អាជ្ញាធរខេត្តកំពត រងការចោទថា រួមគំនិតជាមួយឈ្មួញខិលខូច យកគ្រឿងចក្រវាយកំទេចភ្នំសែនហានអស់ទំហំជិត ៥០ហិកតា ក្រោមរូបភាពយកថ្មទៅអភិវឌ្ឍន៍ ដែលសម្បត្តិធម្មជាតិមួយនេះ នឹងត្រូវបំផ្លាញទាំងស្រុងក្រោមដៃឈ្មួញ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញមេដឹកនាំពុករលួយ។
ពលរដ្ឋម្នាក់រស់នៅខេត្តកំពត លោក ហេង ផាន ប្រាប់VODថា ដីចម្ការសហគមន៍ជាង២០ហិកតារបស់ពលរដ្ឋ៥៣គ្រួសារ ដែលអាស្រ័យផលតាំងពីឆ្នាំ១៩៩៣មក ត្រូវបានឈ្មួញម្នាក់ឈ្មោះ ឃុន ណេម រំលោភយកនៅតំបន់ភ្នំសែនហាន និងរាលដាលកាយថ្មភ្នំកាន់តែមានទំហំធំទៅៗ ដែលសរុបប្រមាណ ៥០ហិកតា។
បើតាមប្រភពដដែល ភ្នំសែនហាន ស្ថិតនៅក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ដែលរងការបំផ្លាញនេះ គឺក្រោមរូបភាពយកគ្រួសក្រហម ដើម្បីយកមកធ្វើផ្លូវមួយខ្សែស្ថិតនៅ ស្រុកដងទង់ និងស្រុកបន្ទាយមាស។
លោកថា៖ «ហេតុអីបុគ្គលឈ្មោះ ឃុន ណេម មានសិទ្ធិប្រគល់ដីភ្នំឲ្យគេកាយ ព្រោះគម្រោងអភិវឌ្ឍន៍ ក្នុងនាមរដ្ឋាភិបាលគាត់មានលុយធ្វើផ្លូវ! គាត់ឲ្យលុយមកហើយ ហេតុអីក៏មិនធ្វើសម្បទានដីត្រឹមត្រូវ នេះសុំកាយឆៅៗបានខ្ញុំឆ្ងល់ ហើយដីប្រជាពលរដ្ឋគាត់ក៏មានគ្រួសដែរ ហេតុអីមិនទិញ ហេតុអីមកកាយដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យកទៅធ្វើ ហ្រ្វីៗ ( Free) ខ្ញុំឆ្ងល់! ព្រោះនេះជាទ្រព្យសម្បត្តិរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពេលយប់យកអាអ៊ិច វ៉ៃព្រៃ អីហ្នឹងបើសិនជាគ្រឿងចក្រវ៉ៃព្រៃភ្នំបាន ដោយអត់មានការហាមឃាត់ភ្នំនឹងរលាយអស់ មិនសល់ទេ»។
បើតាម លោក ហេង ផាន ដីតំបន់ភ្នំដែលត្រូវបានរំលោភបំពាននេះ ពួកគេធ្លាប់ដាក់ពាក្យបណ្តឹងទៅអភិបាលខេត្តកំពត លោក ម៉ៅ ធនិន កាលជាង១ឆ្នាំមុនដែរ ប៉ុន្តែលោក ម៉ៅ ធនិន គ្រាន់តែសន្យា តែមិនបានជួយដោះស្រាយឱ្យពលរដ្ឋរងគ្រោះទេ។
ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ូច វណ្ណា បង្ហាញក្តីបារម្ភពីការបាត់បង់ភ្នំសែន ហានទាំងមូល បើគ្មានការទប់ស្កាត់ ហើយថា ភ្នំនេះជាសម្បត្តិធម្មជាតិផ្តល់ទីជម្រកដល់សត្វព្រៃ និងការអាស្រ័យផលដាំដំណាំសម្រាប់ចិញ្ចឹមជីវិតអ្នកភូមិរាប់សិបគ្រួសារថែមទៀត។
អ្នកស្រីថា៖ «កាយអស់២០ហិកតាជាង ចម្ការពួកខ្ញុំគេកាយខ្ទេចយកថ្មយកគ្រួសទៅអស់រលីង។ ដល់ពេលហើយប្រជាពលរដ្ឋនឹកឃើញថា គេដកជាដីរដ្ឋ ក៏អត់មានតវ៉ាដែរដំបូង ដល់ហើយមានបុគ្គល អ្នកកាយហ្នឹងគេមកបោះលំនៅឋាន ដើមដូង ដើមស្វាយ យកដីប្រជាពលរដ្ឋអស់រលីង។ និយាយរួមប៉ះពាល់សូម្បីតែប្រជាពលរដ្ឋត្រូវការរកអុស រកអី ក៏គេអត់ឱ្យដែរ ប៉ុន្តែពួកគេអ្នកបំផ្លាញ។ ប្រជាពលរដ្ឋរកអុស ដឹកកង់ ដឹកម៉ូតូអីនាយអាយក៏អត់បានដែរ កាយគ្រួសកាយអីយកមកប្រើក៏អត់បាន ពួកគេអ្នកធំគេអ្នកធ្វើបាន ដល់ពេលយើងប្រជាពលរដ្ឋគេអត់ឲ្យយើងធ្វើគេយករបស់យើងម៉ង»។
បើតាមប្រជាពលរដ្ឋ ឈ្មួញឈ្មោះ ឃុន ណេម ដែលបានបំផ្លាញភ្នំសែនហាននេះ មានជាប់សាច់ញាតិជាមួយឧកញ៉ា ហ៊ុន ម៉ាណាន់ ដែលគេស្គាល់ថាមានទំនាក់ទំនងសិទ្ធិជាមួយឧកញ៉ា ហ៊ុន តូ ផងដែរ។
ជុំវិញរឿងនេះ VOD ពុំទាន់អាចរកការឆ្លើយតបពីលោក ឃុន ណេម បានទេគិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក លោក មួង នឿន អភិបាលស្រុកអង្គរជ័យ មិនទទួលទូរសព្ទ ខណៈ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានចុចផ្តាច់ទូរសព្ទនៅពេលមានការហៅចូលជាច្រើនដង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ និយាយថា មូលហេតុនាំឱ្យមានការបំផ្លាញសម្បត្តិរដ្ឋបែបនេះ ដោយសារតែអំពើពុករលួយជាប្រព័ន្ធ កើតចេញពីការដឹកនាំបែបគ្រួសារនិយមរបស់គ្រួសាររបស់រដ្ឋាភិបាលគ្រួសារហ៊ុនច្រើនអាណត្តិទៅនេះ។
លោកថា៖ «កំហុសធ្ងន់របស់រាជរដ្ឋាភិបាល គឺបើកដៃឲ្យឈ្មួញទុច្ចរិតធ្វើអីស្រេចចិត្ត ហើយរដ្ឋាភិបាលអត់មានគិតគូររឿងប្រជាពលរដ្ឋ រឿងការពារព្រៃភ្នំអីទេ អត់មានគិតប្រជាពលរដ្ឋ អីទាំងអស់ ផ្ទុះពេញទូទាំងប្រទេសហើយ ប៉ុន្តែរដ្ឋាភិបាលអត់មានគិតគូរ! គិតគូរតែរឿងធ្វើបាបគណបក្សប្រឆាំង សង្គមស៊ីវិលអីណាទៅវិញ អត់មានគិតគូររឿងសេដ្ឋកិច្ចរបស់ជាតិទេ គឺអត់បានគិតគូរអីទាំងអស់។ គាត់យករបបផ្តាច់ការយកមកប្រើហ្នឹងហើយ គង់តែថ្ងៃណាមួយ បើថាមិនអាចទេ គឺពលរដ្ឋមិនអាចទ្រាំបានទេ គឺរបបផ្តាច់ការឯកបក្ស»។
ចំណែក អនុប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មនី សង្កេតឃើញថា ករណីអ្នកមានអំណាចបំពានយកដីរដ្ឋមានជាហូរហែមកហើយ ដែលឆ្លុះបញ្ចាំងថា រដ្ឋាភិបាលមិនបានបំពេញតួនាទីរបស់ខ្លួនដើម្បីការពារទ្រព្យសម្បត្តិរដ្ឋនោះ ដែលការដឹកនាំបែបនេះ នឹងធ្វើឱ្យសម្បត្តិធម្មជាតិកាន់តែហិចហោចតជំនាន់ទៀត។
លោកថា៖ «បើមិនអនុវត្តច្បាប់មានន័យថា ជារដ្ឋាភិបាលបំផ្លាញជាតិ ជារដ្ឋាភិបាលបក្ខពួកនិយម ជារដ្ឋាភិបាល បំផ្លាញទ្រព្យសម្បត្តិជាតិយកមកធ្វើជាសម្បត្តិរបស់ខ្លួន ហើយធ្វើឲ្យប្រទេសជាតិកាន់តែហិនហោចទៅៗ ដោយសារតែក្រោមការដឹកនាំរបស់ខ្លួនហ្នឹងឯង»។
ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មាត្រា៨០ ចែងថា អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ទាប់ពីទទួលបានដំណឹង អំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋ ដែលព្រងើយកន្តើយ ដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១(មួយ)ឆ្នាំ ដល់ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕