រំដែន​សមុទ្រ យើង​មាន​ដែល​មាន​ការ​ឯកភាព​គ្នា​ពី​អង្កាល់! យើង​ចរចា​គ្នា​ច្រើន​ដង​ហើយ​មិន​ទាន់​មាន​ការ​ឯកភាព បើ​មិន​ទាន់​មាន​ការ​ឯកភាពថា​តើ​យើង​បាត់​ស្អី ខ្ញុំសួរ! »

ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ​បើ​គ្រួសារ​ហ៊ុន នៅ​តែ​មិន​អើ​ពើ​ប្តឹង​ទាម​ទារ​កោះ​គុត ឆ្លុះ​បញ្ចាំង​ថា គ្រួសារហ៊ុន​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​បំផ្លាញ​ជាតិ​កាត់​ទឹកដី​ឱ្យ​បរទេស

លោក​ថា៖ «លោក ហ៊ុន សែន នៅ​តែ​បន្ត​គ្នើស​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន បន្ត​ព្រហើន​បំពាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ហើយ​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​ទៀត​រឿង​កោះ​គុត​ និង​ដែន​សមុទ្រថៃ​តំបន់​រុក​រក​រ៉ែ​រួម​គ្នាជា​មួយ​ថៃ​អី​ហ្នឹង ហ៊ុន សែន ចុះឡើ​ងៗ​មាន​គំនិត​ដោះ​ដូរ​ទៀត ដោះដូរ​បោះ​បង់​ចោល​កោះ​គុត បោះ​បង់​ផ្នែក​ខ្លះ​នៃ​ព្រំដែន​សមុទ្រ​កម្ពុជា​ថៃ មួយចំនួន​ទៀត​ឲ្យ​ទៅ​​ថៃ​តាម​ខ្លឹម​សារ MOU​2001 វា​សុទ្ធ​តែ​ប្រឈម​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​ខ្លាំង​ណាស់។ អាហ្នឹង​ហើយ​ដែល​ហៅ​ថា​មេដឹកនាំ​ដែល​គ្មាន​ជាតិ​កំណើត​ជា​មនុស្ស​របស់​កម្ពុជា ហើយ​មេដឹកនាំ​អ៊ីចឹង​គួរ​តែ​ធ្លាក់​នរក​ឲ្យ​បាន​ឆាប់​ទៅ​ល្អ​ជាង ពីព្រោះ​នាំទុក្ខ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​បែប​យ៉ាងទាំ​ង​អស់​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្ន»។

យ៉ាងណាក្តី លោក ម៉ែន ណាត រំឮក​មេដឹកនាំ​គ្រួសារ​ហ៊ុន​ថា ករណី​កោះ​គុត កម្ពុជា​នៅ​មាន​ឱកាស​ទាម​ទារ​​មក​​វិញ បើ​មេដឹកនាំ​គ្រួសារ​ហ៊ុនពិ​ត​ជា​មា​នឆន្ទៈពិតប្រាកដ ស្រឡាញ់​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ គឺប្តឹងថៃ​ទៅតុលាការ​អនុ្តរជាតិ។

លោកថា៖ «មានតែកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ​ខ្មែរ ហើយ​សាមគ្គី​ហ្នឹង​គឺ​ត្រូវ​ស្រុះ​ដៃ​គ្នា​ឡើង​កុំ​រប៉េះ​រប៉ោះ បើ​រប៉េះ​រប៉ោះ​ទៅមុខ​មិន​រួច​ទេ។ ហើយ​កង​កម្លាំង​សមត្ថកិច្ច​កង​កម្លាំង​យោធា​អីហ្នឹង ត្រូវ​ឈរ​ជាមួយ​ពលរដ្ឋ កុំ​ឈរជាមួយ​លោក​ ហ៊ុន សែន ព្រោះ​លោក ហ៊ុន សែន​ នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រង​គ្រោះ​អយុត្តិធម៌​ដូច​គ្នា រង​គ្រោះ​អយុត្តិធម៌​ដូចគ្នា កុំថា​អ្នក​ហ្នឹង​ជា​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ ថា​អ្នក​ហ្នឹង​ជា​មន្ត្រីរា​ជការ ឬអ្នក​ហ្នឹង​ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួររដ្ឋាភិបាល គ្រាន់​តែ​វា​រងគ្រោះ​ហ្នឹង​ វា​មុន​និង​ក្រោយ ហើយ​ហ្នឹង​តិច​និង​ច្រើន​ប៉ុណ្ណឹង​ទេ»។

បើតាមប្រភព​ខាង​លើ ដើម្បី​សម្រេច​មហិច្ឆតា​ក្តោប​អំណាច បែបផ្តាច់ការ​ពី​ឳពុក​ទៅ​កូន និង​បិទ​បាំង​កំ​ហុស​កា​ត់​ដី​ឱ្យ​បរទេស ដើម្បីប្រយោជន៍គ្រួសារ​និង​បក្ខ​ពួក លោក ហ៊ុន សែន បាន​ប្រើ​ដៃ​តុលាការ កំចាត់​គណបក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ និង​គំរាម​រំលាយ របប​រាជនិយម​អាស្រ័យ​ធម្ម​នុញ្ញ នៅ​ឆ្នាំ​២០០៥ ដើម្បី​បំពេញ​បំណង​វៀត​ណាម លេប​ទឹកដី​ខ្មែរ នាសម័យទំនើបនេះ។

កោះគុត ស្ថិតនៅ​ខេត្ត​កោះ​កុង មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥​គីឡូ​ម៉ែត្រ និង​ទទឹង ៩​គីឡូ​ម៉ែត្រ។

មាត្រា៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់​កម្ពុជា ត្រូវលុបចោល។ ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់​ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ