តុលាការ​​កំពូល​តម្កល់​ការ​ផ្តន្ទា​ទោស លោក ចៅ វាសនា ប្រធាន​​បក្ស​ភ្លើងទៀន​ក្រុង​ប៉ោយ​ប៉ែត

តុលាការ​​កំពូល បាន​តម្កល់​​សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍​បាត់ដំបង ទុក​ជា​បាន​ការ​ ពាក់​ព័ន្ធ​​​​នឹង​​សំណុំរឿង​​របស់ លោក ចៅ វាសនា ប្រធាន​​គណបក្ស​ភ្លើង​​ទៀន​ក្រុង​​ប៉ោយ​​ប៉ែត ដែល​មាន​ន័យ​ថា លោក​​ត្រូវ​​ជាប់​ពន្ធនាគារ​​​ចំនួន​​៣ឆ្នាំ និង​រង​ការ​​ពិន័យ​ជា​ប្រាក់ ក្រោម​ការ​​ចោទ​ពី​បទ `«ញុះ​ញង់​​ឲ្យ​​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះ​ញង់​​ឲ្យ​​មាន​​ការ​​រើស​អើង»។

ការ​ប្រកាសសាលដីកានេះ ធ្វើឡើងក្រោមពី​ តុលាការ​កំពូល​ កាលពី​​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២៥ បាន​​​​បើក​​​សវនា​ការ​លើ​​បណ្ដឹង​​សារទុក្ខ ដែល​​​​​លោក ចៅ វាសនា បាន​​​​​ប្ដឹង​​​​ជំទាស់​​​​ទៅ​​​នឹង​​​សេចក្ដី​​សម្រេច​​របស់​​សាលា​ឧទ្ធរណ៍​​បាត់​ដំបង ដែល​​​បាន​​ផ្ដន្ទា​ទោស​រូប​​លោក​​ឱ្យ​​ជាប់​ពន្ធនាគារ​​ចំនួន ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​​ត្រូវ​​សង​​សំណង​​ដើម​​បណ្ដឹង​​រដ្ឋប្បវេណី​ចំនួន ៨០​លាន​​រៀល ឬ​ប្រមាណ ២ម៉ឺន​ដុល្លារ​ ព្រម​ទាំង​ដក​សិទ្ធិ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

ក្រោយ​​ស្តាប់ការ​ប្រកាសសាលដីកា នៅរសៀលថ្ងៃ​សុក្រនេះ ​លោក អែម ចន្ថា មេធាវីការពារសិទ្ធិ​ឱ្យ​​លោក ចៅ វាសនា បាន​ឱ្យដឹង​ថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការ​កំពូល បានសម្រេចតម្កល់​សាល​ក្រម​​របស់​សាលា​ឧទ្ធរណ៍​​​បាត់ដំបង ទុក​ជា​បាន​ការ ដែល​​មាន​ន័យ​ថា កូនក្តី​របស់​លោក​ត្រូវ​មាន​ទោស​​ជាប់​ពន្ធនាគារ​ និង​ការ​​ពិន័យ។

លោកបង្ហាញការ​ខកចិត្ត​ចំពោះកា​រសម្រេច​របស់​តុលាការ​​គ្រប់​ជាន់​ថ្នាក់ ចំពោះ​សំណុំ​រឿង​នេះ ដោយ​​ថា​ជា​​​រឿង​អយុត្តិធម៌​សម្រាប់កូនក្តីរបស់លោក។

លោកថា៖ «ខ្ញុំជាមេធាវីមានការខកចិត្ត ចំពោះ​ការសម្រេចគ្រប់ជាន់ថ្នាក់មក​នេះ ដោយ​មិន​មាន​បទ​ល្មើស អង្គ​ហេតុ អង្គ​ក្តី គឺ​ជា​ការភ័ន្តច្រឡំទាំងស្រុង ហើយ​នៅក្នុងសាលក្រម សាលដីកា គឺមិនមានសំអាង​​សេចក្តី គេ​ហៅថា​ ព្យសនកម្ម ឬទោសទណ្ឌ​បទល្មើស​​អី​​ដែលត្រូវ​ទទួលតែម្តង និយាយទៅ​គឺថាមានភាព​អយុត្តិ​ធម៌​សម្រាប់​កូនក្តីខ្ញុំតែម្តង​»

ចំណែក អ្នកស្រី ចៅ​ រតនៈ ត្រូវជាកូនស្រីរបស់លោក ចៅ វាសនា ក៏បង្ហាញការ​មិនពេញ​ចិត្តចំពោះ​ការ​​សម្រេច​រប​ស់​​តុលាការកំពូលនេះ​ដែរ ដោយអ្នកស្រីចាត់​ទុក​​ការសម្រេចនេះ​ថាជារឿង​អយុត្តិ​ធម៌ និង​​មាន​ការ​​រើ​ស​​អើ​ង​​ចំពោះ​ឪពុករបស់អ្នកស្រីដែលជា​មន្ត្រីបក្សប្រឆាំង។

វីអូឌី មិន​អាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យតុលាការ​កំពូល លោកស្រី ម៉ៅ ធីតា បានទេនៅថ្ងៃ​នេះ។

នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃ​អង្គការការ​ពារ​សិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា បើ​ផ្អែក​លើ​ការ​​​ពិនិត្យ​លើដំណើរការ​​នៃ​ការ​​កាត់​ក្តី​ ពីសហគមន៍​ជាតិ​និង​អន្តរជាតិ គេ​​សង្កេត​​ឃើញ​ថា ការចាប់​ខ្លួន ឃុំ​ខ្លួន និង​​កាត់ទោសទៅលើ​លោក ចៅ វាសនា ធ្វើ​ឡើង​ក្រោម​ហេតុ​​ផល​​​នយោបាយច្រើនជាង​​ការ​អនុវត្ត​ច្បាប់ ខណៈ​លោក ចៅ វាសនា មាន​ភាព​សកម្ម​ក្នុង​ជីវភាព​​នយោបាយ​​របស់​លោក ក្រោយជាប់ឃុំ​ម្តង​រួច​មកហើយ​​។​

លោកថា៖ «អញ្ចឹង​យើងមានការ​សោក​ស្តាយ​ដែរ ​ចំពោះសាលដីកា​​របស់តុលាការ​កំពូល ​នៅថ្ងៃនេះ ​បើ​សិន​​យើ​ង​​​មើល​​​រឿង​​លោក ចៅ វាសនា នេះ កា​រចោទប្រកាន់ និង​ភស្តុតាងហ្នឹងវាហាក់ដូចជា​មិនមាន​ភស្តុតាងអីដាក់​បន្ទុកនៃ​ការ​ចោទប្រកាន់​បានគ្រប់គ្រាន់ទេ ដោយសំអាង​តែ​លើ​តេឡេ​ក្រាម អីចឹង​​ការ​​ទំនាក់​ទំនង​​តាម​តេឡេក្រាម​​ គឺ​ជា​លក្ខណៈ​ជា​ឯកជន អីចឹង​​មិន​អាច​យក​មក​ដាក់​បន្ទុក​ទេ ទី២ បើតេឡេក្រាម​ជាក្រុម យើងឃើញហើយជួនកាលលេខ​​ក្នុងតេឡេក្រាមយើង​​​អាច​​​នឹង​​​ទាញ​​ចូល(ក្រុម)បាន​ អីចឹងមិនអាចជាភស្តុតាង​រឹងសម្រាប់​​ក្នុងកា​រចោទប្រកាន់ដែរ»

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ខ្លួនអតីតចៅសង្កាត់​ក្រុងប៉ោយប៉ែតដែលជាប់ឆ្នោត និង​​ជា​​​ប្រធាន​គណបក្ស​ភ្លើង​ទៀន​​ក្រុង​​ប៉ោយ​ប៉ែត លោក ចៅ វាសនា កាល​​​​​ពី​​ថ្ងៃ​​​ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣ ក្រោម​​ការ​​ចោទ​​ប្រកាន់​​​​​​​ពី​បទ `«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះ​ញង់​​ឲ្យ​​មាន​​​ការ​​​រើស​​អើង» ពាក់​​ព័ន្ធ​​នឹង​​រឿង​រ៉ាវ​​​នៃ​​ការ​​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹក​​ឆ្នោត។ អាជ្ញាធរ​​បាន​​បញ្ជូន​​លោក ចៅ វាសនា ទៅ​ឃុំ​ខ្លួន នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ចៅ វាសនា ធ្លាប់​​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​​មក​​ហើយ ពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈ​ពេល ៥ឆ្នាំ​ពេញ នៅ​ក្នុង​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ