ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល និងកម្មករទាមទារជាថ្មីទៀត ដោយជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវស្វែងរកឃាតករ និងអ្នកបញ្ជានៅពីក្រោយ នៃអំពើឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករកាលពី២១ឆ្នាំមុន យកមកផ្តន្ទាទោស ដើម្បីបញ្ចៀសការរិះគន់ថា រដ្ឋាភិបាល និងសមត្ថកិច្ចជំនាញជាអ្នកបង្កើតឱ្យមានអំពើនិទណ្ឌភាព កាន់តែច្រើនទៅៗ នៅក្នុងសង្គម។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យដឹងនៅថ្ងៃទី២២ ខែមករានេះថា អស់រយៈពេលជាង២០ឆ្នាំហើយ ដែលឃាតកម្មលើលោក ជា វិជ្ជា បន្តកប់បាត់ដំណឹងសូន្យឈឹង មកដល់ថ្ងៃនេះ។
ប៉ុន្តែការមកចូលរួមរំលឹកខួប២១ឆ្នាំ នៃមរណភាពរបស់លោក ជា វិជ្ជា ក្នុងឆ្នាំនេះ លោកហាក់នៅមានអារម្មណ៍ថ្មីៗនៅឡើយ នៃអំពើបាញ់ប្រហារ។
ស្របពេលជាគ្នាមួយនេះ ក្នុងនាមជាអ្នកនយោបាយ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវតែស្វែងរកមុខពិត ទាំងអ្នកបញ្ជាឱ្យបាញ់សម្លាប់ និងឃាតករ យកមកអនុវត្តទោស ហើយបើផ្អែកលើរបាយការណ៍កន្លងទៅ បង្ហាញថា ឃាតករដែលសមត្ថកិច្ចចាប់ខ្លួនបាន វាគ្រាន់តែជាឃាតករក្លែងក្លាយប៉ុណ្ណោះ។ ហេតុដូច្នេះ ឃាតករពិតប្រាកដ នៅតែបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដែលបញ្ហានេះសមត្ថកិច្ចជំនាញ គួរពន្លឿននីតិវិធីដើម្បីកសាងជំនឿចិត្ត និងផ្លល់យុត្តិធម៌ដល់ក្រុមគ្រួសារ ជនរងគ្រោះ។
លោកថា៖ «ថ្ងៃនេះ ខ្ញុំបានមកគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា ហើយខ្ញុំមានការក្ដុកក្ដួលទោះបីជារយៈពេល២១ឆ្នាំកន្លងផុតទៅហើយ ប៉ុន្តែរឿងដែលធ្វើឱ្យខ្ញុំក្ដុកក្ដួលខ្លាំងគឺដោយសារយុត្តិធម៌មិនទាន់បានរកជូនលោក ជា វិជ្ជា នៅឡើយ»។
ហាក់មិនខុសគ្នាទេ លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលបានចូលរួមនៅក្នុងពិធីរំលឹកខួបនៃអំពើបាញ់សម្លាប់លើលោក ជា វិជ្ជា នៅថ្ងៃនេះដែរ យល់ស្របថា បញ្ហានេះ សមត្ថកិច្ចជំនាញ និងរដ្ឋាភិបាល មិនគួរព្រងើយកន្តើយក្នុងការស៊ើបអង្កេតទេ។
លោកបន្តថា ជាច្រើនឆ្នាំមកនេះ ភាពអយុត្តិធម៌សម្រាប់អ្នកមានភក្តីភាពចំពោះជាតិ និងមាតុភូមិនៅតែកប់បាត់ស្រមោល។ ការមិនដោះស្រាយនេះ នាំឱ្យគ្រប់ភាគីដែលពាក់ព័ន្ធ និងតួអង្គដទៃទៀត មិនអស់ចិត្ត ហើយបន្តទាមទារកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដូចនៅថ្ងៃនេះដែរ។
ជាងនេះទៀត លោកក៏អំពាវនាវឱ្យបញ្ឈប់ការបាញ់សម្លាប់ក្រៅសំណាញ់ច្បាប់បែបនេះតទៅទៀត។ បើគ្រប់អ្នកនយោបាយខ្វែងគំនិតគ្នា ទៅលើបញ្ហាអ្វីមួយ គួរប្រើយន្តការនៃកិច្ចពិភាក្សា គឺជាជំរើសដែលល្អបំផុត ហើយគួរអនុវត្តរូបមន្តនេះ ដើម្បីកម្ពុជាស្អាតស្អំ។
លោកថា៖ «ខ្ញុំចង់ឃើញៗប្រទេសជាតិមួយដែលបង្ហាញនូវសេរីភាពមុននឹងយកដល់សន្តិភាពបង្ហាញនូវសេរីភាព យុត្តិធម៌បានវាមានសន្តិភាពផ្លូវកាយផ្លូវចិត្តផ្លូវវាចា ដើម្បីការឯកភាពជាតិខ្មែរ យើងល្មមបញ្ចប់ទៅអាគំនុំនយោបាយបោកបុគ្គលអាងបាញ់អាងចាប់អាងដាក់គុកយើងមានវប្បធម៌សន្ទនានៃអ្នកជំនាន់ថ្មី»។
លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវឃាតករបាញ់សម្លាប់ នៅនឹងតូបលក់កាសែត កែងវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្រោយកើតហេតុ មនុស្ស២នាក់ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ថា ជាឃាតករបាញ់សម្លាប់ ប្រធានសហជីពដ៏ល្បីល្បាញរូបនេះ។
ក្រោយជាប់ឃុំអស់ជាច្រើនឆ្នាំ និងរកមិនឃើញពីអំពើល្មើស ទាំងលោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានគេដោះលែងវិញ។
គិតពីថ្ងៃផ្តល់សេរីភាពឱ្យពួកគេទាំងពីរនាក់ មិនទទួលបានសំណងនៃជំងឺចិត្ត និងប៉ះប៉ូវការខូចខាតកិត្តិយស អ្វីទាំងអស់រហូតមកដល់ពេលនេះ ហើយឃាតករពិត និងអ្នកបញ្ជានៅក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះ នៅតែមិនទាន់ស្វែងរកចាប់ខ្លួន ដើម្បីយកមកអនុវត្តទោសបាននៅឡើយទេ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់ស្វែងរកការបំភ្លឺបានទេ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃនេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ តែយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់ វីអូឌី ថាសំណុំរឿងនេះ សមត្ថកិច្ចនូវមិនទាន់បានបិទបញ្ចប់នៅឡើយទេ ហើយករណីនេះ ខាងជំនាញក៏នៅបន្តស្រាវជ្រាវ និងស៊ើបអង្កេតនៅឡើយដែរ។
សម្រាប់កម្មកររោងចក្រកាត់ដេរ ដែលបានចូលរួមរំលឹកខួប២១ឆ្នាំ នៅថ្ងៃនេះ ពួកគេក៏បានបង្ហាញអារម្មណ៍សោកស្តាយ ដែលអ្នកតស៊ូមតិដើម្បីសំឡេងកម្មករ ត្រូវគេលួចធ្វើឃាតបែបនេះ។ ប្រភពបន្តថា លោក ជា វិជ្ជា គឺជានិមិត្តរូបដែលខ្វះមិនបាន ក្នុងបុព្វហេតុដើម្បីសិទ្ធិកម្មករ ហើយប្រាកដណាស់ យុត្តិធម៌សម្រាប់មេដឹកនាំសហជីពរូបនេះ ត្រូវតែមាន។
អ្នកស្រីថា៖ «តាំងពីបាញ់សម្លាប់ហ្នឹងមកធ្វើឱ្យយើងប៉ះពាល់អារម្មណ៍ហើយក្នុងនាមយើងជាកម្មករ បើយើងមិនជួយគ្នាមិនមានការចូលរួមជាមួយគ្នាទេ តើនរណាមកចូលរួមជាមួយយើង ចឹងហើយមានតែការផ្ដើមចេញពីយើងខ្លួនឯងចឹងហើយ ទើបខ្ញុំមើលឃើញវីរៈភាពទុកគាត់ជាអាយដល»។
នៅថ្ងៃរំលឹកខួប ២១ឆ្នាំ នៅក្នុងឆ្នាំនេះ នៅទីតាំងរូបសំណាករបស់លោក ជា វិជ្ជា ស្ថិតនៅនឹងជ្រុងម្ខាងនៃសួនច្បារផ្នែកខាងលិច នៃវិមានឯករាជ្យ តំណាងគណបក្សនយោបាយមួយចំនួន មានគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត គណបក្សកម្លាំងជាតិ និងគណបក្សជំនាន់ថ្មី ហើយគ្រប់អ្នកនយោបាយបានផ្ញើសារដូចៗគ្នាថា យុត្តិធម៌សម្រាប់មេដឹកនាំសហជីពរូបនេះ នៅតែបាត់ស្រមោលសូន្យឈឹងនៅឡើយ។
លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ឱ្យដឹងថា រឿងអយុត្តិធម៌សម្រាប់លោក ជា វិជ្ជា នេះបានកន្លងផុតទៅ២១ឆ្នាំហើយ។ ទាំងឃាតករ និងអ្នកផ្តើមគំនិតឱ្យបាញ់សម្លាប់ រស់នៅដោយសុខស្រួលមកដល់ថ្ងៃនេះ។
ប្រភពបន្តថា ក្នុងនាមលោកធ្លាប់ជាមិត្តភក្តិ និងស្ថិតក្នុងវិស័យការងារដូចគ្នា បានតស៊ូមតិ ទាមទារយុត្តិធម៌អស់ពេល២១ឆ្នាំហើយ ហើយក្រុមគ្រួសាររបស់អតីតមេដឹកនាំសហជីពរូបនេះ ក៏រងចាំយុត្តិធម៌ ចាយពេលជាង២០ឆ្នាំដូចគ្នាដែរ។ តែលទ្ធផលនៅបន្តកប់បាត់គ្មានដំណឹង មកដល់ពេលនេះ។
ជុំវិញរឿងនេះ លោក ជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា និងជាប្រធានស្តីទីគណបក្សកម្លាំងជាតិ ក៏បន្តអំពាវនាវឱ្យមានការស៊ើបអង្កេត ពីស្ថាប័នជំនាញរបស់រដ្ឋាភិបាល ដើម្បីយកអ្នកប្រព្រឹត្តក្នុងអំពើល្មើសនេះ មកអនុវត្តទោស។
លោកបន្តថា ប្រសិនបើសំណុំរឿងនេះ មិនត្រូវបានដោះស្រាយ ឬចាត់វិធានការទេ នោះមានន័យថា កម្ពុជានឹងត្រូវរងការរិះគន់ជាទីជម្រក នៃអំពើនិទណ្ឌភាព កាន់តែអាក្រក់ទៅៗ។
លោកថា៖ «ក្នុងករណីដែលរដ្ឋាភិបាលថ្មីឡើងកាន់តំណែងថ្មីៗនេះ ខ្ញុំសង្ឃឹមថា ឃាតកម្មទៅលើលោក ជា វិជ្ជា ត្រូវបានវែកមុខ»។
បើតាមលោក ជា មុន្នី មកដល់ពេលនេះ មានមេដឹកនាំសហជីពធំៗចំនួន៣រូបហើយ ដែលត្រូវឃាតករបាញ់សម្លាប់ ក្នុងនោះលោក ជា វិជ្ជា ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្នុងឆ្នាំដដែល តែរំលងបាន៥ខែ មេដឹកនាំសហជីពម្នាក់ទៀត លោក រស់ សុវណ្ណរ៉េត ត្រូវឃាតករបាញ់សម្លាប់ដូចគ្នា ហើយមេដឹកនាំសហជីពម្នាក់ទៀត លោក ហ៊ី វុទ្ធី ប្រចាំរោងនៅចក្រសាន់តិច ត្រូវគេលួចបាញ់សម្លាប់ដែរ កាលពីឆ្នាំ២០០៧។
ក្រុមមេដឹកនាំសហជីពដែលជាគោលដៅនៃការធ្វើឃាតទាំងនោះ គឺជាក្បាលម៉ាស៊ីនដឹកនាំសហជីពសេរីកម្មករទាំងអស់។
យ៉ាងនេះក្តី សម្រាប់ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចុះអង្កេតព្រឹត្តិការណ៍នៃការរំលឹកខួបនៅឆ្នាំនេះ យល់ឃើញថា ក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះ គេហាក់ពិបាកជឿណាស់ថាស្ថាប័នជំនាញរបស់រដ្ឋាភិបាល អាចបន្តស្វែងរកចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស ដើម្បីយកមកអនុវត្តទោស។ លោកបន្តថា មានរឿងក្តីជាច្រើន ដែលជារឿងរសើប មិនត្រូវបានរកឃើញអ្នកប្រព្រឹត្ត និងអ្នកបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋ យកមកផ្តន្ទាទោសបានម្តងណានោះទេ ហើយករណីនេះ អ្នកការពារសិទ្ធិមនុស្សរូបនេះ ក៏មានទុទិដ្ឋិនិយមដូចគ្នាដែរថា អាចនឹងមិនកើនឡើងនោះឡើយ។
លោកថា៖ «មិនមែនតែ ជា វិជ្ជា ទេខ្ញុំក៏ធ្លាប់បានរងនៅអយុត្តិធម៌ដែរ ខ្ញុំក៏សង្ឃឹមលើដោយសារតែរដ្ឋាភិបាលនេះ តិចតួចណាស់ដែលខ្ញុំសង្ឃឹម ប៉ុន្ដែអ្វីដែលយើងមើលប្រសិនបើលោកចាប់អារម្មណ៍ លោកមានឆន្ទៈ លោកធ្វើរឿងហ្នឹងហើយ មិនពន្យាពេលដល់២១ឆ្នាំទេ»។
កាលពីឆ្នាំ២០១៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បានបញ្ជាឱ្យបង្កើតគណៈកម្មការមួយឡើង ដើម្បីស្វែងរកយុត្តិធម៌ ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ ប៉ុន្តែរឿងនេះ បានកន្លងទៅជិត១០ឆ្នាំមកហើយ គណៈកម្មការដែលមានសមាសភាពមកពី ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ជាដើម នៅមិនទាន់បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាងណាមួយនៅឡើយទេ។
បញ្ហានេះ នាំឱ្យអ្នកតាមដានសង្គម ចាត់ទុកថា រឿងក្តីលោក ជា វិជ្ជា នេះ មិនខុសអីពីរឿងក្តីលោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី និងអ្នកតស៊ូមតិដទៃទៀតឡើយ។ រាល់ពេល មានអំពើល្មើសកើតឡើង ជាពិសេសទៅលើអ្នកធ្វើការងារសង្គម និងអ្នកតស៊ូមតិ មិនដែលឃើញមានពន្លឺនៃយុត្តិធម៌ម្តងណាឡើយ ហើយការស្លាប់របស់ពួកគេ សុទ្ធសឹងតែពាក់ព័ន្ធនឹងការរិះគន់ និងការឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយ ដែលមានភាពអសកម្មរបស់រដ្ឋាភិបាល៕