អ្នកមានជម្លោះដីធ្លី ជំរុញឱ្យអាជ្ញាធរខេត្តកោះកុង ផ្ដល់ដីសម្បទានឱ្យពួកគាត់ជិត ២០០គ្រួសារ តាមការណែនាំរបស់ក្រសួងរៀបចំដែនដី ដើម្បីស្ដារវិបត្តិគ្រួសារ ក្រោយក្រុមហ៊ុន ឧកញ៉ា ហេង ហ៊ុយ រំលោភយកជិត២០ឆ្នាំទៅនេះ។
ការជំរុញនេះ ធ្វើឡើងតាមរយៈប្រមូលផ្ដុំគ្នាមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី២១ ខែមករា ដែលមានអ្នកចូលរួមប្រមាណជា៦០នាក់ ។ ពួកគេលើកបដា និងដាក់ញត្តិស្នើឱ្យរដ្ឋបាលខេត្តកោះកុង ពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ច តាមដែលក្រសួងដែនដីធ្លាប់បានសន្យា ដើម្បីបញ្ចប់វិវាទរ៉ៃរ៉ានេះ ។
តំណាងសហគមន៍ អ្នកស្រី ដេត ហួរ ប្រាប់វីអូឌី នៅថ្ងៃទី២២ ខែមករានេះថា គោលបំណងដាក់ញត្តិ គឺដើម្បីស្នើឱ្យក្រសួងពន្លឿនដោះស្រាយដីសម្បទានសង្គមកិច្ច តាមលក្ខខណ្ឌផ្ដល់ដីចំនួន ០៣ហិកតាក្នុងមួយគ្រួសារ ដោយគ្មានការសម្ភាសន៍ ជាសំណងថវិកាចំនួន ប្រាំពីរពាន់ដុល្លារក្នុងមួយគ្រួសារ រួមទាំងទម្លាក់បទចោទលើតំណាងសហគមន៍។
អ្នកស្រីបន្តថាបច្ចុប្បន្ន ពលរដ្ឋសហគមន៍១៩៧ កំពុងមានទុក្ខដ៏រាំរ៉ៃដោយគ្មានដីអាស្រ័យផល សមាជិកពួកគាត់ត្រូវបាត់បង់ជីវិតដោយសារគ្មានប្រាក់ព្យាបាលជំងឺ គ្រួសារខ្លះត្រូវបង្ខំចិត្តឱ្យកូនឈប់រៀន ចំណាកស្រុក ព្រោះគ្មានលទ្ធភាព និងដើម្បីដោះបំណុល ។
អ្នកស្រីថា៖ «ពួកខ្ញុំតំណាងព្រមទាំងសមាជិក១៩៧មានផលវិបាកខ្លាំងគាត់ជំពាក់បំណុលធនាគារបាត់ប្រាក់ចំណូលហើយនិងកូនៗបោះបង់ការសិក្សាឈានដល់ជាប់ពន្ធនាគារ ដូចខ្ញុំផ្ទាល់ហ្នឹង ខ្ញុំពិបាកខ្លាំង ជាប់ពន្ធនាគារ បែកបាក់ក្រុមគ្រួសារ បាត់បង់ប្រាក់ចំណូល កូនបោះបង់ការសិក្សាម្តាយជាប់ពន្ធនាគារ ហើយរកអីមិនបាន ផលវិបាករបស់ពួកយើង គឺគ្រប់បែបគ្រប់យ៉ាងហើយខ្លះទៀតក៏គាត់មានជំងឺឈឺរហូតដល់ស្លាប់ទៅ ដោយសារតែគាត់មិនបាន អត់មានលុយព្យាបាល»។
តំណាងសហគមន៍ម្នាក់ទៀត អ្នកស្រី អិប តឹង មានប្រសាសន៍ថា អ្នកស្រីជាអ្នកបាត់បង់ដីសមណាស់នឹងទទួលបានយុត្តិធម៌ ហើយពួកគាត់នឹងបន្តទាមទាររហូតទាល់តែមានដំណោះស្រាយ ព្រោះបើគ្មានដីប្រៀបបានគ្មានជីវិត។
អ្នកស្រីថា៖ « បងសុខចិត្តតស៊ូលើដីបើអត់មានដីក៏អត់មានអីរស់ដែរ ទោះបីឳពុកម្ដាយបងមិនតវ៉ាតែបងតវ៉ា ព្រោះដីហ្នឹងបងធំធាត់កម្មសិទ្ធិលើដីហ្នឹងទាំងអស់ បើអត់ដីហ្នឹងបានអីរស់»។
អ្នកស្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរពន្លឿនការដោះស្រាយដីសម្បទានជូនពួកគាត់ដែលរងគ្រោះតាមលក្ខខណ្ឌដែលបានដាក់ស្នើ រួមទាំងទម្លាក់ចោលរាល់បទចោទមកលើពួកគាត់ជាតំណាងសហគមន៍។
ជុំវិញបញ្ហានេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា ក្រសួងរួមទាំងអាជ្ញាធរខេត្ត បាននឹងកំពុងរៀបចំចំណាត់ការស្រាវជ្រាវហើយ។
លោកស្រីថា៖ «សម្រាប់ការងារហ្នឹង សម្រាប់ខេត្តបានរៀបចំត្រៀមក្រុមការងារសម្រាប់ចុះទៅស្រង់ហើយ ដីសង្គមកិច្ចជាដីតម្រូវការប្រជាពលរដ្ឋ អ៊ីចឹងនៅតែការវាយតម្លៃ ព្រោះអីស្រង់អត់ទាន់ចប់ ការតវ៉ារឿងមនុស្សអីអីថាអត់ពិតប្រាកដ អ៊ីចឹងណា នៅពេលយើងនៅឲ្យបើកផ្លូវឲ្យតវ៉ាអីទៀត»។
ដោយឡែក អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ក្រសួងគួរតែពន្លឿនស្វែងរកដំណោះស្រាយជូនពលរដ្ឋ ជាជាងការមិនអើពើចំពោះកាតព្វកិច្ចរដ្ឋាភិបាលក្នុងការបម្រើរាស្រ្តស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា៖ «ខេត្តត្រូវតែទទួលយកពិចារណាទៅក្រសួងដើម្បីឲ្យធ្វើការដោះស្រាយបញ្ហានេះ ប្រជាពលរដ្ឋសុំដីសង្គមកិច្ច មានន័យថាពលរដ្ឋលោកអត់ដី លោកត្រូវការដី ដើម្បីបង្កបង្កើនផល អ៊ីចឹងបើសិនជាគាត់ព្រងើយកន្តើយទៅនឹងសំណើរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ចំពោះសំណើរបស់ពលរដ្ឋនេះ សុំឲ្យអាជ្ញាធរខេត្តលោកក៏ទទួលយក ពន្លឿនមធ្យោបាយដោះស្រាយ»។
វិវាទដីធ្លីរបស់សហគមន៍នៅក្នុងខេត្តកោះកុង បានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំមកហើយ ដោយសាររដ្ឋាភិបាលកាត់ឆ្វៀលដីរបស់សហគមន៍ឱ្យទៅឧកញ៉ា ធ្វើជាកម្មសិទ្ធិ ក្នុងនោះ មាន លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ា និងលោក ហេង ហ៊ុយ ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាដើម៕