កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងពីការចាប់ឃាត់ខ្លួន ជនសង្ស័យមួយក្រុម ប្រើឯកសណ្ឋានកងកម្លាំង ធ្វើសកម្មភាពនៅខេត្តព្រះសីហនុ ជំរិតទារប្រាក់ ដែលមន្ត្រីនគរបាលយុត្តិធម៌កំពុងកសាងសំណុំរឿងបញ្ជូនពួកគេទាំងនោះទៅតុលាការ ដើម្បីកាត់ទោស ។
នេះបើតាមការចុះផ្សាយនៅលើហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។
អាវុធហត្ថ បានលើកឡើងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៥នាក់។
ប្រភពនោះ បញ្ជាក់ថា មុនការចាប់ខ្លួនជនសង្ស័យ ខ្លួនបានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤ទៅ៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថា ជនរងគ្រោះដឹករបស់ខុសច្បាប់(ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ)។
អាវុធហត្ថ គូសបញ្ជាក់ថា បន្ទាប់មកជនសង្ស័យ បានគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក ដោយព្រមានថា បើមិនព្រម ខ្លួននឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សម្រាប់កងរាជអាវុធហត្ថ សារគំរាមនេះ ជនរងគ្រោះ យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន ៣ពាន់ដុល្លារ ឱ្យទៅពួកជនសង្ស័យទាំងនោះ។
ក្រោយបានចុះធ្វើការស្រាវជ្រាវ ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ ១ម៉ឺនដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជុំវិញបញ្ហានេះ សង្គមស៊ីវិល និងគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាលចាត់ទុកបញ្ហានេះ គំរាមកំហែងធ្ងន់ធ្ងរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងសុវត្ថិភាពពលរដ្ឋ។
សម្រាប់ស្ថាបនិកគណបក្សកែទម្រង់ជាតិកម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន និយាយថា ទម្រង់នេះ ជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សង្គមកម្ពុជា ដែលលោកចង់ឃើញ រដ្ឋាភិបាល ត្រូវមានវិធានការតឹងរឹង ដើម្បីកុំឱ្យជនឧក្រិដ្ឋបន្លំធ្វើសមត្ថកិច្ច រីឯសមត្ថកិច្ចត្រូវបានគេយល់ថាជាជនឧក្រិដ្ឋ។
ក្នុងន័យនេះ លោកលើកឧទាហរណ៍ជាក់ស្តែង ករណីកើតឡើងនៅខេត្តស្វាយរៀងថ្មីៗនេះ ដែលបង្កឱ្យពលរដ្ឋរងរបួស ដោយសារតែការបាញ់រះពីសមត្ថកិច្ច ខណៈសមត្ថកិច្ចចោទថាការបាញ់រះដោយអ្នកបើករថយន្តមិនព្រមឈប់។
លោកថា៖ «ទេសចរអន្តរជាតិច្បាស់ជាមានការព្រួយបារម្ភហើយ ចំពោះករណីបែបនេះ មែនទែនទៅវាអាចជាចោរប្លន់ វាអាចជាសមត្ថកិច្ចអីចឹងណាស់។ សម្រាប់ទេសចរធ្វើឱ្យប៉ះពាល់មែនទែន ទាំងទេសចរជាតិនិងអន្តរជាតិ ការធ្វើដំណើរក្តីអីក្តី ព្រួយបារម្ភណាស់ វាប៉ះពាល់ខ្លាំងណាស់»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រូបភាពនេះវាបង្កការភ័យខ្លាចដល់ទេសចរ និងសន្តិសុខពលរដ្ឋ ដែលលោកចង់ឃើញមន្ត្រីជំនាញ ទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព ប្រកបដោយការជឿទុកចិត្តពីមហាជន ។
លោកថា៖ «ប្រសិនបើមានករណីនេះកើតឡើងច្រើន អ្នកទេសចរគេមិនសប្បាយចិត្ត ហើយពលរដ្ឋមានការលំបាកក្នុងការទទួលបានសន្តិសុខ ហើយមួយវិញទៀត ប្រសិនបើមានការលើកឡើង ឬអធ្យាស្រ័យ និងមានការមិនទុកចិត្តខាងសន្តិសុខពីប្រទេសពលរដ្ឋកាន់តែខ្លាំងឡើង ពីព្រោះជុំវិញបញ្ហានេះវាជះឥទ្ធិពលមិនល្អ និងគំរូមិនល្អដែរ បើរដ្ឋាភិបាលមិនបានចាត់វិធានឱ្យមានប្រសិទ្ធភាព»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជារងការរិះគន់ថា ត្រូវបានក្រុមឧក្រិដ្ឋជនយកធ្វើជាដែនដីសុវត្ថិភាព សម្រាប់ប្រព្រឹត្តិបទឧក្រិដ្ឋ ឆបោក ចាប់ជំរិត គ្រឿងញៀន និងលាងលុយកខ្វក់ជាដើម ដែលផ្តើមចេញពីអំពើពុករលួយ បែបប្រទាក់ក្រឡា នៃសែស្រឡាយអ្នកមានអំណាច។
អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រកឃើញអំពើពុករលួយនៅកម្ពុជាស្ថិតក្នុងចំណោមប្រទេស មានអំពើពុករលួយខ្ពស់ ជាប់គ្នា ជិត១ទសវត្សរ៍ បើធៀបនឹងប្រទេស១៨០ ដែលអង្គការនោះបានសិក្សា។
ប្រភពនោះរកឃើញថា ប្រទេសដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហាចម្បងមួយគឺឥទ្ធិពលនយោបាយជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌៕