អង្គការអន្តរជាតិ យូនីសេហ្វ(UNICEF)ប្រចាំកម្ពុជា បានព្រមានថា កុមារគឺជាគោលដៅដែលងាយរងគ្រោះបំផុតពីការបំពុលខ្យល់នៅក្នុងបរិយាកាសនេះ ខណៈសន្ទស្សន៍ពិភពលោក ស្តីពីគុណភាពខ្យល់ បង្ហាញពីហានិភ័យខ្ពស់ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធពីឥទ្ធិពល នៃការបំពុលខ្យល់នៅក្នុងស្រទាប់បរិយាកាស ស្ថិតក្នុងកម្រិតខ្ពស់ នៃផលប៉ះពាល់ទៅលើសុខភាព។
តាមរយៈសារព្រមានរបស់អង្គការអន្តរជាតិ យូនីសេហ្វ(UNICEF) ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា កុមារគឺជាក្រុមគោលដៅ ដែលងាយរងគ្រោះជាងគេបំផុត ពីខ្យល់ពុលនៅក្នុងបរិយាកាសនេះ។ ប្រភពបន្តថា ឥទ្ធិពលនៃខ្យល់ពុលនេះអាចជះផលមិនល្អ បានគ្រប់ទីកន្លែងមិនថាទីតាំងបិទ និងសាធារណៈទេ។
បើតាម យូនីសេហ្វ ជាមធ្យោបាយដែលល្អ ដើម្បីជួយទប់ស្កាត់បញ្ហានេះបាន មានតែរកវិធីការពារកុមារគ្រប់លទ្ធភាព ដូចជា ពេលចម្អិនអាហារ ត្រូវបើកបង្អួច ឬប្រើកង្ហារបឺតផ្សេងៗ កុំដុតទាន ឬធូបដែលបន្ថែមសារធាតុពុលដល់ខ្យល់ ហើយត្រូវឱ្យស្ត្រីមានផ្ទៃពោះ និងកុមារនៅឆ្ងាយពីផ្សេងជាដើម។
ប្រភពបន្តថា៖ «កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ មិនថានៅក្នុងផ្ទះ ឬនៅខាងក្រៅ ដោយសារសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និងប្រព័ន្ធភាពស៊ាំនៅខ្សោយ។ សូមរួមគ្នារក្សាកុមារឲ្យមានសុខភាពល្អ នេះជាគន្លឹះខ្លះៗ ដើម្បីការពារពួកគេពីការបំពុលខ្យល់ »។
ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ពិភពលោក (AQI) បង្ហាញនៅថ្ងៃនេះ គឺនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ឈរនៅលេខរៀងទី៧ ក្នុងចំណោមប្រទេស១២៤ នៅជុំវិញពិភពលោក ដែលទទួលរងការបំពុលខ្យល់ក្នុងបរិយាកាស ក្នុងកម្រិតធ្ងន់ធ្ងរ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ដោយខ្យល់ពុលនេះ បានធ្លាក់ចុះពី២១៣ កាលពីថ្ងៃទី២៣ មកនៅត្រឹម១៩១ នៅថ្ងៃនេះ។
ចំណែកកម្រិតខ្យល់ពុលនៅថ្ងៃនេះវិញ កម្ពុជាបានឆ្លងចូលដល់បន្ទាត់ពណ៌ក្រហម ដែលជាពណ៌មួយ អាចនិយាយបានថា គ្រាន់បើជាងម្សិលមិញ ដែលទីក្រុងភ្នំពេញទាំងមូល ត្រូវគ្របដណ្តប់ទៅដោយពណ៌ទឹកក្រូច ដែលជាការបញ្ជាក់ពីគ្រោះថ្នាក់ដល់សុខភាពក្នុងកម្រិតធ្ងន់ធ្ងរទី២ ពីការបំពុលខ្យល់នៅក្នុងបរិយាកាសនេះ។
គិតមកដល់ពេលនេះ ប្រទេសដែលស្ថិតក្នុងអត្រាគ្រោះថ្នាក់ខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានវៀតណាម និងបង់ក្លាដែស ដែលកម្រិតអាសន្ននេះ គឺដូចដែលកម្ពុជាបានជួបកាលពីម្សិលមិញ។ ក្រៅពីនេះ ប្រទេសដទៃទៀត បានឆ្លងផុតខ្លះហើយ ហើយក៏មានប្រទេសផ្សេងទៀត បានរួចផុតពីខ្យល់ពុលនៅក្នុងបរិយាកាសនេះ ឈានទៅរកប្រក្រតីភាព ដូចដើមវិញ។
តាមការព្យាករណ៍អាកាធាតុ ដែលចេញកាលពីថ្ងៃទី២២ ខែមករា ដោយក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា កម្ពុជានឹងត្រូវប្រឈមមុខនៃបាតុភូតចុះអ័ព្ទបែបនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ទើបស្បើយឥទ្ធិពលទៅវិញ។
ស្របពេល ពិភពលោកទទួលរងឥទ្ធិពលខ្យល់ពុលនេះ នៅប្រទេសជិតខាងកម្ពុជា មានប្រទេសថៃជាដើម រដ្ឋាភិបាល និងក្រសួងអប់រំរបស់ថៃ បានបង្ខំចិត្តបិទទ្វារសាលារៀនមួយចំនួនភ្លាមៗ ដើម្បីបញ្ចៀសបញ្ហាដល់កុមារ ហើយរដ្ឋាភិបាលថៃ ក៏បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នពីសុខភាពដូចគ្នាដែរ។ ដោយឡែក ក្រឡេកមកមើលកម្ពុជាវិញ មកដល់ពេលនេះ ព័ត៌មានស្តីពីការបំពុលខ្យល់ក្នុងបរិយាកាស ទាំងរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅបន្តស្ងៀមស្ងាត់ និងគ្មានចេញគោលការណ៍ នៃសញ្ញាប្រុងប្រយ័ត្នណាមួយ ទៅឱ្យពលរដ្ឋបានដឹងឡើយ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមករា ម្សិលមិញ បានបដិសេធជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលដែលកម្ពុជាកំពុងទទួលរងការវាយលុកពីខ្យល់ពុល ដោយត្រឹមអះអាងថា វាគ្រាន់តែជាការចុះអ័ព្ទប៉ុណ្ណោះ មានន័យថា វាមិនមែនជាខ្យល់ពុលនៅក្នុងបរិយាកាសទេ។
ប៉ុន្តែ មន្រ្តីនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានទទួលស្គាល់នៅថ្ងៃនេះថា កម្ពុជាពិតជាបានទទួលរងឥទ្ធិពលពីការបំពុលខ្យល់នៅក្នុងបរិយាកាសនេះមែន។
អ្នកនាំពាក្យរូបនេះ បន្តថា សារធាតុភាគល្អិត ឬហៅថា PM 2.5 នេះ ពិតជាបានវាយលុកនៅក្នុងប្រទេសកម្ពុជាមែន។ លោកបន្តថា ភាពបត់បែននៃអាកាសធាតុនេះ នាំឱ្យក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន ត្រូវជួបបញ្ហាផ្នែកសុខភាព ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
លោកថា៖《ការតាមដានសន្ទស្សន៍គុណភាពខ្យល់ឃើញថា មានការប្រែប្រួលដោយសារតំបន់ខ្លះមានការកើនឡើងនូវកំហាប់ភាពល្អិតនៃខ្យល់ ដែលជាសារធាតុមួយនៅក្នុងខ្យល់ បានន័យថា នៅក្នុងខ្យល់របស់យើង គឺមានសារធាតុផ្សេងៗ ហើយអញ្ចឹងកំហាប់ PM2.5 នេះគឺមានការកើនឡើងខុសពីធម្មតា និងខុសពីពេលមុន។ យើងគិតពីល្ងាចម្សិលមិញរហូតដល់ព្រឹកនេះ យើងឃើញភាគល្អិតនៃខ្យល់នេះ វាកើតឡើងនៅក្នុងតំបន់មួយចំនួននៃខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ សៀមរាប ហើយនិងខេត្តពោធិ៍សាត់»។
ផ្អែកលើរបាយការណ៍ នៃការសិក្សារបស់អង្គការអន្តរជាតិ យូនីសេហ្វ បង្ហាញថា ការបំពុលខ្យល់អាចកើតឡើងពីប្រភពធម្មជាតិ ដូចជា ភ្លើងឆេះព្រៃ ធូលី និងការបំផ្ទុះភ្នំភ្លើង។
ប៉ុន្តែការរកឃើញថ្មីៗ បញ្ជាក់ថា ភាគច្រើន សកម្មភាពរបស់មនុស្ស គឺជាផ្នែកមួយ ដែលជំរុញឱ្យមានការបំពុលខ្យល់នេះកាន់តែខ្លាំង តាមរយៈរោងចក្រថាមពល ដែលដុតឥទ្ធនៈហ្វូស៊ីល មានធ្យូងថ្ម និងប្រេងឧស្ម័នធម្មជាតិជាដើម។ ក្រៅពីនេះ សំណល់សត្វពីកសិដ្ឋាន ជី ចង្រ្កានដុតអុស ការប្រើប្រាស់យានយន្ត ការបើកយន្តហោះ និងសកម្មភាពផ្សេងៗជាច្រើន ក៏ជាផ្នែកមួយ នៃការបំពុលខ្យល់ក្នុងបរិយាកាសដែរ
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កត្តានេះ រដ្ឋាភិបាល គួរមានការឆ្លើយតបដោយប្រញាប់ប្រញាល ដើម្បីប្រាកដថាបញ្ហាដែលកើតឡើង នឹងមិនធ្វើឱ្យមានអ្នករងគ្រោះថ្នាក់ដល់សុខភាពទេ។
ផ្ទុយទៅវិញ លោកថា ការបន្តមិនអើពើ និងចាត់ទុកបញ្ហាសុខភាពសាធារណៈ ជារឿងធម្មតា ឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវក្នុងនាមភ្នាក់ងាររដ្ឋ។ បើតាមលោក សេក សុជាតិ នេះជារឿងសំខាន់ និងចាំបាច់ណាស់ដែលរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធគួរឆ្លើយតប និងដោះស្រាយភ្លាមៗ នៅចំពោះមុខស្ថានភាពនេះ។
លោកថា៖《យើងគិតថា រដ្ឋាភិបាលគួរពិចារណាហើយគួរដាក់ចេញការផ្សព្វផ្សាយជាសាធារណៈតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពទាំងអស់់ ការធ្វើដូចនេះ ដើម្បីណែនាំអាណាព្យាបាល និងជនដែលមានសុខភាពមិនសូវល្អ។ បញ្ហានេះធ្វើយ៉ាងម៉េចក៏ដោយឲ្យពួកគាត់បានចូលរួមការពារសុខភាពរបស់ខ្លួន កុំឲ្យទទួលរងនូវផលជះដោយសារតែបរិយាកាសមិនសូវល្អ នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃហ្នឹង》។
របាយការណ៍ដែលចេញដោយអង្គការ យូនីសេហ្វ រកឃើញថា មនុស្ស១,៨ពាន់លាននាក់ ដែលមានអាយុក្រោម១៥ឆ្នាំដកដង្ហើមយកខ្យល់ពុលខ្លាំង។
កត្តារនេះ នឹងនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងមានហានិភ័យខ្ពស់ចំពោះសុខភាព ហើយសារធាតុពុលនៅក្នុងខ្យល់នឹងចូលទៅក្នុងសួត និងប្រព័ន្ធឈាម។
បញ្ហានេះ នឹងនាំឱ្យកើតជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ឥទ្ធិពលនៃខ្យល់ពុលក្នុងរយៈពេលវែងនេះ មានផលប៉ះពាល់ទៅលើប្រព័ន្ធខួរក្បាល ហើយនាំឱ្យមានផលអាក្រក់ទៅការសិក្សារបស់ពួកគេថែមទៀតផង៕