ក្រុមជនរងគ្រោះចាញ់បោកឧកញ៉ាខិលខូច បានស្តីបន្ទោសប្រព័ន្ធយុត្តិធម៌កម្ពុជាដែលមិនអាចរកយុត្តិធម៌ ជុំវិញការជាប់គាំងរឹបអូសទ្រព្យជនឆបោកមកសងពួកគេវិញ ដើម្បីដោះស្រាយវិបត្តិបំណុល ទោះមានអ្នកចាញ់បោកបានស្លាប់ជាបន្តបន្ទាប់ក្តី ដែលបញ្ហានេះ កំពុងគំរាមដល់អំណាចគ្រួសារហ៊ុន បើជនរងគ្រោះអស់ការអត់ធ្មត។
ជនរងគ្រោះម្នាក់ លោក យ៉ា សំអេង ដែលចាញ់បោកលុយជាង២ម៉ឺនដុល្លារ ប្រាប់VODនៅថ្ងៃនេះថា រឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណា ជាងមួយឆ្នាំទៅនេះ ហាក់មានភាពស្ងៀមស្ងាត់ ទោះមានមេធាវីរដ្ឋាភិបាលហក់ចូលជួយការពារក្តីឱ្យជនរងគ្រោះក៏ដោយ។
លោកស្តីបន្ទោសថា ប្រព័ន្ធច្បាប់នៅកម្ពុជា ហាក់មិនបានជួយរកយុត្តិធម៌ឱ្យក្រុមជនរងគ្រោះទេ តែកំពុងជួយការពារក្រុមឧក្រិដ្ឋជនឆបោកទៅវិញ។
លោកថា៖ «ស្នើសុំដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគាត់ជានាយករដ្ឋមន្ត្រីទើបតែឡើងតំណែងថ្មីៗនេះ សូមឲ្យគាត់បញ្ចេញសមត្ថភាព បញ្ចេញកណ្ដាប់ដៃដែក ជួយពញ្ញាក់ស្មារតីជួយជំរុញឱ្យខាងតុលាការខេត្តសៀមរាប ដោះស្រាយរឿងក្ដីករណីឆបោកអតីតឧកញ៉ា ឡេង ចាន់ណា ជួយដល់ប្រជាពលរដ្ឋជនរងគ្រោះផង បើថារឿងក្ដីនេះ ដោះស្រាយមិនចេញទេ អ៊ីចឹងស្ដែងឲ្យឃើញថាច្បាប់ស្រុកខ្មែរយើងហ្នឹង! ទុកតែរឹតកអ្នកក្រីក្រ ជួយបន្ធូរទៅខាងខ្សែដែលមានដូចថាវាអត់សមាមាត្រគ្នា»។
ជ្រុងមួយនៃរឿងនេះ លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល បានចូលខ្លួនធ្វើជាតំណាងឱ្យជនរងគ្រោះ តាមការបញ្ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤។
តែចាប់ពីមេធាវីរូបនោះជួយការពារក្តីជិតមួយឆ្នាំទៅនេះ ជនរងគ្រោះនៅតែមិនទទួលបានសំណងមកវិញនោះទេ។
បើតាម លោក យ៉ា សំអេង រៀបរាប់បន្តថា លោកបានបង្ខំចិត្តស៊ីឈ្មួលធ្វើជាកម្មករដកដំឡូងនៅប្រទេសវៀតណាម ទាំងប្រឈមការលំបាក ក្រោយចាញ់បោកក្រុមហ៊ុននេះ និងបានលក់ដីចម្ការទំហំ ៤ហិកតា ដើម្បីដោះស្រាយវិបត្តិបំណុលផងដែរ។
លោកថា៖ «អ្នកខ្លះចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ប្រទេសថៃ ប្រទេសម៉ាឡេ ប្រទេសកូរ៉េ ជប៉ុនអីអស់ហើយដើម្បីរកស៊ីដោះបំណុល។ ឥឡូវហ្នឹងមានទាំងជនរងគ្រោះចំណាកស្រុកទៅស៊ីឈ្នួលធ្វើការដកដំឡូងនៅវៀតណាមទៀត នៅយួន ស្រុកយួន ពីមុនមកដែលមានពលរដ្ឋខ្មែរដែលទៅធ្វើការឲ្យយួន ឥឡូវទៅអស់ហើយ គឺខ្ញុំកញ្ជះស្រុកគេអស់ ដោយសារតែបញ្ហាក្នុងស្រុកយើងហ្នឹង វាមានរឿងរ៉ាវច្រើនពេក អ្នកមានដូចជាជញ្ជក់ឈាមអ្នកក្រធ្វើស្រែនៅលើខ្នងរាស្ត្រ»។
ជុំវិញរឿងនេះ ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល លោក គី តិច បដិសេដផ្តល់បទសម្ភាសឱ្យ VOD តាមប្រព័ន្ធទូរសព្ទដោយអះអាងថា លោករវល់នៅក្រៅប្រទេស។
ដោយឡែក ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង គឺលោក ប៊ុន ធឿន រស់នៅខេត្តកំពត បានប្រាប់វីអូឌីថា ពួកគាត់ជាជនរងគ្រោះយ៉ាងហោចណាស់ ១៧នាក់ហើយ បានស្លាប់ដោយសារវិបត្តិបំណុល ក្រោយចាញ់បោកក្រុមហ៊ុនពិភពដីមាស របស់លោក ហ៊ី គឹមហុង។
លោកថា ទោះបីមានការស្លាប់ជនរងគ្រោះជាបន្តបន្ទាប់ ហើយក្រុមអ្នកចាញ់បោកផ្ទុះការតវ៉ា ជាច្រើនដងក្តី ក៏មិនមានការអើពើពីរដ្ឋាភិបាលជួយអន្តរាគមន៍ដែរ។
លោកថា៖ «ស្នើសុំឲ្យរាជរដ្ឋាភិបាល សុំឲ្យលោកជួយមើលទុក្ខលំបាកពីប្រជាពលរដ្ឋដើម្បីនឹងជួយជំរុញ រឿងរ៉ាវនេះឲ្យបានទាន់ពេលវេលានៅខាងមុខនេះ កុំឲ្យប្រជាពលរដ្ឋគាត់ចេះតែដាបទៅៗ រសៀលទៅគ្មានឃើញកោះគ្មានឃើញត្រើយ ដោយសារក្រុមហ៊ុនហ្នឹងហើយ អា ក្រុមហ៊ុនថោក ហើយក្រុមហ៊ុនបោកលុយ អត់មានគិតគូរសងទំនួលខុសត្រូវបែបណាទេ។ ខ្ញុំចង់ឲ្យច្បាប់ តុលាការខាងរាជរដ្ឋាភិបាលកោះហៅ ហ៊ី គឺមហុង ហ្នឹងដើម្បីចូលរួមចរចាជាមួយពលរដ្ឋ»។
ជុំវិញបញ្ហានេះ ក្រុមជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ក៏ធ្វើយុទ្ធនាការលើបណ្តាញសង្គមដោយចោទថា ឧបសគ្គរារាំងដល់ការស្វែងរកយុត្តិធម៌ពួកគេ អាចជាប់ពាក់ព័ន្ធមន្ត្រីមានអំណាច នៅពីក្រោយក្រុមហ៊ុនឆបោកនេះ ដោយក្នុងនោះ ពួកគេបានរំលេចមុខ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន និងអតីតប្រធានរដ្ឋសភា លោក ហេង សំរិន ផងដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ចាត់ទុកថា ការចាប់ខ្លួនក្រុមឧកញ៉ាឆបោក តែមិនរឹបអូសទ្រព្យជនឆបោកមកសងជនរងគ្រោះ វាគ្រាន់តែជាការរំលត់កំហឹងពលរដ្ឋតែប៉ុណ្ណោះ មិនមែនជាយុត្តិធម៌ពិតទេ។
លោកសង្គត់ធ្ងន់ថា ជនឆបោកមានងារជាឧកញ៉ាទាំងនោះ គឺជាមនុស្សស្និទ្ធជាមួយមន្រ្តីគ្រាក់ក្នុងជួររដ្ឋាភិបាល ជាហេតុធ្វើឱ្យប្រព័ន្ធច្បាប់នៅជាប់គាំង មិនអាចរកយុត្តិធម៌ឱ្យក្រុមជនរងគ្រោះបាន។
លោកថា៖ «វាជាកង្វះភាពទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេសតុលាការគួរតែពន្លឿននីតិវិធីឲ្យបានឆាប់រហ័ស ដើម្បីសម្រេចសេចក្ដី និងរឹបអូសទ្រព្យសម្បត្តិអ្នកដែលឆបោកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឬក៏លុយកាក់ប្រជាពលរដ្ឋ ឲ្យពួកគាត់ឆាប់បានទទួលនូវសំណង។ បើមិនដូច្នោះទេវិធានការផ្សេងៗហ្នឹង គឺមិនអាចធ្វើអ្វីក្រៅពីឲ្យខាងតុលាការ ឬក៏កិច្ចអន្តរាគមន៍ពីមេដឹកនាំប្រទេសទើបអាចធ្វើទៅបាន »។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ និយាយថា កម្ពុជាគឺជាប្រទេសដឹកនាំបែបផ្តាច់ការ បក្សពួកនិយយម ដូចនេះប្រព័ន្ធតុលាការត្រូវបានគេប្រើប្រាស់ ជាឈ្នាន់ការពារតែអ្នកមានអំំណាចតែប៉ុណ្ណោះ ហើយថា ការដឹកនាំបែននេះ កំពុងគំរាមដល់អំណាចមេដឹកនាំកំពូលផងដែរ បើជនរងគ្រោះអស់ការអត់ធ្មត។
លោកថា៖ «ប្រព័ន្ធយុត្តិធម៌យើង! តាមមើលទៅមិនចាំបាច់ដាក់ប្រព័ន្ធយុត្តិធម៌ទេ ដាក់ថា អយុត្តិធម៌វិញ ព្រោះមិនដែលរកយុត្តិធម៌ជូនប្រជារាស្ត្របានទេ អ្នកណាមានលុយអ្នកហ្នឹងឈ្នះហើយ។ សទៅជាខ្មៅ ខ្មៅជាស ! តាមគេបញ្ជា ទេ មិនមែនសុទ្ធចិត្តរបស់ក្រុមមេធាវីទាំងចៅក្រមអី គឺសុទ្ធតែស្តាប់បញ្ជាបុគ្គលម្នាក់។ ចឹងបានថា ខ្ញុំបារម្ភខ្លាំងមែនទែន ប្រទេសកម្ពុជាដំណាក់កាលមួយ ធ្វើឱ្យមានការខឹងសម្បារនឹងមានការផ្ទុះថ្ងៃណាមួយមិនខានខ្ញុំជឿជាក់»។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃនេះ ដោយគ្មានអ្នកទទួលទូរសព្ទ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នករងគ្រោះយ៉ាងតិច ៣ម៉ឺននាក់ ដែលចាញ់បោកគម្រោងអចលទ្រព្យ រួមមានដូចជា ក្រុមហ៊ុនអ្នកស្រី ម៉ន ដានី អតីតឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់ណា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន CIC ក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម ខណៈមេក្រុមហ៊ុនទាំងនោះ ខ្លះកំពុងជាប់ពន្ធនាគារក្តី តែគ្មានវិធានរឹបអូសទ្រព្យមកសងជនរងគ្រោះវិញទេ។
គេសង្កេតឃើញថា ការរាលដាននៃអំពើឆបោកនេះ ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យច្រើនឆ្នាំទៅនេះ បន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើដៃតុលាការរំលាយបក្សសង្រ្គោះជាតិ បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនសកម្មជនសង្គម ជាដើម ធ្វើឱ្យកម្ពុជាធ្លាក់ក្នុងការដឹកនាំបែបគ្រួសារនិយម ហើយពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ។
អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រកឃើញអំពើពុករលួយនៅកម្ពុជា ស្ថិតក្នុងចំណោមប្រទេស មានអំពើពុករលួយខ្ពស់ ជាប់គ្នា ជិត១សតវត្សរ៍ បើធៀបនឹងប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។
ដោយឡែក សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៤ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោកដាក់ចំណាត់ថ្នាក់កម្ពុជានៅជិតបាតតារាងខាងការគោរពនីតិរដ្ឋទាបជាងគេ ពោលគឺស្ថិតនៅលំដាប់លេខ១៤១ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក៕