សមាគមមួយស្នើ​រដ្ឋទប់ស្កាត់​កុំ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​សោកនាដ​​កម្ម​ដោយ​​សារ​​អំណោយ​​អាំង​ប៉ាវ

ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​កុំ​ឱ្យ​ពលរដ្ឋ​ក្រីក្រ ជួប​សោ​កនាដ​កម្ម​ជាថ្មីទៀត ដោយសារអំណោយអាំងប៉ាវ ខណៈ​មាន​សមាជិក​ខ្លួន​ម្នាក់​ជា​ស្ត្រី​ពិការ មាន​មុខ​របរ​ជា​អ្នក​រើស​អេត​ចាយ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ ។

លោក វន់ ពៅ បាន​លើកឡើង​​លើ​ហ្វេស​ប៊ុក​របស់​លោក​ នៅថ្ងៃទី​២៤ ខែមករា​នេះ​ថា ក្នុង​នាម​សមាគម សូម​ចូល​រួ​ម​​រំលែក​ទុក្ខ សមាជិក​សមាគម ឈ្មោះ គង់ វន្ថា ដែល​បាន​បាត់​ជីវិត ដោយ​សារ​ទៅ​ទទួល​អំណោយ​អាំង​ប៉ាវ ពីអ្នក​ឧកញ្ញា សុខ គង់។

លោកបន្តថា ការស្លាប់​នេះ ដោយ​សារការ​ប្រជ្រៀត​គ្នា​ខ្លាំង​ពេក ឬ​អាច​ត្រូវ​គេ​ជាន់​គាត់​ព្រោះ​គាត់​ជា​ស្ត្រី​អ្នក​រើស​អេត​ចាយ​​ពិការ​ជើង​ផង ដែល​បណ្តាល​ឱ្យ​គាត់​ស្លាប់​បាត់​បង់​ជីវិត​នៅ​មន្ទីរពេទ្យ ។

សមាគមនោះ បញ្ជាក់ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២៤ សមាគម​ទើប​តែ​ផ្តល់​រទេះ​អេត​ចាយ ជូន​ស្ត្រី​នោះ ដើ​ម្បី​​ជួយ​សម្រួល​ដល់​មុខ​របរ​នេះ ចិញ្ចឹម​ចៅ​កំព្រា និង​កូន​មាន​វិបល្លាស​ស្មារតី។

លោក វន់ ពៅ ឱ្យដឹង​បន្ថែម​ថា ស្រ្តី​ដែល​បាន​ស្លាប់​នោះ ជា​ពលរដ្ឋ​ក្រីក្រ​ តែ​មិន​ទទួល​បាន​បណ្ណ​ក្រីក្រ​ ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ទេ ទោះ​គាត់​សុំ​បណ្ណ​នេះ​សម្រាប់​ដោះ​ស្រាយ​បន្ទុក​គ្រួសារ។

លោកថា៖ «យើង​ឃើញ​ថា ស្ថាន​ភាព​នេះ ជា​ស្ថាន​ភាព​មួយ​ដែល​យើង​ពិត​ជា​មាន​ការ​អាណិត​អាសូរ​​យ៉ាង​ខ្លាំង​ ទៅ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​របស់​យើង ព្រោះ​គាត់​ជា​ស្រ្តី​រើស​អេត​ចាយ​ ហើយ​ចិញ្ចឹម​ចៅ​តូចៗ និង​កូន​វិបល្លាស​ស្មារតី​ម្នាក់​ទៀត វា​ជា​រឿង​មួយ​ដែល​យើង​សោក​ស្ដាយ​មែន​ទែន កូន​ស្រី​ក៏​អត់​អាច​រក​អី​បាន​ គាត់​ឈឺ​ដែរ កូន​ស្រី​ម្នាក់​ទៀត​ហើយ​បើ​ចឹង​មិន​ដឹង​ជា​ស្ថាន​ភាព​គ្រួសារ​គាត់​ធ្លាក់​ដល់​កម្រិត​ណា​ យើង​មិន​ដឹង​បាន​ដែរ ហើយ​កន្លង​មក​យើង​សុំ​ប័ណ្ណ​ក្រីក្រ​ពី​អាជ្ញាធរ​ ក៏​គេ​មិន​ឱ្យ​ដែរ ហើយ​ម្សិល​មិញ​យើង​បាន​ដំណឹង​ថា គាត់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ប្រជ្រៀត​គ្នា​ ដោយ​សា​រគេជាន់​ ហើយ​គាត់​ពិការទៀត»។

សម្រាប់ លោក វន់ ពៅ ឱ្យដឹង​ទៀត​ថា មក​ដល់​ពេល​នេះ វាសនា​កូន​តូចៗ​របស់​ស្ត្រី​ពិការ​ដែល​បាន​ស្លាប់​នៅ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ។

លោកថា៖ «ក្នុង​ឳកាស​នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ក្រុម​ឧញ៉ា​ជាពិសេស​អ្នក​មានៗ​ទាំង​ឡាយ ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន​ បើសិន​ជា​ចង់​ឱ្យ​អាំង​​ប៉ាវ សូម​រៀប​ចំ​ឱ្យ​មាន​របៀប​ដើម្បី​ជៀស​វៀង​កុំ​ឱ្យ​មាន​រឿង​ដូច​ករណី​ម្សិល​មិញ​ទៀត​ ហើយ​ជាង​នេះ​ទៅ​ទៀត គឺ​សំណូមពរ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ត្រូវ​គិត​ឱ្យ​បាន​ល្អិត​ល្អន់​អំពី​ចំនួន​មនុស្ស​ច្រើន​ធ្វើ​យ៉ាង​ណា​របៀប​រៀប​រយ​ជាង​នេះ កុំ​ជៀស​វាង កុំ​ឱ្យ​កើត​​មាន​រឿង​បែប​នេះ​ទៀត វា​ជា​រឿង​សោក​នាដ​កម្ម​លើ​ពលរដ្ឋ​ក្រីក្រនៅកម្ពុជា»

កាលពីថ្ងៃទី២៣ ខែមករានេះ ពលរដ្ឋរាប់សិបនាក់ បាន​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​តាន់​តាប់ នៅ​មុខ​ភូមិ​គ្រឹះ អ្នក​ឧកញ៉ា សុខ គង់ ដើម្បី​ទទួល​អំណោយ​អាំង​ប៉ាវ នៅ​រដូវ​ចូល​​ឆ្នាំចិន។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ហេតុការណ៍​ត្រូវ​​បា​ន​​គេ​រាយ​ការណ៍​មក​ថា បង្ក​ឱ្យ​​មនុស្ស​ ៤នាក់​ស្លាប់ និង​៥ទៀត​រង​របួស​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក្នុងប្រទេសកម្ពុជា។

យ៉ាងនេះក្តី តាមសេចក្តីរាយការណ៍នានា​ឱ្យ​ដឹងថា ក្រោយ​ហេតុ​ការណ៍​កើត​ឡើង អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា សុខ គង់ បាន​ឧបត្ថម្ភប្រាក់​ដល់​អ្នក​​ស្លាប់​ម្នាក់​ ១៥លានរៀល និងអ្នករបួស ៤លានរៀល ព្រមទាំងក្តារមឈូស។

យ៉ាងណា អ្នកប្រឹក្សាយោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្តត់​គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយ​ថា ហេតុការណ៍នេះ មិនត្រឹមតែបង្ហាញពីការបាត់បង់​​ជីវិតប៉ុណ្ណោះទេ  ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​មុខ​មាត់​នៃ​បញ្ហា​សង្គម​ដ៏ធំ​មួយ ដែល​កំពុង​បង្ក​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​

លោក​គូស​បញ្ជាក់​ថា ការ​បាត់​បង់​ជីវិត​បែប​នេះ គឺ​ជា​សញ្ញា​ដ៏​ច្បាស់​លាស់​មួយ ដែល​បញ្ជាក់​ពី​ការ​​ខ្វះ​ខាត​ប្រព័ន្ធ​គ្រប់​គ្រង​សុវត្ថិ​ភាព​សង្គម និង​ការ​រៀបចំ ដើម្បី​ទប់​ស្កាត់​ហេតុ​ការណ៍​ដូច​នេះ។

យ៉ាងណា​ ហេតុការណ៍​រដ្ឋាភិបាល​រង​ការ​រិះ​គន់ ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ជីវិត​ពលរដ្ឋ​ក្រីក្រ និង​គ្មាន​វិធាន​ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ពាក់​ព័ន្ធ ដូច​សោក​នាដ​កម្ម នៅលើ​ស្ពាន​កោះ​ពេជ្រ អំឡុង​ពិធី​បុណ្យ​អុំទូក ឆ្នាំ​២០១០​ដែរ។

បញ្ហា​នេះ​ ជំរុញឱ្យមានការបារម្ភថា  ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ជន​ងាយ​រង​គ្រោះ នឹង​ជួប​សោកនាដ​កម្ម​បែប​នេះ​ជា​ថ្មី​ទៀត បើ​មន្ត្រី​ពាក់​ព័ន្ធ មិន​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ