រដ្ឋាភិបាល តាមរយៈអគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាថ្មីទៀត ឱ្យមន្ត្រីក្រោមឳវាទ បង្កើនការត្រួតពិនិត្យជាតិស្រវឹង ដោយសំអាងថា បញ្ហានេះ កំពុងបង្កគ្រោះថ្នាក់កើនឡើង ក្នុងស្ថានភាពធ្ងន់ធ្ងរ គួរព្រួយបារម្ភ ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ត្រូវបានអគ្គស្នងការនគរបាលជាតិ ដកស្រង់សម្តីមកចុះផ្សាយកាលពីថ្ងៃទី២០ ខែមករាថា មួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងគួរឱ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
លោកបន្តថា ស្ថានភាពគ្រោះថ្នាក់ទាំងនោះ សុទ្ធតែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់។
ប្រភពដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។
ក្រោយមានហេតុការណ៍ជាបន្ដបន្ទាប់ និងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងអណោចអធម៌នោះ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញ បានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញផងដែរ។
បើតាមនគរបាលជាតិ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវរៀបចំឱ្យមានក្រុមល្បាតចល័ត ក្នុងភូមិសាស្ដ្រដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមល្បាតចល័តនេះ នឹងពិនិត្យលើអ្នកបើកបរក្រោមស្ថានភាពគ្រឿងស្រវឹង។
ដោយឡែក អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការត្រួតពិនិត្យជាតិស្រវឹងឱ្យបានច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រ ដោយមិនជូនដំណឹងជាមុន។
បើតាមលោក ជួន ណារិន្ទ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។
ករណីនេះ សង្គមស៊ីវិល និងគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ចាត់ទុកថា វាជាផ្នែកមួយដែលបង្ហាញអំពីចំណុចខ្វះខាត និងភាពធ្វេសប្រហែសរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បំពេញការងារមិនបានដិតដល់ និងខ្វះការខ្វល់ខ្វាយពីក្រសួងដែលពាក់ព័ន្ធ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថា លោកមានការសាទរចំពោះវិធាននេះ ប៉ុន្តែលោកថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព រៀបចំផ្លូវឱ្យមានពន្លឺភ្លើងគ្រប់គ្រាន់ផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និយាយថា លោកគាំទ្រវិធាននេះ ប៉ុន្តែបញ្ហានេះ វាបានកើតឡើងជាហូរហែយូរឆ្នាំហើយ និងបានសម្លាប់មនុស្សមិនតិចដែរក្នុងមួយឆ្នាំៗ។
សម្រាប់លោក យង់ គិមអេង ចង់ឃើញមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងហាមដាច់ខាតមិនឱ្យបើកបរពេលមានជាតិស្រវឹង។
លោកថា៖ «ពីព្រោះបើកាលណាគាត់ស្រវឹង មិនមែនគ្រោះថ្នាក់តែពលរដ្ឋធម្មតាទេ អ្នកណាក៏គ្រោះថ្នាក់ដែរ បើគាត់ស្រវឹងទៅបុកគេបុកឯងតាផ្តេសតាផ្តាស»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា វិធានការទប់ស្កាត់គ្រោះថ្នាក់ ដែលបង្កឡើងពីគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា ពិបាកនឹងលុបបំបាត់ បើកម្ពុជាមិនលុបបំបាត់វប្បធម៌អន្តរាគមន៍ ដែលកំពុងចាក់ឫសជ្រៅក្នុងស្ថាប័នអនុវត្តច្បាប់។
លោកថា៖ «អនុវត្តច្បាប់ដោយគ្មានការយោគយល់ ទើបអាចដោះស្រាយបាន។ តែបច្ចុប្បន្នវប្បធម៌អន្តរាគមន៍វាធ្វើឱ្យអ្នកមានលុយ និងមានឥទ្ធិពល មិនខ្លាចទេក្នុងការសេពគ្រឿងស្រវឹង និងបន្តបើកបរក្នុងស្ថានភាពស្រវឹងហ្នឹង»។
ក្តីបារម្ភរបស់សង្គមស៊ីវិល ដូចគ្នាទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែរ ដោយលោកថា សោកនាដ្ឋកម្មសម្លាប់មនុស្សតាមដងផ្លូវ គឺគ្រឿងស្រវឹងឈរនៅលំដាប់ទី២។
លោកថា៖ «យើងឃើញថា ៧០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ មានកត្តាច្រើនមានយាន្តយន្ត បុគ្គល។ ប៉ុន្តែកត្តាមួយទៀត ដែលយើងមិនអាចមើលរំលងបាន គឺការប្រើប្រាស់គ្រឿងស្រវឹងនេះ។ ខ្ញុំសូមលើកឡើងសារជាថ្មីទៀតតាមរយៈវេទិកានេះ បើអាចទៅរួច សូមស្នើឱ្យឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ ពិនិត្យឡើងវិញ ទៅលើកុងត្រាជួយដាក់ប៉ាណូស្រាបៀរនៅទីសាធារណដែលផ្សព្វផ្សាយគ្រឿងស្រវឹងនេះ។ ឥឡូវច្បាប់គ្រឿងស្រវឹង វាអត់ទាន់ចេញចេះតែទុកៗទៅ ខ្ញុំគិតថា ខេត្តក៏មិនបានចំណូលច្រើនពីអាហ្នឹងណាស់ណាដែរ។ យកអាលុយចំហាយក្តៅពីគេយកទៅចាយក៏វាមិនសុខដែរ។ ឥឡូវគ្រឿងស្រវឹងបន្ទាប់ពីល្បឿន គឺគ្រឿងស្រវឹងនេះ ដែលជាបញ្ហាធ្វើឱ្យមនុស្សស្លាប់ច្រើនជាងគេ»។
ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស សុខា បានអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹង ពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ។ លោកមើលឃើញថា បញ្ហាប្រឈមដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងទាមទារឱ្យរដ្ឋាភិបាលដោះស្រាយ ដោយថា ក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ខ្ទង់ពាន់នាក់៕