តុលាការកំពូល បានកាត់ក្តីឱ្យអ្នកកាសែតលោក អ៊ុង ថាប់រាំង ជាប់ចោទពីបទញុះញង់ ដូចសាលាដំបូងខេត្តបន្ទាយមានជ័យដែរ ជុំវិញការធ្វើសេចក្តីរាយការណ៍រឿងអាស្រូវពុករលួយ របស់មន្ត្រីមួយចំនួននៅក្រុងប៉ោងប៉ែត។
នេះបើតាមការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
តាមលីកាដូ នៅព្រឹកនេះ តុលាការកំពូល បានសម្រេចតម្កល់ការចោទប្រកាន់លើអ្នកកាសែត លោក អ៊ុង ថាប់រាំង ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” យោងតាមមាត្រា ៣០៥ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែទោសត្រូវបានព្យួរ ដែលជនជាប់ចោទនៅក្រៅឃុំ។
សម្រាប់លីកាដូ សាលាដំបូងខេត្តបន្ទាយមានជ័យ បានផ្តន្ទាទោសអ្នកកាសែតរូបនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគារចំនួន ៦ខែ ប៉ុន្តែទោសពន្ធនាគារត្រូវព្យួរ និងពិន័យជាប្រាក់ ២លានរៀល ប្រមាណ ៥០០ដុល្លារអាមេរិក។
យ៉ាងណា តុលាការកំពូល បានសម្រេចទម្លាក់ចោលប្រាក់ពិន័យ ដែលបានដាក់ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ។
បទចោទនេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តឹងរបស់ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងប្រធានសាខាពន្ធដារខេត្ត ក្រោយពីអ្នកកាសែតរូបនេះ បានចុះផ្សាយព័ត៌មានពីប្រភពប្រជាពលរដ្ឋដែលបានលើកឡើងថា មន្រ្តីទាំងពីររូបបានប្រព្រឹត្តអំពើពុករលួយ។ អត្ថបទព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយតាមរយៈសារព័ត៌មានអនឡាញឈ្មោះ ខ្មែរជាយដែន៕