ក្រុមមន្ត្រីអន្តរក្រសួង បានទទួលយកសំណើររបស់ប្រជាកសិករជាង ៣ពាន់គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ ដោយក្រសួងធនធានទឹក និងឧតុនិយម នឹងបូមទឹកពីទន្លេបាទីដាក់ចូលក្នុងប្រឡាយដែលរីងស្ងួត ដើម្បីជួយសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះទឹកស្រោចស្រព។
ការសម្រេចនេះ បានធ្វើឡើងក្រោយពីប្រជាកសិករមកពីឃុំចំនួន៥ ក្នុងស្រុកបាទី កាលពីថ្ងៃម្សិលមិញ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ ប្រមាណជាង១ម៉ោង នៅចំណុចឃុំកណ្តឹង ស្រុកបាទី ទាមទារឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបូមទឹកស្រោចស្រពដំណាំស្រែប្រាំងរបស់ពួកគាត់ ដែលប្រឈមនឹងការខូចខាតដោយសារខ្វះទឹក។
ក្រោយការប្រមូលផ្តុំតវ៉ារបស់កសិករ ថ្នាក់ដឹកនាំអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានលោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងរដ្ឋមន្ត្រីក្រសួងកសិកម្មជាដើម បានចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយស្តាប់ក្តីបារម្ភរបស់កសិករ និងមានការសម្របសម្រួលរវាងអន្តរក្រសួងរួចមក ក្រសួងធនធានទឹក នឹងបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រឡាយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករចំនួន ៣៥០០ គ្រួសារ។
ប្រភពដដែលបន្តថា ក្រសួងធនធានទឹក បានចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយបូមទឹកស្តុកបំពេញប្រឡាយចំនួន ១៨គីឡូម៉ែត្រ ដែលមានការរីងស្ងួត ចំនួន ០៧ថ្ងៃ ក្នុងវគ្គទី០១ និងបន្តបូមបន្ថែមទៀតនៅវគ្គទី០២ ក្នុងនោះ លោក គន់ គីម បានសំណូមពរដល់ប្រជាកសិករទាំងនោះ ចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងទាំង ៣ប្រភេទ ក្នុងការកំណត់ពេលបូមទឹករួមគ្នា នៅពេលមានទឹកពេញប្រឡាយគ្រប់គ្រាន់ ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា និងមានតម្លាភាព។
បើតាមក្រសួងកសិកម្មដែលស្រង់ប្រសាសន៍លោក គន់ គីម ករណីខ្វះខាតទឹកនេះបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ២ដង ដែលមានចំនួន ៤ ០០០ ហិកតា ខណៈដែលសមត្ថភាពទឹកអាចផ្គត់ផ្គង់ត្រឹម ២ ០០០ហិកតាប៉ុណ្ណោះ៕