អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស និងមន្រ្តីមួយចំនួនទៀត បានបង្ហាញក្តីសង្ឃឹមពីចរន្តផ្លាស់ប្តូរនៅកម្ពុជា ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ ដែល បានតែងតាំងលោក លោក Marco Rubio ជារដ្ឋមន្រ្តីការបរទេសអាមេរិក ខណៈគាត់ធ្លាប់បង្ហាញភាពសកម្មប្រឆាំងនឹងការដឹកនាំផ្តាច់ការនៅកម្ពុជា ពីសំណាក់គ្រួសារហ៊ុន។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែមករានេះថា លោកជឿជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី នឹងសើរើការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជារបស់គ្រួសារហ៊ុន។
លោកបន្តថា លោក Marco Rubio ធ្លាប់ជាសមាជិកព្រឹទ្ធសភាអាមេរិកដែលតែងតែឈឺឆ្អាលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយបានបង្កើតសេចក្តីព្រាងច្បាប់មួយស្តីពីការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
លោកថា៖ «ផ្ដោតទៅលើបញ្ហាកម្ពុជាច្រើន កាលគាត់នៅជាសមាជិកព្រឹទ្ធសភា ដូច្នេះនៅពេលគាត់ក្លាយជារដ្ឋមន្ត្រី ជំហររបស់គាត់អត់ខុសគ្នាទេចឹង ខ្ញុំជឿថា នឹងមានទណ្ឌកម្មបន្ថែមទៀតទៅនឹងដាក់សម្ពាធបន្ថែមទៀត ទៅលើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រសិនបើគាត់មិនព្រមងាកមកផ្លូវនយោបាយប្រជាធិបតេយ្យ មិនព្រមដោះលែងអ្នកទោសនយោបាយដទៃទេ យើងចឹងប្រហែលជាធ្ងន់កហើយសម្រាប់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅពេលដែលគាត់ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។
សម្រាប់លោក អ៊ុំ សំអាន យល់ថា ការបំផ្លាញប្រជាធិបតេយ្យ ឬរំលោភសិទ្ធិមនុស្សរបស់មេដឹកនាំគ្រួសារហ៊ុននឹងរងការស្តីបន្ទោសកាន់តែខ្លាំង ក្នុងអាណត្តិដឹកនាំថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
លោកថា៖ «គេនឹងធ្វើការថ្កោលទោសដាក់ទណ្ឌកម្ម ដោយដាក់សម្ពាធប្រទេសផ្សេងទៅលើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅពេលដែលលោក ហ៊ុនម៉ាណែត នៅតែកាន់អំណាចផ្ដាច់ការដូចឪពុករបស់គាត់»។
បន្ថែមពីនេះ ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយនិយាយថា លោក Marco Rubio នឹងធ្វើឲ្យ លោក ហ៊ុន សែន ភ័យប្រឈមមុខនឹងបញ្ហាឈឺក្បាលកាន់តែខ្លាំង។
លោកបន្តថា ក្នុងរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី Donald Trump លោក Marco Rubio ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលនឹងធ្វើឲ្យ លោក ហ៊ុន សែន ភ័យប្រឈមមុខ និងបញ្ហាឈឺក្បាលកាន់តែខ្លាំង ខណៈគាត់ជាអ្នកគាំទ្រក្នុងការដាក់ទណ្ឌកម្មលើក្រុមបក្សពួក លោក ហ៊ុន សែន។
លោកបន្តទៀតថា លោក Marco Rubio គឺជាអ្នកដែលគាំទ្រសិទ្ធិមនុស្សនៅកម្ពុជា គាត់មានការយល់ដឹងស៊ីជម្រៅខ្លាំងអំពីបញ្ហាក្នុងប្រទេសកម្ពុជា គាត់ស្គាល់ពីល្បិចយុទ្ធសាស្ត្ររបស់ លោក ហ៊ុន សែន ទាំងអស់ ហើយគាត់ជាមួយនឹងសមាជិកព្រឹទ្ធសភា Markey និង Durbin លោក Rubio បានដាក់សេចក្តីព្រាងច្បាប់ S. 2331 ទៅកាន់ព្រឹទ្ធសភាអាមេរិក ក្នុងគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លើកតម្កើនលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្តីព្រាងច្បាប់ S. 2331 នោះនិយាយថា លោក ហ៊ុន សែន បានកាន់អំណាចនៅកម្ពុជា តាំងពីឆ្នាំ១៩៨៥ និងជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអាស៊ីអាគ្នេយ៍។
ទោះបីជាមានការយកចិត្តទុកដាក់ និងជំនួយពីអន្តរជាតិជាច្រើនទស្សវត្សរ៍ ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនគោរពលទ្ធិប្រជាធិបតេយ្យដែរ។
ប្រភពបន្តថា នៅឆ្នាំ២០១៥ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់អំណាចដល់រដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលបានប្រើដើម្បីរឹតបន្តឹងការងារស្របច្បាប់ របស់សង្គមស៊ីវិល។
រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ចោទប្រកាន់មានចរិតនយោបាយ ។
ចំណែក អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ីង សុខសាន ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយរំឭកពីភាពសកម្ម របស់លោករដ្ឋមន្ត្រីការបរទេសថ្មីរបស់អាមេរិក លោក Marco Rubio នេះដែរ។
ក្នុងនោះលោកក៏បង្ហោះខ្លឹមសាររបស់ លោក Marco Rubio ក្នុងន័យដើមថា ការផ្ដន្ទាទោសដោយអយុត្តិធម៌លើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានកាត់ទោសពីបទក្លែងបន្លំ គួរតែជាសញ្ញាព្រមាននៃរបបផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកគាំទ្រនៅភ្នំពេញ និយាយថា លោក កឹម សុខា មិនបានប្រព្រឹត្តបទឧក្រិដ្ឋទេ ខណៈតុលាការកម្ពុជាបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំនោះ។
ជុំវិញរឿងនេះ វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ។
ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់អះអាងថា លោកជាអ្នកបញ្ជាផ្ទាល់ឱ្យចាប់លោក កឹម សុខា ទាំងយប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ចោទថាឃប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តូលរំលំរដ្ឋាភិបាលរបស់លោក។
៣ខែក្រោយមក គណបក្សសង្ក្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ ចេញពីឆាកនយោបាយ តាមបណ្តឹងរបស់បក្សកាន់អំណាច ដែលបក្សកាន់អំណាចត្រូវបានគេស្គាល់ថាជាប្រធានតុលាការ ព្រោះប្រធានតុលាការកំពូល និងចៅក្រមមួយចំនួន ជាសមាជិកគណបក្សប្រជាជនកម្ពជា។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា មិនមែនសង្ឃឹមតែលើបរទេសទេ ពលរដ្ឋ និងអ្នកនយោបាយត្រូវសាមគ្គីគ្នា ពង្រឹងនឹងស្តារប្រជាធិបតេយ្យរួមគ្នា។
លោកបន្តថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចដើរទៅរកនរណាម្នាក់បានទេ ប្រសិនបើអ្នកទាំងនោះមិនស្វះស្វែងព្យាយាមកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដោយខ្លួនឯងនោះ។
លោកថា៖ «នៅពេលដែលគាត់ក្លាយទៅជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយគាត់ធ្លាប់ឈឺឆ្អាលរឿងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ខ្ញុំជឿជាក់ថា គាត់នឹងពិចារណាសារឡើងវិញ ហើយនឹងធ្វើការសិក្សាបន្ថែមជាមួយនឹងដៃគូ ជាពិសេសជាមួយរដ្ឋាភិបាលកម្ពុជា ហើយ អ្វីដែលយើងចង់ឃើញគឺការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង តើគាត់មានបំណងចង់ស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងដែរអត់»។
ការកត់សម្ភាល់របស់អាមេរិក ពីរបៀបរបបដឹកនាំរបស់ លោក ហ៊ុន សែន ដែលប្រើរដ្ឋធម្មនុញ្ញជាឧបករណ៍បម្រើនយោបាយជ្រកក្រោមស្លាកប្រជាធិបតេយ្យនេះ ដូចគ្នានឹងការរកឃើញការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន រយៈពេល១ឆ្នាំទៅនេះដែរ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យា ជាមួយសិទ្ធិមនុស្សអន្តរជាតិ(UN)។
អង្គការនោះ សំអាងថា រយៈពេល១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។
Human Rights Watch បានលើកឡើងថា រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត បានគាបសង្កត់យ៉ាងខ្លាំងទៅលើលំហពលរដ្ឋ ការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។
ប្រភពដដែល បញ្ជាក់ថា បញ្ហានេះ ជំរុញឱ្យមានការគំរាមកំហែងទៅលើសេរីភាពសារព័ត៌មាន និងការជួបប្រជុំដោយសន្តិវិធី។ មួយវិញទៀត ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួនអ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ៕