រឿងកសិផលរបស់កសិករធ្លាក់ថ្លៃ គ្មានទីផ្សារ នៅរដូវប្រមូលផលចូលមកដល់ វាមិនមែនជារឿងថ្មីនោះទេ ពីព្រោះរឿងនេះ វាបានកើតឡើងជារៀងរាល់ឆ្នាំរាប់សិបឆ្នាំមកហើយ ហើយរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ ក៏នៅតែមិនឃើញអាចដោះស្រាយបញ្ចប់បញ្ហានេះបានដែរ ដែលហេតុដូច្នេះហើយ ទើបធ្វើឱ្យប្រជាកសិករជាច្រើន នៅតែមិនអាចងើបមុខរួចពីភាពក្រីក្រ រហូតដល់កសិករខ្លះធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក ហើយត្រូវបង្ខំចិត្តលក់ដីលក់ស្រែសងបំណុលគេក៏មាន។
នៅឆ្នាំនេះ តម្លៃកសិផលរបស់កសិករ មិនត្រឹមតែមិនបានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងធ្លាក់ថ្លៃខ្លាំងជាងកាលពីឆ្នាំមុនទៅទៀត ទាំងស្រូវ និងដំឡូងមី ខណៈដែលជីនិងថ្នាំកសិកម្ម រួមទាំងការចំណាយផ្សេងៗទៀតនៅតែបន្តឡើងថ្លៃ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួងនេះ បាននិងកំពុងតែបន្តចុះទៅតាមបណ្តាខេត្តនានា ដើម្បីណែនាំឱ្យកសិករដាំដុះពូជស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលក្រសួងអះអាងថា ជាមធ្យោបាយក្នុងការជួយដល់ប្រជាកសិករ ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។
នៅពេលចុះទៅជួបកសិករចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមករា លោកឌិត ទីណា បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីវៀតណាមប្រភេទOM ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។
លោករដ្ឋមន្ត្រី បានលើកឡើងថា សហគមន៍កសិកម្មទំនើបពិតជាផ្តល់ផលចំណេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។ លោកបន្តថា ប្រការសំខាន់ ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាព។
ប៉ុន្តែសម្រាប់លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា បច្ចុប្បន្នកសិករធ្វើស្រែនៅកម្ពុជាភាគច្រើន ប្រើប្រាស់ពូជស្រូវណាដែលមានតម្រូវការទីផ្សារខ្ពស់ និងផ្អែកតាមបទពិសោធន៍ដែលខ្លួនមាន។
ពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យកសិករងាកមកធ្វើស្រែដោយប្រើពូជស្រូវក្នុងស្រុក ដូចជា ផ្ការំដួល និងសែនក្រអូបជាដើម លោកបានចោទសួរថា ប្រសិនបើកសិករគ្រប់រូបងាកមកប្រើប្រាស់ពូជស្រូវនៅក្នុងស្រុកទាំងអស់គ្នា ថាតើភាគីពាក់ព័ន្ធហ៊ានធានាទីផ្សារស្រូវជូនកសិករកម្រិតណាព្រោះតម្រូវការមានការកំណត់។
លោកឱ្យដឹងថា បច្ចុប្បន្ន តម្រូវការអង្ករសែនក្រអូប មានមិនដល់ ០,៥ លានតោនទេ ដោយសារវាថ្លៃជាងអង្ករ OM។
លោកថា៖ «ជាធម្មតា កសិករប្រើប្រាស់ពូជស្រូវណាដែលមានទីផ្សារ ហើយផ្អែកលើបទពិសោធន៍ច្រើនឆ្នាំដែរ។ យើងមិនអាចថា គាត់ផលិតពូជOMជួបបញ្ហារាល់ឆ្នាំ ហើយនៅតែផលិតទៅទៀតនោះទេ បើចឹងមិនសមហេតុផលទេ។ កសិករយើងឆ្លាតវៃដែរ ហើយប្រសិនបើកសិករទាំងអស់គ្នាបង្វែរមកផលិតពូជក្នុងស្រុក ថាតើយើងហ៊ានធានាទីផ្សារបានគ្រប់គ្រាន់ទេ សម្រាប់ពូជក្នុងស្រុក នេះក៏ជាសំណួរចោទដែរ ពីព្រោះតម្រូវការមានកំណត់»។
ទាក់ទងទៅនឹងការជ្រើសរើសពូជស្រូវដែលត្រូវដាំដុះវិញ លោក ជួន សាក់ ជាអ្នកជំនាញកសិកម្មលាក់មុខម្នាក់ បានឱ្យដឹងថា ទាំងកសិករនិងអ្នកបច្ចេកទេស តែងបន្ទោសពូជស្រូវសែនក្រអូបរបស់ខ្មែរថា មិនបានទិន្នផលល្អដូចពូជស្រូវវៀតណាមOM នោះទេ។
យ៉ាងណាក្តី លោកបានបដិសេធបកស្រាយលើចំណុចនេះ ប៉ុន្តែលោកបានជូនយោបល់ថា ឱ្យមើលចំណុចខ្សោយរបស់ពូជស្រូវសែនក្រអូប ហើយកែលម្អវាទៅ។
ចំណុចខ្សោយរបស់វា គឺងាយរងជំងឺប្លាស ដែលអ្នកបច្ចេកទេសអាចធ្វើបាន ខណៈពេលនេះលោកក៏កំពុងតែធ្វើលើចំណុចនេះដែរ។ ប៉ុន្តែលោកមិនដឹងថាតើស្ថាប័នជំនាញរបស់រដ្ឋ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានធ្វើដែរឬក៏យ៉ាងណានោះទេ?
សម្រាប់ លោក ចាន់ សុផល ក៏បានលើកឡើងពីផលវិបាកផ្សេងទៀត នៃការប្រើពូជស្រូវក្នុងស្រុកផងដែរថា បើផលិតស្រូវសែនក្រអូបពូជមិនសុទ្ធ ទិន្នផលក៏ទាប ហើយឈ្មួញឱ្យថ្លៃដូចស្រូវ OM ដែរ។ បន្ថែមពីនេះ ពូជស្រូវសែនក្រអូប គឺប្រើរយៈពេលលូតលាស់យូរជាងពូជ OM ដែលពិបាកសម្រាប់កសិករ។
នៅក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ កសិករនៅតាមបណ្តាខេត្តជាច្រើនបានត្អូញត្អែរ និងខ្លះបានធ្វើការតវ៉ាទាមទារឱ្យក្រសួងកសិកម្ម ជួយធ្វើអន្តរាគមន៍ ខណៈតម្លៃស្រូវបានចុះថោកយ៉ាងខ្លាំង រហូតដល់នៅតំបន់ខ្លះលក់បានត្រឹមតម្លៃ ៦៨០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុន ប្រភេទស្រូវដូចគ្នានេះលក់បានតម្លៃយ៉ាងតិចក៏ ១០០០រៀល ឬក៏១១០០រៀលដែរ ក្នុង១គីឡូក្រាម។
កសិករម្នាក់ឈ្មោះ មូល គឹមមួន បានលើកឡើងថា សម្រាប់ស្រូវ បើទុំហើយត្រូវតែច្រូត បើមិនច្រូត វានឹងជ្រុះគ្រាប់បាក់កទៅលើដីអស់។ លោកបន្តថា ច្រូតហើយត្រូវតែលក់ បើមិនលក់ គ្មានកន្លែងទុកដាក់ឬគ្មានឃ្លាំងស្តុកនោះទេ ហើយបើមានឃ្លាំងស្តុកហើយ គឺត្រូវការម៉ាស៊ីនសម្ងួតទៀត។
លោកថ្លែងបញ្ជាក់ទៀតថា ពេលច្រូតហើយត្រូវតែលក់ បើមិនលក់ ម្ចាស់បំណុលនៅជុំវិញខ្លួនមានធនាគារ អ្នកលក់ជី អ្នកលក់ថ្នាំ អ្នកលក់ប្រេង បូករួមទាំងថ្លៃពូជថ្លៃដី ថ្លៃទឹក និងថ្លៃចំណាយផ្សេងៗជាដើម គឺត្រូវទូទាត់បង់សង។
កសិករមួយចំនួន បានឱ្យដឹងថា នៅឆ្នាំនេះ ពួកគាត់បានជួលដីស្រែគេធ្វើ ក្នុង១ហិកតា តម្លៃ ១លានរៀល ខណៈដែលជី១បាវ តម្លៃ១៥ម៉ឺនរៀល និងថ្លៃឈ្នួលច្រូតស្រូវវិញ ១ហិកតា តម្លៃ៣០ម៉ឺនរៀល។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធដែលកំពុងជួយទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងតម្លៃស្រូវធ្លាក់ចុះ។
ប៉ុន្តែលោកថ្លែងថា មានរឿងខ្លះដែលរដ្ឋត្រូវគិតសម្រាប់ពេលខាងមុខទៀត ដូចជា មកទល់ពេលនេះ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ៤ឆ្នាំជាប់ៗគ្នាមកហើយ ដោយសារតែប្រទេសផលិតអង្ករធំៗ បន្តបង្កើនការផលិតកាន់តែច្រើនឡើង រួមទាំងកម្ពុជាផងដែរ។
ប្រទេសវៀតណាមដែលជាទិសដៅទិញស្រូវធំមួយពីកម្ពុជា ក៏កំពុងប្រឈមជាមួយតម្លែស្រូវធ្លាក់ចុះ ហើយគេមានការព្រួយបារម្ភថា នៅចុងខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៥ ការប្រមូលផលស្រូវជាទ្រង់ទ្រាយធំនឹងមកដល់ ជាពិសេសនៅតបន់ដីសណ្តរទន្លេមេគង្គ ភាគខាងត្បូងវៀតណាម ដែលនឹងអាចរុញតម្លៃស្រូវឲ្យធ្លាក់ចុះមួយកំរិតថែមទៀត។
លោកបណ្ឌិត មាស នី លើកឡើងថា ការវិវត្តន៍នេះ បង្កជាការព្រូយបារម្ភបន្ថែមមួយមកលើកម្ពុជានៅក្នុងពេល ៣ឬ៤ខែខាងមុខ ថាតើវៀតណាមនឹងអាចបន្តឬចាប់ផ្តើមទិញស្រូវពីកម្ពុជាបានក្នុងកំរិតណាដែរ បើបរិមាណស្រូវផលិតក្នុងស្រុក គេកំពុងជុញខ្លាំងដែរនោះ និងថាតើកម្ពុជាត្រូវមានយុទ្ធសាស្រ្តអ្វីបន្ថែមទៀត ប្រសិនបើតម្លៃអង្ករនៅលើទីផ្សាអន្តរជាតិ នៅតែបន្តធា្លក់ចុះក្នុងខណៈដែលកម្ពុជាក៏កំពុងជំរុញបង្កើនការផលិតបន្ថែម?
នៅឆ្នាំនេះ វិស័យកសិកម្មកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានកំណើនប្រមាណ១,១% តែលោកចាន់ សុផល បានលើកឡើងថា វិស័យកសិកម្មកម្ពុជា គួរតែមានកំណើនលើសពី ១,១% និងសំណូមពរឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ អំពីកំណើនរបស់វិស័យនេះ។ អ្នកជំនាញកសិកម្មរូបនេះ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នការនាំអង្ករចេញរបស់កម្ពុជា នៅមានកម្រិតត្រឹមប្រហែល ៦០ម៉ឺនតោនក្នុងមួយឆ្នាំ ដោយសារកម្ពុជាខ្វះភាពប្រជែងឈ្នះ បើធៀបនឹងប្រទេសជិតខាង។
ជាមួយគ្នានេះ លោក ប៉ាន សុភាព អ្នកជំនាញផ្នែកកសិកម្មម្នាក់ទៀត បានថ្លែងថា តាមការយល់ដឹងតិចតួចរបស់លោក តាមរយៈការប្រឡូកក្នុងការងារជាមួយកសិករជាង ១០ឆ្នាំ កន្លងមកនេះ លោកយល់ថា មានកត្តាធំៗយ៉ាងហោចណាស់ចំនួន ៤ចំណុច ដើម្បីជួយកសិករឱ្យបានប្រសើរឡើងក្នុងនោះ ទី១ ការអប់រំស៊ីជម្រៅអំពីការអភិវឌ្ឍសហគមន៍កសិកម្ម ក្នុងនោះមានអភិបាលកិច្ច ផលិតកម្ម និងចំណេះដឹងផ្នែកខ្សែសង្វាក់ផលិតកម្ម ពិសេសបង្កើតនិងអនុវត្តច្បាប់កិច្ចសន្យាកសិកម្មប្រកបដោយប្រសិទ្ធភាព។
ទី២ ការផ្តល់លទ្ធភាពដូចជាទុនដល់សហគមន៍ និងរោងម៉ាស៊ីនកិនស្រូវ សាងសង់ឡសម្ងួត និងឃ្លាំងស្តុកឱ្យបានច្រើន ដើម្បីជួយដោះបន្ទុកពេលដល់រដូវស្រូវប្រមូលផលម្តងៗ។
លោកបន្តថា ចំណែកចំណុចទី៣ បង្កើនការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដឹកជញ្ជូន និងទី៤ ផ្តល់ទុនបង្វិលដល់សហគមន៍និងរោងម៉ាស៊ីនកិនស្រូវប្រកបដោយតម្លាភាព សម្រាប់បង្វិលទិញស្រូវពីសមាជិក និងកសិករទូទៅជាដើម។
បើយោងតាមរបាយការណ៍ជំរឿនកសិកម្មចុងក្រោយ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២០ ដែលធ្វើឡើងដោយវិទ្យាស្ថានស្ថិតិក្រសួងផែនការ សហការជាមួយក្រសួងកសិកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ចំនួនប្រជាជនកម្ពុជាដែលធ្វើការនៅក្នុងវិស័យកសិកម្ម បានធ្លាក់ចុះមកនៅត្រឹម៥៤,៧ ភាគរយ ខណៈកាលពីឆ្នាំ១៩៩៨ មានចំនួន ៧៧,៥ ភាគរយ ។
លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកធ្វើអត្ថាធិប្បាយពីបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា បញ្ហាវិបត្តិទីផ្សារកសិផលនៅកម្ពុជា ដែលធ្វើឱ្យប្រជាកសិករខ្មែររាប់លាននាក់ នៅតែជួបការលំបាកងើបមុខមិនរួចពីភាពក្រីក្រ គឺដោយសារតែថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធអសមត្ថភាព ក្នុងការរកទីផ្សារលក់កសិផលជូនកសិករ៕