តុលាការខេត្តក្រចេះព្យាយាមដាក់បន្ទុកចោទអ្នកតវ៉ាដីធ្លីតាម​បណ្តឹងក្រុមហ៊ុនវៀតណាម

ពលរដ្ឋរងគ្រោះដីធ្លី និយាយថា តុលាការខេត្តក្រចេះ ក្នុង​សវនាការ​ហាក់​បាន​ព្យាយាម​​សួរ​សំណួរ បែប​ចោទ​ប្រកាន់​ពួក​គេ ដូច​បណ្តឹង​ក្រុម​ហ៊ុន​វៀត​ណាម ដែល​បានចោទពីបទប្រើ​អំពើហិង្សាលើក្រុមហ៊ុន  ខណៈ​ពួកគេ​នៅបន្តតវ៉ាទាម​ទារ​យក​ដីទំហំជិត ៥០០​ហិកតា​ ពីក្រុមហ៊ុន​នោះវិញ​។

តំណាង​ជនរងគ្រោះដីធ្លីនៅឃុំកោះខ្ញែរ អ្នកស្រី អ៊ែល រ៉ូហ្សា ប្រាប់វីអូឌីនៅថ្ងៃទី២២ ខែ​មករានេះ​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែមករា តុលាការខេត្តក្រចេះ បាន​កោះ​ហៅ​ពួក​គាត់ ៦នាក់ ទៅបំភ្លឺ​តាម​បណ្តឹង​របស់​ភាគី​ក្រុម​ហ៊ុន​វៀតណាម ពីបទ ​ហិង្សា​។

អ្នកស្រីបន្តថា ក្នុងសវនាការ​អ្នកស្រី​បាន​សួរតុលាការថា ហេតុអ្វីចោទប្រកាន់ពួកគាត់​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​ភាគី​ក្រុមហ៊ុន​វៀតណាម ខណៈ​ពួក​គាត់​មិន​ដែល​ស្គាល់​តំណាង​ភាគី​ក្រុម​ហ៊ុន​នោះ​ទេ។

ម្យ៉ាង​វិញទៀត អ្នកស្រីថា ការចោទប្រកាន់នេះ គ្មាន​ភស្តុតាង​ច្បាស់​លាស់​គឺ​ជា​ចេតនា​ចង់​បណ្តេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន ខណៈ​ដី​នេះ​ពួក​គាត់​អាស្រ័យ​ផល​តាំង​ពី​ដូនតា មុន​ក្រុមហ៊ុន​វៀត​ណាម​មក​ម្ល៉េះ។

អ្នកស្រីថា៖ «ខាង​តុលាការ គាត់​និយាយប្រាប់ខ្ញុំអ៊ីចឹង បើបង​ឯង​ឆ្លើយ​ខុស បង​ឯង​នឹង​នៅទីនេះ បើ​បង​ឯង​ឆ្លើយ​ត្រូវ បង​ឯង​អាច​ទៅ​ផ្ទះ​ អ៊ីចឹងបងឯង​ចង់​ទៅ​ផ្ទះ​ដែរ​ទេ។  ស្រែ​ចម្ការ​ផ្ទះ​ខ្ញុំ​នៅ​នោះ ខ្ញុំ​មិន​ចង់​ទៅ​ម៉េច គាត់​ប្រាប់ខ្ញុំអ៊ីចឹង​ ខ្ញុំ​ថា ពួក​ខ្ញុំចង់​ទៅ​ផ្ទះ ព្រោះ​អី​ខ្ញុំ​អត់​មាន​អី​ខុស​ទេ​ ការ​ចោទ​ប្រកាន់​របស់​គាត់​ហ្នឹង​ខុស​ទាំង​ស្រុង»។

សម្រាប់អ្នក​ស្រី រ៉ូហ្សា យល់ថា ការចោទប្រកាន់ពលរដ្ឋ និង​ការអូសបន្លាយ​មិន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​វៀត​ណាម​នេះ ឆ្លុះ​បញ្ចាំង​ថា អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​នោះ​ទេ។

អ្នកស្រី​រៀប​រាប់​ថា អ្នកស្រីបារម្ភខ្លាចបាត់បង់ដី ដោយសារដីនោះ អាច​ចិញ្ចឹម​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​កោះ​ខ្ញែរ​បាន​រស់​រាន​មាន​ជីវិត​ដល់សព្វថ្ងៃនេះ បើបាត់បង់​ដី​ពួកគាត់​មិនដឹងទៅណាមកណាទេ។

អ្នកស្រីថា៖ «ខ្ញុំថាពូអ្ហារ ស្រុកទេសខ្ញុំនៅហ្នឹង ហើយផ្ទះខ្ញុំនៅហ្នឹង បើឱ្យកន្លែងផ្សេង ខ្ញុំ​អត់​ចង់​ទៅ​ទេ ខ្ញុំ​ចង់​ឆ្វៀល​ឲ្យ​ខ្ញុំ​កន្លែង​ហ្នឹង​មក ព្រោះផ្ទះ​ខ្ញុំ​ស្រុកខ្ញុំ​នៅហ្នឹង​ហើយ ពូឯង​ឱ្យ​ខ្ញុំ​ទៅ​នៅ​ឯណា? ហើយ​ដំ​ណាំ​ខ្ញុំ​នៅ​កន្លែង​ហ្នឹង ហើយ​ខ្ញុំ​ធ្លាប់​ដាំ​ដុំ​នៅ​ហ្នឹង ដោយ​សារ​ខ្ញុំចង់​នៅ​ហ្នឹង បាន​ខ្ញុំធ្វើដំណាំដាំ​ដុះ​នៅ​ហ្នឹង ផ្ទះ​ខ្ញុំ​នៅ​ហ្នឹង ឱ្យ​ខ្ញុំ​លើក​កញ្ចើរ​ទៅ​ឯណា​ទៀត​ពូ»។

ដូចគ្នានេះដែរ ពលរដ្ឋរងគ្រោះម្នាក់ទៀត លោក ភេម ឡៃ និយាយថា ការចោទរបស់តុលាការ​នេះ ជា​រឿង​​ដែល​​អយុត្តិធម៌​បំផុត សម្រាប់​ពួក​គាត់​ដែល​ជា​​ម្ចាស់ដីធ្លាប់​អាស្រ័យ​ផល​​ជាង​​៤០ឆ្នាំ​ទៅ​នេះ។​

លោកបន្តថា ក្រុមហ៊ុនវៀតណាម​ ជាអ្នកធ្វើសកម្មភាពឈូស​ឆាយ​ដី​ពលរដ្ឋ គឺរំលោភយកដីពលរដ្ឋ តែ​ពលរដ្ឋ​បែរ​ត្រូវ​រង​ការចោទប្រកាន់ទាំងអយុត្តិធម៌ និងរងពាក្យបណ្តឹងពីក្រុមវៀតណាមទៅវិញ។

លោកថា៖ «ខ្ញុំសូមតែឲ្យគាត់ជួយកាត់ឆ្វៀលដីធ្លីឲ្យប្រជាពលរដ្ឋចឹង ប៉ុន្តែគាត់ឆ្លើយថា ខាង​គាត់​មែន​ខាង​ដី​ធ្លី​ គាត់អត់​ដឹង​ទេ ដល់​រួច​យើង​សុំ​សំណូម​ពរ​ថា គាត់​លើក​លែង​ពី​ការ​ចោទ​ប្រកាន់​ពី​អ្នក​ដែល​ប្ដឹង​ហ្នឹង​ ឬក្រុមហ៊ុន​ប្ដឹង​ឈប់​ឱ្យ​ចោទ​ប្រកាន់​ពួក​ខ្ញុំ ថា​ខ្ញុំ​ហ្នឹង​​បំពាន​លើដី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់»។

យ៉ាងណា លោកស្នើឱ្យរដ្ឋាភិបាល និងតុលាការខេត្តក្រចេះ ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​នេះ​ឱ្យបាន​ឆាប់​រហ័ស ដើម្បី​ពួក​គាត់​អាស្រ័យ​ផល​ឡើង​វិញ។

លោកថា៖ «សុំឲ្យថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​ផង ទាំង​ប្រាំ​ភូមិ​ហ្នឹង​​នៅ​ឃុំកោះ​ខ្ញែរ ស្រុកសំបូរ ខេត្ត​ក្រចេះ»។

ជុំវិញករណីនេះ ប្រធានលេខាធិការដ្ឋានសាលាដំបូង​ខេត្តក្រចេះ អ្នកស្រី ឆាន់ ស្រីមុំ បាន​ប្រាប់​វីអូឌី​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ករណីនេះ ចៅក្រមស៊ើបសួរ​កំពុងតែ​បន្ត​ការ​ស៊ើប​សួរ និង​កំពុង​កោះ​ហៅ​សាក្សី​ជា​បន្ត​បន្ទាប់ ដើម្បី​មក​បំភ្លឺ​ករណី​ហិង្សាលើ​អ្នក​កាន់​កាប់​អចលន​វត្ថុ។

ដោយឡែក អ​នុប្រធាន​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស ដីធ្លីនិង​​ធនធាន​​ធម្មជាតិ នៃ​សមាគម​​ការពារ​​សិទ្ធិ​​​មនុស្ស​អាដ​ហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ករណីជម្លោះដីធ្លីនៅ​ខេត្តក្រចេះ​ដ៏រ៉ាំរ៉ៃ​នេះ ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​ចេញ​មុខ​ជួយ​ដោះ​ស្រាយ​ជូនពលរដ្ឋ​រ​ងគ្រោះហើយ។

លោកបន្តថា ការអូសបណ្តាយដោះស្រាយ និងបន្តចោទប្រកាន់ពលរដ្ឋ​បែប​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ ដូច្នេះ​រដ្ឋត្រូវយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ​ជូន​ពលរ​ដ្ឋជា​រឿង​ល្អ។

លោកថា៖ «អ៊ីចឹងសុំឲ្យពិនិត្យមើលឡើងវិញ សុំឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​ក៏​ដូច​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត លោក​ចុះ​ទៅ​ពិនិត្យ​មើល​ទៅ ហើយ​លោក​សាក​សួរ​និង​អាជ្ញាធរ​មូលដ្ឋាន​ទៅ​បាន ដើម្បី​ឱ្យ​បាន​ព័ត៌មាន​ហ្នឹង​ច្បាស់​ ហើយ​បើសូម្បី​តែ​អាជ្ញាធរ​ក៏​មិន​ច្បាស់​ផង ហើយ​ឲ្យ​បែរ​ជា​បណ្ដោយ​ឲ្យក្រុម​ហ៊ុន​ប្តឹង​ប្រជាពលរដ្ឋ​ទៅ​​តុលាការ ហើយ​អត់​ជួយ​ប្រជាពលរដ្ឋ​ អាហ្នឹង​ខ្ញុំយល់​ឃើញ​ថា អ្នក​ទាំង​អស់​ដែល​បាន​អំណាច ដែល​បាន​អីហ្នឹង ទទួល​បាន​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ ​លោក​ភ្លេច​ថា​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អស់​លោក​ហើយ»។

សម្រាប់លោក យិន ម៉េងលី​ ​ស្នើ​ឱ្យរដ្ឋាភិបាលថ្មី លោក ហ៊ុន ម៉ាណែត ត្រូវ​​ពិនិត្យ​និងចុះ​អង្កេត​ឱ្យ​ច្បាស់​លាស់​​ករណី​នេះ ​មិនត្រូវបណ្តែតបណ្តោយបន្តរ៉ាំរ៉ៃ និងរងទុក្ខដល់ប្រជាពលរដ្ឋទៀតនោះទេ។

បើតាម​ពលរដ្ឋ តំណាងជនរងគ្រោះចំនួន ៦នាក់ ដែលក្រុមហ៊ុនវៀតណា​មប្តឹង​​នោះ​ មាន លោក ភេម ឡៃ​ អ្ន​ក​ស្រី អែល រ៉ូហ្សា និង​លោក ស៊ឹង ករុណា ឱ្យចូល​ខ្លួន​បំភ្លឺ កាល​ថ្ងៃទី​២១ ខែ​មករា ពី​បទ ប្រើអំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត។

បើតាមប្រភពដដែល ជិត១ឆ្នាំទៅនេះ ពួកគេបានឡើងមកភ្នំពេញ រកកិច្ចអន្តរាគមន៍ពីមេដឹកនាំ​ញឹក​ញាប់ រួម​​ទាំង​ក្រសួង​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាលផងដែរ ឱ្យជួយ​ទប់​ស្កាត់​ការ​រំលោភ​យក​ដី ពី​សំណាក់​ក្រុម​ហ៊ុន​វៀត​ណាម​នេះ ប៉ុន្តែ​ថា​មក​ដល់​ពេល​នេះ​គ្មាន​ដំណោះ​ស្រាយ​ទេ។

ពួកគេថា ចំពេល​យុត្តិធម៌​ត្រូវ​បាន​ស្ថាប័ន​ជាតិ​កប់​ចោល ក្រុមហ៊ុនវៀតណាម បាន​បង្កើន​ការ​ប្រើ​ដៃ​តុលាការ ប្តឹង​ចោទ​ប្រកាន់ តំណាងពួកគាត់ជាជនរងគ្រោះទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ