ប្រជាកសិករប្រមាណ ១៥០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅព្រឹកថ្ងៃអង្គារនេះ ដោយបិទកំណាត់ផ្លូវជាតិលេខ២ ប្រមាណជាង១ម៉ោង នៅចំណុចឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទាមទារឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបូមទឹកស្រោចស្រពដំណាំស្រែប្រាំងរបស់ពួកគាត់ ដែលប្រឈមនឹងការខូចខាតដោយសារខ្វះទឹក។
យោងតាមវីដេអូខ្លីៗដែលត្រូវបានបង្ហោះលើបណ្តាញសង្គម គេសង្កេតឃើញសកម្មភាពប្រជាកសិករជាច្រើននាក់ បាននាំគ្នាយកគោយន្តជាច្រើនគ្រឿង និងដាក់បាច់ដើមស្រូវតម្រៀបលើផ្លូវ បិទកំណាត់ផ្លូវជាតិលេខ២។ ប្រជាកសិករ បានលើកឡើងថា ការបិទកំណាត់ផ្លូវជាតិនេះ ដោយសារតែពួកគាត់ជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ ដែលជិតប្រមូលផល។ ពួកគាត់ បានទាមទារឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយដោយបូមទឹកដាក់ស្រែ ខណៈស្រូវកំពុងផើម ប៉ុន្តែស្រែរីងទឹក និងបានស្នើដល់អភិបាលខេត្តតាកែវ ជួយបើកទឺកតាមស្ថាននីយ៌បូមទឹកចំនួន២ (ស្ថានីយ៍បូមទឹក២២និង២៣) ឱ្យពលរដ្ឋបានធ្វើស្រែគ្រប់គ្រាន់ផងដែរ។
ប្រជាកសិករ បាននិយាយថា៖ «បិទផ្លូវ អត់មានទឹកធ្វើស្រែ»។
ពលរដ្ឋដែលតវ៉ានេះ មកពីឃុំចំនួន៥ ក្នុងស្រុកបាទី ក្នុងនោះមាន ឃុំកណ្តឹង ឃុំចំបី ឃុំក្រាំងធ្នង់ ឃុំពារាម និងឃុំត្នោត។
កសិករមួយរូបទៀត រស់នៅស្រុកបាទី បានលើកឡើងដែរថា ពួកគាត់កំពុងខ្វះទឹកស្រោចស្រពដំណាំស្រូវ ដែលធ្វើឱ្យកសិករជួបការលំបាក និងប្រឈមនឹងការខាតបង់ បើសិនជាក្រសួង និងអាជ្ញាធរ មិនជួយដោះស្រាយទេនោះ។
លោកថា៖ «ស្រែស្រូវចង់ងាប់អស់ហើយ ហើយបើអត់ជួយដោះស្រាយប្រជាពលរដ្ឋ ចប់ហើយ បំណុលធនាគារម្នាក់ៗរឹតតែកើនទៅ មានតែរត់ចោលស្រុក ខាងស្រុក ខាងខេត្តអត់ជួយដោះស្រាយដល់ប្រជាពលរដ្ឋទេ»។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានទេនៅថ្ងៃនេះ។
ចំណែក អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកថា ក្រសួងបានទទួលព័ត៌មានរួចហើយ ពីករណីប្រជាកសិករបិទផ្លូវ ដើម្បីស្នើសុំជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវ នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនេះ។ លោកបន្តថា គិតមកដល់ពេលនេះ កសិករបានរំសាយការតវ៉ាហើយ ស្របពេលដែលមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះទៅទីតាំងជួបបញ្ហា ដើម្បីជួបជាមួយកសិករដោយផ្ទាល់ផងដែរ។
សម្រាប់ការដោះស្រាយបែបណានោះ លោកថា នឹងជម្រាបជូននៅពេលក្រោយ។
ក្នុងពិធីសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវចុះមើលតាមតំបន់ដែលខ្វះខាតទឹក និងដោះស្រាយបញ្ហាកង្វះទឹក ដើម្បីជួយសង្គ្រោះដល់ដំណាំស្រូវ និងដំណាំផ្សេងៗរបស់ប្រជាកសិករ ក្នុងរដូវប្រាំងឆ្នាំនេះ។
លោកថា៖ «ខ្ញុំបានផ្តល់គោលការណ៍ឱ្យក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ក្រុមការងារថ្នាក់ជាតិខេត្ត តាមមើលកន្លែងណាដែលខ្វះ សូមខិតខំជួយអន្តរាគមន៍ ដាក់ម៉ាស៊ីនបូមទឹក ប្រឡាយទឹកដែលមាន ហើយកសាងកន្លែងស្តុកទឹកបន្ថែមទៀត ដើម្បីធានាជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងផែនការរបស់យើង។ មិនថាស្រែចម្ការទេ ដំណាំកសិកម្មផ្សេងទៀត ក៏ត្រូវការសង្គ្រោះដែរ ហើយមិនត្រឹមតែដំណាំទេ សូម្បីតែប្រជាពលរដ្ឋប្រើប្រាស់ ឥលូវត្រូវប្រើទឹកស្អាត កន្លែងខ្លះយើងទុកទឹកប្រើទាំងទឹកស្អាតផង យើងប្រើទាំងកសិកម្មផង យើងប្រើទាំងទឹកស្អាតផង»។
បើតាម លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣-២០២៤ កន្លងទៅនេះ ក្រសួងធនធានទឹក បានជួយអន្តរាគមន៍សង្គ្រោះដំណាំកសិកម្មជិត ៩ម៉ឺនហិកតា នៅរដូវប្រាំង។ លោកថា កង្វះខាតទឹកកាលពីឆ្នាំមុន ដោយសារតែស្រូវអូអឹម(OM) មានតម្លៃខ្ពស់ ដូច្នេះប្រជាកសិករបានសំរុកដាំស្រូវប្រភេទនេះ ធ្វើឱ្យលើសផែនការកំណត់។
ទីប្រឹក្សាបច្ចេកទេសអង្គការសាមគ្គីភាពកសិករ លោក ឌី គន្ធា មានប្រសាសន៍ថា ការកើតមានជាបន្តបន្ទាប់នូវការតវ៉ារបស់កសិករ ជុំវិញបញ្ហាខ្វះទឹកស្រោចស្រពដំណាំ និងតម្លៃកសិផលធ្លាក់ថ្លៃនេះ ដោយសារតែក្រសួងពាក់ព័ន្ធ មិនមានទំនួលខុសត្រូវ និងមិនទទួលស្គាល់នូវជំងឺរបស់កសិករ ជុំវិញកង្វល់នៃការខ្វះខាតទឹក។
លោកបន្តថា គ្មានអ្វីដែលថារដ្ឋាភិបាលធ្វើមិនបាននោះទេ ដោយសារមានមធ្យោបាយជាច្រើនក្នុងការដោះស្រាយបញ្ហាខ្វះទឹកនេះ ដូចជា ការធ្វើប្រព័ន្ធប្រឡាយមេ ប្រព័ន្ធប្រឡាយរង អាងស្តុកទឹក ឬក៏អណ្តូងទឹកកសិកម្ម ដោយយកប្រភពទឹកពីក្រោមដី ឬក៏ប្រភពទឹកធម្មជាតិណាមួយ តាមរយៈការប្រើប្រាស់មធ្យោបាយ និងបច្ចេកវិទ្យាថ្មីៗ។
លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាល មិនមានផែនការប្តេជ្ញាចិត្ត ឬយន្តការដោះស្រាយ ដើម្បីបង្កើតជាដុកទ័រសង្គមទៅព្យាបាលជំងឺកសិករទេ ផលប៉ះពាល់ទី១ កសិករគាត់នឹងប្រឈមមុខបំណុលវ័នក ទី២សមាជិករបស់គាត់នឹងប្រឈមមុខនឹងការចំណាកស្រុក ទី៣សមាជិករបស់គាត់នឹងប្រឈមមុខការបោះបង់ការសិក្សា ទី៤ គាត់នឹងប្រមុខការលក់ទ្រព្យសកម្មរបស់គាត់ដើម្បីទូទាត់បំណុល។ល។»។
ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រដើម្បីបំពេញតម្រូវការរបស់កសិករ ដែលដាំដំណាំកសិកម្មនេះ លោក ឌី គន្ធា យល់ថា រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ត្រូវបង្ហាញឆន្ទៈនយោបាយ និងផែនការប្តេជ្ញាចិត្តខ្ពស់ ដោយពិនិត្យមើលឡើងវិញទៅលើគោលនយោបាយទឹក ឬគោលនយោបាយប្រព័ន្ធធារាសាស្ត្រ និងពិនិត្យទៅលើសមត្ថភាពប្រព័ន្ធស្រោចស្រពរបស់រដ្ឋាភិបាលដែលបានសាងសង់កន្លងមក ថាតើមានបទដ្ឋាន និងគុណភាពសំណង់អាចរក្សាទឹកបានទាំងខួបប្រាំង និងខួបវស្សា ហើយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវប្រព័ន្ធស្រោចស្រពសម្រាប់បម្រើសេចក្តីត្រូវការរបស់កសិករ។
ក្រៅពីនោះ លោកក៏បានជំរុញឱ្យរដ្ឋាភិបាល ត្រូវស្វែងរកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងការស្វែងរកប្រភពទឹកក្រោមដី នៅតំបន់ដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹក និងត្រូវអនុវត្តគោលនយោបាយបំរែបម្រួលអាកាសធាតុ ដើម្បីដោះស្រាយ និងស្តារជីវភាពកសិករ ដែលប្រឈមមុខនឹងការបំរែបម្រួលអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត និងសត្វល្អិតបំផ្លាញផលដំណាំជាដើម។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ ប្រជាកសិករមួយចំនួន រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ក៏បានប្រមូលផ្តុំគ្នាតវ៉ា បិទកំណាត់ផ្លូវជាតិលេខ៥ ជាងកន្លះម៉ោងផងដែរ ដោយទាមទារឱ្យក្រសួងកសិកម្មចេញមុខ ជួយអន្តរាគមន៍រឿងទីផ្សារស្រូវ កំពុងធ្លាក់ចុះ ដែលធ្វើឱ្យពួកគាត់ត្រូវខាតបង់ និងប៉ះពាល់ដល់ជីវភាពរស់នៅជាខ្លាំង។
មាត្រា ៦២ និង៦៣ នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មានកម្រិតសមរម្យ៕