ពលរដ្ឋទាមទារស៊ើប​អង្កេតរឿង​អាស្រូវ លោក ម៉ៅ ធនិន រំលោភ​យក​ដី​ជាង​៤០​ហិកតា

ពលរដ្ឋដែលអះអាងថា​រង​ការ​រំលោភ​បំពាន​ដីធ្លី​នៅ​ខេត្ត​កំពត ទាម​ទារ​ឱ្យ​ស្ថាប័ន​ជំនាញ​បើក​ការ​ស៊ើប​អង្កេត​រក​មុខ​មន្រ្តី​ពាក់​ព័ន្ធ​ដែល​បាន​គប់​គិត​គ្នា​រំលោភ​យក​ដី​ពលរដ្ឋ និង​ដី​ភ្នំ ដើម្បី​បោស​សម្អាត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ជៀស​វាង​ការ​ចេញ​លិខិត​បដិសេដ​មួយ​សន្លឹក​ហើយ​រួច​ខ្លួន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ការ​ទាមទារនេះ ក្រោយ​រដ្ឋបាល​ខេត្ត​កំពត ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃ​ទី​២២ ខែមករា ដោយ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់ VOD ពាក់ព័ន្ធ​រឿង លោក ម៉ៅ ធនិន ច្បាម​យក​ដី​អ្នក​ភូមិ​ជាង​ ៤០​ហិកតា នៅតំបន់​ភ្នំទ្វា​នោះ​ ​គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

បើតាម​ប្រភព​ដដែល ទីតាំង​នោះ គឺ​ជា​អាស្រម​លោក​យាយ​ម៉ៅ ដែល​ដំបូង​ឡើយ​មាន​ទីតាំង​នៅ​ក្រោម​ជើង​ភ្នំ​ទ្វា ជាប់​ផ្លូវ​ជាតិ​លេខ​៣ ដែល​មាន​ពលរដ្ឋ​តែង​តែ​ចូល​គោរព​បូជា បន់​ស្រន់ តាម​ជំនឿ​រៀងៗ​ខ្លួន។ ប៉ុន្តែរាល់ពេ​ល​មាន​បុណ្យជាតិ​សំខាន់ៗ ទីតាំងនេះ​មាន​សភាព​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ជារឿយៗ ទើប​អាជ្ញាធរ​ខេត្ត​កំពត​ផ្លាស់​ប្តូរ​អាស្រម​ទៅ​លើ​ភ្នំទ្វា​វិញ ដែល​ជា​អចលន​ទ្រព្យ គ្រប់​គ្រង​ដោយ​មន្ទីរ​ធម្មការ និងសាសនាខេត្ត។

យ៉ាងណា ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ដែល​អះ​អាង​ថា ជា​ពលរដ្ឋ​រង​គ្រោះបា​ត់បង់​ដី​ជិត ៥ហិកតា នៅតំបន់​ភ្នំទ្វា ដែល​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៩​មក ទាម​ទារ​ឱ្យស្ថាប័ន​ជំនាញ​ចុះ​ស៊ើបអង្កេតលើករណីនេះ ដោយតម្លាភាពដើម្បីផ្តល់យុត្តិធម៌។

លោកចោទថា លោក ម៉ៅ ធនិន ធ្លាប់​ប្រាប់​លោក​ថា លោក​យាយ​ម៉ៅបាន​ពន្យល់​សប្តិ​ខ្លួន ឱ្យ​ធ្វើ​​អាស្រម​នៅ​ទីនោះ​​សម្រាប់​ជាទីសក្ការៈ​​បូ​ជា​​ទុក​​ជា​​សម្បត្តិ​រដ្ឋ តែក្រោយ​មក​បែរ​ជា​លេប​យក​ដី​នោះ​ទៅ​ឱ្យ​ម្តាយ​ខ្លួន គឺ​អ្នកស្រី គង់ ម៉ៃ ធ្វើជាម្ចាស់​កម្មសិទ្ធ​ទៅវិញ។

លោកថា៖ «អ្នកណាមានអីហៅមក​ប្រជុំ​មក ដើម្បី​ឱ្យ​តម្លាភាព​ថា​ឥឡូវ​ខ្ញុំ​យក​កន្លែង​ហ្នឹង​អភិវឌ្ឍន៍ ដើម្បី​​អាស្រម​លោក​យាយ​ម៉ៅ​​ដែល​ខ្ញុំ​យល់​​សប្តិ​​អ៊ីចឹង ប្រកាសប្រាប់ប្រជាពលរដ្ឋមក ដូច​ខ្ញុំ​អ៊ីចឹង! ខ្ញុំអស់ចិត្តហើ​យ ស្រាប់​តែ​មួយ​ខែ​ក្រោយ​មក បែក​ធ្លាយ​ចេញ​ម៉ែ​គាត់​មក ហើយ​មេភូមិ​ក៏​ខ្សឹប​ប្រាប់​ដែរ​ថា ថា​ពេទ្យ​អើយ​មែន​ទេ​ដាក់​ម៉ែ​គាត់ មេឃុំ​រង​អីហ្នឹង គេលួច​ខ្សឹបប្រាប់​ខ្ញុំ ជំទប់​ទីមួយ​ហ្នឹង ហើយ​មេភូមិ​គាត់​ប្រាប់​ថា ​គ្រូពេទ្យ​មែន​ទេ ដាក់​ឈ្មោះម៉ែ​គាត់ ខ្ញុំ​ប្រាប់​ថា​ដូច​មិន​កើត​ទេ គាត់​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់​ហើយ។ ខ្ញុំអត់​ជឿ! ស្រាប់​តែ​ឃើញ​ឯកសារ​មែន! ឯកសារ​បែក​ធ្លាយ​មែន! ដា​ក់ឈ្មោះ ម៉ែ​គាត់​មាន​ទិន្នន័យ​ក្បាល​ដី​បិទ​ប្រកាស​នៅ​សុរិយោ​ដី​ខេត្ត សុរិយោ​ដី​ស្រុក​ គេថត​បាន​គេ​យក​ការ​បាន»

បើតាម​លោក អ៊ូច វុឌ្ឍី មានព​លរដ្ឋជិត​២០​គ្រួសារ បាត់បង់ដីជាង ៤០ហិកតា នៅតំបន់ភ្នំទ្វា ក្រោម​អំណាច​ច្បាម​យក​ដី​ពី​លោក ម៉ៅ ធនិន នេះ។

លោកថា ៖ «កុំអា​ដែង​លេង​ប៉ា​ហ៊ី​ស្ពិន​ភ្នែក​អ៊ីចឹង​អត់​បាន​ទេ ហើយ​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏​គាត់​ឈឺ​ចាប់​ដែរ ហើយ​មក​ខេត្ត​កំពត​នេះ កន្លែង​ណា​ក៏​រឿង​រ៉ាវ​ដីធ្លី​ដែរ យើង​ដាក់​ភ្នាក់ងារ​ឯករាជ្យ​ទៅ​ស៊ើប​អង្កេត​ទៅ​តាម​សំណូម​ពរខ្ញុំ។ ដាក់​ភ្នាក់​ងារ​ឯករាជ្យ​ស៊ើប​អង្កេត​ហើយ​ចេះ​អាណិត​ប្រជា​ពលរដ្ឋ។ បី​ពេល​ដូច​គ្នា ប៉ុន្តែ បីពេល​គាត់​ផ្សេង​ បីពេល​ប្រជាពលរដ្ឋ​ផ្សេង​ បីពេល​កម្មករ​ផ្សេង បីពេល​ខ្ញុំ​ផ្សេង។ អ៊ីចឹង​យើង​គួរ​ណាតែ​យក​អ្នក​ឯករាជ្យ​អ្នក​សង្កេត​ការណ៍ ឬ​មួយ​អធិ​ការ​​កិច្ច​​ឯករាជ្យ​ ក្រសួង​ពាក់​ព័ន្ធ​ចុះ​មក​ពិនិត្យ​ តើ​ដីកន្លែង​ណា​ខ្លះ​ដែល​គាត់​ច្បាម​យក​ជា​ប្រព័ន្ធ។ អាងតែ អំណាច​ខ្លួន​ឯង​ គាត់​សម្លុត​គំរាម​កំហែង​រហូត​ទៅ​ដល់​កាសែត​ក្នុង​ស្រុក​មួយៗ​ភ័យ​គ្រប់​គ្នា»។

លោក ម៉ៅ ធនិន បានរៀបការជាមួយ​អ្នកស្រី ហ៊ុន ចាន់ធី កូនស្រីរបស់​អ្នកស្រី ហ៊ុន ប៊ុន​ធឿន ប្អូន​ស្រី​ពៅ​របស់​ប្រធានគណបក្សកាន់អំណាច លោកហ៊ុន សែន។ លោក ម៉ៅ ធនិន គឺ​ជា​ក្មួយ​ប្រសារ​របស់​លោក ហ៊ុន សែន។

ជាមួយគ្នានេះ ពលរដ្ឋ​ម្នាក់​គឺ អ្នកស្រី ឈិត ស្រីលន ប្រាប់VOD​ថា អ្នកស្រី​បាត់បង់​ដី​ជិត​១ហិកតា​នៅតំបន់​ភ្នំទ្វា​នេះ ដែល​ម្តាយ​ឪពុក​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៦ មកម្លេះ តែ​ត្រូវ​បាត់​​បង់​ក្រោយ​ លោក ម៉ៅ ធនិន ចូលមកកាន់កាប់​តំណែង​ជាអភិបាលខេត្តកំពត។

អ្នកស្រី​ស្នើឱ្យស្ថាប័ន​ជំនាញ​បើក​ការ​ស៊ើបអង្កេត ដើម្បី​រក​យុត្តិធម៌ចំពោះការបាត់ដបង់ដីធ្លីនេះ ខណៈ​គាត់ដាក់ពាក្យបណ្តឹងរកការអន្តរាគម​ន៍នៅសាលាខេត្តកំពត មន្ទីរសុរីយោដីស្រុក និង​ខេត្ត ជាង​១ឆ្នាំ​ហើយ​ នៅតែមិន​ទាន់​មាន​ដំណោះ​ស្រាយ។

អ្នកស្រីថា៖ «ដាំដំណាំ ដាំអី ប្រកប​អាជីវកម្មនៅហ្នឹង តាំងពី១៩៨៦មកម្ល៉េះ។ ដីខ្ញុំហ្នឹងគឺ​មាន​X Y ត្រឹមត្រូវដោយសារពេល​សុរិយោ​ដី​ចុះ​វាស់​ហើយ​ហ្នឹង គឺ​ខ្ញុំ​បាន​ទៅ​សុំ X Y ពី​សុរិយោដី​ មន្ទីរ​ខេត្ត​កំពត ដែល​ដី​ខ្ញុំ​មាន ៣៨៦ម៉ែត្រការ៉េ តែ​នៅ​ពេល​ដែល​ចុះ​ផ្សាយ គឺដី​ខ្ញុំ​បាន​តែ​ ២៥០០​ជាងទេ​ មាន​ន័យ​ថា បាត់​ជិត​​៨ពាន់ម៉ែត្រការ៉េ ជិតមួយ​ហិកតា។ ដីនេះ​វាស់​តាំងពីឯកឧត្តម ជាវ តាយ នៅ​មក​ម្ល៉េះ​តាំងពីថ្ងៃទី​២៥ ខែ​២ ឆ្នាំ២០២១ តែ​បិទ​ផ្សាយ​នេះ ទើប​តែ​បិទ​ផ្សាយ​ទេ បាត់​នៅ​ជំនាន់​ឯកឧត្តម ម៉ៅ ធនិន គាត់​មក​កាន់​កាប់​នេះ ប្ដឹង​នៅ​សាលាខេត្ត​ផង​ដែរ តែ​មិន​មាន​ដំណោះ​ស្រាយ​ទេ»

ប្រធាន​សមាគមការពារសិទ្ធមនុស្សអាដហុក លោក នី សុខា ជំរុញ​ឱ្យ​ស្ថាប័ន​ថ្នាក់​ជាតិ បង្កើត​គណៈ​កម្ម​ការ​ឯករាជ្យ​មួយ​ ស៊ើប​អង្កេត​លើ​រឿង​នេះ​ដោយ​តម្លា​ភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ពិតប្រាកដ។

លោកថា៖ «ប្រសិន​បើ​យើង​យក​ទៅ​លើ​រដ្ឋបាល​ខេត្ត ហើយ​ចេញ​លិខិត​បដិសេធ​បែប​នេះ ខ្ញុំ​គិត​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នឹង​មិន​សុខ​ចិត្ត​សុខ​កាយ​ទេ ដូច្នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​លោក​មិន​សុខ​ចិត្ត ​លោក​មិន​ទទួល​យក​បាន​ អាហ្នឹង​រឿង​ហ្នឹង​វា​នៅ​តែ​បន្ត​ទៅ​ទៀត បែប​ហ្នឹង​ឯង​ ហើយ​ឲ្យ​វា​ធ្វើ​ឲ្យ​ បើសិនជា​ខាង​ឯកឧត្តម ម៉ៅ ធនិន លោក​យល់​​​ថា រឿង​ហ្នឹង​វា​មិន​មែន​ជា​ការ​ពិត​ យើង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​គណៈ​កម្ម​ការ​ឯករាជ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិត្តិយសគាត់ផង»។

ជាមួយគ្នានេះ ប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ យល់ថា បើគ្រាន់​តែ​ចេញ​លិខិត​ច្រាល​ចោល​មួយ​សន្លឹក​របស់​រដ្ឋ​បាល​​ខេត្ត​កំពត មិន​អាច​ជម្រះ​មន្ទិល​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ បើ​គ្មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ទេ​នោះ។

លោក​ថា៖ «ចំពោះ​ការ​បដិសេធ​ថា​ព័ត៌មាន​ដែល​ចុះ​ដោយ​VOD ឬ​ក៏​សារព័ត៌មាន​ផ្សេងៗ​ទៀត​ថា​វា​ជា​ព័ត៌មាន​បំភ្លៃ​ការ​ពិត ចុះបើ​បដិសេធ បដិសេធ​ទៅ​លើ​អី​គេ ការ​បដិសេធ​ជា​រឿង​មួយ​ហើយ ប៉ុន្តែ​យើង​ត្រូវ​តែ​បង្ហាញ​ភ័ស្តុតាង​ជាក់​លាក់​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​បាន​យុត្តិធម៌​ ហើយ​មហាជន​ទូទៅ​គាត់​ជឿ​ជាក់ គាត់​ជឿ​ជាក់​ត្រង់​ណា ថា​តើ ចៅហ្វាយ​ខេត្ត​កំពត ពិត​ជា​បាន​ដឹក​នាំ​ខេត្ត​មួយ​ហ្នឹង ជាខេត្ត​ស្អាត​ស្អំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ជឿ​ទុក​ចិត្ត​បាន​កម្រិត​ណា​ ហើយ​មហាជន​ទូទៅ​នោះ គាត់​សប្បាយ​ចិត្ត​ថា​ការ​បដិសេធ​របស់​រដ្ឋបាល​ខេត្ត​ហ្នឹង វាពិត​ជា​មាន​ភ័ស្តុ​តាង​មួយ​បង្ហាញឲ្យ​សាធារណៈ​ទូទៅ​ជឿ​ជាក់ និង​ស្ងប់​អារម្មណ៍​​ថា ការ​ពិត​ជា​ទទួល​បាន​យុត្តិធម៌​មែន»

ក្រៅពីរឿង​អាស្រូវយក​ដី​នៅតំបន់​ភ្នំទ្វា​ហើយ​នោះ លោក ម៉ៅ ធនិក ក៏​រងការ​ចោទ​ថា បាន​ដើរ​ទន្រ្ទាន​យក​ដី​រដ្ឋ​ ដូចជា នៅ​ភ្នំថ្កូវ នៅ​ឃុំត្រពាំង​ឃ្លាំង ស្រុក​ឈូក និង​តំប​ន់ព្រែក​ត្នោត នៅ​ស្រុក​ទឹក​ឈូ ដែល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ជិត​១០០គ្រួសារ តែអ្នកភូមិ​មិន​ហ៊ាន​តវ៉ា​ទេ ព្រោះ​ខ្លាច​អំណាច​លោក ម៉ៅ ធនិន។

បន្ថែមលើនេះ អភិបាលខេត្តកំពតរូបនេះ ក៏រងការ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​ផង​ដែរ ក្រោយ​ពេល​មាន​ការ​ចែក​ចាយ​រូបភាព និងវីដេអូ​ភូមិគ្រឹះ​របស់​លោក ម៉ៅ ធនិន ដែល​សាង​សង់​ឡើង​ដោយ​ឈើ​ប្រណិត​​​នៅ​លើ​​បណ្ដាញ​​សង្គម​ នា​ពេល​កន្លង​ទៅ។ មតិខ្លះ​បាន​លើក​ឡើង​ថា ទ្រព្យសម្បត្តិ​ដែល​មាន​ច្រើននេះ មិនសមាមាត្រទៅនឹងប្រាក់ខែមន្ត្រីរាជការ។

ជាងនេះទៀត ក្មួយប្រសារលោក ហ៊ុន សែន រូប​នេះ ត្រូវបាន​ពលរដ្ឋ​ទម្លាយ​ថា បាន​ទម្លាក់​តំណែង​លោក ដាញ់ សារី ប្រធាន​មន្ទីររៀបចំ​ដែន​ដី​ នគរូប​នីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កំពត ក្រោយ​បដិសេដ​មិន​ព្រម​រួម​គំនិត​កាត់​ឆ្វៀល​ដី​តាម​ការ​ចង់​បាន​របស់​លោក ម៉ៅ ធនិន ដោយ​ឱ្យ​លោក ព្រាប សុផាត អនុប្រធានម​ន្ទីរសុរិយោដីខេត្ត​កំពត កាន់តំណែងជំនួសវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ