សហជីពសេរីកម្មករទាមទារឱ្យ​​វែកមុខឃាតក​របាញ់សម្លាប់ លោក ជា វិជ្ជា

សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើអគ្គស្នងការ​នគរបាលជាតិ ជំរុញ​ការ​​​​ស្រាវ​ជ្រាវ និងកំណត់អត្តសញ្ញាណឃាតករដែលបាញ់សម្លាប់មេដឹកនាំសហជីព លោក ជា វិជ្ជា យក​មកផ្តន្ទាទោស ដើម្បីផ្តល់​យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះ។

លិខិត​របស់​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា FTUWKC ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៥ ដាក់ជូន​ថ្នាក់ដឹកនាំអគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ បាន​លើក​ឡើង​ថា កាលពីខែមករា ឆ្នាំ២០១៤ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេ បាន​ចេញ​លិខិត​ផ្លូវ​ការ​​មួយ ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកម្មវត្ថុសំណើរសុំ​ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត កំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និងប្រមូលភស្តុតាង​បញ្ជូនមក​អយ្យ​ការ​ ដើម្បីចាត់ការ​តាមនិតិវិធីពាក់ព័ន្ធនឹង​សំណុំរឿង​ឃាតកម្មលើ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែរហូត​មកដល់ពេលនេះ មានរយៈពេល ១១ឆ្នាំមក​ហើយ អគ្គស្នងការ​ដ្ឋាននគរបាលជាតិ នៅមិនទាន់បានបង្ហាញ​លទ្ធផលនៃការ​ស្រាវជ្រាវ ស៊ើបអង្កេត​ និង​កំណត់​អត្ត​សញ្ញាណ​ឃាតករ​​នៅ​ឡើយ ដែលករណីនេះ សហព័ន្ធសហជីពសេរីកម្មករ ស្នើដល់អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ពន្លឿនការ​ងារ​នេះ ដើម្បីផ្តល់យុត្តិធម៌​ដល់ក្រុមគ្រួសារ​ សាច់ញាតិ និងជនរង​គ្រោះ​ដែល​កំពុងរង​ចាំពន្លឺយុត្តិធម៌ ព្រមទាំង​ឈានទៅកាត់បន្ថយ និងលុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌ​ភាព​នៅ​កម្ពុជា។

លោក ​ជា វិជ្ជា ​ដែលជាមេដឹកនាំសហជីពដ៏ល្បីមួយរូប​ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​លោក​កំពុង​ឈរ​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​​វត្ត​​លង្កា​ ទីក្រុង​ភ្នំពេញ។ ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់ ​និង​ការ​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍​ដល់​​កម្មករ ​រួមមាន​​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ​នោះ។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សហជីព និងគណបក្ស​នយោបាយ​មួយចំនួន ក៏គ្រោង​នឹង​​ដាក់​កម្រង​ផ្កា​ និង​​រៀបចំ​ពិធី​រំលឹក​ខួប ២១ឆ្នាំ​ ​នៃ​​ការ​​​ស្លាប់របស់​លោក​ ជា វិជ្ជា នៅកន្លែង​តម្កល់​រូប​សំណាក នៅសួនមុខវត្តបទុមវត្តី រាជធានីភ្នំពេញផងដែរ៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ