បារាំងរំឭកកម្ពុជាពី​យុត្តិធម៌សម្រាប់​​តំណាងរាស្ត្រ​បក្សសង្គ្រោះ​ជាតិ លោកលិម គិមយ៉ា

បារាំង​រំឮក​មេដឹកនាំ​កម្ពុជា​​ថា ខ្លួន​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ដំណើរ​ការ​ស៊ើប​អង្កេត​រក​អ្នក​ពា​ក់​ព័ន្ធ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​តំណាង​រាស្រ្តបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា ខណៈ​កម្ពុជា​នៅ​មិន​ទាន់​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​រូប ដែល​ស្និត​នឹង​មេដឹក​នាំ​បក្ស​កាន់​អំណាច ឱ្យ​ទៅ​ប៉ូលីស​អន្តរជាតិ​អាំង​ទែ​ប៉ូល និង​តុលាការ​ថៃ ដើម្បី​កាត់ទោសក្នុងសំណុំរឿងឃាតកម្មនេះ។

តាមរយៈសេចក្តីប្រកាសរបស់ស្ថានទូត បានលើកឡើង​ថា​ កាល​ពី​ថ្ងៃទី​២៣ ខែម​ករា ឯកអគ្គ​រដ្ឋ​ទូត​បារាំង លោ​ក ហ្សា​ក់ ប៉ឺឡេ បាន​ជួប​ពិភាក្សា​ជាមួយ លោក ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស និង​សហប្រ​តិបត្តិ​ការអន្តរជាតិកម្ពុជា។

ប្រភពនោះ​បញ្ជាក់​ថា ក្នុង​ជំនួប​ទល់​មុខ​នោះ ភាគី​បារាំង និយាយ​ថា ខ្លួន​កំពុង​«តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស៊ើប​អង្កេត ស្តី​ពី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ពលរដ្ឋ​បារាំង និង​ជា​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា»។

ការជំរុញ​របស់ភាគីបារាំង ហាក់ស៊ីគ្នានឹងការលើក​ឡើង​របស់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​បន្ត​ថ្កោល​ទោសការ​​លាក់​បាំង​ជន​សង្ស័យ​ពី​សំណាក់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វីអូឌី​នៅថ្ងៃទី២៤ ខែ​មក​រា​នេះ​ថា ប្រទេស​បារាំង គេ​មិន​ឈរ​ឳប​ដៃ​មើល​ឃាកម្ម​លើ លោក លិម គិមយ៉ា ដែលមា​ន​សញ្ជាតិ​ខ្មែរ បារាំនោះទេ។

លោក​បន្ត​ថា ករណី​នេះ​ប្រពន្ធ​លោក លិម គិមយ៉ា គឺ​អ្ន​កស្រី លិម អានម៉ារី កំពុង​ប្រមូល​ភស្តុតាង​បន្ថែម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បារាំង ដើម្បី​បន្តស៊ើប​អង្កេត​សំណុំ​រឿង​ករណី​ឃាតកម្មលើប្តីអ្នកស្រី។

លោកសង្កត់ធ្ងន់ងថា ការដែលប្រព័ន្ធយុត្តិធម៌កម្ពុជាមិនព្រម​បញ្ជូន ឈ្មោះ​ លី រតន​រស្មី និង ពេជ្រ គិម​ស្រ៊ុន ដែល​ជា​ជន​សង្ស័យ​ឱ្យ​ទៅ​ភាគី​អន្តរជាតិ​ ដើម្បីកាត់​ទោស​តាម​ការ​ស្នើ​សុំ វា​បញ្ជាក់​កាន់​តែ​ច្បាស់​ថា គ្រួសារ​ហ៊ុន​នៅ​ពី​ក្រោយ​ឃាតកម្មនេះ​យ៉ាង​ពិត​ប្រាកដ។

លោកថា៖ «រដ្ឋាភិបា​លបារាំង គេ​នៅ​ឃ្លាំមើល​រឿង​ហ្នឹង​ទៀត ហើយ​មាន​បណ្តឹង​មួយ​គឺ​បណ្តឹង​ពី​រដ្ឋ​អំណាច​របស់​បារាំង​តែ​ម្តង មាន​ន័យ​ថា ពាក្យ​បណ្តឹង​របស់​រដ្ឋ​តែ​ម្តង​ហ្នឹង​ទី១។ បណ្ដឹង​ទី២ គឺ​បណ្ដឹង​ភរិយា​របស់​លោក លិម គិមយ៉ា ដូច្នេះ​ខ្ញុំ​ជឿ​ថា​ពេល​អនាគត​តុលាការ​បារាំង គេ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​មេខ្លោង​នៅ​ពី​ខាង​ក្រោយ​ខ្នង​ហ្នឹង គឹ​មេខ្លោង​ធំ​តែ​ម្តង​​គឺ​លោក ហ៊ុន សែន ហើយ​និង​បក្ស​ពួក​របស់​គាត់»។

មួយវិញទៀត លោក​ថា សារ​ជំរុញ​របស់​ភាគី​បារាំង អាច​បញ្ជាក់​បាន​ថា បារំាង​គ្មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​​​​នៅ​កម្ពុជា​ដែល​ត្រួត​ត្រាដោយ​គ្រួសារ​ហ៊ុន។

លោកថា៖ «ខ្ញុំយល់ថា ជាចេតនារបស់រដ្ឋាភិបាល​ដែល​អត់​មាន​បំណង​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ និង​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​តុលាការ​ថៃ​ទេ។ តែ​យើងមើលសកម្មជនបក្សប្រឆាំងទៅដល់ម៉ាឡេស៊ីដល់ថៃ ក៏​ចាប់​បាន​ដែរ តែ​អ្នក​ទាំង​ពីរ​នៅក្នុងស្រុកខ្មែរ រហូតដល់ថ្ងៃនេះ ហើយ​ប៉ុន្មាន​ថ្ងៃ អត់​ទាន់​ចាប់​បាន​ផង​ហ្នឹង។ ចឹង​មាន​ន័យ​គាត់​អត់​មាន​ចេតនា​បញ្ជូន​អ្នក​ទាំង​ពីរ​ ឲ្យ​តុលាការ​ថៃទេ ព្រោះ​ខ្លាច​បែក​ការ​ថា​មាន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​ហ្នឹង​ គឺលោក ហ៊ុន សែន»។

ក្រៅពី​នេះ ប្រធានចលនាជាតិ​តស៊ូ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​ថា ភរិយា​លោក លិម គិមយ៉ា គឺលោក​ស្រី លិម អាន-ម៉ារី បញ្ជាក់​ថា ការ​ធ្វើ​ឃាត​ស្វាមី​អ្នក​ស្រី ជារឿង​នយោបាយ​សុទ្ធ​សាធ ពីព្រោះ​លោក លិម គិមយ៉ា មិន​មាន​សត្រូវ​ផ្ទាល់​ខ្លួន ឬក៏​ជម្លោះ​ផ្ទាល់​ខ្លួន​ណាមួ​យ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក មុត ចន្ថា អតីតនាយក​ខុទ្ធកាល័យ លោក កឹម សុខា  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​យល់​ឃើញ​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​មុខ​ជន​សង្ស័យ អាច​មក​ពី​ចេតនា​លាក់​បំពួន​ ការ​ពារ​ ឬ​ត្រូវ​បាន​គេ​សម្លាប់បំបិទមាត់​ និង​កំពុង​រៀបចំ​សេណារីយោ​ ដើម្បី​ទម្លាក់​កំហុស​ និង​លាង​សំអាត​ខ្លួន​ នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់។

អ្នក​វិភាគ​នយោបាយ​និង​​សង្គម លោក គឹម សុខ និយាយដែរ​ថា ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត គួរ​តែ​បញ្ជូន​ជន​ដៃដល់​ទាំង​ពី​រនេះ​ទៅ​ប្រទេស​ថៃ ដើម្បី​លាត​ត្រដាង​ការ​ពិត។

ប្រភព​បន្ត​ថា ជម្រើស​ចុងក្រោយរបស់លោក​ លី រតន​រស្មី មាន​តែ​មក​ជាប់​គុក​នៅ​ប្រទេស​ថៃ​ទេ ទើប​បាន​រួច​ផុត​ពី​ចំណី​ឆារាវ៉ាន់ ​គឺ​ក្រពើ។

គណនី​ហ្វេសប៊ុកមួយ​ទៀត​ ឈ្មោះ លិម គិមស័រ និយាយ​ថា ខ្លួន​សង្ឃឹម​ថា តុលាការ​បារាំង នឹង​នៅ​តែ​បន្ដ​ចាត់​ការ​លើ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ។

ជុំវិញ​បញ្ហា​នេះ វីអូឌី មិនទាន់អាចសុំការបំភ្លឺ​ពី​អ្នកនាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ និង​អ្នក​នាំពាក្យ​ស្នង​ការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន បាន​នៅឡើយ​ទេ គិតត្រឹមម៉ោងផ្សាយនេះ។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ធ្លាប់​បាន​ចាត់​ទុក​ក្រុមបក្សប្រឆាំង​មួយថាបាន​​ព្យាយាម​​បង្កើត​ក្រុម​បដិវត្តន៍​ពណ៌ ពង្រីក​រឿង​តូច​ឱ្យ​ទៅ​ជាធំ ដើម្បីជំរុញឱ្យមានការផ្តួលរំលំរដ្ឋាភិបាល និង​ដើម្បី​ដាក់​កំហុស​រដ្ឋាភិបាល​កម្ពុជា។

លោកថា៖ «គេត្មេះ​តេះ​ដៀល​លើ​ថ្នាក់ដឹកនាំ​​ដែល​ខិត​ខំ​ស្វែងរក​សន្តិភាព ដើម្បី​ការ​ពារ​សន្តិភាព ភាព​សុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​ហ្នឹង គេក្តៅ​ក្រហាយ​គេ​អត់​ចូល​ចិត្ត​ទេ អ៊ីចឹង​គេ​បំផ្លាញ​សន្តិភាព​ជាមុន​សិន រួច​ហើយគេ​​បំផ្លាញ​ភាព​សុខ​សាន្ត​របស់​ប្រជាពលរដ្ឋ បានន័យថា បង្ក​ឲ្យ​មាន​ភាព​វឹកវរ ឈឺ​ចាប់​ហើយ​បើ​មាន​របួស​ស្នាម បើ​មាន​ស្លាប់​ទៀត គេរឹត​តែ​ចំណេញ​ពី​យក​បញ្ហា​ហ្នឹង បញ្ឆេះ​បន្ថែម​ដើម្បី​ឈាន​ដល់​​ផ្ទុះ​កំហឹង​ប្រជា​ពលរដ្ឋ អ៊ីចឹង​ហើយ​បាន​ជា​គេ​ចាត់​ទុក​ថា​ជា​សត្រូវ​របស់​សន្តិភាព និង​ភាព​សុខ​សាន្ត​របស់​ពលរដ្ឋ»។

ដោយ​ឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា សារ​រំឭក​របស់​ភាគី​បារាំង ឆ្លុះ​បញ្ចាំង​ថា យុត្តិធម៌​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា មិន​បិទ​បញ្ចាប់​ត្រឹម​រដ្ឋាភិបាល​កម្ពុជា រក្សា​ភាព​ស្ងៀម​ស្ងាត់​នេះ​ទេ។

លោកថា៖ «វាឆ្លុះបញ្ចាំង​ថា​គេ​អត់​បាន​បោះ​បង់​សំណុំរឿង​របស់​លោក លិម គិមយ៉ា ត្រឹម​ហ្នឹង​ទេ ទោះ​បី​ជំនួប​ការ​ទូត​ហ្នឹង ក្នុង​កម្រិត​ណា​មួយ​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ថា​ ករណី​ដែល​បាញ់​សម្លាប់​ពលរដ្ឋ​បារាំង​របស់​គេ គឺ​ជារឿង​សំខាន់​ គេយ​ក​កិច្ច​ការ​ងារ​ពលរដ្ឋ​បារាំង​គេ​ត្រឹម​មួយ​រូប​នេះ យក​ទៅ​ជជែក​ក្នុង​ជំនួប​កិច្ច​ការ​ទូត​រវាង​ប្រទេស​និង​លក្ខណៈ​អន្ត​រ​ជាតិ ប៉ុណ្ណឹង​គេ​មិ​នបោះ​បង់ មាន​ន័យ​ថា​ គេ​នឹង​បន្ត​ធ្វើ​កិច្ច​ការ​ងារ​គេ​តាម​ដាន​លើ​ករណី​ហ្នឹង ហើយ​ជា​សម្ពាធ​ទៅ​ដល់​កម្ពុជា ហើយ​ក៏​ពញ្ញាក់​ដល់​កម្ពុជា​ដែរ។ អ្នក​ដែល​ធ្វើការ​គប់គិត​​គ្នា​​ក្នុងការ​កាប់​សម្លាប់​ ឬ​ក៏​បញ្ជា​ឲ្យ​មាន​សម្លាប់​ហ្នឹង គឺ​អ្នក​ហ្នឹង​មិន​អាច​គេច​ផុត​អំ​ពី​ការ​តាម​ដាន ឬ​រួច​ពី​សំណាញ់​ច្បាប់​របស់​ប្រទេស​បារាំង​ទេ»។

កាល​ពី​​ថ្ងៃទី១៥​ខែ​មករា នគរបាល​អន្តរ​ជាតិ អាំងទែប៉ូល (Interpol) បាន​​ចេញ​​​និវេទន៍​​ក្រហម​(Red notice) ​​​​​​​ឱ្យស្វែងរក​ចាប់​ខ្លួ​ន ​អ្នក​ផ្តល់​​​តម្រុ​យ​​​​​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា ។

ដោយ​ឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញ​ដីកា​​ឱ្យ​តា​​ម​ចា​​​ប់ខ្លួ​ន​ជន​សង្ស័យ​ លី រតន​រស្មី តាម​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង ដែល លី រតនរស្មី ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ឱ្យ​ធ្វើ​​ជាទី​ប្រឹក្សា នៅ​ដើម​ឆ្នាំ​២០២៤។

កាលពីថ្ងៃទី​៧ ខែ​មករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបាន​គេ​បាញ់ប្រហារ​​នៅក្បែរ​ទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លឹម គីមយ៉ា ដែល​មានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។

ក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាង៤ទសវត្សរ៍ទៅនេះ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ក្នុង​នោះ​មាន​ទាំង​អ្នក​សារ​ព័ត៌មាន ព្រះតេ​ជគុណធ​ម្មវិបស្សនា សំ ប៊ុនធឿន មេដឹកនាំ​សហជី​ព​​សេរីកម្មករលោក​ ជា វិជ្ជា។

ក្រៅពីនេះ សកម្មជនការពារព្រៃឈើ លោក​ ឈុត​ វុទ្ធី និងការសម្លាប់លោក​ប​ណ្ឌិត កែម ឡី និ​ង​សកម្មជន​គណបក្សប្រឆាំង រាប់សិប​នាក់​ទៀត ត្រូវ​បាន​គេលួច​ធ្វើ​ឃាត ដោយ​វាយ​សំដៅ​ក្បាល ដែល​ខ្លះ​ស្លា​ប់ ខ្លះ​ពិការ​មួយ​ជិវិត តែ​ជនដៃដល់​មិន​ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​ទេ សូម្បី​មួយ​ករណី។

បញ្ហាទាំងអស់​នេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ ស្តីបន្ទោស​ថា ប្រព័ន្ធ​យុត្តិធម៌ បាន​បរាជ័យ​ផ្តល់​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ ជំរុញ​ឱ្យ​កម្ពុជា​រអិល​យ៉ាង​លឿន ទៅ​រក​របប​ដឹកនាំ​បែប​គ្រួសារ​និយម​ផ្តាច់​ការ បំពាន​រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ដែលនឹ​ង​គំរាមកំហែងដល់ជីវិត​ពលរដ្ឋ​រាប់​លាន​នាក់​ទៀត បើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មិន​អាច​កាត់​ទោស​កំហុស​មេដឹកនាំបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ